គណបក្ស​ភ្លើងទៀន​ប្ដេជ្ញា​រក្សា​ពង្រឹង​ជំហរ​​ក្នុង​ពេល​គណបក្ស​កាន់អំណាច​ធ្វើ​ទុក្ខបុកម្នេញ

0:00 / 0:00

គណបក្ស​ភ្លើង​ទៀន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ថាគណបក្សប្រឆាំង​នេះ​នៅតែ​បន្ត​ពង្រឹង​ជំហរ​និង​រៀបចំ​រចនាសម្ព័ន្ធ​របស់​ខ្លួន​ឲ្យ​កាន់​តែ​រឹងមាំ​ថែម​ទៀត​សម្រាប់​ត្រៀម​ខ្លួន​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។ ការ​ប្រកាស​បែប​នេះ​ធ្វើឡើងនៅ​ស្រប​ពេល​គណបក្ស​កាន់អំណាច​កំពុង​តែ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​នេះ។ អ្នកវិភាគ​ថា គណបក្សភ្លើងទៀន​ប្រកាន់​ជំហរ​បែប​នេះ​ជា​រឿង​ត្រឹមត្រូវ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​ អះអាងថា​ គណបក្សភ្លើងទៀន​មិន​ចុះ​ញម​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​ណាមួយ​មក​លើ​មន្ត្រី​របស់​ខ្លួន​ឡើយ។

លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ដែល​កំពុង​រង​បណ្ដឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​អះអាង​នៅថ្ងៃទី១៨ មករា ថា គណបក្ស​ភ្លើងទៀន​នៅតែ​បន្ត​ដំណើរ​ទៅមុខ​រក្សា​ជំហរ​រឹងមាំ​និង​ពង្រឹង​សកម្មភាព​របស់​ខ្លួន​ថែមទៀត​ដើម្បី​បំរើ​ប្រទេសជាតិ​។

លោក សុន ឆ័យ៖ «គណបក្ស​ភ្លើង​ទៀន​ហ្នឹង​ត្រូវ​រក្សា​សាមគ្គីភាព​ ពង្រឹង​សកម្មភាព និង​ជំហរ​ឲ្យ​រឹងមាំ។ ការ​បង្កើន​សកម្មភាព​ឲ្យ​មាន​អ្នកគាំទ្រ​កាន់តែ​ច្រើន​ និង​សាមគ្គីភាព​នេះ​ហើយ​ ដែល​ធ្វើឲ្យ​គណបក្សកាន់អំណាច​ពិចារណា​ លើ​ការ​បន្ថយ​សកម្មភាព​គំរាមកំហែង»។

ការ​ប្ដេជ្ញាចិត្ត​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​នៅ​ស្របពេល​គណបក្ស​នេះ​កំពុង​រងទុក្ខបុកម្នេញ​ពី​គណបក្ស​កាន់អំណាច​ជា​បន្តបន្ទាប់​ក្នុង​នោះ​ រួមមាន​ លោក សុន ឆ័យ​កំពុង​រង​បណ្ដឹង​ពី​គណបក្ស​កាន់អំណាច​ដែល​គណបក្ស​នេះ​ទាមទារ​ជំងឺចិត្ត​ ចំនួន ១លានដុល្លារ​រឿង​លោក សុនឆ័យ រិះគន់​លទ្ធផល​បោះឆ្នោត​ឃុំ​-សង្កាត់។​ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើងទៀន​ លោក គង់ គាំ​ក៏​រង​បណ្ដឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។​ក្រៅ​ពី​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​គំរាម​វាយ​ខ្នោះ​លោក គង់ គាំ ថែមទៀត​ រឿងលោក​រិះគន់​ប្រវត្តិ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា។ប៉ុន្តែ​ក្រោយ​ពី​លោក​ប្រគល់ដី និងផ្ទះ​ដែល​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ​ជូន​រដ្ឋាភិបាល​វិញ​ទើប​លោក ហ៊ុន សែន​លើកលែង ​និង​ដក​ពាក្យ​បណ្ដឹង​វិញ។​ក្រៅ​ពី​នេះ​ទៀត​សកម្មជន​គណបក្ស​ភ្លើង​ទៀន​មួយ​ចំនួន​កំពុងតែ​ជាប់​ពន្ធនាគារ​ដែរ។

ករណី​ចុងក្រោយ​អនុប្រធាន​គណបក្ស​ភ្លើងទៀន​មួយ​រូប​ទៀត​ លោក ថាច់ សេដ្ឋា ​ទោះបីជា​តុលាការ​ចោទ​ប្រកាន់​ពី​រឿង​ចេញ​សែក​គ្មាន​ទឹកប្រាក់​ក៏ដោយ​ក៏ប៉ុន្តែ​សំណុំ​រឿង​នេះ​ត្រូវ​បាន​អ្នកវិភាគ​និង​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​អះអាង​ថា​ជា​រឿង​នយោបាយ។

