មន្ត្រីគណបក្សភ្លើងទៀនចុះផ្សព្វផ្សាយដល់តំណាងពលករខ្មែរធ្វើការនៅប្រទេសថៃអោយដាស់តឿនពលករទៅចុះឈ្មោះបោះឆ្នោតនៅកម្ពុជាឱ្យបានគ្រប់គ្នា។ មន្ត្រីសង្គមស៊ីវិលយល់ថា ការធ្វើបែបនេះរបស់សកម្មជនគណបក្សនយោបាយជារឿងត្រឹមត្រូវ ដែលបណ្តុះស្មារតីពលករអោយយល់ពីសិទ្ធិនិងការចេះយកចិត្តទុកដាក់បញ្ហាសង្គមក្នុងនាមជាពលរដ្ឋខ្មែរ។
ក្រុមការងារគណបក្សភ្លើងទៀនប្រមាណ៥នាក់ដឹកនាំដោយលោក ចៅ វាសនា ចុះជួបតំណាងពលករខ្មែរធ្វើការនៅប្រទេសថៃ ប្រមាណជាង៦០នាក់ រយៈពេល៤ថ្ងៃ។ ពូកគេសង្កេតឃើញថាពលករខ្មែរនៅប្រទេសថៃមិនសូវយកចិត្តទុកដាក់ក្នុងការចុះឈ្មោះបោះឆ្នោតនោះទេប៉ុន្តែពលករពីចូលរួមស្ដាប់ការផ្សាព្វផ្សាយពីក្រុមការងារគណបក្សភ្លើងទៀនមកធ្វើឱ្យពួកគេយល់ដឹងនិងបានផ្តល់ព័ត៍មានដល់ក្រុមគ្រួសារនៅក្នុងប្រទេសអោយត្រៀមឯកសារផ្សេងៗសម្រាប់ការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ។
ប្រធានការងារគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត លោក ចៅ វាសនា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ៧ ខែសីហាថា លោកធ្វើដំណើរមកប្រទេសថៃចំនួន៤ថ្ងៃ ដើម្បីជួបសំណេះសំណាលជាមួយតំណាងពលករខ្មែរអោយពួកគាត់ដាស់តឿនពលករផ្សេងៗទៀតទៅប្រាប់ក្រុមគ្រួសារឱ្យត្រៀមឯកសារគ្រប់គ្រាន់ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នានៅមុន ខែតុលា ខាងមុខ ។ លោកបន្តថាពលករសប្បាយរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកក្នុងពេលសំណេះសំណាលហើយពលករសង្ឃឹមថា គណបក្សភ្លើងទៀននិងបង្កើតក្រុមការងារគណបក្សនេះនៅប្រទេសថៃដើម្បីងាយស្រួលក្នុងការទំនាក់ទំនងជួយដល់ពលករ៖ « ពួកគាត់សង្ឃឹមថា ថ្ងៃក្រោយថ្នាក់ជាតិ និងមករៀបចំជាថ្នាក់ដឹកនាំគណបក្សភ្លើងទៀននៅក្នុងប្រទេសថៃនេះ ដើម្បីពួកគាត់ងាយ និងដើរជួបកម្មករ ពលករទាំងអស់ ដែលនៅតាមរោងចក្រនានា តែតាមពិតទៅពួកគាត់ចង់បង្ហាញអំពីការភ័យខ្លាច ហើយនឹងការមិនយកចិត្តទុកដាក់ពីពលករយើងដល់រឿងការបោះឆ្នោតអីចឹង ។ គាត់ឃើញខ្ញុំមកចឹង គាត់ថាចង់បានថ្នាក់ដឹកនាំដូចជាខ្ញុំ ហ៊ានលះបង់ ហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ ។ ចឹងគាត់ចង់អោយមនុស្សក្លាហានចឹង មកនិយាយទៅ មានដើមទុននយោបាយនិយាយជាមួយពួកគាត់ទៅ គាត់អាចយកចិត្តទុកដាក់ច្រើន ដើម្បីមានឥទ្ធិពលពង្រីក និងពង្រឹងថែមបន្តទៀត »។
តំណាងពលករនៅប្រទេសថៃលោក ឆន សុឃឿន យល់ឃើញថាការដាស់តឿនដល់ពលករអោយទៅចុះឈ្មោះបោះឆ្នោតនិងទៅចូលរួមបោះឆ្នោតនៅពេលខាងមុខគឺជារឿងសំខាន់ព្រោះដើម្បីការពារប្រជាធិបតេយ្យនិងប្រទេសជាតិ។ លោកបន្តថា ការផ្សព្វផ្សាយនេះមានការចូលរួមពីតំណាងពលករជាច្រើនមកពីតាមបណ្តាខេត្តអោយបានស្គាល់គ្នានិងអាចជួយគ្នាទៅវិញទៅមកបាន។ លោកអះអាងថាកន្លងមកក៏មានមន្ត្រីគណបក្សកាន់អំណាចបានមករៀបចំរចនាសម្ព័ន្ធនៅក្នុងប្រទេសថៃដែរប៉ុន្តែលោកមិនមានចំណាប់អារម្មណ៍ចូលរួមឡើយព្រោះលោកគិតថាគណបក្សកាន់អំណាចបានសម្លាប់ប្រជាធិបតេយ្យនិងបំផ្លាញធនធានធម្មជាតិ៖ « សូមផ្តាំផ្ញើទៅដល់បងប្អូនជនរួមជាតិទាំងអស់ថា