គណ​បក្ស​ភ្លើង​ទៀន មិន​ទាន់​ដាក់​បញ្ជី​ឈ្មោះ​បេក្ខជន​ទៅ គ.ជ.ប. ខណៈ​ការ​បិទ​ទទួល​ពាក្យ​នៅ​ថ្ងៃចន្ទ​សប្ដាហ៍​ក្រោយ

គណ​បក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ នៅ​មិន​ទាន់​បាន​ដាក់​បញ្ជី​ឈ្មោះ និង​បេក្ខជន​ឈរ​ឈ្មោះ ជូន​ទៅ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប. នៅ​ឡើយ​ទេ តាម​ការ​គ្រោង​ទុក នៅ​ថ្ងៃ​ទី៥ ខែឧសភា​នេះ ខណៈ គ.ជ.ប. នឹង​បិទ​បញ្ចប់​ការ​ទទួល​យក​ពាក្យ​ស្នើសុំ​របស់​គណបក្ស​នយោបាយ ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។

ចំណែក​គណបក្ស​កែ​ទម្រង់​កម្ពុជា (CRP) ក៏​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី៤ ខែឧសភា​ថា នឹង​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ជាតិ​នេះ​ទេ ដោយសារ​តែ​ស្ថានភាព​នយោបាយ មិន​មាន​តម្លាភាព សេរី និង​យុត្តិធម៌។ ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប. លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ការ​មិន​ចូលរួម​របស់​គណបក្ស​កែ​ទម្រង់​កម្ពុជា​នេះ គឺ​នឹង​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ​ឡើយ។

អនុប្រធាន​គណបក្ស​កែ​ទម្រង់​កម្ពុជា (CRP) លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់​កាសែត​ក្នុង​ស្រុក​ថា គណបក្ស​ក៏​មាន​បញ្ហា​ថវិកា និង​គ្មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត ហើយ​គណបក្ស​ក៏​គ្មាន​ពេល​វេលា ដើម្បី​ហ្វឹកហ្វឺន​អ្នក​សង្កេត​ការណ៍​ពី​ជំនាញ​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​នោះ​ដែរ។

លោក អ៊ូ ច័ន្ទរ័ត្ន អះអាង​បន្ត​ថា ការ​សម្រេច​ចិត្ត​មិន​ចូលរួម​ការ​បោះ​ឆ្នោត​នេះ ត្រូវ​បាន​សមាជិក និង​អ្នក​គាំទ្រ​បក្ស​ទាំង​អស់​គ្នា ទទួលស្គាល់​ពី​ស្ថានភាព​លំបាក​របស់​គណបក្ស។ លោក​ថា គណបក្ស​ក៏​គ្មាន​គម្រោង​ផែនការ​ចូលរួម​ជាមួយ​គណបក្ស​ដទៃ​ទៀត​ដែរ ប៉ុន្តែ​នឹង​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ចូលរួម​បោះឆ្នោត​លើក​ក្រោយៗ ទៀត ព្រមទាំង​បន្ត​សកម្មភាព​របស់​ខ្លួន ដើម្បី​ផ្សព្វផ្សាយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ។

រហូត​មក​ដល់​ពេល​នេះ គ.ជ.ប. បាន​ទទួល​បញ្ជី​ឈ្មោះ​និង​បេក្ខជន​ឈរ​ឈ្មោះ​របស់​គណបក្ស​នយោបាយ​ចំនួន ១១ហើយ និង​កំពុង​ពិនិត្យ​ឯកសារ​របស់​គណបក្ស​ទាំង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។