មន្ត្រី​បក្ស​ភ្លើង​ទៀន​ និង​សង្គម​ស៊ីវិល​ថា ការបោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​ទៅបាន ​លុះត្រាតែ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ឯករាជ្យ

មន្ត្រី​បក្ស​ភ្លើង​ទៀន ​អ្នកវិភាគ ​និង​មន្ត្រី​សង្គម​ស៊ីវិល ​លើកឡើង​ថា ​ការបោះឆ្នោត​ថ្នាក់​ជាតិ​អាច​ប្រព្រឹត្តទៅ​ដោយសេរី ​ត្រឹមត្រូវ ​និង​យុត្តិធម៌ ​លុះត្រាតែ​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់ ​និង​រក្សា​បាន​នូវ​ឯករាជ្យ​ភាព​របស់​ខ្លួន ​ដោយ​មិន​បម្រើ​ឱ្យ​គណបក្ស​នយោបាយ​ណាមួយ​ផ្ដាច់មុខ។

មន្ត្រី​គណបក្សប្រឆាំង ​និង​មន្ត្រី​អង្គការសង្គម​ស៊ីវិល ​លើកឡើង​ថា ​ក្រសួង​ពាក់ព័ន្ធ​គួរតែ​បែងចែក​ឱ្យ​ដាច់​ស្រលះ ​ពី​តួនាទី​នៅ​ក្នុង​ជួរ​គណបក្ស​នយោបាយ ​និង​តួនាទី​ជា​អាជ្ញាកណ្ដាល​ដែល​ទទួលខុសត្រូវ​ដើម្បី​រៀបចំ​ការបោះឆ្នោត ​ជាពិសេស​រក្សា​ឯករាជ្យ​ភាព​របស់​ខ្លួន ​ដើម្បី​ធ្វើ​ឱ្យ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី៧ ​ឆ្នាំ២០២៣ ​ប្រព្រឹត្តទៅ​ដោយសេរី ​ត្រឹមត្រូវ ​និង​យុត្តិធម៌។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន ​លោក ​គង់ មុនីកា ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១០ ​មករា ​ថា ​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​កន្លងមក ​លោក​សង្កេតឃើញ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​បង្ក​ការ​គំរាមកំហែង ​បំភិតបំភ័យ ​ឬ​ទិញ​ទឹកចិត្ត​បេក្ខជន ​និង​ម្ចាស់​ឆ្នោត ​ដែល​បណ្ដាល​ឱ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​គ្មាន​ភាព​ត្រឹមត្រូវ ​សេរី ​និង​យុត្តិធម៌។ លោក​បន្ត​ថា ​បញ្ហា​ទាំងនោះ​អាច​កែប្រែ​បាន​លុះ​ត្រា​ស្ថាប័ន​ឯករាជ្យ​ដែល​ពាក់ព័ន្ធ ​ជាពិសេស​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​និង​ក្រសួងមហាផ្ទៃ ​ចូលរួម​អនុវត្ត​ច្បាប់ ​ដោយ​ឃ្លាំមើល​តាមដាន​មន្ត្រី​ថ្នាក់ក្រោម ​និង​ការពារ​សុវត្ថិភាព​ដល់​ជន​គ្រប់រូប​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។
« ខ្ញុំ​យល់ថា​វា​ចាំបាច់​ណាស់ ​ដែល​ត្រូវ​ឆ្លុះបញ្ចាំង​ពី​បទពិសោធន៍​ដែល​មិន​ល្អ​ហ្នឹងហើយ​ធ្វើការ​កែ​លម្អ។ ក៏ប៉ុន្តែ​ខ្ញុំ​ហាក់​ដូចជា​មិនសូវ​មាន​សុទិដ្ឋិនិយម​ថា​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​គ . . ប ​ក៏ដោយ​ដែល​យល់ថា​មន្ត្រី​របស់​ខ្លួន​មិនបាន​អនុវត្ត​ត្រឹមត្រូវតាម​ច្បាប់​នីតិវិធី ​ឬក៏​ក្រសួងមហាផ្ទៃ​ដែល​មាន​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ធ្វើការ​បំពាន​លើស​ពី​សមត្ថកិច្ច​របស់​ខ្លួន ​ខ្ញុំ​មិនសូវ​មាន​សុទិដ្ឋិនិយម​ថា​ពួកគេ​នឹង​ធ្វើការ​កែប្រែ​ទេ »

