មន្ត្រីគណបក្សភ្លើងទៀន ដែលជាប់ឃុំនៅពន្ធនាគារខេត្តបាត់ដំបង លោក ឡី សុខុន បានធ្លាក់ខ្លួនឈឺ ដោយសារការរស់នៅក្នុងពន្ធនាគារគ្មានអនាម័យ និងមានភាពណែនចង្អៀត។ គ្រួសារមន្ត្រីបក្សភ្លើងទៀនរូបនេះ ស្នើតុលាការដោះលែងសមាជិកគ្រួសារខ្លួនឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន និងពន្លឿននីតិវិធីជំនុំជម្រះក្ដីឱ្យបានឆាប់រហ័ស។ មន្ត្រីសង្គមស៊ីវិលយល់ថា ប្រធានពន្ធនាគារគួរតែពិនិត្យឡើងវិញនូវការរៀបចំការរស់នៅ និងថែរក្សាសុខភាពរបស់អ្នកជាប់ឃុំឱ្យបានសមស្រប ដោយផ្អែកទៅលើសិទ្ធិរស់រានរបស់ពួកគេ។
ប្រពន្ធមន្ត្រីគណបក្សភ្លើងទៀនដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តបាត់ដំបង អះអាងថា ប្ដីរបស់លោកស្រីកំពុងធ្លាក់ខ្លួនឈឺ និងមានសភាពស្គមស្គាំងជាខ្លាំង បន្ទាប់ពីលោកបានជាប់ឃុំអស់រយៈពេលជាង ១ខែមកនេះ។
ប្រពន្ធលោក ឡី សុខុន គឺលោកស្រី លីន លីដា ប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងនៅថ្ងៃទី២៧ កក្កដា ថា លោកស្រីមើលប្ដីរបស់ខ្លួនសឹងតែមិនស្គាល់ឡើយ នៅពេលចូលទៅជួបសួរសុខទុក្ខ កាលពីព្រឹកថ្ងៃទី២៥ កក្កដា។ លោកស្រីរៀបរាប់យ៉ាងខ្សឹកខ្សួលថា ប្ដីលោកស្រីត្រូវបានមន្ត្រីពន្ធនាគារចាប់កោរសក់ និងឱ្យស្លៀកសំលៀកបំពាក់អ្នកទោសពណ៌ស្លាទុំ មានរូបរាងស្គមស្គាំង និងមានសុខភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ លោកស្រីថា ប្ដី លោកស្រីចាប់ផ្ដើមមានជំងឺផ្ដាសាយធំរ៉ាំរ៉ៃ និងមានកើតកន្ទួលរមាស់ពេញខ្លួន ដោយសារការរស់នៅមានសភាពអាប់អួ មានផ្សែងបារីរបស់អ្នកជាប់ឃុំក្នុងបន្ទប់ជាមួយគ្នា និងការងូតទឹកកខ្វក់។ លោកស្រីបន្តថា លោកស្រីមិនសូវបានជួបប្ដីដោយផ្ទាល់នោះទេ ព្រោះការចូលសួរសុខទុក្ខត្រូវចំណាយប្រាក់ច្រើន ស្របពេលលោកស្រីក៏មានជីវភាពខ្វះខាត។ ប៉ុន្តែកន្លងមក លោកស្រីបានផ្ញើម្ហូបអាហារឱ្យប្ដីជារៀងរាល់ថ្ងៃ និងផ្ញើថ្នាំសង្កូវម្ដងម្កាល ហើយថ្នាំទាំងនោះត្រូវបានមន្ត្រីពន្ធនាគារហាមឃាត់មិនឱ្យយកចូល ទោះបីមានសំបុត្រវេជ្ជបញ្ជាពីគ្រូពេទ្យក្ដី៖ « ឥឡូវហ្នឹងគាត់ឈឺ ទីមួយគឺ គាត់អស់កម្លាំង ហើយគាត់ផ្ដាសាយ ហើយគាត់ចេញរមាស់ពេញខ្លួន។ គាត់ស្គមច្រើន ! អង្កាល់ពីដំបូង គឺខ្ញុំមើលគាត់អត់ស្គាល់ទេ មើលគ្រួសារខ្លួនឯងអត់ស្គាល់ទេ។ គាត់ស្គម ទីពីរ គេកោរសក់គាត់ ហើយស្លៀកពាក់ឯកសណ្ឋានពណ៌ស្លាទុំ គឺខ្ញុំមើលអត់ស្គាល់តែម្ដង » ។
