សកម្មជនគណបក្សភ្លើងទៀន ចោទប្រកាន់ទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា បានប្រើលុយទិញទឹកចិត្តនិងគំរាមកំហែងសកម្មជនមូលដ្ឋានរបស់បក្សភ្លើងទៀនខេត្តត្បូងឃ្មុំដើម្បីអូសទាញឱ្យចុះគណបក្សកាន់អំណាច។មន្រ្តីសង្គមស៊ីវិលថាទង្វើបែបនេះជាការជំរុញរំលោភសិទ្ធិរបស់ពលរដ្ឋនិងប៉ះពាល់ដល់ដំណើរបោះឆ្នោតខាងមុខ។
បេក្ខជនមេឃុំ គណបក្សភ្លើងទៀនដែលរងការអូសទាញពីសំណាក់ទីប្រឹក្សារបស់លោក ហ៊ុន សែន ម្តងហើយម្តងទៀត ស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធអន្តរាគមន៍ទប់ស្កាត់អំពើគំរាមកំហែង ទាំងនោះឱ្យទាន់ពេលវេលាដើម្បីឱ្យពួកគេអាចធ្វើសកម្មភាពនយោបាយដោយសេរី សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ។
បេក្ខជនមេឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៃគណបក្សភ្លើងទៀនលោក ណែម សឿន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣ ខែឧសភាថា ការបោះឆ្នោតឃុំសង្កាត់ខិតជិតមកដល់បេក្ខជន និងភ្នាក់ ងាររបស់លោកបានទទួលការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ ក្រោមរូបភាពសន្យាផ្តល់លុយទិញទឹកចិត្តគំរាមដកប័ណ្ណក្រីក្រពីសំណាក់មន្រ្តីបក្សកាន់អំណាច។
បេក្ខជនរូបនេះបន្ថែមថាមន្រ្តីរដ្ឋាភិបាលឈ្មោះ ខាត់ កុសល្យ បាននាំគ្នាព្យាយាមជួបរូបលោកនៅផ្ទះជាច្រើនលើក ដើម្បីឱ្យចុះចូលជាមួយគណបក្សកាន់អំណាចដោយសន្យានឹងផ្តល់លុយ២០លានរៀល ឬស្មើ៥ពាន់ដុល្លារប៉ុន្តែលោកបដិសេធ។ លោកចាត់ទុកទង្វើរបែបនេះថា ជារូបភាពគំរាមកំហែងផ្នែកនយោបាយដែលមិនអាចទទួលយកបាន និងធ្វើឱ្យសកម្មជនរបស់លោកមិនអាចធ្វើសកម្មភាពនយោបាយ៖ «ទិញខ្ញុំមួយហ្នឹងដើម្បីបាត់ខ្ញុំឱ្យអស់មួយស្រុកពញាក្រែក ខ្ញុំប្រាប់រួចហើយកុំឱ្យបង្ហោះរូបខ្ញុំ ទំនាក់ទំនងមកម្សិលមិញទៀត ខ្ញុំថាកុំមកចាំជួបអីទៀតទេ ខ្ញុំឈប់ហើយ ឈប់ឱ្យខ្ញុំចុះចូលទៀត ព្រោះដើរទិញសកម្មជនខ្ញុំឆ្អែតហើយ ខ្ញុំលែងធ្វើអ្វីតាមអ្នកឯងទៀតហើយ»។
ស្រដៀងគ្នានេះដែរបេក្ខជនមេឃុំកណ្តោលជ្រុំស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៃគណបក្សភ្លើងទៀនម្នាក់ទៀត លោក ហ៊ួ ចាន់ ប្រាប់ថា បុគ្គលឈ្មោះ ខាត់ កុសល្យ ដែលអះអាងថា ជាមន្រ្តីគណបក្សប្រជាជនកម្ពុជានិងជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទំនាក់ទំនងមកលោកតាមទូរស័ព្ទ ដើម្បីណាត់ជួបជជែកស្ងាត់ៗប៉ុន្តែបដិសេធ។ លោកយល់ថា បុគ្គលនោះមានបំណងមិនល្អឬដើរអូសទាញសកម្មជនបក្សភ្លើងទៀន ដើម្បីចុះចូលបក្សកាន់អំណាច។ បេក្ខជនបក្សភ្លើងទៀនរូបនេះថា លោក និងសកម្មជនផ្សេងទៀត ប្តេជ្ញាចិត្តបន្តមិនចុះចូលតាមការអូសទាញនោះឡើយ៖ «ខ្ញុំយល់ថាប្រហែលគេមិនចង់ឱ្យខ្ញុំបន្តសកម្មភាពការងារក្រុមប្រឹក្សាឃុំសង្កាត់ទីមួយ ទីពីរចង់ទិញទឹកចិត្តរបស់ខ្ញុំ ប៉ុន្តែឆន្ទៈរបស់ខ្ញុំមិនលក់ឧត្តមគតិទេ ព្រោះខ្ញុំធ្លាប់ធ្វើការជូនប្រជាពលរដ្ឋ ខ្ញុំអត់ដែលចាញ់ការគំរាមកំហែងរបស់អ្នកណាទេ បើខ្ញុំធ្វើតាមច្បាប់»។
វិទ្យុអាស៊ីសេរីមិនអាចទាក់លោក ខាន់ កុសល្យ ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣ ខែឧសភា។ ប៉ុន្តែបើតាមសារសំឡេងរបស់លោកទំនាក់ទំនងជាមួយសកម្មជនបក្សភ្លើងទៀនអះអាងលោកជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ « ហេឡូមានការអីដែរ ! ខ្ញុំសុំជួបបងឯងតិចបានទេ ! ចុះបងបានលេខខ្ញុំមកពីខាងណាដែរ ? ខ្ញុំសួរមេឃុំ ខ្ញុំជាទីប្រឹក្សាសម្តេច ខ្ញុំសួរពួកហ្នឹងមិនបានមិច ចឹងបានថាហ្នឹង » ។
ឆ្លើយតបរឿងនេះ អភិបាលរងខេត្តត្បូងឃ្មុំលោក កេង ប៊ុនណា ប្រាប់វិទ្យុអាស៊ីសេរីថា រហូតមកដល់ពេលនេះ ខាងលោកពុំទាន់មានរូបភាពគំរាមកំហែង រារាំង ឬរើសអើងលើគណបក្សនយោបាយណាមួយនៅឡើយទេ។ យ៉ាងណាក្តី លោកអះអាងថាអាជ្ញាធរមិនមានសមត្ថកិច្ចគ្រប់គ្រងឬចាត់វិធានការទប់ស្កាត់ចំពោះជនទាំងឡាយណាដែលធ្វើសកម្មភាពប្រើលុយទិញដូរសកម្មជនភ្លើងទៀននោះទេព្រោះករណីនេះគឺជាសិទ្ធិរបស់ឯកជននិងមិនមែនជាអំពើខុសច្បាប់៖ «ការដែលជួយសម្រួលទៅលើការទិញសមាជិកអីនោះ មិនមានអ្វីធ្វើការណែនាំទេ ព្រោះជារឿងឯកជនរបស់គេ ប៉ុន្តែការអនុញ្ញាតច្បាប់ ឬនិយាយជារួមសម្រួលក្នុងការធ្វើនយោបាយរបស់គណបក្សទាំងអស់ដែលចុះបញ្ជីនៅ គ . ជ . ប យើងអាចធ្វើបាន ហើយមានតែធានាសុវត្ថិភាពជូនពួកគាត់»។
ចំណែក អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ថ្លែងថា កន្លងមកគណបក្សនយោបាយតែងតែលើកឡើងអំពីករណីគំរាមកំហែងនិងការទិញដូរបេក្ខជនភ្នាក់ងារសង្កេតការណ៍របស់ខ្លួនប៉ុន្តែរហូតមកដល់ពេលនេះ គ.ជ.ប មិនធ្លាប់ទទួលបានភស្តុតាងបញ្ជាក់ពីអំពើទាំងនោះទេ។ លោកឱ្យដឹងថា គ.ជ.