ទាក់ទង​នឹង​បញ្ហា​នេះ​ អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​ លោក បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា​ ជារឿងត្រឹមត្រូវ​ ដែល​គណបក្ស​ភ្លើងទៀន​ នៅតែ​រក្សា​ជំហរ​រឹងមាំ​ នៅ​ក្នុង​ពេល​គណបក្ស​កាន់អំណាច​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​បែបនេះ។

​បណ្ឌិត សេង សារី៖«ភ្លើងទៀន​ហាក់ដូចជា​ដើរ​ត្រូវ​គន្លង​យុទ្ធសាស្រ្ត​ឡើងវិញ​ ដោយសារតែ​ការ​ធ្វើ​ទុក្ខបុកម្នេញ​កន្លង​មក​នេះ​ជា​ចេតនា​មួយ​ជំរុញ​ឲ្យ​ភ្លើង​ទៀន​ដើរ​ចេញ​ពី​ផ្លូវ​បោះឆ្នោត​ដែរ។ សេចក្ដីថ្លែងការណ៍​របស់​ភ្លើងទៀន​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​មូលដ្ឋាន​មាន​កម្លាំងចិត្ត​ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ការ​ធ្វើ​ផ្លាស់ប្ដូរ​ផង​ដែរ»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន អះអាង​ថា​ តុលាការ​ចាត់​ការ​មន្រ្តី​គណបក្ស​ភ្លើង​ទៀន​នេះ​ ជា​រឿង​អនុវត្ត​ច្បាប់​មិនមែន​ជា​រឿង​ធ្វើ​ទុក្ខបុកម្នេញ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ​។

លោក សុខ ឥសាន៖ «អីចឹង​មិនមែន​គណបក្ស​កាន់អំណាច​ទៅ​ធ្វើ​បាប​គាបសង្កត់​ពួកគាត់​ទេ​ គឺ​គាត់​បង្កើត​បញ្ហា​ដោយ​ខ្លួន​គាត់​ ហើយ​គាត់​ត្រូវ​ទទួល​ខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់។​ ដូច្នេះហើយ​អត់​មាន​និយាយ​ថា សភាព​នយោបាយ​ក្ដៅ​ត្រជាក់​អី​ គឺពួកគាត់​បង្កើត​ខ្លួន​គាត់​ទេ​។ ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា​អត់​មាន​តួនាទី​អី​ជំនួស​តុលាការ​ដោះស្រាយ​រឿង​ពិរុទ្ធភាព​របស់​គណបក្ស​ភ្លើងទៀន​ទេ»។

ទោះបីជា​លោក សុខ ឥសាន អះអាង​បែប​នេះក្ដី​ក៏​ប៉ុន្តែ​អង្គការ​សិទ្ធិមនុស្ស​ជាតិ អន្តរជាតិ អះអាង​ថាគណបក្ស​កាន់អំណាច​កំពុង​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​នយោបាយបង្រ្កាប​ទៅ​លើ​ដៃគូ​ប្រកួត និង​អ្នក​រិះគន់។

របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែនរ៉ៃត៍ វ៉ច្ឆ (Human Rights watch)​ ចេញផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថាគណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ​បើក​យុទ្ធនាការ​បង្រ្កាប​ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​តទៅ​មុខ​ទៀត។ របាយការណ៍​បាន​លើកចំៗ ​ថា​ លោក ហ៊ុន សែន​ត្រូវ​ដាក់​បញ្ចូល​ក្នុងចំណោម​អ្នកដឹកនាំ​ដែល​ឋិត​ក្នុង​តំណែង​តាមរយៈ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ចេតនា​នយោបាយ​គ្រប់គ្រង​កងកម្លាំង​ប្រដាប់​អាវុធ​គៃ​បន្លំ​ការ​បោះឆ្នោត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។​ លោក ហ៊ុន សែន ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​រួមមាន​អំពើ​កាប់សម្លាប់​ក្រៅច្បាប់​ ទារុណកម្ម​ការ​ចាប់​ឃុំ​ខ្លួន​ ត្រួតត្រា​ រារាំងសេរីភាពសមាគម​ ការជួបប្រជុំ​និង​ការ​បង្កើត​បណ្ដាញ​ស៊ើបការណ៍​រាយការណ៍​នៅ​ពេញ​ប្រទេស​ក្នុង​គោល​បំណង​បំភិតបំភ័យ​បំភ័ន្ត​សាធារណៈមតិ។​យុទ្ធសាស្ត្រ​ចម្បង​ជាងគេ​របស់​លោក ហ៊ុន សែន​គឺ​ការ​គំរាមកំហែង​និង​ប្រើប្រាស់​កម្លាំង​ប្រដាប់អាវុធ​និង​តុលាការ។​

