មន្ត្រី​គណបក្ស​​ភ្លើង​ទៀន​​ចោទ​​អាជ្ញាធរ​​​ថា ដើរ​​អូសទាញ​​សកម្មជន​​ខ្លួន​​ឲ្យ​​ចុះចូល​​បក្ស​​កាន់​​អំណាច​

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ចោទ​អាជ្ញាធរខេត្តប៉ៃលិន បាត់ដំបង និងខេត្តមួយចំនួនទៀតថា ​​កំពុងដើរ​អូសទាញ​សកម្មជន​ខ្លួន​ឲ្យ​ចុះចូល​បក្ស​កាន់​អំណាច​ ក្រោយ​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​រួច​។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​សកម្មជន​របស់​គណបក្ស​ភ្លើងទៀន​មួយ​ចំនួន រង​ការ​គំរាមកំហែង​ និង​គាប​សង្កត់​ពី​សំណាក់​អាជ្ញាធរ​បក្សកាន់​អំណាច​នៅ​តាម​បណ្តា​រាជធានី​ខេត្តជា​បន្តបន្ទាប់។ មន្ត្រី​គណបក្ស​កាន់​អំណាច​ច្រានចោល​ចំពោះការ​ចោទ​ប្រកាន់​នេះ។

មន្ត្រី​គណបក្ស​ភ្លើង​ទៀនចោទ​អាជ្ញាធរ​គណបក្ស​កាន់​អំណាចថា​បាន​គំរាមកំហែងគាប​សង្កត់ដល់​សកម្មជន​របស់​ខ្លួនដើម្បី​ឲ្យ​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាចជាថ្នូរ​នឹង​ការ​ទទួល​បាន​ផល​ប្រយោជន៍​ផ្សេងៗ។

អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក ថាច់ សេដ្ឋា ប្រាប់វិទ្យុអាស៊ីសេរី​ថ្ងៃ១២ខែមិថុនា ថា​តាំងពី​មុន​បោះ​ឆ្នោតនិង​ក្រោយ​បោះឆ្នោត​ឃុំសង្កាត់​រួចមក​គណបក្ស​កាន់​អំណាច​នៅ​តែ​ប្រើ​យុទ្ធសាស្ត្រ​ដើរ​អូទាញ​សកម្មជន​គណបក្ស​ភ្លើងទៀន​ តាម​រយៈ​ប្រើរូប​ភាព​គំរាម​កំហែងការ​ផ្ដល់​ថវិកា​តួនាទី និង​ការ​ផ្តល់​ការ​ពន្លឿន​សេវា​សាធារណៈដែលជាប្រយោជន៍ផ្សេងៗ​ដល់​សកម្មជន​របស់​បក្ស​ខ្លួន៖ «យើង​អត់​មាន​អីក្រៅ​ពី​យើង ពង្រឹងគ្នា​យើង​នោះ​ទេ ក្នុងការ​ស្មារតី​ ហើយ​ពង្រឹង​និងការ​តស៊ូ​របស់​យើង ​ហើយ​យើងឃើញ​ហើយ បើទោះបី​សំឡុត​ទោះអី​ក៏​ដោយ ក៏ប្រជាពលរដ្ឋ​លោក អឺទៅមែន ខ្លះ​ទៅ​តែ​ខ្លួន ​ទេ ប៉ុន្តែនៅតែ​បោះឆ្នោត​អោយ​យើង​ដដែល​ទេ ការ​គំរាមកំហែង​មិន​មាន​ប្រសិទ្ធភាព​អី​ខ្លាំង​ខ្លា​អី​ទេ​ វាគ្រាន់​តែ​ជាកា​របំភ័យបំភិត​អោយ​ឃើញ​ជា​រូបភាព​ហ្នឹង ហើយ​អូសទាញ​បាន​តែ​រូបរាង​ការ​គេ​ហ្នឹង ចំពោះ​បេះដូង​របស់​គេ​វិញ ប្រជាពលរដ្ឋឡូវ​មិន​អាច​អោយ​យក​បាន​ទេ»។

លោក ថាច់ សេដ្ឋា បន្ថែមថា ក្នុង​នាម​គណបក្ស​នយោបាយ​​ជា​អ្នក​នយោបាយប្រសិន​បើ​ពួកគេ​ចង់​បាន​លទ្ធិប្រជាធិតេយ្យ​ពិតប្រាកដគណបក្ស​នយោបាយ​មិនត្រូវ​មាន​ឧបាយកល​ទុច្ច​រិត​នោះ​ទេ។ លោក​ថាគណបក្សកាន់​អំណាច​គួរ​តែ​ប្រកួត​ប្រជែង​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៏ដើម្បី៝៝ឱ្យ ប្រជាពលរដ្ឋ​ជ្រើសរើស​តំណាង​មូលដ្ឋាន​របស់​ពួកគេ​ចេញ​ពី​ឆន្ទៈ​ពិតប្រាកដ។

ជុំវិញ​រឿងនេះអ្នកនាំពាក្យ​គណបក្សកាន់​អំណាចលោក សុខ ឥសាន ច្រានចោលការលើកឡើង​របស់​គណបក្ស​ភ្លើង​ទៀន​ដោយលោ​កថាគណបក្ស​ប្រជាជនលកម្ពុជា​មិន​បាន​ទៅ​គាប​សង្កត់​ទៅលើ​ប្រជាពលរដ្ឋ​និង​សកម្មជន​គណបក្​សនយោបាយ​ណាមួយ​ឱ្យ​មក​ចុះចូលជា​មួយ​គណបក្សខ្លួន​នោះ​ឡើយ។ លោក​បន្ត​ថា ការណ៍​ដែល​សកម្មជន​​គណបក្ស​ភ្លើង​ទៀន​មកចូលរួម​នយោបាយ​ជាមួយ​គណប​ក្ស កាន់អំណាច គឺ​ជាការ​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្តហើយ​គ្មានការ​បង្ខិត​បង្ខំ​នោះ​ទេ៖ « មាន​ប្រជាជន​ណា​ភ័យ​ខ្លាច បើ​ប្រជាជន​ភ័យខ្លាច​ម៉េច​ក៏​បាន​៧​លាន​នាក់​ទៅ​បោះឆ្នោត​ ឥឡូវ​យើង​គិត​តែ​ប៉ុន​ហ្នឹង​ទៅ​ដឹងហើយ ប្រជាជន៧​លាន​ផ្លាយ​នាក់​ទៅ​បោះ​ឆ្នោត សួរ​ថា​ទាំងអស់​ ៧​លាន​នាក់​ហ្នឹង​សុទ្ធ​ខ្លាច​អី ហើយ​គេ​ទៅ​តម្រង់​ជួរ​ហូហែរ ខ្ញុំ​ក៏​ទៅ​បោះឆ្នោត​ដូចគ្នា គ្រួសារ​ខ្ញុំក៏ទៅ​បោះឆ្នោត​ដូចគ្នា សួរថា​មានបញ្ហា​អីត្រូវភ័យខ្លាច ​វាអត់​ទេ សន្តិសុខ​គេ​ទៅ គេទៅ​ដើម្បីរៀប​ចំ​សណ្តាប់​ធ្នាប់ ​ព្រោះ​បងប្អូន​វា​ទៅមួ​យ​ពេល​ចឹង វាច្រើនណាស់ មានឡាន មាន​ម៉ូតូអី គេជួយ​សម្រួល​ក្នុង​ការ​ចតម៉ូតូ​ ច​តឡាន​អីអោយ​មាន​សណ្តាប់ធ្នាប់ ដើម្បីបើកផ្លូវអោយបងប្អូន​ទៅបោះឆ្នោត​បានដោ​យស្រួល អាហ្នឹងតែប៉ុនហ្នឹងទេ»។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADO) លោក អំ សំអាត​ លើក​ឡើង​ថាពលរដ្ឋមាន​សិទ្ធិ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ពួក​គេ​ពេញ​ចិត្តស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។ លោក​សង្កេត​ឃើញ​មាន​ភាពមិន​ប្រក្រតី​មួយ​ចំនួន​នៅ​ថ្ងៃ​បោះឆ្នោតពាក់​ព័ន្ធ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ដែល​ជា​មន្ត្រី​របស់​បក្សកាន់​អំណាច៖ «ការបោះឆ្នោតហ្នឹង គឺយើង​សង្កេត​ឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន​នៅ​ចាំ​កត់​​ឈ្មោះ ចាំអឺ មើលមនុស្សអីជាដើម ហើយមាន​អាជ្ញាធរ​ដែល​គាត់​មិន​មាន​សិទ្ធិ នៅក្នុង​ការការពារ​បោះឆ្នោត​ក៏​មាន​វត្ត​មាន​នៅទីនោះ​ រហូត​ទៅដល់​មាន​ការ​សុំអនុញ្ញាត​អោយ​ចេញ​ពីក​ន្លែង​ហ្នឹង ហើយ​ក៏​​យើង​​ឃើញមា​ន​មនុស្ស​មួយចំ​នួន ដែលបាន​សួរ​ថា​មាន​បោះឆ្នោត​អោយ​ពី​ណា គណបក្ស​ណាអី​ជា​ដើម អាចំនុច​ទាំងអស់​ហ្នឹង​គឺ​វាជា​ការ​ប៉ះពាល់​ទៅដល់​សេរីភាព​ ទៅ​ដល់​សិទ្ធិដែ​លធ្វើអោ​យ​ជះឥទ្ធិពល​ទៅ​ដល់​​ផ្លូវ​អារម្មណ៍ ផ្លូវ​ចិត្ត​របស់​ម្ចាស់​ឆ្នោត»

មន្ត្រីគណបក្ស​ភ្លើង​ទៀន និងមន្ត្រី​សង្គមស៊ីវិល​នៅតែ​បង្ហាញ​ថាដំណើរ​ការ​បោះឆ្នោត​នេះពិត​ជា​មាន​អាជ្ញាធរ ភូមិ ឃុំ ស្រុក រហូតដល់ថ្នាក់ក្រុងនិងខេត្ត មានវត្តមាន​នៅ​ការិយាល័យ​បោះឆ្នោត​ពិត​ប្រាកដ​មែន ។ បើទោះបីជា​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​បាន​បដិសេធ​ថា​គ្មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ហើយ​ពលរដ្ឋ​បោះឆ្នោត​ដោយ​សប្បាយ​ចិត្ត គ្មានការភ័យខ្លាច ប៉ុន្តែសង្គមស៊ីវិល និង​សហគមន៍​អន្តរជាតិ​នៅ​តែ​មើល​ឃើញ​ថាការបោះឆ្នោត​ឃុំ​សង្កាត់​កន្លងទៅថ្មីៗ​នេះមិនមាន​តម្លាភាព​ មិនសេរី និងមិនយុត្តិធម៌នោះឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។