ការ​លើកឡើង​បែប​នេះ​គឺ​នៅ​ក្រោយពេល​ដែល ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​លោក ​ស ខេង ​កាលពី​ថ្ងៃទី៩ ​មករា ​បាន​ប្ដេជ្ញា​ចិត្ត​នៅចំពោះមុខ ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​លោក ​ប៉ាប្លូ កាង​(Pablo Kang) ​ថា​នឹង​ធានា​ឱ្យ​បាន​នូវ ​សន្តិសុខ​សម្រាប់​ការបោះឆ្នោត​នា​ពេល​ខាងមុខ ​ដោយ​គ្មាន​អំពើ​ហិង្សា ​និង​ប្រព្រឹត្តទៅ​ដោយសេរី ​ដែល​មានការ​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ​ពិសេស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប)។

រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃអាទិត្យ ​ទី២៣ ​ខែ​កក្កដា ​ជា​កាលបរិច្ឆេទ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​សម្រាប់​នីតិកាល​ទី៧។

អ្នកវិភាគ​នយោបាយ​លោក ​គីម សុខ ​យល់ឃើញ​ថា ​លោក ​ស ខេង ​ពុំ​ចាំបាច់​ចេញមុខ​មក​ប្ដេជ្ញា​ចិត្ត​បែប​នេះ​នោះ​ឡើយ ​ដោយ​គ្រាន់តែ​លោក​រក្សា​នូវភាពឯករាជ្យ​ និង​អព្យាក្រឹត្យ ​និង​អនុវត្ត​ទៅ​តាមច្បាប់​ជាការស្រេច។ មានន័យ​ថា​លោក ​ស ខេង ​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ទៅលើ​គណបក្ស ​ឬ​អ្នកនយោបាយ​ណា​ដែល​រំលោភច្បាប់ ​និង​បំពាន​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ។
« ឧទាហរណ៍​លោក ​ហ៊ុន សែន ​ប្រកាស​កម្ទេច​គូប្រជែង​នយោបាយ​របស់​ខ្លួន ​ព្រមាន​តាម​វ៉ៃ​គេ​ដល់​ផ្ទះ​ជាដើម ​ចាប់ផ្ដើម​ចាត់ការ​លោក ​ហ៊ុន សែន ​តែម្ដង​ទៅ​ទុកជា​គំរូ ​ដើម្បី​អនុវត្ត​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក ​ស ខេង »

វិទ្យុ​អាស៊ី​សេរី ​មិន​អាច​ទាក់ទង​គណៈ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ហៅ​គាត់​ថា​ (គ.ជ.ប) ​លោក ​ហង្ស ពុទ្ធា ​និង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ​លោក ​ខៀវ សុភ័គ ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បានទេ ​នៅ​ថ្ងៃទី១០ ​មករា ​ដោយ​លោក​បាន​ចុច​ផ្ដាច់​ទូរស័ព្ទ។

កាលពី​ថ្ងៃទី៧ ​ក្នុង​ពិធី​រម្លឹក​ខួប​លើកទី៤៤ ​នៃ​ថ្ងៃ​ជ័យជម្នះ ​៧ មករា ​លោក ​ហ៊ុន សែន ​បាន​អំពាវនាវ​ដល់ ​អាជ្ញាធរ ​គណបក្ស​នយោបាយ ​និង​អង្គការសង្គម​ស៊ីវិល ​ត្រូវ​រួមគ្នា​ធ្វើ​យ៉ាងណា​ឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៧ ​ខាងមុខនេះ ​ប្រព្រឹត្តទៅ​ដោយសេរី ​ត្រឹមត្រូវ ​និង​យុត្តិធម៌។

ប៉ុន្តែ​ការ​លើកឡើង​របស់​លោក ​ហ៊ុន សែន ​នេះ ​ហាក់​មិន​ស្រប​ទៅ​នឹង​ទង្វើ​របស់​លោក​ឡើយ ​ខណៈ​ពេល​ដែល​លោក​បាន​បំពានច្បាប់​បោះឆ្នោត​ជាច្រើន​ដង ​ដោយ​យក​តួនាទី​រដ្ឋ ​និង​ថវិកាជាតិ ​ប្រើប្រាស់​ដើម្បី​ឃោសនា​រក​ការ​គាំទ្រ ​លើស​ពី​នេះ​លោក ​ហ៊ុន សែន ​នៅតែ​បន្ត​គំរាម​រឹបអូស​អចល​ន​ទ្រព្យ​របស់​សមាជិក​បក្ស​ប្រឆាំង​ណា ​ដែល​និយាយ​ពី​ភាព​មិន​ប្រក្រតី ​នៃ​ដំណើរ​ការបោះឆ្នោត។ ​ជា​ឧទាហរណ៍​លោក​បាន​ប្ដឹង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ​លោក​ សុន ឆ័យ ​កាលពី ​ខែ​មិថុនា ​ឆ្នាំ២០២២ ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ទាមទារ​សំណង​ជំងឺចិត្ត​ប្រមាណ ​១លាន​ដុល្លារ ​និង​គំរាម​ប្ដឹង​រឹបអូស​ផ្ទះ​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន​លោក ​គង់ គាំ ​ថែមទៀត​ផង។

