ចិន​បញ្ជូន​កងទ័ព​ជាង​២០០​នាក់​មក​ធ្វើ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២៣​ជាមួយ​កម្ពុជា

ចិន​បាន​បញ្ជូន​កងទ័ព​ជាង​២០០​នាក់ រួម​ទាំង​សព្វាវុធ​ធុន​ធ្ងន់ មក​ចូលរួម​ធ្វើ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២៣ ជាមួយ​កងទ័ព​កម្ពុជា ដែល​នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ​នេះ​។ អ្នកវិភាគ​ព្រួយបារម្ភ​ថា កម្ពុជា​នឹង​ពិបាក​រក្សា​បាន​អព្យាក្រឹតភាព​របស់​ខ្លួន ប្រសិន​ធ្វើ​សមយុទ្ធ​យោធា​តែ​ជាមួយ​ចិន ហើយ​បដិសេធ​សមយុទ្ធ​យោធា​ជា​ប្រទេស​លោកខាងលិច។

កម្ពុជា​-​ចិន នឹង​ចាប់​ផ្ដើម​ធ្វើ​សមយុទ្ធ​នាគមាស​ប្រចាំឆ្នាំ​ជាមួយគ្នា ដែល​ប្រព្រឹត្តទៅ​រយៈពេល​ជាង​៣​សប្ដាហ៍ ចាប់ពី​ថ្ងៃទី​២០ ខែ​មីនា រហូត​ដល់​ថ្ងៃទី​៨ ខែ​មេសា។ អ្នកជំនាញ​សាទរ​ចំពោះ​ការ​ធ្វើ​សមយុទ្ធ ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​កងទ័ព​កម្ពុជា រក្សា​សន្តិសុខ និង​ជួយ​សង្គ្រោះ​ពលរដ្ឋ​ពី​គ្រោះ​ធម្មជាតិ​ផ្សេងៗ។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​១៨ មីនា ថា ថ្វី​ត្បិត​លោក​សាទរ​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​នាគ​មាស​នេះ ប៉ុន្តែ​លោក​ក៏​មាន​ក្ដី​ព្រួយបារម្ភ​ដែរ នៅ​ពេល​សង្កេតឃើញ​កម្ពុជា មិនទាន់​អាច​ដោះស្រាយ​ជា​វិជ្ជមាន​នូវ​ភាព​រកាំរកូស​ជាមួយ​សហរដ្ឋ​អាមេរិក​ក្រោយពី​បាន​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី តាំង​ពី​ឆ្នាំ​២០១៧​មក។

លោក​បន្ត​ថា កាលណា​កម្ពុជា​ធ្វើ​សមយុទ្ធ​យោធា​តែ​ជាមួយ​ចិន ហើយ​មិន​បាន​ចាប់ផ្ដើម​ឡើងវិញ​នៃ​ការ​ធ្វើ​សមយុទ្ធ​ឆ្មាំ​អង្គរ​ជាមួយ​សហរដ្ឋអាមេរិក និង​សមយុទ្ធ​គោព្រៃ​ជាមួយ​អូស្ត្រាលី នោះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ពិបាក​រក្សា​បាន​ជំហរ​អព្យាក្រឹតភាព​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ។ លោក​បន្ថែម​ថា ប្រសិន​មានការ​វាយ​តម្លៃ​ថា កម្ពុជា​ធ្វើ​ឱ្យ​បាត់បង់​អព្យាក្រឹតភាព ឬ​មាន​វត្តមាន​យោធា​ចិន​នៅ​លើ​ទឹកដី​របស់​ខ្លួន ដូច​ការចោទប្រកាន់​ពី​សហរដ្ឋអាមេរិក និង​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត នោះ​កម្ពុជា​នឹង​ប្រឈម​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បន្ថែម​ទៀត នាំ​ឱ្យ​បាត់​ផលប្រយោជន៍​ជាតិ​ជាច្រើន ទាំង​ផ្នែក​នយោបាយ ការ​ទូត ការ​ជឿ​ទុកចិត្ត និង​ការ​បាត់​ផលប្រយោជន៍​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ដែល​ជា​ប៉ូល​សេដ្ឋកិច្ច​សំខាន់​និង​ធំ​បំផុត​សម្រាប់​កម្ពុជា។

លោក ឯម សុវណ្ណារ៉ា៖ «ប្រសិនបើ​បាត់​អព្យាក្រឹតភាព​កម្ពុជា។ យើង​បាត់​ប្រយោជន៍​ទំនាក់ទំនង​ពាណិជ្ជកម្ម បាត់​ការ​ជឿ​ទុក​ចិត្ត បាត់​ប្រយោជន៍​នៃ​ទំនាក់ទំនង​ការទូត​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​វា​ខុស​នឹង​គោលការណ៍ ដែល​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​កម្ពុជា​ថា ជា​ប្រទេស​ប្រកាន់​ជំហរ​អព្យាក្រឹត​។ អ៊ីចឹង​!វា​ខុស​គោលការណ៍​ច្បាប់​ហ្នឹង​។ អ៊ីចឹង​!វា​នឹង​ធ្វើ​ឱ្យ​ក្រុម​ប្រទេស​មាន​ឥទ្ធិពល​និង​ជា​ម្ចាស់​ហត្ថលេខី​កិច្ចព្រមព្រៀង​បារី​ស នឹង​អាច​ចាត់​វិធានការ ឬ​អន្តរាគមន៍​ក្នុង​ក្របខណ្ឌ​ណាមួយ ដែល​គេ​អាច​ធ្វើ​បាន»។