គ្មានអ្វីខ្លាំងជាងការសាមគ្គីទេ ។ រូបខ្ញុំទោះតែខ្ញុំមិនបាននៅក្នុងប្រទេសកម្ពុជា ខ្ញុំមកធ្វើការនៅក្នុងប្រទេសថៃក្តី ក៏ខ្ញុំនៅតែរួបរួមសាមគ្គី ដើម្បីអោយមានកម្លាំងប្រជាធិបតេយ្យនេះ មានកាន់តែច្រើនឡើង ។ ជាពិសេសទៀត គឺខ្ញុំសូមផ្តាំផ្ញើដល់បងប្អូនពលករខ្មែរទាំងអស់នៅប្រទេសថៃ សូមអោយចូលរួម និងទៅចុះឈ្មោះបោះឆ្នោតនៅថ្ងៃខាងមុខ ព្រោះអីយើងជិតដល់ពេលវេលា និងថ្ងៃបោះឆ្នោតហើយ គឺយើងទៅចូលរួមអោយមានឈ្មោះបោះឆ្នោតទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជា »។
តំណាងពលករបញ្ជាក់ថាគណបក្សកាន់អំណាចបានរៀបចំរចនាសម្ព័ន្ធនិងក្រុមការងារគណបក្សនៅប្រទេសថៃនិងបានផ្តល់ផលប្រយោជន៍មួយចំនួនដល់តំណាងពលករខ្មែរនិងក្រុមការងារពលករមួយចំនួន ដូចជា សម្ភារៈ ឡាន ជាដើម។
ទាក់ទងនឹងបញ្ហានេះវិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីអត្ថាធិប្បាយជុំវិញរឿងនេះបានទេថ្ងៃទី៧ខែសីហា។
ជុំវិញរឿងនេះមន្ត្រីជាន់ខ្ពស់ផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស លើកឡើងថា ការគៀគរ និងដាស់តឿនផ្សព្វផ្សាយអោយពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនិងទៅបោះឆ្នោតគឺជារឿងសំខាន់និងជាការចូលរួមជួយដល់ស្ថាប័ន គ.ជ.ប មួយផ្នែក។ លោកបន្តថាសកម្មភាពនេះគឺគ្មានអ្វីខុសឆ្គងឡើយនៅពេលជួយពន្យល់ពលរដ្ឋអោយយល់ពីការចុះឈ្មោះបោះឆ្នោត។ លោក កន សាវាង្ស លើកឡើងថានៅក្នុងសង្គមប្រជាធិបតេយ្យគឺតែងមានសម្លេងខុសៗគ្នាទៅតាមតំណាងពលរដ្ឋម្ចាស់ឆ្នោតដែលពលរដ្ឋគិតថាល្អនិងបោះឆ្នោតអោយ៖ « ជាធម្មតា នៅក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោតហ្នឹង គឺស្ថាប័ន គ . ជ . ប ដែលទទួលបន្ទុកនៃការរៀបចំការបោះឆ្នោត គឺតែងតែអំពាវនាវអោយមានការចូលរួមពីគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធហ្នឹង អោយមានការចូលរួមជួយគៀរគ អប់រំ និងអញ្ជើញប្រជាពលរដ្ឋ ដើម្បីអោយចុះឈ្មោះបោះឆ្នោតនេះ គឺជាកត្តាមួយសំខាន់ ។ អញ្ចឹងការចូលរួមរបស់ផ្នែកណាមួយ ដើម្បីគ្រាន់តែអោយប្រជាពលរដ្ឋមកចូលរួមចុះឈ្មោះបោះឆ្នោត វាមិនមែនជាកំហុសឆ្គងទេ វាជារឿងដែលល្អ នៅក្នុងការគៀរគប្រជាពលរដ្ឋអោយតាមដានអំពីបញ្ហាសង្គម អំពីការចូលរួមទាក់ទងនិងការបោះឆ្នោតនេះ ដើម្បីជាសារមួយដែលរំលឹកដល់ពួកគាត់ ថាតើពួកគាត់បានចុះឈ្មោះហើយឬនៅ បានផ្ទៀងផ្ទាត់ឈ្មោះគាត់ហើយឬនៅបាទ »។
របាយការណ៍គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បង្ហាញថាការត្រៀមរៀបចំបម្រើការពិនិត្យឈ្មោះនិងចុះបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២២នឹងប្រព្រឹត្តទៅពីថ្ងៃទី១០ខែសីហា ដល់ថ្ងៃទី៣ ខែតុលា ខាងមុខនេះ។ កម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា នៅឆ្នាំ២០២៣ខាងមុខ។ របាយការណ៍របស់អង្គការសង់ត្រាល់ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការងារស្របច្បាប់និងមិនស្របច្បាប់ប្រមាណ២លាននាក់(២.០០០.០០០)ធ្វើការនៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។