មន្ត្រីបក្សភ្លើងទៀន អ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិល លើកឡើងថា ការបោះឆ្នោតថ្នាក់ជាតិអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ លុះត្រាតែស្ថាប័នពាក់ព័ន្ធអនុវត្តច្បាប់ និងរក្សាបាននូវឯករាជ្យភាពរបស់ខ្លួន ដោយមិនបម្រើឱ្យគណបក្សនយោបាយណាមួយផ្ដាច់មុខ។
មន្ត្រីគណបក្សប្រឆាំង និងមន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា ក្រសួងពាក់ព័ន្ធគួរតែបែងចែកឱ្យដាច់ស្រលះ ពីតួនាទីនៅក្នុងជួរគណបក្សនយោបាយ និងតួនាទីជាអាជ្ញាកណ្ដាលដែលទទួលខុសត្រូវដើម្បីរៀបចំការបោះឆ្នោត ជាពិសេសរក្សាឯករាជ្យភាពរបស់ខ្លួន ដើម្បីធ្វើឱ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក គង់ មុនីកា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ មករា ថា អំឡុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកន្លងមក លោកសង្កេតឃើញមានភាពមិនប្រក្រតីមួយចំនួនបង្កការគំរាមកំហែង បំភិតបំភ័យ ឬទិញទឹកចិត្តបេក្ខជន និងម្ចាស់ឆ្នោត ដែលបណ្ដាលឱ្យការបោះឆ្នោតប្រព្រឹត្តទៅគ្មានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌។ លោកបន្តថា បញ្ហាទាំងនោះអាចកែប្រែបានលុះត្រាស្ថាប័នឯករាជ្យដែលពាក់ព័ន្ធ ជាពិសេសគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងក្រសួងមហាផ្ទៃ ចូលរួមអនុវត្តច្បាប់ ដោយឃ្លាំមើលតាមដានមន្ត្រីថ្នាក់ក្រោម និងការពារសុវត្ថិភាពដល់ជនគ្រប់រូបដោយមិនប្រកាន់និន្នាការនយោបាយ។
« ខ្ញុំយល់ថាវាចាំបាច់ណាស់ ដែលត្រូវឆ្លុះបញ្ចាំងពីបទពិសោធន៍ដែលមិនល្អហ្នឹងហើយធ្វើការកែលម្អ។ ក៏ប៉ុន្តែខ្ញុំហាក់ដូចជាមិនសូវមានសុទិដ្ឋិនិយមថាអាជ្ញាធរពាក់ព័ន្ធទាំងគ . ជ . ប ក៏ដោយដែលយល់ថាមន្ត្រីរបស់ខ្លួនមិនបានអនុវត្តត្រឹមត្រូវតាមច្បាប់នីតិវិធី ឬក៏ក្រសួងមហាផ្ទៃដែលមានអាជ្ញាធរនៅតាមមូលដ្ឋានធ្វើការបំពានលើសពីសមត្ថកិច្ចរបស់ខ្លួន ខ្ញុំមិនសូវមានសុទិដ្ឋិនិយមថាពួកគេនឹងធ្វើការកែប្រែទេ » ។
ការលើកឡើងបែបនេះគឺនៅក្រោយពេលដែល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី៩ មករា បានប្ដេជ្ញាចិត្តនៅចំពោះមុខ ឯកអគ្គរដ្ឋទូតអូស្ត្រាលីលោក ប៉ាប្លូ កាង(Pablo Kang) ថានឹងធានាឱ្យបាននូវ សន្តិសុខសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដោយគ្មានអំពើហិង្សា និងប្រព្រឹត្តទៅដោយសេរី ដែលមានការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ពិសេសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
រដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ជាកាលបរិច្ឆេទបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧។
អ្នកវិភាគនយោបាយលោក គីម សុខ យល់ឃើញថា លោក ស ខេង ពុំចាំបាច់ចេញមុខមកប្ដេជ្ញាចិត្តបែបនេះនោះឡើយ ដោយគ្រាន់តែលោករក្សានូវភាពឯករាជ្យ និងអព្យាក្រឹត្យ និងអនុវត្តទៅតាមច្បាប់ជាការស្រេច។ មានន័យថាលោក ស ខេង ត្រូវចាត់វិធានការតាមផ្លូវច្បាប់ទៅលើគណបក្ស ឬអ្នកនយោបាយណាដែលរំលោភច្បាប់ និងបំពានខ្លឹមសាររដ្ឋធម្មនុញ្ញ។
