ចិនថ្កោលទោសអាមេរិករឿងដាក់ទណ្ឌកម្មកម្ពុជា ខណៈលោក ហ៊ុន សែន បញ្ជាឱ្យប្រមូលអាវុធអាមេរិកយកទៅកម្ទេចចោល
2021.12.10

ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយយល់ថា ការឆ្លើយតបរបស់ចិនចំពោះទណ្ឌកម្មអាមេរិកលើកម្ពុជា ជាការការពារប្រទេសដែលកំពុងឋិតក្រោមឥទ្ធិពលចិន។ ពួកគេថា កម្ពុជានឹងកាន់តែគ្រោះថ្នាក់ធំនៅក្នុងជម្លោះភូមិសាស្ត្រនយោបាយរវាងអាមេរិក និងចិន បើនៅតែបន្តយកចិនជាខ្នងបង្អែក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯណោះវិញ បានផ្គើនសហរដ្ឋអាមេរិកកាន់តែខ្លាំងរឿងទណ្ឌកម្មថ្មីនេះ ដោយលោកចេញបញ្ជាឱ្យប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិក ទៅរក្សាទុក ឬកម្ទេចចោល។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយព្រួយបារម្ភអំពីជម្លោះភូមិសាស្ត្រនយោបាយកាន់តែតានតឹងរវាងចិននិងអាមេរិកលើទឹកដីកម្ពុជានាពេលបច្ចុប្បន្ន បន្ទាប់ពីសហរដ្ឋអាមេរិកបានបន្ថែមទណ្ឌកម្មលើកម្ពុជា ហើយចិនបានចេញមុខការពារកម្ពុជា។
អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា យល់ថា ការឆ្លើយតបរបស់ចិនចំពោះអាមេរិកជាជម្លោះភូមិសាស្ត្រនយោបាយ ដោយយកកម្ពុជាធ្វើជាទីលានប្រកួតប្រជែងឥទ្ធិពលគ្នា។ លោកបន្តថា ក្នុងស្ថានការណ៍នេះ កម្ពុជាពិបាកគេចផុតពីជម្លោះមហាអំណាចទាំងពីរនេះណាស់ ដោយសារតែកម្ពុជាជាប្រទេសទន់ខ្សោយ ហើយបើកម្ពុជានៅតែយកចិនជាខ្នងបង្អែក នោះកម្ពុជានឹងបន្តរងសម្ពាធបន្ថែមទៀតពីសហរដ្ឋអាមេរិក៖ «ដោយសារតែកម្ពុជាជាប្រទេសដែលគាំទ្រគោលនយោបាយចិនទាំងផ្នែកសេដ្ឋកិច្ច ការទូត នយោបាយ។ អ៊ីចឹងទេ ចិនដើម្បីជាផលប្រយោជន៍របស់ខ្លួន គឺត្រូវការពារកម្ពុជាវិញដែរ ទាក់ទងផ្នែកការទូត ការតតាំងបែបការពារហ្នឹងជាមួយសហរដ្ឋអាមេរិក»។
ការលើកឡើងរបស់អ្នកតាមដានស្ថានការណ៍រូបនេះ គឺក្រោយពីក្រសួងការបរទេសចិនបានចេញមុខថ្កោលទោសសហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មរឹតត្បិតការលក់អាវុធឱ្យកម្ពុជា ដោយភ្ជាប់នឹងឥទ្ធិពលចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនប៊ីន (Wang Wenbin) បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៩ ធ្នូ នៅទីក្រុងប៉េកាំង ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានបង្ខូចឈ្មោះនិងលាបពណ៌មកលើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា។ លោកថា ការគំរាមកំហែង ការដាក់សម្ពាធ និងការដាក់ទណ្ឌកម្មរបស់អាមេរិកលើកម្ពុជានេះ ជាទង្វើប្រើអំណាចគាបសង្កត់ ដែលល្មើសនឹងក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ដែលចិនត្រូវតែប្រឆាំងជាដាច់ខាត។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសចិនរូបនេះថ្លែងទៀតថា ចិននិងកម្ពុជាជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប និងជាសហគមន៍វាសនារួម ហើយចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាព ព្រមទាំងឈរជាមួយប្រជាជនកម្ពុជាជារៀងរហូត។
