ឯកអគ្គរដ្ឋទូតចិនអះអាងថា ចិននៅតែបន្តកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជាបើទោះជាសហរដ្ឋអាមេរិកកំពុងដាក់ទណ្ឌកម្មលើផ្នែកយោធាបន្ថែមលើទណ្ឌកម្មមានស្រាប់មកលើរដ្ឋាភិបាលលោក ហ៊ុន សែន។ ជុំវិញបញ្ហានេះ អ្នកវិភាគព្រួយបារម្ភថា បញ្ហាយោធានេះអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រទេសកម្ពុជា និងរាលដាលដល់ប្រទេសក្នុងតំបន់អាស៊ានថែមទៀតផង។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) នៅតែចាត់ទុកកម្ពុជា ថា ជាមិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលចិនបន្តកិច្ចសហប្រតិបត្តិយោធាយ៉ាងរឹងមាំជាមួយកម្ពុជា។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ការលើកឡើងជាថ្មីបែបនេះ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់និងទីលានបាញ់គ្រាប់ពិត ស្ថិតក្នុងខេត្តកំពង់ឆ្នាំងដែលជាជំនួយរបស់ក្រសួងការពារជាតិចិន កាលពីថ្ងៃទី១៧ ខែធ្នូ។ លោកលើកឡើងបែបនេះលោក លោក វ៉ាង វិនធាន ត្រូវបានបង្ហោះលើបណ្ដាញទាក់ទងសង្គមហ្វេសប៊ុក (Facebook) នៃស្ថានទូតចិនប្រចាំកម្ពុជា។
លោក វ៉ាង វិនធាន យល់ថា ជំនួយផ្នែកយោធានេះ គឺជាវេទិកាសំខាន់សម្រាប់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងបង្កើនចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយកងទ័ពក្នុងប្រទេសអាស៊ាន។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា រូបនេះក៏ឆ្លៀតឆ្លើយឆ្លងចំពោះទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលដាក់លើរដ្ឋាភិបាលកម្ពុជាថា ជានយោបាយអំណាចកៀបសង្កត់ និងគំនិតលម្អៀង និងគ្មានអនាគត។ លោកបន្តទៀតថា នេះជាការលាបពណ៌បង្ខូចឈ្មោះនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងចិន។ លោកចោទប្រកាន់ថា ទណ្ឌកម្មនេះ ធ្វើយុត្តាធិការហួសដែនកំណត់”ផ្ដេសផ្ដាស និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
នេះមិនមែនជាលើកទី១ដែរ ប្រទេសរដ្ឋាភិបាល ឬអគ្គរដ្ឋទូតចិន បញ្ចេញប្រតិកម្មបែបនេះខណៈរដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាលលោក ហ៊ុន សែន ហើយចុងក្រោយនេះគឺការរឹតត្បិតការលក់អាវុធ និងសម្ភារៈយោធាឱ្យកម្ពុជា។
ចំណែកលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ក៏បញ្ចាឲ្យប្រមូលអាវុធ និងសម្ភារៈយោធារបស់អាមេរិកដែលមាននៅកម្ពុជាដុតកម្ទេចចោល។
ជុំវិញដំណើរវិវឌ្ឍន៍នៃបញ្ជាលោក ហ៊ុន សែន បែបនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែង ក្នុងពិធីបើកការដ្ឋានសាងសង់និងទីលានបាញ់គ្រាប់ពិត កាលពីថ្ងៃទី១៧ ធ្នូ និយាយថា ក្រសួងគ្រោងនឹងដុតកម្ទេចចោល តែអាវុធនិងសម្ភារៈយោធាអាមេរិកដែលប្រើប្រាស់លែងកើត ប៉ុន្តែរបស់ដែលប្រើបានគឺត្រូវរក្សាទុកក្នុងឃ្លាំង និងសារមន្ទីរ។ លោកឲ្យដឹងទៀតថា អាវុធ និងសម្ភារទាំងនោះត្រូវបានប្រមូលជាបណ្ដើរៗហើយ ប៉ុន្តែលោកមិនទាន់ឲ្យដឹងថា អាចនឹងត្រូវដុតពេលណានោះទេ។ លោក ទៀ បាញ់ ឲ្យដឹងទៀត កម្ពុជា មិនដែលបានទិញអាវុធពីចិននោះទេ ហើយអាវុធដែលមានសព្វថ្ងៃ គឺជាអាវុធសេសសល់ពីសង្គ្រាម៖ «យើងនឹងធ្វើការត្រួតពិនិត្យនៅពេលអនាគតចំនួនហ្នឹងយ៉ាងម៉េចអ្វីដែលយើងគួររក្សាទុកអ្វីដែលយើងឃើញថា ដល់កម្រិតមួយត្រូវបំផ្លាញចោល ឬយ៉ាងណាព្រោះរឿងអាវុធនិងគ្រឿងបំពាក់នេះបើដល់អាយុកាលរបស់វាបើចាស់ពេក ខូចខាតធ្ងន់ធ្ងរពេកយើងទុកក៏វាអន្តរាយដែរ»។
ទាក់ទងរឿងនេះអ្នកវិភាគនយោបាយបណ្ឌិត សេង សារី យល់ថា ពេលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា ប៉ុន្តែ ចិនចេញមុខមកការពារ នឹងរុញឲ្យកម្ពុជាក្លាយជាសម្ព័នមិត្តនឹងចិនកាន់តែស៊ីជម្រៅ។ ទោះយ៉ាងណាលោកថា បញ្ហានេះ បង្កគ្រោះថ្នាក់ដល់កម្ពុជា និងឈានដល់ការបែកបាក់នៅក្នុងតំបន់អាស៊ានថែមទៀតផង៖ «នៅពេលអាមេរិកដាក់ទណ្ឌកម្មប្រទេសណាមួយចិនចេញមុខមកការពារចិនកាន់តែធ្វើឲ្យស្និទ្ធស្នាលយល់ចិត្តកាន់តែខ្លាំងអ៊ីចឹងធ្វើឲ្យមានភាពបែកបាក់ក្នុងតំបន់កាន់តែធ្ងន់ធ្ងរយើងឃើញថា នៅក្នុងតំបន់អាស៊ាននេះក៏មិនតិចប្រទេសដែរដែលកំពុងមាននិន្នាការទៅចិនអ៊ីចឹងបញ្ហាដែលអាចកើតកម្ពុជានិងបណ្ដាប្រទេសប្រជាធិបតេយ្យកាន់តែឆ្ងាយ»។
ស្រដៀងគ្នានេះដែរ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី រំលឹកថា ប្រវត្តិសាស្ត្រាកម្ពុជា នៅពេលកម្ពុជាងាកទៅចិនខ្លាំងពេកបានធ្វើឲ្យកម្ពុជាផុងខ្លួននឹងសង្គ្រាម។ លោកបន្តទៀតថា ស្ថានការណ៍ពេលនេះកម្ពុជាប្រឈមនឹងជាន់ដានប្រវត្តិសាស្ត្រចាស់៖ «នៅក្នុងស្ថានភាពបែបហ្នឹងបើសិនណាជារឿងនេះកើតមានឡើងក្នុងប្រទេសនៅក្នុងតំបន់យើងវិញភស្តុតាងដែលគេសិក្សាមកហ្នឹងពេលវិបត្តិពិភពលោកចូលដល់ធ្ងន់ធ្ងរឧទាហរណ៍ថា ប្រឈមគ្នាផ្នែកអាវុធផ្សេងៗប្រទេសតូចៗមិនមានឥទ្ធិពលអ្វីក្នុងទប់ទល់ជាមួយគេទេក្រៅពីរឿងត្រូវអនុវត្តទៅតាមអ្វីដែលមហាអំណាចគេឲ្យចង់ធ្វើនេះជាទិដ្ឋភាពដែលយើងមើលឃើញពីមុននិងឥឡូវ»។
កន្លងទៅសហរដ្ឋអាមេរិកតែងរំលឹកទៅរដ្ឋាភិបាល លោក ហ៊ុន សែន ពីបញ្ហានៃព័ត៌មាននៃការដាក់មូលដ្ឋានកងទ័ពចិននៅក្នុងក្នុងមូលដ្ឋានទ័ពជើងទឹករាម ខេត្តព្រះសីហនុ តែទោះយ៉ាងភាគីកម្ពុជាតែងបដិសេធ។
ទោះបែបនេះ រដ្ឋាភិបាលលោក ហ៊ុន សែន រងការចោទប្រកាន់ថា បានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយប្រទេសចិនកុម្មុយនីស្ត ដើម្បីអនុញ្ញាតឱ្យកងទ័ពចិនបោះទីតាំងឈរជើងនៅលើទឹកដីខ្មែរ។ សារព័ត៌មានល្បីឈ្មោះរបស់សហរដ្ឋអាមេរិក The Wall Street Journal បានរាយការណ៍កាលពីខែកក្កដា ឆ្នាំ២០១៩ថា កិច្ចព្រមព្រៀងសម្ងាត់នោះបានអនុញ្ញាតឱ្យកងទ័ពចិនគ្រប់គ្រងកំពង់ផែទ័ពជើងទឹករាមផ្ដាច់មុខរហូតដល់ទៅ ៣០ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះអាចបន្តបានរៀងរាល់ ១០ឆ្នាំម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។