ទាក់ទិន​រឿង​នេះ ​អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ ខុមហ្វែ្រល ​(COMFREL) ​លោក ​កន សាវាង្ស ​យល់ឃើញ​ថា ​ដំណើរ​ការបោះឆ្នោត​ថ្នាក់​ជាតិ ​ប្រព្រឹត្តទៅ​ដោយ​ស្មើភាព ​សេរី ​និង​យុត្តិធម៌​បាន ​លុះត្រាតែ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប)​ប្រកាន់ខ្ជាប់​គោលជំហរ​អព្យាក្រឹត្យ ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​គណបក្ស​នយោបាយ។ លោក​បន្ត​ថា ​ដើម្បី​ធានា​បាន​នៅ​សន្តិសុខ ​គ្មាន​ការ​គំរាមកំហែង ​ដល់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត ​គ.ជ.ប ​គួរបើ​ក​ឱ្យ​មាន​ក្រុម​អ្នក​សង្កេតការណ៍​មកពី​បណ្ដា​អង្គការ​អន្តរជាតិ​ដែល​ឯករាជ្យ ​ចុះ​មក​សង្កេតការណ៍ ​និង​វាយ​តម្លៃ​ពី​ស្ថានភាព​ទូទៅ​ក្នុង​កំឡុង​ថ្ងៃ​បោះឆ្នោត​នា​ពេល​ខាងមុខ។

« ការបែងចែក​តួនាទី​គណបក្ស​នយោបាយ​ហ្នឹង ​គឺ​ថា​ត្រូវ​ការចាំបាច់​ណាស់ ហើយ​រដ្ឋាភិបាល ​និង​មន្ត្រី​រាជការ​ហ្នឹង ​មិនបាន​បែងចែក​ឱ្យ​មាន​ភាព​ច្បាស់លាស់​ទេ ​អា​ហ្នឹង ​វា​មិន​អាច​ប្រសើរ​ទេ ​ទាល់តែ​វា​មាន​ឯករាជ្យ​ភាព​ច្បាស់លាស់​ក្នុង​ការចូលរួម​ក្នុង​សកម្មភាព​នឹង​ទើបបាន។ យើង​ឃើញ​ហើយ​កន្លងមក​ហើយ ​ទោះបី​ធានា​ប៉ុណ្ណា ​ប៉ុន្តែ​អាភា​ព​បារម្ភ ​ភ័យខ្លាច​វា​នៅតែ​មាន ​ហើយ​អា​ហ្នឹងហើយ​ដែល​ត្រូវ​ដោះស្រាយ »

ទោះ​យ៉ាងណា ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៥​កាលពី ​ខែ​មិថុនា ​ឆ្នាំ​២០២២​កន្លងមក ​គណបក្សប្រជាជន​កម្ពុជា ​ដែល​ឈ្នះ​នាំមុខ​គណបក្ស​ផ្សេងៗ​នោះ ​បាន​លើកឡើង​ថា ​ការបោះឆ្នោត​នេះ​ប្រព្រឹត្តទៅ​ដោយ​ស្មើភាព ​សេរី ​និង​យុត្តិធម៌។ ប៉ុន្តែ​គណបក្សប្រឆាំង ​និង​អង្គការសង្គម​ស៊ីវិល ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជុំវិញ​ការបោះឆ្នោត​នេះ ​ដូចជា ​ការ​បំពាន​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ភូមិ​ឃុំ​លើ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ​ការ​គំរាមកំហែង​លើ​បេក្ខជន​បក្ស​ប្រឆាំង ​ការ​រាប់​សន្លឹកឆ្នោត​ពុំបាន​ធ្វើ​ដោយចំហ ​និង​មាន​អាជ្ញាធរ​ដើរ​ស្រង់​ឈ្មោះ​ពលរដ្ឋ​តាម​ផ្ទះ ​និង​ដាក់​តុ​អង្គុយ​ចាំ​កត់ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​ទៅ​បោះឆ្នោត​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។