ប មានសមត្ថកិច្ចទទួលខុសត្រូវអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតតែប៉ុណ្ណោះហើយក្រៅពីនេះ គឺជាតួនាទីរបស់អាជ្ញាធរដែនដី។ ប៉ុន្តែ លោក ហង្ស ពុទ្ធា បញ្ជាក់ថា បើសិនបេក្ខជន និងភ្នាក់ងាររបស់គណបក្សនយោបាយទទួលរងការគំរាមកំហែង បំភិតបំភ័យពួកគេអាចដាក់ពាក្យប្ដឹងជាលាយលក្ខណ៍អក្សរមក គ.ជ.ប បាន៖ «ការស្នើជាលាយលក្ខណ៍អក្សរ គ . ជ . ប នឹងពិចារណា ប៉ុន្តែខ្ញុំមិនបានដឹងប្តឹងជាលាយលក្ខណ៍អក្សរឬអត់ទេ ព្រោះការប្រើប្រាស់ភាសារបស់អ្នកនយោបាយ ពេលខ្លះគ្រាន់តែបំប៉ោងដើម្បីបង្កើតបញ្ហាផ្សេងៗ យ៉ាងណា គ . ជ . ប ស្វាគមន៍រាល់បញ្ហាទាំងឡាយណាលើកឡើងជាលាយលក្ខណ៍អក្សរ»។
ជុំវិញរឿងនេះ អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា លើកឡើងថា ករណីបែបនេះតែងតែកើតលើសកម្មជនរបស់លោកដោយសារអាជ្ញាធរគ្មានឆន្ទៈទប់ស្កាត់ដើម្បីធានាបរិយាកាសបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ ខណៈលោកសង្ស័យថាទង្វើគំរាមកំហែងឱ្យភ្នាក់ងារសង្កេតការណ៍ដកឈ្មោះចេញពីបក្សភ្លើងទៀនជាបន្តបន្ទាប់ទំនងជាសញ្ញាមិនប្រក្រតីនៅពេលនៅតាមការិយាល័យបោះឆ្នោតខាងមុខនេះ។លោកឱ្យដឹងថា គណបក្សនឹងរៀបចំពាក្យបណ្តឹងនិងភស្តុតាងដាក់ទៅក្រសួងមហាផ្ទៃនិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឆាប់ៗនេះដើម្បីចាត់វិធានការឱ្យទាន់ពេល៖ «ទង្វើអស់ហ្នឹង យើងឃើញហើយថាវាផ្ទុយទៅនឹងច្បាប់ និងបំពានទៅនឹងការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី និងលោកឧបនាយករដ្ឋមន្រ្តីដែលធ្វើឱ្យប៉ះពាល់ដល់បរិយាកាសនៃការបោះឆ្នោត»។
ក្រៅពីអាជ្ញាធរតាមហាមឃាត់មិនឱ្យលើកស្លាកសញ្ញាគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ កាលពីថ្មីៗនេះអាជ្ញាធរខេត្តសៀមរាបក៏បានចុះគាស់រំលើង ហើយចុះរុះរើសស្លាកបក្សនេះទាំងយប់ដែរ។ ចំណែកសមត្ថកិច្ចខេត្តឧត្តរមានជ័យបានចាប់ខ្លួនសមាជិកបក្សសង្គ្រោះជាតិលោក សុខ វិល ដែលត្រៀមចូលរួមជាមួយគណបក្សភ្លើងទៀនផងដែរ។
ជុំវិញរឿងនេះ មន្រ្តីសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថា ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍ថា ការអូសទាញទឹកចិត្តដោយសន្យាផ្តល់ប្រាក់និងអំពើគំរាមកំហែងលើពលរដ្ឋឬសកម្មជននយោបាយ គឺជាអំពើខុសច្បាប់ហើយប៉ះពាល់ដំណើរការនៃការបោះឆ្នោត។ ដូច្នេះលោកយល់ថាសកម្មជន ឬតំណាងគណបក្សភ្លើងទៀនត្រូវប្រមូលភស្តុតាងរៀបចំរាយការណ៍ច្បាស់លាស់ដាក់ទៅក្រសួងមហាផ្ទៃ និង គ.