ចិន និងកម្ពុជាប្ដេជ្ញារឹតចំណងមិត្តភាពឥតងាករេ
2022.11.19

ស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងជាថ្មីទៀតថា ចិន និងកម្ពុជាប្ដេជ្ញារឹតចំណងមិត្តភាពឥតងាករេ និងបន្តពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមកលើផ្នែកនយោបាយដើម្បីកសាងសហគមន៍រួម។ អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាព្រួយបារម្ភថា កម្ពុជានឹងប្រឈមបាត់បង់ឯករាជ្យភាពដោយសារតែរដ្ឋាភិបាលប្រឹងប្រែងបង្កើនទំនាក់ទំនងជាមួយប្រទេសចិនកុម្មុយនីស្តកាន់តែស៊ីជម្រៅ ខណៈភាគីនៃប្រទេសទាំងពីរមិនទាន់ជម្រះមន្ទិលសង្ស័យអំពីការដាក់មូលដ្ឋានកងទ័ពចិននៅកម្ពុជានៅឡើយ។
ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ច និងជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង (Li Keqiang) ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន ស្ថានទូតចិនប្រចាំកម្ពុជាប្រកាសថា ភាគីចិន និងកម្ពុជាបានសម្រេចចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការជាច្រើនក្នុងគោលបំណងរឹតចំណងក្នុងនាមជាមិត្តដែកថែប។
លិខិតចំហរបស់ស្ថានទូតចិនប្រចាំកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឱ្យដឹងថា ក្នុងឱកាសជំនួបទ្វេភាគីរវាងលោក លី ខឺឈាង និងលោក ហ៊ុន សែន ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទាក់ទងនឹងការរឹតចំណងមិត្តភាពជាប្រពៃណី ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្ដែង និងបញ្ហាអន្តរជាតិ និងក្នុងតំបន់ដែលជាកង្វល់រួម។ លើសពីនេះ ភាគីចិន និងកម្ពុជា នឹងបន្តពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមកលើផ្នែកនយោបាយ ដើម្បីចាក់ឫសជ្រៅក្នុងក្រអៅបេះដូងប្រជាជន និងការកសាងសហគមន៍រួម។
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីថា ជំហរនយោបាយការទូតរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ពេលនេះហាក់កំពុងធ្លាក់ក្នុងអន្ទាក់នយោបាយប្រទេសចិនដែលធ្វើឱ្យកម្ពុជាប្រឈមបាត់បង់អធិបតេយ្យភាពជាតិ និងថែមទាំងអាចប្រឈមរងទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសបណ្ដាប្រទេសលោកសេរីបន្ថែមទៀត។
លោក អ៊ុំ សំអាន បន្ថែមថា ការប្រកាសរឹតចំណងភាពមិត្តកម្ពុជាចិនដោយឥតងាករេនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញថា ប្រទេសចិនកាន់តែមានឥទ្ធិពលកាន់តែខ្លាំងឡើងក្នុងការប្រើប្រាស់កម្ពុជាតាមរយៈរដ្ឋាភិបាល លោក ហ៊ុន សែន ធ្វើជាឧបករណ៍ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន។
លោក អ៊ុំ សំអាន៖ «នៅពេលដែលកម្ពុជាមិនរក្សាជំហរអព្យាក្រឹត្យពេលហ្នឹងយើងនឹងបាត់ផលប្រយោជន៍ពីការជួយអភិវឌ្ឍប្រទេសកម្ពុជា ពីសំណាក់លោកខាងលិច ទាំងផ្នែកជំនួយទាំងផ្នែកកម្ចីប្រទេសលោកខាងលិច។ យើងបានតែមួយចំនួនតូចពីប្រទេសចិន យើងមិនអាចគ្រប់គ្រាន់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចនៅប្រទេសកម្ពុជាយើងនោះទេ។ ហើយនៅពេលដែលកម្ពុជាក្លាយជាកូនបំណុល របស់ចិននឹងអាចរឹបអូសយកកំពង់ផែរបស់កម្ពុជា ដូចនៅប្រទេសស្រីលង្កា (Sri Lanka) ដែលជំពាក់លុយចិន ចិនរឹបអូសយកកំពង់ផែជាកម្មសិទ្ធរបស់ខ្លួន។ ដូច្នេះ កម្ពុជានឹងក្លាយជាអាណានិគមនិយមបែបថ្មីរបស់ចិន នៅពេលដែលកម្ពុជាឱបក្រសោបចិនដើម្បីការពារអំណាចផ្ដាច់ការតវង្សត្រកូលរបស់លោក ហ៊ុន សែន»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្ថានទូតចិនប្រចាំកម្ពុជា និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ដើម្បីសុំប្រតិកម្មឆ្លើយតបនឹងការលើកឡើងនេះបានទេ នៅថ្ងៃទី១៩ ខែវិច្ឆិកា។
