គណបក្សភ្លើងទៀនអះអាងថា អាជ្ញាធរមូលដ្ឋានមួយចំនួនតាមគាបសង្កត់សិទ្ធិសេរីភាពនៃការជួបប្រជុំរបស់ពួកគេ ដែលធ្វើប៉ះពាល់ដល់ទឹកចិត្តរបស់អ្នកគាំទ្រជាខ្លាំង។ មន្ត្រីគណបក្សភ្លើងទៀន និងមន្ត្រីសង្គមស៊ីវិលចាត់ទុកទង្វើទាំងនេះថា ជាការរឹតត្បិតសិទ្ធិនយោបាយ ហើយទាមទារឱ្យក្រសួងមហាផ្ទៃទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ដើម្បីធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ កាន់តែខិតជិតចូលមកដល់អាជ្ញាធរមូលដ្ឋានមួយចំនួនក៏កាន់តែចូលស្ដាប់ ឃ្លាំមើល និងថតរូបពលរដ្ឋដែលទៅចូលរួមកម្មវិធីជួបសំណេះសំណាលរបស់គណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ប៉ៃលិន និងសៀមរាបជាបន្តបន្ទាប់។ ជាមួយគ្នានេះ គណបក្សភ្លើងទៀនបានរិះគន់អាជ្ញាធរថា បានរំខានសកម្មភាពជួបប្រជុំ ដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់ពលរដ្ឋក្នុងការចូលរួមសកម្មភាពជាមួយគណបក្សនយោបាយ។
អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ លោក ស៊ូ យាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ ខែមីនាថា រយៈពេលចុងក្រោយមានករណីប៉ូលិសស្លៀកពាក់ឯកសណ្ឋាន និងស៊ីវិលបានបន្លំខ្លួនចូលថតសកម្មភាពរបស់បក្សភ្លើងទៀនស្ទើរគ្រប់វេទិការដោយគ្មានការអនុញ្ញាត ហើយសូម្បីតែកិច្ចប្រជុំរៀបចំនៅទីស្នាក់ការបក្សក៏តាមដានមិនលើកលែងនោះទេ។ លោកសង្កេតឃើញថា ពួកគេហាក់ចិត្តចង្អៀតចង្អល់នឹងបក្សភ្លើងទៀនធ្វើសកម្មភាពផុលផុសទេ ប៉ុន្តែលោកមិនដឹងថា មន្ត្រីប៉ូលិសទាំងនោះអនុវត្តដោយបំពានតួនាទីក្នុងគោលបំណងអ្វី ឬរាយការណ៍ទៅណានោះទេ។ លើសពីនេះ លោក ស៊ូ យាន ឱ្យដឹងថា ជនមិនស្គាល់មុខបានគោះទ្វារ និងគប់ដុំថ្មចូលផ្ទះ ដើម្បីបំភិតបំភ័យដល់គ្រួសារលោកសាជាថ្មីទៀត កាលពីប្រហែលម៉ោង ១១យប់ ថ្ងៃទី២០ ខែមីនា។ លោកចាត់ទុកទង្វើទាំងនេះថាជាការគំរាមកំហែងផ្នែកនយោបាយ ហើយលោកស្នើដល់សមត្ថកិច្ចទាន់ចាត់វិធានការផ្លូវច្បាប់ឱ្យមានប្រប្រសិទ្ធភាព។
លោក ស៊ូ យាន៖ « ខ្ញុំគិតថា វាជារូបភាពគំរាមកំហែងមកលើសកម្មជននៅមូលដ្ឋាន ហើយវាខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ ដែលប្រជាពលរដ្ឋខ្មែរមានសិទ្ធិធ្វើនយោបាយដោយសេរី មិនមានការគំរាមកំហែង បំភិតបំភ័យ។ ពួកយើងជួបជុំគ្នា វាស្របទៅតាមច្បាប់អត់មានអីខុសពីច្បាប់រដ្ឋទេ ! ពួកយើងចង់ឱ្យប្រទេសហ្នឹងដើរទៅតាមគោលការណ៍ប្រជាធិបតេយ្យមានការផ្លាស់ប្ដូរទៅតាមសន្តិវិធី » ។
អនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ ខែមីនាថា ប៉ូលិសនៅតាមមូលដ្ឋាននៅតែតាមឃ្លាំមើល និងថតរូបនៅតាមវេទិកា និងការជួបជុំរបស់គណបក្សភ្លើងទៀនដែលរឿងនេះតែងតែកើតឡើងដដែល ទោះបីកន្លងមក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានណែនាំឱ្យអាជ្ញាធរទាំងនោះត្រូវបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយធ្វើសកម្មជួបជុំដោយសេរីយ៉ាងណាក្ដី នៅតែគ្មានប្រសិទ្ធភាព។ លោកយល់ថា អាជ្ញាធរពាក់ព័ន្ធគួរតែទប់ស្កាត់រូបភាពខុសច្បាប់បែបនេះកុំឱ្យកើតឡើងបន្តទៀតទេ ពីព្រោះវាធ្វើឱ្យប៉ះពាល់សតិអារម្មណ៍របស់ពលរដ្ឋដែលចូលរួមជាមួយបក្សនយោបាយ ដែលពួកគេពេញចិត្ត ជាពិសេសការសម្រេចចិត្តក្នុងការបោះឆ្នោតខាងមុននេះ។
លោក រ៉ុង ឈុន៖ «ពេលវេលាបោះឆ្នោតដែលមកដល់នេះបាទ! ធ្វើឱ្យប្រជាពលរដ្ឋមានអារម្មណ៍ ភិតភ័យ បារម្ភសព្វបែបយ៉ាងអ៊ីចឹង! វាមិនត្រូវឱ្យកើតមាន។ យើងចង់ឱ្យធ្វើម៉េច ត្រូវតែអនុវត្តន៍ និងគោរពច្បាប់ទាំងអស់គ្នា ហើយត្រូវលប់បំបាត់នូវរាល់ការតាមឃ្លាំមើល ការតាមថតរូបសព្វបែបយ៉ាង នៅតាមវេទិកា ឬកិច្ចប្រជុំមួយៗ នៅពេលដែលថ្នាក់ដឹកនាំគណបក្សភ្លើងទៀនចុះជួបប្រជាពលរដ្ឋហ្នឹងបាទ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២១ ខែមីនា។