ការ​លើកឡើង​របស់​អ្នកវិភាគ​នេះ បាន​ធ្វើ​ឡើង​ខណៈ​កងទ័ព​ចិន មាន​ទាំង​ជើងគោក ជើង​ទឹក និង​ជើង​អាកាស​ជាង​២០០​នាក់ រួម​ទាំង​សម្ភារៈ​យោធា​ធុន​ធ្ងន់ បាន​ចាក​ចេញពី​កំពង់ផែ​កងទ័ព​ក្នុង​ខេត្ត​ក្វាងទុង​( Guangdon) ភាគ​អាគ្នេយ៍​ប្រទេស​ចិន​កាលពី​ថ្ងៃទី​១០​មីនា ដើម្បី​ឆ្ពោះ​កាន់​កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ​។ កងទ័ព​ចិន​ទាំងនោះ នឹង​បន្ត​ធ្វើ​ដំណើរ​ទៅ​ទីលាន​ធ្វើ​សមយុទ្ធ នៅ​ឯ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​របស់​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ ស្ថិត​ក្នុង​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ឱ្យ​បាន​មុខ​ថ្ងៃទី​២០ មីនា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ក្រសួង​ការពារជាតិ​នៃ​ប្រជាជន​ចិន កាលពី​ថ្ងៃទី​១៦ មីនា។

ការ​ចុះផ្សាយ​នេះ​បន្ត​ថា ការ​ធ្វើ​សមយុទ្ធ​នាគ​មាស​លើក​ទី​៥​នេះ មាន​កងទ័ព​ប្រទេស​ទាំងពីរ​ចូលរួម​ជាង ៣​ពាន់​នាក់ មាន​រថយន្ត​ជាង ៣០០​គ្រឿង អាវុធ​យុទ្ធភណ្ឌ ឧបករណ៍​ដោះ​មីន និង​ឧបករណ៍​ការពារ​ជំងឺ​​ឆ្លង​រាតត្បាត ហើយ​ផ្ដោត​សំខាន់​ជា​ចម្បង​លើ​ការ​ហ្វឹកហ្វឺន​ការពារ​សន្តិសុខ​នៅ​ពេល​មាន​ព្រឹត្តិការណ៍​សំខាន់ៗ ការងារ​មនុស្សធម៌ និង​ការផ្លាស់ប្ដូរ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ។ បន្ថែម​ពី​នេះ សមយុទ្ធ​នេះ ក៏​ដើម្បី​កសាង​សហគមន៍​កម្ពុជា​និង​ចិន​មួយ ដែល​មាន​អនាគត​រួមគ្នា​នៅក្នុង​យុគសម័យ​ថ្មី។

ជុំវិញ​បញ្ហា​នេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​នៅ​ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ទេ ដោយសារ​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ មិន​លើក​ទូរស័ព្ទ​ក្រោយ​ហៅ​ចូល​ជាច្រើន​ដង ខណៈ​មន្ត្រី​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​លោក ឈុំ សុជាតិ ក៏​មិនអាច​ទាក់ទង​បាន។

ទោះជា​យ៉ាងណា កន្លង​មក កម្ពុជា​បាន​អះអាង​ថា ការលុបចោល​សមយុទ្ធ​ឆ្មាំ​អង្គរ​ជាមួយ​សហរដ្ឋអាមេរិក ដោយសារ​ហេតុផល​ជាប់ដៃ​បង្ក្រាប​គ្រឿងញៀន និង​ការរៀបចំ​បោះឆ្នោត​ឃុំ​សង្កាត់ ប៉ុន្តែ​គេ​ដឹង​ថា ការលុបចោល​សមយុទ្ធ​នេះ បាន​កើតឡើង​បន្ទាប់ពី​កម្ពុជា​រង​ការរិះគន់​កាន់តែ​ខ្លាំង ថា​លម្អៀង​ងាក​ទៅ​ចិន។

