គណបក្សភ្លើងទៀនប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតជ្រើសរើសឃុំសង្កាត់អាណត្តិទី៥ដោយសារលទ្ធផលដែលចេញពីការបោះឆ្នោតនោះមិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋនិងរំលោភបំពានច្បាប់យ៉ាងធ្ងន់ធ្ងរដែលបង្ហាញពីសកម្មភាពនៃការលួចបន្លំសន្លឹកឆ្នោត។ ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអះអាងថាដំណើរការនៃការបោះឆ្នោតបានប្រព្រឹត្តទៅជាប្រក្រតី ត្រឹមត្រូវ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។
គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៦ ខែមិថុនា ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់មានបរិយាកាសមិនស្មើភាពដោយសារពលរដ្ឋពុំមានសេរីភាពក្នុងការចូលរួមផ្នែកនយោបាយនិងការបញ្ចេញមតិ។ គណបក្សភ្លើងទៀនមើលឃើញថាមន្រ្តីស្ថាប័នបោះឆ្នោតពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមសុទ្ធសឹងជាមន្រ្តីមកពីគណបក្សប្រជាជាកម្ពុជា។ បេក្ខជន និងអ្នកសង្កេតការណ៍របស់គណបក្សភ្លើងទៀនត្រូវទទួលរងការគាបសង្កត់និងការបំភិតបំភ័យ។ ទន្ទឹមនឹងនេះក៏មានសកម្មភាពគៀងគរពលរដ្ឋតាមរយៈការទិញសន្លឹកឆ្នោតការតាមដានការសំឡុតការគំរាមកំហែងជាហូរហែរដោយមិនមានការអង្កេតនិងទប់ស្កាត់ពី គ.ជ.ប ឡើយ។
គណបក្សភ្លើងទៀនលើកឡើងថា នៅថ្ងៃបោះឆ្នោតស្ទើរគ្រប់មណ្ឌលបោះឆ្នោតទូទាំងប្រទេសបានបិទទ្វារចាក់សោរបងចាប់ពីម៉ោង៣រសៀលដោយបណ្តេញពលរដ្ឋចេញមិនឱ្យតាមដានការរាប់សន្លឹកឆ្នោតនិងបណ្តេញភ្នាក់ងារមកពីគណបក្សនយោបាយក្រៅរដ្ឋាភិបាលចេញពីការិយាល័យបោះឆ្នោតជាដើមហើយករណីខ្លះគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតមិនអនុញ្ញាតឱ្យថតលទ្ធផលបោះឆ្នោតដែលបិទនៅការិយាល័យបោះឆ្នោតទៀតផង។ ផ្ទុយទៅវិញអាជ្ញាធរមូលដ្ឋាននិងតំណាងអង្គការសង្កេតការណ៍របស់បក្សកាន់អំណាចមានសិទ្ធិនៅក្នុងបរិវេនទីតាំងទាំងនោះដោយសេរី។គណបក្សភ្លើងទៀនចាត់ទុកការរំលោភបំពានទាំងនេះរួមទាំងករណីរំលោភបំពានជាច្រើនទៀតថាបង្ហាញពីសកម្មភាពនៃការលួចសន្លឹកឆ្នោត។
អនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ ថ្លែងក្នុងសន្និសីទនៅរសៀលថ្ងៃ០៦ ខែមិថុនា ដោយចាត់ទុកការបោះឆ្នោតថ្នាក់ឃុំសង្កាត់នេះថាមិនប្រព្រឹត្តដោយសេរីត្រឹមត្រូវនិងយុត្តិធម៌នោះទេដោយសារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនឯករាជ្យនិងហាក់លម្អៀងទៅរកគណបក្សកាន់អំណាច ខណៈ អាជ្ញាធរមិនអព្យាក្រិត្យ។ លោកបញ្ជាក់ថា គណបក្សភ្លើងទៀនមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឃុំសង្កាត់ដែលមិនឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ពលរដ្ឋឡើយ។ប៉ុន្តែលោកថាជំហររបស់គណបក្សមិនធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតដូចលើកមុនៗនោះទេ។
ទោះយ៉ាងណា លោករំពឹងថា លទ្ធបោះឆ្នោតនេះនឹងបើកផ្លូវចរចាជាមួយគណបក្សកាន់អំណាចដើម្បីឈានដោះស្រាយបញ្ហានយោបាយនិងកែលម្អស្ថានប័នបោះឆ្នោតឱ្យល្អប្រសើរឡើងវិញ៖ «យើងប្រកាសនៅថ្ងៃនេះថាយើងអត់មានផែនការធ្វើបាតុកម្មទេ ប៉ុន្តែយើងត្រូវលើកឡើងនូវបញ្ហា កង្វល់របស់យើង ឬកង្វល់របស់ពលរដ្ឋម្ចាស់ឆ្នោតដែរ ពីភាពមិនប្រកតីដែលប៉ះពាល់ដល់ឆន្ទៈរបស់លោក ហើយយើងសូមឱ្យមានការកែលម្អ ដូច្នេះគណបក្សភ្លើងមានជំហរចង់ដោះស្រាយ និងជជែកគ្នា»។
ឆ្លើយតបរឿងនេះអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)លោក ហង្ស ពុទ្ធា អះអាងថាដំណើរការនៃការបោះឆ្នោតនេះបានប្រព្រឹត្តទៅរលូន មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ដែលធ្វើឱ្យអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់មិនដូចការចោទប្រកាន់របស់គណបក្សភ្លើងទៀននោះទេ។ ប៉ុន្តែលោកថា គ.ជ.ប នឹងទទួលយកអនុសាសន៍ទាំងអស់ដើម្បីឱ្យការបោះឆ្នោតល្អប្រសើរ៖ «ការទទួលយកបាន ឬទទួលយកមិនបានមិនអាស្រ័យលើភាសានយោបាយរបស់គណបក្សនយោបាយណាមួយនោះទេ ផ្ទុយទៅវិញមានគណបក្ស និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើនបានបង្ហាញការអបអរចំពោះការរៀបចំឱ្យមានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ដើម្បីបញ្ជាក់ជុំវិញរឿងនេះបាននៅឡើយនៅថ្ងៃទី៦ ខែមិថុនា។ ប៉ុន្តែលោក សុខ ឥសាន អះអាងនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី៥ ខែមិថុនា ថាការបោះឆ្នោតនេះគឺជាការបោះឆ្នោត «ដ៏ល្អបំផុត»។
ទោះយ៉ាងណា នៅមុនការបោះឆ្នោតនេះ ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភ ដោយសារតែឃើញមានលំនាំនៃការគំរាមកំហែង ការបំភិតបំភ័យ និងការចាប់ខ្លួនបេក្ខជនមួយចំនួនដាក់ពន្ធនាគារ។ យ៉ាងហោចណាស់ មានបេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន ៦នាក់ត្រូវអាជ្ញាធរចាប់ខ្លួននៅមុន និងក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។
ចំណែកអង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ក៏បានថ្កោលទោសចំពោះយុទ្ធនាការយាយី និងបំភិតបំភ័យលើសមាជិកគណបក្សប្រឆាំងអំឡុងពេលឃោសនាបោះឆ្នោត ជាពិសេសការធ្វើទុក្ខបុកម្នេញលើបេក្ខជនគណបក្សភ្លើងទៀន។ សមាជិកសភាម៉ាឡេស៊ី និងជាសមាជិកនៃអង្គការ APHR អ្នកស្រី ម៉ារៀ ជិន អាប់ឌុលឡា (Maria Chin Abdullah) លើកឡើងថា វាជារឿងដែលមិនអាចទៅរួចនោះទេ ក្នុងការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្នុងបរិយាកាសមួយដែលពោរពេញទៅដោយការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយប្រឆាំង។ អ្នកស្រីបន្តថា ថ្វីបើគណបក្សចំនួន១៧ ត្រូវបានគេអនុញ្ញាតឱ្យឈរឈ្មោះបោះឆ្នោតក្ដី ដំណើរការទាំងមូលមិនអាចចាត់ទុកថា ជាការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងពហុបក្សបានឡើយ នៅពេលដែលគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន មិនព្រមឱ្យអ្នកដែលចូលរួមប្រកួតប្រជែង ធ្វើយុទ្ធនាការឃោសនាបានដោយសេរី និងមានសុវត្ថិភាពនោះ។
គ.ជ.ប អះអាងថា តួលេខចុងក្រោយបង្ហាញថា មានពលរដ្ឋជាង ៨០% ឬស្មើនឹងជាង ៧លាន៣សែននាក់បានចេញទៅបោះឆ្នោត ក្នុងចំណោមពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបជាង ៩លាន២សែននាក់។ ផ្អែកតាមតួលេខនេះ ចំនួនពលរដ្ឋចេញទៅបោះឆ្នោតឃុំ-សង្កាត់នៅអាណត្តិនេះ បានធ្លាក់ចុះប្រមាណជាង ១០% បើធៀបនឹងចំនួនពលរដ្ឋចេញទៅបោះឆ្នោតនៅមុនពេលរម្លាយគណបក្សសង្គ្រោះជាតិកាលពីអាណត្តិទី៤ ដែលមានរហូតដល់ជាង ៩០%។
លទ្ធផលបឋមចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប គិតត្រឹមល្ងាចថ្ងៃទី៦ ខែមិថុនា ឱ្យដឹងថា គណបក្សភ្លើងទៀនកំពុងមានប្រៀបជាងបក្សកាន់អំណាចតែ៤ឃុំប៉ុណ្ណោះ ក្នុងចំណោមឃុំសង្កាត់ទាំង ១.៦៥២ ដែលគណបក្សនេះអាចឈ្នះតំណែងមេឃុំ រួមមាន ៣ឃុំនៅខេត្តកំពង់ធំ គឺឃុំចំណាលើនៅស្រុកស្ទោង ឃុំដូង និងឃុំក្រយានៅស្រុកប្រាសាទបល្ល័ង្គ និង១ឃុំនៅខេត្តកំពង់ចាម គឺឃុំផ្តៅជុំក្នុងស្រុកជើងព្រៃ។ ក្រៅពីនោះ គណបក្សប្រជាជនកម្ពុជាកំពុងនាំមុខទាំងស្រុង ហើយពុំមានគណបក្សដទៃទៀតណាមួយទទួលបានសំឡេងឆ្នោតនាំមុខបក្សកាន់អំណាចនៅតាមឃុំ-សង្កាត់ដទៃទៀតនៅទូទាំងប្រទេសឡើយ។ មន្រ្តីគណបក្សភ្លើងទៀនបញ្ជាក់ថា គណបក្សភ្លើងទៀនអាចទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ជាង២ពាន់អាសនៈក្នុងចំណោមអាសនៈសរុបចំនួនជាង១ម៉ឺន (១១៦២២)។ ដូច្នេះ គណបក្សប្រជាជនកម្ពុជាអាចទទួលបានអាសនៈឃុំសង្កាត់ជាង៩ពាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។