គណបក្សភ្លើងទៀននឹងដាក់បញ្ជីបេក្ខជនតំណាងរាស្ត្រទៅគ.ជ.ប នៅថ្ងៃទី៧ឧសភា
2023.05.06
គណបក្សភ្លើងទៀននឹងដាក់បញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្ត្រទាំង២៥រាជធានីខេត្តក្រុង ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.បនៅថ្ងៃអាទិត្យទី៧ ឧសភា ខណៈ គ.ជ.ប នឹងបិទបញ្ចប់ការទទួលពាក្យចុះបញ្ជីបេក្ខជននេះ នៅត្រឹមថ្ងៃចន្ទទី៨ ឧសភា។ ទោះជាយ៉ាងណា មន្ត្រីគណបក្សនេះបញ្ជាក់ថា ខ្លួននៅមិនទាន់សម្រេចចិត្តទាំងស្រុង ថា នឹងចូលរួមការបោះឆ្នោតក្នុងខែកក្កដានៅឡើយទេ។
មន្ត្រីគណបក្សភ្លើងទៀនលើកឡើងថា មូលហេតុមិនអាចដាក់ពាក្យសុំចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះ ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមការគ្រោងទុកនៅថ្ងៃទី៥ឧសភា ដោយសារគណបក្សមានចំណុចមួយចំនួនត្រូវកែប្រែឡើងវិញ។
អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក គីមសួរ ភីរិទ្ធ ប្រាប់អាស៊ីសេរី នៅថ្ងៃទី៦ ឧសភា ថា គណបក្សសម្រេចដាក់បេក្ខជនឈរឈ្មោះជាតំណាងរាស្ត្រតាមអាសនៈតម្រូវទាំង ១២៥អាសនៈនៅទូទាំង២៥រាជធានីខេត្តក្រុង ដែលសរុបទាំងបេក្ខជនពេញសិទ្ធិនិងបម្រុង អាចមានលើសពី២៥០នាក់។
លោក គីមសួរ ភីរិទ្ធ៖ «ខ្ញុំអត់បានបូកសរុបទាំងអស់ទេ ប៉ុន្តែគ្រាន់តែថា ភ្នំពេញ១២កៅអី យើងដាក់(បេក្ខជន)ពេញសិទ្ធិ១២នាក់ និងបម្រុង១២នាក់។ ព្រែវែង១១(អាសនៈ) យើងដាក់ពេញសិទ្ធិ១១ បម្រុង១១ និងកំពង់ចាម១០(អាសនៈ) យើងដាក់ពេញសិទ្ធិ១០ និងបម្រុង១០ គ្រប់ខេត្តរាជធានីក្រុងទាំងអស់ ទៅតាមអាសនៈ»។
លោកបន្តថា គណបក្សភ្លើងទៀន មិនមានបញ្ហាត្រូវព្រួយបារម្ភធ្ងន់ធ្ងរ ក្នុងការសុំចុះបញ្ជីគណបក្សនិងបេក្ខជនទៅ គ.ជ.បឡើយ ថ្វីត្បិតមានសារាចរណែនាំថ្មី តម្រូវឱ្យគណបក្សត្រូវដាក់ឯកសារចុះឈ្មោះដើមរបស់គណបក្សក្ដី។ អ្នកនាំពាក្យគណបក្សភ្លើងទៀនបន្ថែមថា បញ្ហានេះ ខាងមន្ត្រីក្រសួងមហាផ្ទៃបានឆ្លើយតបដោយសន្យាថា នឹងរកវិធីជួយសម្របសម្រួល ហើយកន្លងទៅ លិខិតជាហូរហែរបស់គណបក្សត្រូវបានទទួលស្គាល់ និងឱ្យចូលរួមការបោះឆ្នោតជាបន្តបន្ទាប់ ពីគ.ជ.បដែរ។ ឯកសារចុះឈ្មោះដើមរបស់គណបក្សភ្លើងទៀនបានបាត់ បន្ទាប់ពីមានការវាយឆ្មក់ចូលបិទទីស្នាក់ការគណបក្សកាលពីឆ្នាំ២០១៧។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា បានទេនៅថ្ងៃទី៦ឧសភា។ ប៉ុន្តែទំព័រហ្វេសប៊ុករបស់ស្ថាប័នរៀបចំការបោះឆ្នោតនេះបញ្ជាក់ថា ក្នុងរយៈពេល១៣ថ្ងៃមកនេះ គ.ជ.បបានទទួលស្គាល់ជាផ្លូវការ នូវការសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានចំនួន៩គណបក្សហើយ ខណៈការសុំចុះបញ្ជីរបស់គណបក្សមួយចំនួនទៀត កំពុងបន្តពិនិត្យ។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក គីមសួរ ភីរិទ្ធ បញ្ជាក់ទៀតថា គណបក្សរបស់លោកមិនទាន់សម្រេចចិត្ត១០០% ថា នឹងចូលរួមការបោះឆ្នោតនៅក្នុងខែកក្កដាខាងមុខនេះនៅឡើយទេ ដោយសារត្រូវរង់ចាំមើលលក្ខខណ្ឌចាំបាច់មួយចំនួនសិន។