លោកស្រី លីន លីដា ស្នើសុំយ៉ាងទទូចដល់តុលាការខេត្តបាត់ដំបងឱ្យដោះលែងប្ដីលោកស្រីនៅក្រៅឃុំជាបណ្ដោះអាសន្ន និងត្រូវពន្លឿននីតិវិធីជំនុំជម្រះក្ដីឱ្យបានឆាប់រហ័ស។
ទាក់ទិនបញ្ហានេះ ប្រធានពន្ធនាគារខេត្តបាត់ដំបង លោក សំអុល ធារិទ្ធ បដិសេធមិនផ្ដល់ការអត្ថាធិប្បាយតាមទូរស័ព្ទឡើយ លោកឱ្យទៅធ្វើសម្ភាសន៍ដោយផ្ទាល់នៅពន្ធនាគារ៖ « មានការងារអីមកដល់កន្លែងសួរនាំ បងឯងចុចទូរស័ព្ទហ្នឹង វាមិនដឹងជាអ្នកណា ដែល ( អត្ត ) សញ្ញាណពិតប្រាកដ ហើយរឿងអី ដែលខ្ញុំត្រូវឆ្លើយជាមួយបង » ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិនៃអង្គការលីកាដូប្រចាំខេត្តបាត់ដំបង លោក អ៊ិន គង់ជិត ស្នើឱ្យប្រធានពន្ធនាគារខេត្តបាត់ដំបង ត្រូវពិនិត្យមើលបន្ថែមទៀត ទៅលើបញ្ហាសុខភាពរបស់អ្នកជាប់ឃុំ ដោយត្រូវមានការតាមដានសុខភាពជាប្រចាំ និងត្រូវផ្គត់ផ្គង់ថ្នាំសង្កូវផងដែរ។ លោកបញ្ជាក់ថា ការធ្វើបែបនេះគឺ ដើម្បីធានាទៅលើសិទ្ធិរស់នៅរបស់អ្នកជាប់ឃុំ ព្រោះថា ពួកគាត់ត្រឹមតែបាត់បង់សេរីភាពមួយចំនួន តែមិនមែនមានន័យថា ត្រូវរំលោភទៅលើសិទ្ធិរស់រានមានជីវិតរបស់ពួកគាត់ឡើយ៖ « នេះជាការរំលោភដល់សិទ្ធិរស់រានមានជីវិតរបស់ពួកគាត់។ ពួកគាត់នៅក្នុងពន្ធនាគារ គឺគាត់គ្រាន់តែបាត់បង់សិទ្ធិសេរីភាពទេ តែសិទ្ធិអ្វីៗ គាត់នៅមានទាំងអស់ ដូចជា សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលព័ត៌មានជាដើម » ។
លោក ឡី សុខុន ជាសមាជិកក្រុមការងារគណបក្សភ្លើងទៀននៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៨ មិថុនា ពីបទរំលោភលំនៅឋាន បន្ទាប់ពីលោកថតវីដេអូក្រុមមន្ត្រីបក្សកាន់អំណាចអង្គុយកត់ឈ្មោះពលរដ្ឋនៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កន្លងទៅ។ លោកត្រូវបានតុលាការបញ្ជូនយកទៅឃុំនៅពន្ធនាគារខេត្តបាត់ដំបងមួយថ្ងៃ ក្រោយពីអាជ្ញាធរចាប់ខ្លួន ទោះបីពេលនោះ ដើមបណ្ដឹងបានដកបណ្ដឹងទៅហើយក្ដី។
ក្រុមគ្រួសាររបស់លោក មន្ត្រីគណបក្សភ្លើងទៀន ព្រមទាំងអង្គការសង្គមស៊ីវិល ចាត់ទុកថា ការឃុំខ្លួនលោក ឡី សុខុន ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ មិនមែនជាការអនុវត្តច្បាប់ដោយត្រឹមត្រូវឡើយ។ ពួកគេស្នើដល់តុលាការខេត្តនេះពន្លឿននីតិវិធីតាមផ្លូវច្បាប់ឱ្យឆាប់រហ័ស និងដោះលែងលោកឱ្យមានសេរីភាពប្រកបដោយយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។