លោក ជា មុនី ស្នើសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យបានឆាប់
2017.12.15

លោក ជា មុនី សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអតីតប្រធានសហជីពសេរីកម្មករដ៏ល្បីឈ្មោះ ស្នើទៅសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលលោក ហ៊ុន សែន កាន់តែលឿនកាន់តែល្អ។ ការលើកឡើងរបស់លោក ជា មុនី ដូច្នេះ ខណៈសភាអឺរ៉ុប ព្រមានទៅដល់លោក ហ៊ុន សែន ថា បើនៅតែមិនព្រមស្តារស្ថានភាពរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញនោះទេ គឺពលរដ្ឋខ្មែរទូទាំងនគរនឹងរងទុក្ខជាក់ជាមិនខាន។
លោក ជា មុនី ដែលត្រូវជាប្អូនប្រុសលោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវឃាតកបាញ់សម្លាប់កាលពីឆ្នាំ២០០៤ យល់ថា បើសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលលោក ហ៊ុន សែន អ្នករងគ្រោះគឺរដ្ឋាភិបាលលោក ហ៊ុន សែន ដូច្នេះ គឺលោក ហ៊ុន សែន ងាកមករកផ្លូវចរចាបញ្ចប់វិបត្តិនយោបាយជាមួយគណបក្សប្រឆាំង។ លោកបន្តថា អ្វីដែលសហគមន៍អន្តរជាតិ ដាក់សម្ពាធមករដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់គ្នាដូច្នេះ ព្រោះរដ្ឋាភិបាលរំលាយគណបក្សសង្គ្រោះជាតិ ចាប់ខ្លួនប្រធានគណបក្សប្រឆាំង និងកំពុងរំលោភសិទ្ធិដែលធ្វើឲ្យប៉ះពាល់ដំណើរប្រជាធិបតេយ្យនៅកម្ពុជា៖ «»។
ចំណែកមន្ត្រីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (COMFREL) បានសរសេរនៅលើហ្វេសប៊ុក (Facebook) ថ្ងៃទី១៥ ខែធ្នូ ថា៖ «អាមេរិក បូក អឺរ៉ុប ផ្អាក ឬបញ្ឈប់ផ្ដល់កូតាអនុគ្រោះពន្ធ នាំចូលទំនិញ គឺមិនមែនជារឿងតូចតាចឡើយ សូមមេត្តាគិតអោយច្បាស់លាស់ និងពិចារណាឡើងវិញពីជំហរនយោបាយរបស់ខ្លួន។ ទោះជាមហាយក្សចិន ដែលជាដៃគូប្រជែងរបស់អាមេរិក ក៏មិនហ៊ានធ្វើបែបនេះផង ហេតុអ្វីយើងជាប្រទេសតូចតាច ក្រីក្រ ហ៊ានធ្វើដល់ថ្នាក់នេះ? លោកមិនខ្វល់ តែពលរដ្ឋរាប់លានក្នុងប្រទេសលោកខ្វល់»។
កម្មករកាត់ដេរម្នាក់ លោក ញឹប សាវុធ ថាលោកព្រួយបារម្ភណាស់នៅពេលបានដឹងថា សហគមន៍អឺរ៉ុបព្រមានបែបនេះ។ លោកស្នើទៅទាំងបក្សកាន់អំណាច និងបក្សប្រឆាំងងាកមកចូលតុចរចាឡើងវិញដើម្បីបញ្ចប់បញ្ហាទាំងនេះ៖ «»។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) អោយដឹងថា ខ្លួនមានសមាជិកដែលជារោងចក្រកាត់ដេរចំនួន ៦០០ ដែលទ្រទ្រង់សេដ្ឋកិច្ចដល់កម្មករជាង ៧០ម៉ឺននាក់ ក្នុងនោះភាគច្រើនជាស្ត្រី និងប្រជាពលរដ្ឋប្រមាណ ២លាននាក់ ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេផងដែរ។
ការអស់ភាពអត់ធ្មត់ជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន សហគមន៍អឺរ៉ុប ដែលជាម្ចាស់ជំនួយ និងជាទីផ្សារនាំចេញសំលៀកបំពាក់ដ៏ធំរបស់កម្ពុជា ទើបតែបានកាត់ផ្ដាច់ជំនួយទាំងអស់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងចុងក្រោយនេះ សភាអឺរ៉ុប សម្រេចស្នើឲ្យរដ្ឋាភិបាលសហគមន៍អឺរ៉ុបទាំងអស់ដកប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា រួមទាំងការនាំចេញផលិតផលពីវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងទំនិញដទៃទៀតជាបណ្ដោះអាសន្នសិន។ ក្រៅពីនេះ សហរដ្ឋអាមេរិក ដែលបានកាត់ផ្ដាច់ជំនួយផ្នែកបោះឆ្នោតនេះដែរ ក៏ពន្លឿនចំណាត់ការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត បិទទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារ ដែលមានជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ មិនអោយជាន់ដីសហរដ្ឋអាមេរិក។
យ៉ាងណាក៏ដោយចុះ ទន្ទឹមនឹងការដាក់ទណ្ឌកម្មនេះដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានសរសេរផ្លែផ្កានៅតាមបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម របស់លោកថា ការដាក់ទណ្ឌកម្មនេះ គឺជារឿងហួសចិត្ត។ លោកថា ដោយសារតែផលប្រយោជន៍នៃការប្រកួតប្រជែងមនោគមន៍វិជ្ជា គេសុខចិត្តដាក់ទណ្ឌកម្មលើកម្ពុជា ដែលមិនបានបំពេញបំណងរបស់ពួកគេ។
ប៉ុន្តែលោក ជា មុនី ថា នៅពេលគ្មានអ្នកបញ្ជាទិញកម្មកររាប់សិបម៉ឺននាក់នឹងចេញមកឈរទាមទារតវ៉ានៅមុខរោងចក្រ ដែលឈានដល់ការបិទផ្លូវ។ លោកថា ពេលនោះហើយទើបលោក ហ៊ុន សែន ដឹងអ្វីដែលខ្លួនបានធ្វើមកលើគណបក្សប្រឆាំង គឺជាការធ្វើបាបពលរដ្ឋខ្មែរ និងរដ្ឋាភិបាលរបស់ខ្លួន៕