លោកបន្តថា គណបក្សនឹងសម្រេចចិត្តចុងក្រោយមិនចូលរួមការបោះឆ្នោតឡើយ ប្រសិនបើយុទ្ធនាការឃោសនាបោះឆ្នោតខាងមុខ មានហេតុការណ៍កាន់តែធ្ងន់ធ្ងរកើតឡើង ក្នុងចេតនាចងដៃចងជើង ឬបិទមាត់បិទភ្នែក មិនឱ្យគណបក្សអាចធ្វើសកម្មភាពបាន តាមរយៈការចាប់ចងសមាជិក និងមន្ត្រីគណបក្សជាហូរហែបន្ថែមទៀត រួមទាំងការប្រើប្រាស់អំពើហិង្សា និងការគាបសង្កត់ផ្លូវចិត្តជាដើម។
លោក គីមសួរ ភីរិទ្ធ៖ «យើងនឹងសម្រេចចិត្តចុងក្រោយ អ៊ីចឹង! រក្សាសិទ្ធិចុងក្រោយថា យើងមើលពីស្ថានភាពបរិយាកាសនយោបាយ មុនការបោះឆ្នោត តើវាល្អអាចឱ្យយើងបានចូល(បោះឆ្នោត)ឬអត់ នូវការសម្រេចចិត្តចុងក្រោយ»។
ជុំវិញការលើកឡើងនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានទេ។ អ្នកតាមដានតាមស្ថានការណ៍នយោបាយបណ្ឌិត សេង សារី លើកឡើងថា ការគំរាមកំហែងគ្រប់រូបភាព ដើម្បីឱ្យសមាជិកគណបក្សប្រឆាំង នាំគ្នាទៅចុះចូលគណបក្សកាន់អំណាចនៅមុនរដូវកាលបោះឆ្នោត មិនមែនជារឿងថ្មីឡើយ ប៉ុន្តែវាជារឿងចាស់តែងកើតឡើងរៀងរាល់អាណត្តិ។ លោកយល់ឃើញថា គណបក្សភ្លើងទៀន មិនគួរពហិការចូលរួមការបោះឆ្នោត ដោយសាររងការគំរាមកំហែងឡើយ។
បណ្ឌិត សេង សារី៖ «អ៊ីចឹងហើយ ខ្ញុំមើលឃើញថា បើសិនគណបក្សភ្លើងទៀន សម្រេចចិត្តឈរនៅលើមូលដ្ឋាន មិនចូលរួមការបោះឆ្នោត ដោយសារការធ្វើទុក្ខបុកម្នេញ ខ្ញុំគិតថា មូលដ្ឋាននេះ គឺជាមូលដ្ឋានដែលមិនត្រឹមត្រូវ ហើយជាមូលដ្ឋាន ដែលគ្រាន់តែជាលេសរបស់គណបក្សភ្លើងទៀន នៅក្នុងការមិនចូលរួមការបោះឆ្នោត»។
ទោះជាយ៉ាងណា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កាលពីចុងខែមេសា អំពាវនាវឱ្យបណ្ដាប្រទេសប្រជាធិបតេយ្យធំៗ ជាដៃគូពាណិជ្ជកម្មសំខាន់កម្ពុជា រួមមានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គួរដាក់សម្ពាធបន្ថែមទៀត តាមរយៈការបញ្ចេញសារឱ្យបានច្បាស់លាស់ដើម្បីឱ្យលោក ហ៊ុន សែន ងាកទៅគោរពតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ។
អង្គការនេះបញ្ជាក់ថា ការលួចវាយប្រហារពីជនមិនស្គាល់មុខ លើសមាជិកគណបក្សប្រឆាំងបានកើនឡើង បន្ទាប់ពីមានសារព្រមានដោយហិង្សាពីលោក ហ៊ុន សែន កាលពីថ្ងៃ៩ ខែមករា។ អង្គការនេះព្រមានថា ការបោះឆ្នោតខាងមុខ នឹងធ្វើឡើងដោយមិនសេរី និងយុត្តិធម៌ឡើយ ប្រសិននៅតែមានការប្រើប្រាស់ហិង្សា និងការគំរាមកំហែងផ្សេងៗទៀត លើសមាជិកគណបក្សប្រឆាំង មិនឱ្យប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិឱ្យបានពេញលេញស្របតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។