លិខិតចំហស្ថានទូតចិនដដែលបញ្ជាក់ថា ភាគីចិន និងកម្ពុជា នឹងពន្លឿនកសាងសហគមន៍រួមតាមរយៈការចុះហត្ថលេខាលើផែនការសកម្មភាព និងបន្តរឹតចំណងមិត្តភាពដោយឥតងាករេ។ ជាងនេះទៅទៀត ភាគីចិន និងកម្ពុជា ក៏បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការបង្ក្រាបអំពើជួញដូរមនុស្ស បទល្មើសឆបោក និងបទឧក្រិដ្ឋនានា។ ស្ថានទូតចិនអះអាងថា ចិនបានលើកកម្ពស់កិច្ចសហប្រតិបត្តិការផលិតកម្ម ពន្លឿនគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរថ្មី គម្រោងខ្សែកាបអុបទិកបាតសមុទ្រក្នុងខេត្តព្រះសីហនុ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាដើម។
មុនកម្ពុជាបើកកិច្ចប្រជុំកំពូលអាស៊ានលោក ហ៊ុន សែន បានទទួលជំនួបទ្វេភាគីជាមួយ លោក លី ខឺឈាង ដោយភាគីទាំងពីរបញ្ជាក់ថា នឹងប្រើប្រាស់ឱ្យអស់សក្ដានុពលនៃយន្តការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការយោធា ដោយបង្កើនទំនាក់ទំនងរវាងស្ថាប័នការងារជាតិ និងយោធាគ្រប់កម្រិតនៃប្រទេសទាំងពីរតាមរយៈការបណ្ដុះបណ្ដាល ការហ្វឹកហាត់រួមគ្នា ផ្ដល់បរិក្ខារយោធាបច្ចេកទេស សេវាកម្មសុខាភិបាល និងផ្នែកសន្តិសុខពហុភាគី។
ទីប្រឹក្សានៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា លើកឡើងថា ការប្រកាសរបស់លោក ហ៊ុន សែន ថាអនុវត្តគោលនយោបាយអព្យាក្រឹត្យនោះគ្រាន់ជាការបង្ហាញភាពរូបភាពតែប៉ុណ្ណោះ ប៉ុន្តែ ការអនុវត្តជាក់ស្ដែង លោក ហ៊ុន ទំនងមិនងាយដកខ្លួនក្នុងការចាប់យកចិនធ្វើជាខ្នងបង្អែកបានឡើយ។
លោក គល់ បញ្ញា៖ «ជំហររបស់ចិនគាំទ្រ ឬចង់បានរបៀបកាន់អំណាចដូចបច្ចុប្បន្នហ្នឹងឯង។ ខុសពីសហរដ្ឋអាមេរិក អាមេរិកគេចង់ឱ្យរដ្ឋាភិបាលមួយចេញភាពស្របច្បាប់ ចេញពីដំណើរការបោះឆ្នោតត្រឹមត្រូវមាននីតិរដ្ឋ ព្រោះរដ្ឋាភិបាលវាមិនអាចទៅលើបក្សតែមួយ ទៅលើអ្នកកាន់អំណាចតែមួយរហូតបានទេ។ គេត្រូវប្រើយន្តការប្រជាធិបតេយ្យ។ អ៊ីចឹងសហរដ្ឋអាមេរិក គោលការណ៍របស់គេគឺច្បាស់គេយកគោលការណ៍ប្រជាធិបតេយ្យ។ គេមិនអាចចាប់តែបក្សតែមេដឹកនាំមួយអ៊ីចឹងទេ។ ប៉ុន្តែ ចិនគឺថាច្បាស់គាត់ចង់បានបែបហ្នឹង គាត់ចង់បានបែបអ្នកកាន់អំណាចមួយអ៊ីចឹងទៅ បក្សមួយអ៊ីចឹងទៅ ដើម្បីស្ថិរភាពក្នុងរឿងបញ្ហាការងារទំនាក់ទំនងជាមួយគាត់»។
ក្រោយពីរដ្ឋាភិបាលឯកបក្សលោក ហ៊ុន សែន បានគាស់រម្លើងគ្រឹះប្រជាធិបតេយ្យកាលពីឆ្នាំ២០១៧ មក រដ្ឋាភិបាលរបស់លោកបានទទួលរងទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ ដោយសារតែបញ្ហារំលោភសិទ្ធិមនុស្ស។ បន្ទាប់ពីរងទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ បន្តិចម្ដងៗ លោក ហ៊ុន សែន ក៏បានស្រវ៉ាទៅពឹងពាក់ចិនស្ទើរគ្រប់វិស័យក្នុងនោះរួមទាំងវិស័យពាណិជ្ជកម្ម អប់រំ ការវិនិយោគ វិស័យសុខាភិបាល និងពង្រឹងលើផ្នែកវិស័យយោធាកងទ័ព ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលលោក ហ៊ុន សែន ក៏រងការចោទប្រកាន់ថា បានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយប្រទេសចិនកុម្មុយនីស្ត ដើម្បីអនុញ្ញាតឱ្យកងទ័ពចិនបោះទីតាំងឈរជើងនៅលើទឹកដីខ្មែរ ខណៈសហរដ្ឋអាមេរិកបានដាស់តឿនរដ្ឋាភិបាលលោក ហ៊ុន សែន ម្ដងហើយម្ដងទៀតថា វត្តមានកងទ័ពចិននៅមូលដ្ឋានទ័ពជើងទឹករាមនឹងប្រឆាំងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខតំបន់ទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។