គណបក្សភ្លើងទៀនចាត់ទុកការចាប់ខ្លួនមេឃុំជាប់ឆ្នោតមួយរូបនៃគណបក្សនេះនៅខេត្តកំពង់ធំថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ មិនមែនជាការអនុវត្តអនុវត្តច្បាប់ដោយត្រឹមត្រូវនោះឡើយ។ គណបក្ស និងសាច់ញាតិរបស់មេឃុំបក្សភ្លើងទៀនរូបនេះស្នើដល់តុលាការដោះលែងរូបលោកឱ្យមានសេរីភាពវិញ។
គណបក្សភ្លើងទៀនសោកស្ដាយចំពោះអាជ្ញាធរ ដែលបានចាប់ខ្លួនមេឃុំជាប់ឆ្នោតនៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ លោក ញឹម សារ៉ុម ពីបទ «ប្លន់» ដោយមិនសមហេតុផល។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី២១ មិថុនាថា អាជ្ញាធរយករឿងហេតុដែលកើតមានតាំងពីឆ្នាំ២០០២ យកមកចាប់ខ្លួនលោក ញឹម សារ៉ុម។ លោកថា កាលពីឆ្នាំ២០០២នោះ លោក ញឹម សារ៉ុម បានដកយកម៉ាស៊ីនបូមទឹកពីកូនបំណុលដែលជំពាក់ប្រាក់ពុំសង ហើយរឿងនេះត្រូវបានដោះស្រាយចប់សព្វគ្រប់ជាយូរមកហើយ។ លោកយល់ថា ការចាប់ខ្លួនមេឃុំជាប់ឆ្នោតនៃគណបក្សភ្លើងទៀនរូបនេះ មិនមែនជារឿងត្រឹមត្រូវឡើយ៖« មិនមែនជាការអនុវត្តច្បាប់ទេ គឺជាការគំរាមកំហែងនយោបាយ បែបសម្លុតគំរាម ជានយោបាយ ច្រើនជាងការអនុវត្តច្បាប់។ ដូច្នេះហើយខ្ញុំសូមអំពាវនាវម្ដងហើយម្ដងទៀតដល់ប្រមុខរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាគិតពិចារណាឡើងវិញដល់មុខមាត់កិត្តិយសប្រទេសជាតិ ហើយនិងដើម្បីកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យបានរឹងមាំ ដូច្នេះហើយសូមមេត្តាទម្លាក់ចោលរាល់បទចោទប្រកាន់ដើម្បីឱ្យពួកគាត់មានសេរីភាព » ។
លោក ញឹម សារ៉ុម ទើបតែជាប់ឆ្នោតជាមេឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីពេលថ្មីៗ នេះ។ លោកជាមេឃុំជាប់ឆ្នោតមួយរូប ក្នុងចំណោម ៤រូបនៃគណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នេះ។
អាជ្ញាធរបានចាប់ខ្លួនលោក កាលពីរសៀលថ្ងៃទី២១ មិថុនា ពេលលោកកំពុងតែបម្រើការងារនៅក្នុងសាលាឃុំ។
ប្រពន្ធលោក ញឹម សារ៉ុម លោកស្រី ខាត់ ឃាង ថ្លែងថា ការចាប់ខ្លួនប្ដីលោកស្រីទាំងកណ្ដាលថ្ងៃ ពេលគាត់កំពុងធ្វើការងារបម្រើផលប្រយោជន៍ជាតិនេះ ជារឿងអយុត្តិធម៌។ លោកស្រីអះអាងថា ប្ដីលោកស្រីជាមនុស្សស្អាតស្អំ និងស្រឡាញ់យុត្តិធម៌សង្គម ដោយពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការឡើយ។ លោកស្រីចាត់ទុកថា ការចាប់ខ្លួននេះ ជារឿងរំលោភសិទ្ធិនយោបាយ និងរំលោភឆន្ទៈពលរដ្ឋ៖ « ខ្ញុំសំណូមពរទៅទាំងអស់ ( អាជ្ញាធរ ) ជួយដោះលែងប្ដីខ្ញុំផង។ ប្ដីខ្ញុំអត់មានខុសអ្វីទេ ប្ដីខ្ញុំស្អាតស្អំ ឱ្យតុលាការជួយដោះលែងប្ដីខ្ញុំ » ។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ លោក ស៊ិត វណ្ណៈ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ញឹម សារ៉ុម ដែលមានឈ្មោះដើមថា ឌុក សារ៉ុម កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ពីបទ «ប្លន់» ប្រព្រឹត្តទៅកាលពីឆ្នាំ២០០២។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា អះអាងប្រាប់វិទ្យុវីអូឌី (VOD) ថា ការចាប់ខ្លួននេះ ជាការអនុវត្តតាមដីកាតុលាការ ដែលលោកថា មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។