ទាក់ទង​នឹង​បញ្ហា​នេះ​ លោកបណ្ឌិត សេង សារី លើកឡើង​ថា​ គណបក្ស​កាន់អំណាច​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​ ធ្វើ​ទុក្ខបុកម្នេញ​មន្ត្រី​គណបក្ស​ភ្លើងទៀន​ ក្រោម​រូបភាព​អនុវត្ត​ច្បាប់​បែបនេះ​ គ្មាន​ចំណេញ​អ្វី​ឡើយ។​ ផ្ទុយទៅវិញ​ លោក​​អះអាងថា​ នឹង​ធ្វើ​ឲ្យ​គណបក្ស​កាន់អំណាច​ធ្លាក់ចុះ​ប្រជាប្រិយភាព​ទៅ​វិញ​ទេ។

បណ្ឌិត សេង សារី៖«ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្ទួនៗ​ នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​មើលឃើញ​កាន់តែ​ច្បាស់​ទៅ​វិញ​ទេ​ថា​ គណបក្ស​កាន់​អំណាច​កំពុងតែ​ប្រើប្រាស់​តុលាការ​ក្នុង​ការ​វាយប្រហារ​គណបក្ស​ភ្លើងទៀន។​ដូច្នេះ​ធម្មជាតិ​របស់​ពលរដ្ឋ​ខ្មែរ​តែងតែ​ផ្ដល់​យុត្តិធម៌​ជូន​ជនរងគ្រោះ។ ដូច្នេះ​គណបក្ស​កាន់អំណាច​បាត់បង់​អ្នក​គាំទ្រ​ខ្លាំង​ណាស់»។

លោក សុន ឆ័យ បន្ថែម​ថា​ទោះបីជា​គណបក្ស​ភ្លើងទៀន​កំពុងតែ​ប្រឈម​នឹង​ការ​គំរាមកំហែង​បែប​នេះ​ក្ដី​គណបក្ស​ភ្លើងទៀន​ក៏​ស្វះស្វែង​រក​ការ​សន្ទនា​ជាមួយ​គណបក្ស​កាន់អំណាច​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​ ធានាថា​គ្មាន​ការ​គំរាមកំហែង​និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ណាមួយ​កើតឡើង។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ លោក សុខ ឥសាន បញ្ជាក់ថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មិន​ចរចា​ជាមួយ​គណបក្ស​ភ្លើងទៀន​ឡើយ។​ លោកអះអាងថា​កម្ពុជា​មាន​សុខ​សន្តិភាព។​ហើយ​មន្ត្រី​របស់​គណបក្ស​ភ្លើងទៀន​ដែល​រង​បណ្ដឹង​នៅ​តុលាការ​គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ក្នុង​ការ​អនុវត្ត​ច្បាប់។​

អ្នកវិភាគថា​សន្តិភាព​ដែល​លោក អះអាងនេះ​ជា​សន្តិភាព​សម្រាប់​តែ​ក្រុម​គណបក្ស​កាន់​អំណាច​មិនមែន​សន្តិភាព​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​ក្នុង​សង្គម​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​សេចក្ដី​សុខ​ឡើយ។​ លោក បណ្ឌិត សេង សារីថា​ការ​សន្ទនា​គ្នា​រវាង​គណបក្ស​ទាំងពីរ​ជា​ជម្រើស​ល្អ​សំរាប់​ឲ្យ​ដំណើរការ​បោះឆ្នោត​រលូន​ទៅ​មុខ​ដោយ​ធានា​ថា​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

ក្រៅពី​គណបក្ស​ភ្លើងទៀន​ប្រកាស​អំពី​បន្ត​ជំហរ​រឹងមាំ​នេះ​គណបក្ស​នេះ​ក៏​បញ្ជាក់​នៅ​លើ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ចេញ​នៅថ្ងៃទី១៨ មករានេះដែរថា​ គណបក្សភ្លើងទៀន​ ប្រឆាំងដាច់ខាត​ចំពោះ​ការ​គាប​សង្កត់​ ការគំរាមកំហែង​និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​គ្រប់​រូបភាព​គណបក្ស​កាន់អំណាច។​គណបក្ស​នេះ​ទាមទារ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់។ ​គណបក្ស​ភ្លើងទៀន​អំពាវនាវ​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទាំងអស់​ឲ្យ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​និង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ឲ្យ​បាន​ត្រឹមត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។