រដ្ឋមន្រ្តីការបរទេសកម្ពុជា និងចិនបានពិភាក្សាគ្នាពីបញ្ហានានា ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ក្នុងនោះក៏មានបញ្ហានយោបាយប្រទេសមីយ៉ាន់ម៉ា(Myanmar)ឬភូមាផងដែរ។
ក្រសួងការបរទេសកម្ពុជា ឱ្យដឹងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសទៅប្រទេសចិនថា លោក ប្រាក់ សុខុន បានអះអាងចំពោះមុខរដ្ឋមន្រ្តី ការបរទេសចិនលោក វ៉ាង យី (Wang Yi) ថា កម្ពុជាក្នុងតំណែងជាប្រធានអាស៊ាននៅឆ្នាំ២០២២ ខាងមុខ នឹងផ្តោតលើមូលបទ «អាស៊ានរួមគ្នាធ្វើ ដើម្បីដោះស្រាយបញ្ហាទាំងអស់គ្នា»។
ក្នុងនោះរួមមានការពង្រឹងឯកភាព រក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់ និងពិភពលោក។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការវិវត្តសភាពការណ៍ថ្មីៗនៅប្រទេសភូមាផងដែរ។
ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន ទៅជួបប្រមុខការទូតចិនលើកនេះ កើតមានឡើងស្របពេលដែលចិនកំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យសមាគមអាស៊ានអនុញ្ញាតឱ្យមេដឹកនាំរដ្ឋប្រហារយោធាភូមាលោក មីន អ៊ុងហ្លាំង (Min Aung Hlaing) ដែលក្រុមប្រទេសលោកសេរីមិនទទួលស្គាល់ ឱ្យអាចចូលរួមកិច្ចប្រជុំកំពូលអាស៊ានតំណាងឱ្យប្រទេសភូមាឡើងវិញបាន។ សមាគមអាស៊ានបានសម្រេចមិនអនុញ្ញាតឱ្យមេដឹកនាំរដ្ឋប្រហាររូបនេះចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួនជាបន្តបន្ទាប់ ក្រោយមេដឹកនាំរដ្ឋប្រហារយោធារូបនេះ នៅតែមិនព្រមបញ្ឈប់អំពើហិង្សាបន្ទាប់ពីបានដឹកនាំធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ចេញពីដំណែងកាលពីខែកុម្ភៈ ដើមឆ្នាំ២០២១នេះ។ យ៉ាងណា លោក ហ៊ុន សែន ទំនងជាកំពុងប៉ុនប៉ងបំពេញបំណងតាមប្រទេសចិន ក្នុងការគាំទ្រក្រុមមេដឹកនាំផ្តាច់ការដូចគ្នាឱ្យអាចចូលរួមកិច្ចប្រជុំកំពូលអាស៊ានបាន ដើម្បីឱ្យអន្តរជាតិទទួលស្គាល់មេដឹកនាំរូបនេះ។ លោក ហ៊ុន សែន បានប្រកាសពីចេតនាត្រៀមខ្លួនរួចជាស្រេចធ្វើទស្សនកិច្ចទៅប្រទេសភូមាក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជាដោយមិនដាក់លក្ខខណ្ឌទុកជាមុន ដែលមានន័យថា កម្ពុជាទទួលស្គាល់របបសឹកយោធា និងមិនខ្វល់ពីការធ្វើរដ្ឋប្រហារបង្ហូរឈាមប្រព្រឹត្តិដោយរបបនេះឡើយ។
ចាប់តាំងពីខែកុម្ភៈមក យ៉ាងហោចណាស់មានពលរដ្ឋស៊ីវិលភូមាជាង ១ពាន់៣រយនាក់ ត្រូវបានសម្លាប់ និងមនុស្សជិត ៨ពាន់នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនដោយរបបសឹកយោធាក្រោយអំពើរដ្ឋប្រហារយោធានៅប្រទេសភូមានេះ។ លោក ហ៊ុន សែន ចោទសួរថា តើអាស៊ានសុខចិត្តបំផ្លាញផ្ទះខ្លួនឯង ដើម្បីតម្រូវចិត្តដៃគូដទៃឬយ៉ាងណា។
ក្រៅពីពិភាក្សាពីបញ្ហារបស់ប្រទេសភូមានេះ រដ្ឋមន្រ្តីការបរទេសកម្ពុជា និងចិនក៏បានពិភាក្សាពីការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យបាន១០ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ និងបង្កើនការនាំចូលកសិផលពីកម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនបានចូលជាធរមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។