ទោះជាយ៉ាងណាក្ដី អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា អះអាងថា លោក ញឹម សារ៉ុម មានទីលំនៅច្បាស់លាស់ និងធ្លាប់កាន់តួនាទីជាសមាជិកក្រុមប្រឹក្សាឃុំចំណារលើ តាំងពីឆ្នាំ២០១២ និងបន្តរហូតមកដល់គណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៧ ដោយពុំមានផ្លាស់ប្ដូរទៅទីណានោះទេ។ លោកចោទសួរថា តើហេតុអ្វីបានជាអាជ្ញាធរទើបតែមកចាប់ខ្លួន លោក ញឹម សារ៉ុម នៅពេលគាត់ជាប់ឆ្នោតជាមេឃុំបែបនេះ?
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺរឿងនេះពីអធិការរងនគរបាលស្រុកសន្ទុក លោក វ៉ន សុភ័ណ ដែលជាអ្នកអនុវត្តដីកាចាប់ខ្លួននេះបានទេ កាលពីថ្ងៃទី២១ មិថុនា។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ការចាប់ខ្លួននេះជារឿងចម្លែក ព្រោះជាសំណុំរឿងតាំងពីឆ្នាំ២០០២។ លោកថា នេះជារូបភាពនៃការគំរាមកំហែងផ្នែកនយោបាយ និងប៉ះពាល់ដល់ទឹកចិត្តពលរដ្ឋ ដែលទើបបោះឆ្នោតគាំទ្រលោក ញឹម សារ៉ុម កាលពីពេលថ្មីៗ នេះ៖ « វាជារឿងមួយដែលយើងគិតថា វាប៉ះពាល់ និងជះឥទ្ធិពលខ្លាំងសម្រាប់ការប្រកួតប្រជែងផ្នែកនយោបាយ។ វាធ្វើឱ្យមានការគំរាមកំហែង បំបាក់ស្មារតីទៅដល់បេក្ខជននយោបាយដែរ » ។
ចាប់តាំងពីការបោះឆ្នោតឃុំសង្កាត់មក អាជ្ញាធរបានចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀន ២នាក់ហើយ ដាក់ពន្ធនាគារ។ ក្នុងនោះមួយករណីទៀត កើតមាននៅខេត្តបាត់ដំបង ដោយអាជ្ញាធរបានចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀន លោក ឡី សុខុន ពីបទរំលោភសិទ្ធិលំនៅឋាន បន្ទាប់ពីលោកបានថតសកម្មភាពរបស់អាជ្ញាធរអង្គុយកត់ឈ្មោះពលរដ្ឋទៅបោះឆ្នោត។ នេះមិនទាន់រាប់បញ្ចូលការចាប់ខ្លួនអ្នកគាំទ្រ និងបេក្ខជនគណបក្សភ្លើងទៀនជាច្រើនករណីផ្សេងទៀតនៅមុនពេលបោះឆ្នោតនៅឡើយទេ។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ករណីទាំងនេះជាការគំរាមកំហែង និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ មិនមែនជាការអនុវត្តដោយត្រឹមត្រូវឡើយ។ លោកអំពាវនាវដល់អាជ្ញាធរដោះលែងសកម្មជននយោបាយទាំងអស់ដែលកំពុងជាប់ឃុំ ឱ្យមានសេរីភាពវិញ និងរៀបចំបរិយាកាសនយោបាយល្អប្រសើរសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខ៕
កំណត់ចំណាំ៖ អត្ថបទរឿងនេះ ត្រូវបានធ្វើបច្ចុប្បន្នភាព សម្រាប់ការចាក់ផ្សាយឡើងវិញ។ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។