គណបក្ស​ភ្លើង​ទៀន គ្រោង​ប្រមូល​ផ្ដុំ​សមាជិក​បក្ស​ ១ម៉ឺន​នាក់ ​តស៊ូ​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ

ដោយ មាន ឫទ្ធិ
2023.05.30
គណបក្ស​ភ្លើង​ទៀន គ្រោង​ប្រមូល​ផ្ដុំ​សមាជិក​បក្ស​ ១ម៉ឺន​នាក់ ​តស៊ូ​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ
រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន

គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ភ្លើង​ទៀន​សម្រេច​ថា នឹង​ធ្វើ​ការ​ប្រមូល​ផ្ដុំ​សមាជិក​បក្ស​ចំនួន ១ម៉ឺន ដើម្បី​តវ៉ា​ទាមទារ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ផ្ដល់​សិទ្ធិ​ឱ្យ​គណបក្ស​នេះ​អាច​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ខែកក្កដា​ខាង​មុខ។

គណៈកម្មាធិការ​នាយក​គណបក្ស​ភ្លើង​ទៀន​អះអាង​ថា គណបក្ស​ភ្លើង​ទៀន​មិន​មាន​ល្បិច​កល មិន​ចង់​ចូលរួម​ប្រកួត​ប្រជែង​នយោបាយ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ក្នុង​ខែកក្កដា​ខាង​មុខ ដើម្បី​ឱ្យ​បរទេស​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​នោះ​ទេ។ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​ភ្លើង​ទៀន កាល​ពី​ថ្ងៃ​ទី២៨ ខែឧសភា គណបក្ស​នេះ​បាន​សម្រេច​ថា នឹង​ប្រមូល​ផ្ដុំ​សមាជិក​ប្រមាណ ១ម៉ឺន​នាក់ នៅ​ឯ​ទី​លាន​ប្រជាធិបតេយ្យ ដើម្បី​តវ៉ា​ទាមទារ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា គ..ប អាច​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត។

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣០ ខែឧសភា ថា គណបក្ស​ភ្លើង​ទៀន​នឹង​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​មហាផ្ទៃ​នៅ​ក្នុង​សប្ដាហ៍​នេះ អំពី​ការ​ជួប​ជុំ​សមាជិក​គណបក្ស​ភ្លើង​ទៀន​ប្រមាណ ១ម៉ឺន​នាក់ នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ។ លោក​បន្ថែម​ថា ការ​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូល​រួម​ប្រកួត​ប្រជែង​នយោបាយ ធ្វើ​ឡើង​ដោយសារ​និន្នាការ​នយោបាយ ជា​ជាង​ការ​ខ្វះ​ខាត​ឯកសារ​របស់​គណបក្ស​ភ្លើង​ទៀន ព្រោះ​ផ្អែក​តាម​លិខិត​បញ្ជាក់​របស់​ក្រសួង​មហាផ្ទៃ ចេញ​កាល​ពី​ថ្ងៃទី៥ ខែឧសភា លិខិត​នោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គណបក្ស​ភ្លើង​ទៀន​ពិត​ជា​បាន​ចុះ​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​ពិត​ប្រាកដ​មែន។

លោក រ៉ុង ឈុន៖ «ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី​គិត​បែប​ហ្នឹង ដើម្បី​ផ្ចាញ់​អ្នក​លាក់​ឯកសារ លោក​នាយករដ្ឋមន្ត្រី​ផ្ដល់​ឱ្យ​គណបក្ស​ភ្លើង​ទៀន ចូល​រួម​ប្រកួត​ទៅ ហើយ​នៅ​ពេល​ហ្នឹង បើ​គណបក្ស​ភ្លើង​ទៀន​មិន​ចូលរួម​ប្រកួត អា​ហ្នឹង​គណបក្ស​ភ្លើង​ទៀន​មាន​ល្បិចកល​មែន ហើយ​បើសិនជា​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ប្រកួត​មាន​ន័យ​ថា គណបក្ស​ភ្លើង​ទៀន​មិន​មាន​ល្បិចកល​អី​ទេ»