ក្រោយពីចិនបានប្រកាសបែបនេះភ្លាម មេដឹកនាំរដ្ឋាភិបាលឯកបក្ស លោក ហ៊ុន សែន បានបញ្ចេញសារផ្គើនសហរដ្ឋអាមេរិកជាថ្មីទៀត។ លោកប្រកាសតាមហ្វេសប៊ុកនៅថ្ងៃទី១០ ធ្នូ ដោយដាក់បញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យត្រួតពិនិត្យជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធាដែលកម្ពុជាមានបច្ចុប្បន្ន។ ក្នុងករណីមានអាវុធ និងសម្ភារៈយោធាអាមេរិក លោកបញ្ជាឱ្យប្រមូលអាវុធនិងសម្ភារៈយោធាអាមេរិកទាំងនោះទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកម្ទេចចោលតាមការជាក់ស្ដែង។ លោកថែមទាំងចំអកទៀតថា អ្នកប្រើប្រព័ន្ធអាវុធច្រើនតែចាញ់សង្គ្រាម ដូចជា ករណីរបបសាធារណរដ្ឋខ្មែរ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន (Afghanistan) ជាដើម។
កាលពីថ្ងៃទី៨ ខែធ្នូ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបន្ថែមទៀតលើរដ្ឋាភិបាលកម្ពុជា ដោយរឹតត្បិតការលក់អាវុធ និងសម្ភារៈយោធាឱ្យកម្ពុជា ដោយសារបញ្ហាសិទ្ធិមនុស្ស អំពើពុករលួយ និងការកើនឡើងនូវឥទ្ធិពលយោធាចិននៅប្រទេសកម្ពុជា។ នេះជាទណ្ឌកម្មថ្មីចុងក្រោយ បន្ថែមលើទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់លើមន្ត្រីជាន់ខ្ពស់ និងមនុស្សជំនិតរបស់លោក ហ៊ុន សែន ដែលពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអំពើពុករលួយក្នុងគម្រោងស្ថាបនាកំពង់ផែទ័ពជើងទឹករាមដែលមានការសង្ស័យអំពីវត្តមានកងទ័ពចិន។
ជុំវិញរឿងនេះ អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក យល់ឃើញថា កម្ពុជាបានដើរតាមចិនដែលជាប្រទេសកុម្មុយនីស្ត ហើយនេះជាហេតុផលមួយដែលចិនចេញមុខមកការពារកម្ពុជា។ លោកបន្តថា ចិនជាប្រទេសដែលតែងតែជួយប្រទេសផ្ដាច់ការ និងប្រទេសក្រីក្រនានា ដើម្បីឱ្យធ្លាក់ក្រោមឥទ្ធិពលរបស់ខ្លួន ដូច្នេះលោកថា បើកម្ពុជានៅតែយកចិនជាខ្នងបង្អែក ប្រាកដជាមានគ្រោះភ័យធំជាងលាភ៖ «កម្ពុជាគឺដើរតាមគន្លងដូចប្រទេសចិនអ៊ីចឹង គឺការគោរពសិទ្ធិមនុស្ស ការគោរពលើលទ្ធិប្រជាធិបតេយ្យ ការគោរពទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិត្រូវដើរថយក្រោយ។ បាទ! អ៊ីចឹងចង់មិនចង់ អ្វីដែលប្រទេសចិនលើកឡើងនេះ គឺគ្រាន់តែការពារប្រទេសដែលឋិតក្រោមឥទ្ធិពលរបស់ខ្លួនតែប៉ុណ្ណោះ។ ហើយចំណែកឯសហរដ្ឋអាមេរិក ការដាក់ទណ្ឌកម្មទៅលើប្រទេសណាមួយគឺផ្អែកទៅលើគោលការណ៍នៃការគោរពទៅលើលទ្ធិប្រជាធិបតេយ្យ។ នេះជាមូលហេតុមួយដែលធ្វើឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មទាំងផ្នែកសេដ្ឋកិច្ចនិងផ្នែកនយោបាយ»។
សហគមន៍អន្តរជាតិ ពិសេសសហរដ្ឋអាមេរិកកំពុងដាក់ទណ្ឌកម្មជាបន្តបន្ទាប់មកលើកម្ពុជា ដែលផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យនយោបាយ ការទូត និងសេដ្ឋកិច្ច។ ក្រុមអង្គការសង្គមស៊ីវិល អ្នកវិភាគ និងពលរដ្ឋទទូចឱ្យរដ្ឋាភិបាលគិតគូរឡើងវិញ ក្នុងការគោរពសិទ្ធិមនុស្ស និងអនុវត្តលទ្ធិប្រជាធិបតេយ្យ ជាពិសេសត្រូវរក្សាជំហរឯករាជ្យអព្យាក្រឹត្យក្នុងស្ថានភាពជម្លោះភូមិសាស្ត្រនយោបាយរបស់មហាអំណាចនៅលើទឹកដីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។