ទាក់ទងនឹងកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១ នេះ គណបក្សភ្លើងទៀនអំពាវនាវដល់ភាគីពាក់ព័ន្ធក្នុងកិច្ចប្រជុំអាស៊ាន រួមគ្នាលើកកម្ពស់នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាពិសេស ធានាដំណើរការបោះឆ្នោត និងអព្យាក្រឹតភាពរបស់កម្ពុជា។
គណបក្សភ្លើងទៀនបន្តអំពាវនាវឱ្យភាគីពាក់ព័ន្ធធានាដំណើរការបោះឆ្នោតនៅឆ្នាំ២០២៣ ខាងមុខឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយកម្ពុជាត្រូវរក្សាអព្យាក្រឹតភាពរបស់ខ្លួន ជុំវិញជម្លោះសមុទ្រចិនខាងត្បូង ស្របតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
គណបក្សភ្លើងទៀនអំពាវនាវបែបនេះ ដោយសំអាងហេតុផលថា នៅកម្ពុជាមានការធ្លាក់ចុះប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ផ្ដើមចេញពីការរម្លាយគណបក្សសង្គ្រោះជាតិ ការដកសិទ្ធិនយោបាយរបស់មន្ត្រីជាន់ខ្ពស់ ដកហូតអាសនៈតំណាងរាស្ត្រ ក្រុមប្រឹក្សាឃុំ-សង្កាត់ ការធ្វើទុក្ខបុកម្នេញ និងចាប់សកម្មជននយោបាយ អ្នកសិទ្ធិមនុស្ស និងបរិស្ថានដាក់ពន្ធនាគារ។ ចំណែកទាក់ទងនឹងសន្តិសុខក្នុងតំបន់វិញ គណបក្សភ្លើងទៀនមើលឃើញថា កម្ពុជាបានពឹងផ្អែកស្ទើរទាំងស្រុងលើចិន និងមានទំនាក់ទំនងស្អិតល្មួត ដែលនាំឱ្យមានការបារម្ភពីអសន្តិសុខក្នុងតំបន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។