ជ.ប ដើម្បីជំរុញឱ្យចាត់វិធានការតាមគោលការណ៍ច្បាប់លើជនប្រព្រឹត្ត៖ «ត្រូវតែធ្វើការកត់ត្រាឱ្យបានច្បាស់លាស់ ហើយធ្វើការរាយការណ៍ទៅស្ថាប័ន គ . ជ . ប និងទៅកាន់រដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ដើម្បីពិនិត្យមើល តើយល់ឃើញមិចដែរ ព្រោះកន្លងមកលោកតែងតែលើកឡើងអំពីភស្តុតាង និងការពិតនៃការប្តឹងរបស់ជនរងគ្រោះ ប៉ុន្តែករណីនេះត្រូវបានបដិសេធការថាមិនមានពាកបណ្តឹងច្បាស់លាស់»។
នៅពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតមកដល់ទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមត្រូវការពារសុវត្ថិភាពបេក្ខជនឈរឈ្មោះ និងបង្កបរិយាកាសល្អ ជៀសវាងអំពើហិង្សាទាំងរាងកាយនិងពាក្យសម្តី ដើម្បីធានាឲ្យការបោះឆ្នោតខាងមុខប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌។
ទោះបីជាលោក ហ៊ុន សែន ប្រកាសបែបនេះក្តី ប៉ុន្តែមកទល់ពេលនេះ មានសកម្មជនគណបក្សភ្លើងទៀនចំនួន ៦នាក់ហើយ ក្នុងនោះរួមទាំងសាច់ញាតិរបស់ពួកគេផង ត្រូវបានអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនដាក់ពន្ធនាគារ ហើយសកម្មជនជិត១០នាក់ទៀតតុលាការកោះហៅទៅបំភ្លឺពីបទញុះញង់ និងក្លែងឯកសារដាក់ពាក្យបេក្ខជនឈរឈ្មោះបោះឆ្នោត។ ទន្ទឹមនឹងនេះ អនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀននៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោក ជឿន សារឹម បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែគ្រួសារជនរងគ្រោះសង្ស័យជាប់ពាក់ព័ន្ធរឿងនយោបាយ។ ក្រៅពីនេះសកម្មជន និងបេក្ខជនបក្សនេះជាច្រើននាក់ត្រូវបានអាជ្ញាធរ និងជនមិនស្គាល់មុខប៉ុនប៉ងធ្វើបាបដោយគប់ដុំថ្មចូលក្នុងផ្ទះ និងដេញធាក់ផ្ដួលម៉ូតូ គំរាមកំហែង និងរារាំងបេក្ខជនបក្សភ្លើងទៀនគ្រប់រូបភាពដែរ ខណៈដែលគណបក្សមួយនេះ មានលទ្ធភាពដាក់បេក្ខជនស្ទើរគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេស ដូចគណបក្សកាន់អំណាច និងកំពុងធ្វើសកម្មភាពលេចធ្លោនៅតាមមូលដ្ឋាន។
ក្រុមអង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍បោះឆ្នោតវាយតម្លៃថាបើបរិយាកាសនយោបាយ នៅតែស្ថិតក្នុងភាពអាប់អួបែបនេះ នឹងមិនអាចធានាថា ការបោះឆ្នោតនៅពេលខាងមុខ ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។