ប៉ុន្តែកាលថ្មីៗ នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបើកចំហឱ្យគ្រប់គណបក្សនយោបាយអាចធ្វើសកម្មភាពបានពេញលេញ និងស្មើភាពគ្នា ជាពិសេសក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោតនៅពេលខាងមុខ។
ទោះយ៉ាងណាក្ដី មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលមើលឃើញថា ការណែនាំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃហាក់គ្មានប្រសិទ្ធភាព ដោយសារអាជ្ញាធរនៅតែបង្កការភ័យខ្លាចប្រជាពលរដ្ឋមួយចំនួនដដែល។ ជាក់ស្ដែងសកម្មជនបក្សភ្លើងទៀនមួយចំនួន ពិបាកធ្វើសកម្មភាពដោយសាររូបភាពបំភិតបំភ័យ និងការគំរាមកំហែងជាបន្តបន្ទាប់ ដូចជាការព្រួតវាយធ្វើបាបពីជនមិនស្គាល់មុខ ការគប់ដុំថ្មចូលផ្ទះ និងការជិះម៉ូតូដេញបុកប៉ុនប៉ងសម្លាប់ជាដើម ប៉ុន្តែករណីទាំងនោះ គឺក្រសួងមហាផ្ទៃពុំដែលវែកមុខរកឃើញជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ឡើយ។
រដ្ឋធម្មនុញ្ញមាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ ប៉ុន្តែច្បាប់បោះឆ្នោត បានហាមឃាត់ មិនឲ្យមន្ត្រីសាធារណៈប្រើប្រាស់តួនាទី ដើម្បីកេងចំណេញប្រយោជន៍បក្សរបស់ខ្លួនដែលផ្ទុយនឹង ច្បាប់ដែលតម្រូវមន្ត្រីរាជការត្រូវមានអព្យាក្រឹតភាពក្នុងសកម្មភាពបំពេញការងាររបស់ខ្លួន ស្របតាមច្បាប់។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា មន្ត្រីរាជការស៊ីវិល កម្លាំងមានសមត្ថកិច្ចត្រូវដើរតួនាទីអព្យាក្រឹត្យ ដោយគ្មានការរើសអើង និងប្រកាន់បក្ខពួកឡើយ។ ទោះជាយ៉ាងណាលោកមើលឃើញថា បច្ចុប្បន្នពលរដ្ឋមួយចំនួនហាក់មិនទាន់ជឿជាក់ចំពោះការអនុវត្តតួនាទីរបស់សមត្ថកិច្ចនៅឡើយទេ។ លោកបន្តថា បើសិនមានអាជ្ញាធររូបណាចូលថតរូប និងចូលស្ដាប់កិច្ចប្រជុំរៀបចំដោយបក្សនយោបាយគ្មានការអនុញ្ញាតនោះ គឺចាត់ទុកថា ជាការរឹតត្បិតលើសេរីភាពនៃការជួបជុំដែលផ្ទុយអំពីគោលការណ៍ច្បាប់ ហើយក្រសួងមហាផ្ទៃត្រួតពិនិត្យដោះស្រាយឱ្យបានឆាប់ ដើម្បីរុញការបោះឆ្នោតនៅខែកក្កដាខាងមុខនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក កន សាវាង្ស៖ « ទោះបីជាចំណុចណាក៏ដោយ ក៏គាត់មិនអាចមកអង្គុយចាំស្ដាប់សម្រាប់ជាកិច្ចការអីទេ ! ព្រោះការងារបក្សការងារជួបជុំវាជាសិទ្ធិសេរីភាពផ្នែកនយោបាយរបស់គណបក្សមួយៗ វាអត់មានត្រូវការ តួនាទីភារកិច្ចគាត់ហ្នឹងមកអង្គុយធ្វើការសង្កេតនៅក្នុងហ្នឹងទៅ។ ហើយរឿងសុវត្ថិភាពក៏អញ្ចឹងដែរ បើគ្មានហៅ អញ្ជើញគាត់ឱ្យចូលរួមនៅក្នុងការជួយការពារនោះទេ គឺថា មិនចាំបាច់គាត់ហ្នឹងធ្វើការមកចូលរួមទេ » ។
គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា អ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ មានជាង ៩លាន ៧សែនម៉ឺននាក់ (៩.៧១០.៦៥៥) ស្មើនឹង ៨៩,២៨% នៃពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត និងមានការិយាល័យ បោះឆ្នោតចំនួន ២៣.៧៨៩ការិយាល័យ។ គ.ជ.ប បានបញ្ជាក់ថាបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គឺជាបញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ ថ្ងៃអាទិត្យ ទី២៣ កក្កដាខាងមុខនេះ។
គណបក្សភ្លើងទៀនធ្លាប់បញ្ជាក់ថាគណបក្សនេះប្រឆាំងដាច់ខាត ចំពោះការគាបសង្កត់ ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយគ្រប់រូបភាព។ គណបក្សនេះទាមទារឲ្យបញ្ឈប់ជាបន្ទាន់។ គណបក្សភ្លើងទៀន អំពាវនាវឲ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងអស់ ឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សឲ្យបានត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។