« ឧទាហរណ៍លោក ហ៊ុន សែន ប្រកាសកម្ទេចគូប្រជែងនយោបាយរបស់ខ្លួន ព្រមានតាមវ៉ៃគេដល់ផ្ទះជាដើម ចាប់ផ្ដើមចាត់ការលោក ហ៊ុន សែន តែម្ដងទៅទុកជាគំរូ ដើម្បីអនុវត្តការប្ដេជ្ញាចិត្តរបស់លោក ស ខេង » ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងគណៈគណៈកម្មាធិការរៀបចំការបោះឆ្នោតហៅគាត់ថា (គ.ជ.ប) លោក ហង្ស ពុទ្ធា និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី១០ មករា ដោយលោកបានចុចផ្ដាច់ទូរស័ព្ទ។
កាលពីថ្ងៃទី៧ ក្នុងពិធីរម្លឹកខួបលើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧ មករា លោក ហ៊ុន សែន បានអំពាវនាវដល់ អាជ្ញាធរ គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ប៉ុន្តែការលើកឡើងរបស់លោក ហ៊ុន សែន នេះ ហាក់មិនស្របទៅនឹងទង្វើរបស់លោកឡើយ ខណៈពេលដែលលោកបានបំពានច្បាប់បោះឆ្នោតជាច្រើនដង ដោយយកតួនាទីរដ្ឋ និងថវិកាជាតិ ប្រើប្រាស់ដើម្បីឃោសនារកការគាំទ្រ លើសពីនេះលោក ហ៊ុន សែន នៅតែបន្តគំរាមរឹបអូសអចលនទ្រព្យរបស់សមាជិកបក្សប្រឆាំងណា ដែលនិយាយពីភាពមិនប្រក្រតី នៃដំណើរការបោះឆ្នោត។ ជាឧទាហរណ៍លោកបានប្ដឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ កាលពី ខែមិថុនា ឆ្នាំ២០២២ ពីបទបរិហារកេរ្តិ៍ជាសាធារណៈនិងទាមទារសំណងជំងឺចិត្តប្រមាណ ១លានដុល្លារ និងគំរាមប្ដឹងរឹបអូសផ្ទះទីប្រឹក្សាគណបក្សភ្លើងទៀនលោក គង់ គាំ ថែមទៀតផង។
ទាក់ទិនរឿងនេះ អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស យល់ឃើញថា ដំណើរការបោះឆ្នោតថ្នាក់ជាតិ ប្រព្រឹត្តទៅដោយស្មើភាព សេរី និងយុត្តិធម៌បាន លុះត្រាតែស្ថាប័នរៀបចំការបោះឆ្នោត(គ.ជ.ប)ប្រកាន់ខ្ជាប់គោលជំហរអព្យាក្រឹត្យ មិនស្ថិតក្រោមឥទ្ធិពលគណបក្សនយោបាយ។ លោកបន្តថា ដើម្បីធានាបាននៅសន្តិសុខ គ្មានការគំរាមកំហែង ដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត គ.ជ.ប គួរបើកឱ្យមានក្រុមអ្នកសង្កេតការណ៍មកពីបណ្ដាអង្គការអន្តរជាតិដែលឯករាជ្យ ចុះមកសង្កេតការណ៍ និងវាយតម្លៃពីស្ថានភាពទូទៅក្នុងកំឡុងថ្ងៃបោះឆ្នោតនាពេលខាងមុខ។
« ការបែងចែកតួនាទីគណបក្សនយោបាយហ្នឹង គឺថាត្រូវការចាំបាច់ណាស់ ហើយរដ្ឋាភិបាល និងមន្ត្រីរាជការហ្នឹង មិនបានបែងចែកឱ្យមានភាពច្បាស់លាស់ទេ អាហ្នឹង វាមិនអាចប្រសើរទេ ទាល់តែវាមានឯករាជ្យភាពច្បាស់លាស់ក្នុងការចូលរួមក្នុងសកម្មភាពនឹងទើបបាន។ យើងឃើញហើយកន្លងមកហើយ ទោះបីធានាប៉ុណ្ណា ប៉ុន្តែអាភាពបារម្ភ ភ័យខ្លាចវានៅតែមាន ហើយអាហ្នឹងហើយដែលត្រូវដោះស្រាយ » ។
ទោះយ៉ាងណា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥កាលពី ខែមិថុនា ឆ្នាំ២០២២កន្លងមក គណបក្សប្រជាជនកម្ពុជា ដែលឈ្នះនាំមុខគណបក្សផ្សេងៗនោះ បានលើកឡើងថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយស្មើភាព សេរី និងយុត្តិធម៌។ ប៉ុន្តែគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល បានរកឃើញភាពមិនប្រក្រតីជុំវិញការបោះឆ្នោតនេះ ដូចជា ការបំពានដែនសមត្ថកិច្ចរបស់អាជ្ញាធរភូមិឃុំលើស្ថាប័នរៀបចំការបោះឆ្នោត ការគំរាមកំហែងលើបេក្ខជនបក្សប្រឆាំង ការរាប់សន្លឹកឆ្នោតពុំបានធ្វើដោយចំហ និងមានអាជ្ញាធរដើរស្រង់ឈ្មោះពលរដ្ឋតាមផ្ទះ និងដាក់តុអង្គុយចាំកត់ឈ្មោះប្រជាពលរដ្ឋដែលទៅបោះឆ្នោតជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។