បក្ស​ភ្លើងទៀន​ថា ការ​មិន​ឱ្យ​ខ្លួន​ចូលរួម​ប្រកួត​បោះឆ្នោត ជា​ការ​រំលោភ​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ជិត​២​លាន​នាក់

គណបក្ស​ភ្លើងទៀន សោកស្តាយ​ដែល​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រេច​បិទផ្លូវ​តវ៉ា​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​នេះ​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ខាងមុខ។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើងទៀន ផ្សាយ​ថ្ងៃទី​២៥ ខែកក្កដា ថា សេចក្តី​សម្រេច​នេះ រំលោភច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ រំលោភច្បាប់​ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) និង​រំលោភ​នីតិវិធី​នានា​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត។

សេចក្តី​ថ្លែងការណ៍​ដដែល​ថា ការ​មិន​ឱ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាងមុខ​នេះ ធ្វើឡើង​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស និង​ប៉ះពាល់​ដល់​សិទ្ធិ​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត សិទ្ធិ​បោះឆ្នោត និង​ឈរឈ្មោះ​បោះឆ្នោត ព្រមទាំង​ប៉ះពាល់​ដល់​សិទ្ធិ និង​ការសម្រេចចិត្ត​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ស្របតាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជិត ២​លាន​នាក់ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ភ្លើងទៀន កាលពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ ឆ្នាំ​២០២២ កន្លងទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។