ដោយសារ​តែ​គណបក្ស​ភ្លើង​ទៀន បាន​បាត់​លិខិត​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ច្បាប់​ដើម ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ក្រោយ​ពី​រដ្ឋាភិបាល​បិទ​ការិយាល័យ​គណបក្ស​ភ្លើង​ទៀន ដែល​នៅ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម រាជធានី​ភ្នំពេញ។ គណបក្ស​ភ្លើង​ទៀន​បាន​ធ្វើ​លិខិត​ស្នើ​សុំ​ក្រសួង​មហាផ្ទៃ ឱ្យ​បញ្ជាក់​លិខិត​ចុះ​បញ្ជី​គណបក្ស​ពី​ក្រសួង​មហាផ្ទៃ ដើម្បី​យក​ទៅ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត នៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ក៏​ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​មិន​បាន​ផ្ដល់​លិខិត​ទុតិយតា អំពី​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ របស់​គណបក្ស​ភ្លើង​ទៀន​នោះ​ទេ ដោយ​គ្រាន់​តែ​ចេញ​លិខិត​បញ្ជាក់ ទទួល​ស្គាល់​ថា​គណបក្ស​ភ្លើង​ទៀន​ពិត​ជា​បាន​ចុះ​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​ពិត​ប្រាកដ​មែន។ បន្ទាប់​ពី​ទទួល​បាន​ការ​ដាក់​ពាក្យ​ពី​គណបក្ស​ភ្លើង​ទៀន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​សម្រេច នៅ​ថ្ងៃ​ទី១៥ ខែឧសភា បដិសេធ​ការ​ចុះ​បញ្ជី​គណបក្ស​ភ្លើង​ទៀន​ឱ្យ​ចូលរួម​ប្រកួត​ប្រជែង​នយោបាយ​នោះ​ឡើយ។ គ..ប បាន​បញ្ជាក់​ថា ការ​បដិសេធ​ការ​ចុះ​បញ្ជី​របស់​គណបក្ស​ភ្លើង​ទៀន គឺ​ដោយសារ​គណបក្ស​នេះ មិន​បាន​ភ្ជាប់​ប្រកាស​ស្ដី​ពី​ការ​ចុះ​ឈ្មោះ នៅ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួងមហាផ្ទៃ ដែល​មាន​បញ្ជាក់​នីត្យានុកូលកម្ម ដោយ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​កថាខណ្ឌ​ទី២ និង​ចំណុចទី១ នៅ​ក្នុង​មាត្រា២៧ នៃ​ច្បាប់​ស្ដី​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ។

ក៏​ប៉ុន្តែ​ជាក់​ស្ដែង ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ២០១៥ មាត្រា២៧ ត្រង់​កថាខណ្ឌ​ទី២ និង​ចំណុចទី១ ដែល គ..ប លើក​យក​មក​អះអាង​នេះ ពុំ​បាន​តម្រូវ​ឱ្យ​គណបក្ស​នយោបាយ​យក​សេចក្ដី​ចម្លង​លិខិត​បញ្ជាក់​ការ​ចុះ​បញ្ជី​គណបក្ស​នៅ​ក្រសួងមហាផ្ទៃ ទៅ​បញ្ជាក់​នីត្យានុកូលកម្ម​ដោយ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​នោះ​ឡើយ។ បន្ថែម​ពី​លើ​នេះ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក៏​បាន​បដិសេធ​បណ្ដឹង​របស់​គណបក្ស​ភ្លើង​ទៀន​កាល​ពី​ថ្ងៃ​ទី២៥ ខែឧសភា។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​បក​ស្រាយ​ជុំវិញ​ផែនការ​ប្រមូល​ផ្ដុំ​របស់​សមាជិក​គណបក្ស​ភ្លើង​ទៀន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៣០ ខែឧសភា។ ទោះ​ជា​យ៉ាង​ណា លោក ខៀវ សុភ័គ បាន​ឆ្លើយ​តប​ជា​មួយ​សារព័ត៌មាន វីអូអេ (VOA) ថា ក្រសួង​មហាផ្ទៃ​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ​របស់​សមាជិក​គណបក្ស​ភ្លើង​ទៀន​នោះ​ទេ។