កម្ពុជា​បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក កាន់តែ​មិន​ទុកចិត្ត​ខ្លាំង​ឡើង បន្ទាប់ពី​សារព័ត៌មាន​អាមេរិក​ល្បីឈ្មោះ ឌឹ វ៉រ ស្ទ្រីត ជូណល ( The Wall Street Journal) បាន​ចុះផ្សាយ​កាល​ពី​ឆ្នាំ​២០១៩​ថា កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀងសម្ងាត់​អនុញ្ញាត​ឱ្យ​យោធា​ចិន​ប្រើប្រាស់​មួយ​ផ្នែក​នៃ​មូលដ្ឋាន​ទ័ពជើងទឹក​រាម សម្រាប់​រយៈពេល​៣០​ឆ្នាំ ហើយនឹង​មាន​ការ​បន្ត​ដោយ​ស្វ័យប្រវត្តិ​រៀងរាល់​១០​ឆ្នាំ​ម្តង និង​ការ​វាយកម្ទេច​អគារ​ដែល​សាងសង់​ឡើង​ដោយ​ជំនួយ​សហរដ្ឋអាមេរិក​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជាមុន​កាល​ពី​ឆ្នាំ​២០២០ ដើម្បី​សាងសង់​អគារ​ថ្មី​ដែល​ជា​ជំនួយ​របស់​ចិន​ជំនួស​វិញ។

កាលពី​ថ្ងៃទី​១៦ មីនា លោក ហ៊ុន សែន បាន​ចេញ​មុខ​បដិសេធ​ជាថ្មី​ថា កម្ពុជា​គ្មាន​វត្តមាន​កងទ័ព​ចិន ឬ​អនុញ្ញាត​ឱ្យ​នាវា​យោធា​ចិន​ចូល​ចត​ធ្វើជា​មូលដ្ឋាន​នោះ​ទេ។ លោក ហ៊ុន សែន ក៏បាន​បង្ហាញ​ការ​ខឹង​ច្រឡោត​យ៉ាង​ខ្លាំង បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​រូបភាព​ប្រព័ន្ធ​ផ្កាយរណប​កាលពី​ចុងខែ​កុម្ភៈ ដែល​បង្ហាញ​ពី​ការសាងសង់​ពង្រីក​មូលដ្ឋាន​ទ័ព​រាម ដែល​លោក​ចាត់ទុកថា ជា​រឿង​មិន​ចាំបាច់ និង​ជា​ទង្វើ​ឆោតល្ងង់។

លោក ហ៊ុន សែន៖ «អគារ​ហ្នឹង​នឹង​ឡើង​ខ្ពស់​មែន​ហើយ ចាំបាច់​ចាំ​ផ្កាយរណប​ធ្វើ​ខ្មោច​អី​។ ល្ងង់​អី​ក៏​ល្ងង់​ម្ល៉េះ បើ​ថា​ភ្លើ​ណាស់ ខ្ញុំ​បញ្ជូន​នាយទាហាន ទៅ​បង្រៀន​អ្នកឯង ឬ​ក៏​បញ្ជូន​និស្សិត​ខ្ញុំ​ទៅ​បង្រៀន​អ្នក​ឯង មិន​បាច់​ខ្ញុំ​ទៅ​បង្រៀន​ផ្ទាល់។ ពួក​វិស្វកម្ម ពួក​សំណង់​ស៊ីវិល អាច​ទៅ​បង្រៀន​អ្នកឯង​បាន​ហើយ របៀប​ធ្វើ​(​មូលដ្ឋាន​)​យ៉ាងម៉េច វា​ដូចជា​ជ្រុល​ពេក»។

ជុំវិញ​ការ​លើកឡើង​ដោយ​ប្រើប្រាស់​ពាក្យសម្ដី​ខ្លាំងៗ​របស់​លោក ហ៊ុន សែន នេះ ក៏​ត្រូវ​បាន​អ្នកវិភាគ​យល់​ឃើញ​ថា មិនមែន​ជា​ផល​ចំណេញ​សម្រាប់​កម្ពុជា ព្រោះ​វា​មិនមែន​ជា​វិធី​រក​ច្រក​ចេញ​ទៅ​ដោះស្រាយ​ដើម្បី​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​មាន​ការ​ជឿ​ទុកចិត្ត​វិញ​នោះ​ទេ។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់ឃើញ​ថា បញ្ហា​ដ៏​សំខាន់​របស់​កម្ពុជា​នៅ​ពេល​នេះ ត្រូវ​រក​វិធី​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក តាមរយៈ​ការ​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​មាន​ទំនុកចិត្ត​ឡើងវិញ ទាំង​ផ្នែក​យោធា និង​ផ្នែក​នយោបាយ។ អ្នកវិភាគ​រូប​នេះ​ហាក់​មាន​សង្ឃឹមថា ប្រសិន​កម្ពុជា​អាច​រក​វិធី​ឈាន​ទៅ​ចាប់ផ្ដើម​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋអាមេរិក និង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​នានា ជាពិសេស​ការ​ថ្កោលទោស​លើក​ចុងក្រោយ​លើ​ការ​កាត់​ទោស​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ នោះ​នឹង​អាច​ឱ្យ​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក មាន​ទំនុកចិត្ត​លើ​ខ្លួន​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។