ជុំវិញ​រឿង​នេះ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ គាំទ្រ​ចំពោះ​ការ​ប្រមូល​ផ្ដុំ​តវ៉ា​របស់​សមាជិក​គណបក្ស​ភ្លើង​ទៀន។ លោក​បន្ថែម​ថា ដើម្បី​កុំ​ឱ្យ​មតិ​មហាជន​ជាតិ អន្តរជាតិ និង​ប្រវត្តិសាស្ត្រ​ចារ​ថា លោក ហ៊ុន សែន គឺជា​អ្នក​នយោបាយ​កំសាក លោក ហ៊ុន សែន គួរ​តែ​ផ្ដល់​ឱកាស​ឱ្យ​គណបក្ស​ភ្លើង​ទៀន ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី២៣ ខែកក្កដា ខាង​មុខ​នេះ។

លោក គឹម សុខ៖ «ឪ​កំសាក មិន​ហ៊ាន​ប្រកួត​ដោយ​ការ​បោះឆ្នោត សូម្បី​តែ​ការ​បោះឆ្នោត​ហ្នឹង​ខ្លួន​គ្រប់​គ្រង ១០០ភាគ​រយ​ហើយ មក​កំសាក​មិន​ចង់​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ទាមទារ​យុត្តិធម៌​តាម​រយៈ​កម្លាំង​គណបក្ស​ភ្លើង​ទៀន​មួយ​ម៉ឺន​នាក់ ហើយ​មក​កំសាក​មិន​ហ៊ាន​ស្ដាប់​សូម្បី​តែ​សម្ដី​សម្រប​សម្រួល​របស់​អ្នក​ការទូត កំសាក​ហើយ​កំសាក​ទៀត ដូច្នេះ​ទ្រឹស្ដី​បទ​កំសាក​នេះ ត្រូវ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក​សូត្រ​ដាក់​លោក ហ៊ុន សែន និង​គ្រួសារ​ហ៊ុន​រហូត»

ច្បាប់​ស្ដី​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី មិន​បាន​ចែង​តម្រូវ​ឱ្យ​ស្ថាប័ន​ណា​មួយ​ទទួល​​បាន​ការ​អនុញ្ញាត​ជា​មុន​ពី​អាជ្ញាធរ​ដែន​ដី មុន​ធ្វើ​បាតុកម្ម​នោះ​ឡើយ។ មាត្រា៥ នៃ​ច្បាប់​នេះ​គ្រាន់​តែ​ចែង​ថា ក្រុម​បុគ្គល​ណា​មួយ​ដែល​មាន​បំណង​ចង់​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី នៅ​កន្លែង​សាធារណៈ​ណា​មួយ ត្រូវ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ដែនដី​រាជធានី ឬ​ខេត្ត​តែ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​ក្ដី លោក រ៉ុង ឈុន បញ្ជាក់​ថា គណបក្ស​ភ្លើង​ទៀន​នឹង​នៅ​តែ​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ​នៅ​ក្នុង​សប្ដាហ៍​នេះ ហើយ​ប្រសិន​បើ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ប្រមូល​ផ្ដុំ​ការ​តវ៉ា នោះ​គណៈកម្មាធិការ​នាយក​គណបក្ស​ភ្លើង​ទៀន​នឹង​បើក​ការ​ប្រជុំ​ពិភាក្សា​ជា​ថ្មី​ម្ដង​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
កម្ពុជា​គួរ​បង្ហាញ​តម្លាភាព​នៅ​កំពង់ផែ​រាម​ជាជាង​ប្រកាសប្រាប់​អន្តរជាតិ​ថា កម្ពុជា​គ្មាន​វត្តមាន​មូលដ្ឋាន​យោធា​បរទេស
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។