ចិន​ជំរុញ​ឱ្យ​កម្ពុជា​ពង្រឹង​សហគមន៍​រួមគ្នា​ជាមួយ​ចិន​កាន់តែ​ខ្លាំង​ឡើង

0:00 / 0:00

ភាគី​ប្រទេស​ចិន​ចាត់ទុក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​មិត្ត​ល្អ​របស់​ប្រជាជាតិ​ចិន ហើយ​ចិន​ក៏​ជំរុញ​ឱ្យ​មាន​ការ​កសាង​សហគមន៍​ចិន​កម្ពុជា​អនាគត​រួមគ្នា និង​បន្ត​ទំនាក់ទំនង​មិត្តភាព​ចិន​កម្ពុជា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​។ ការ​លើកឡើង​របស់​ភាគី​ចិន​បែបនេះ ស្រប​ពេល​លោក ហ៊ុន សែន គ្រោង​ទៅ​ទស្សនកិច្ច​ប្រទេស​ចិន​នៅ​ឆាប់ៗ​នេះ​។ អ្នកឃ្លាំមើល​រិះគន់​ថា គម្រោង​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​ចិន​ដើម្បី​ពង្រឹង​អំណាច ច្រើនជាង​ផលប្រយោជន៍​ជាតិ។

លោក ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន​នៅ​ថ្ងៃនេះ ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ដែកថែប​កម្ពុជា​ចិន​បន្ថែម​ទៀត​។ ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ ដែល​ចាប់ពី​ថ្ងៃទី​៩​ដល់​ថ្ងៃទី​១១​កុម្ភៈ ក្នុង​ប្រទេស​ចិន​កុម្មុយនីស្ត​នេះ គឺ​តប​នឹង​សំណើ​របស់​នាយករដ្ឋមន្ត្រី​ចិន លី ខឺឈាង (Li Keqiang)។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី ម៉ៅ នីង (Mao Ning) ប្រាប់​កាសែត​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង (Beijing) កាលពី​ថ្ងៃទី​៦ ខែ​កុម្ភៈ​ថា ការ​មក​បំពេញ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ក្នុង​ប្រទេស​ចិន​លើក​នេះ​ជា​ឱកាស​ជំរុញ​ឱ្យ​មាន​វឌ្ឍនភាព​កាន់តែ​ច្រើន​ក្នុង​ការ​កសាង​សហគមន៍​អនាគត​ចិន​កម្ពុជា​រួមគ្នា​។ លើស​ពី​នេះ អ្នកស្រី​ឱ្យ​ដឹង​ថា ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង (Xi Jinping) នឹង​ពិភាក្សា​ជាមួយ​លោក ហ៊ុន សែន ផ្លាស់ប្ដូរ​ទស្សនៈ​ស៊ីជម្រៅ​លើ​ទំនាក់ទំនង​ទ្វេ​ភាគី បញ្ហា​តំបន់ និង​អន្តរជាតិ។

ប្រភព​ដដែល​អះអាង​ថា យុទ្ធសាស្ត្រ​របស់​មេដឹកនាំ​នៃ​ប្រទេស​ចិន​កុម្មុយនីស្ត និង​មេដឹកនាំ​ឯក​បក្ស ក្នុង​ការ​កសាង​សហគមន៍​ចិន​កម្ពុជា​អនាគត​រួមគ្នា បាន​ផ្តល់​លទ្ធផល​ជា​ផ្លែផ្កា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ និង​នាំមក​នូវ​ផលប្រយោជន៍​ដល់​ប្រជាជន​ទាំងពីរ ព្រមទាំង​រួមចំណែក​សន្តិភាព វិបុលភាព​ក្នុង​តំបន់ និង​ក្រៅប្រទេស។

ទាក់ទង​នឹង​គម្រោង​ទស្សនៈ​របស់​មេដឹកនាំ​ឯក​បក្ស​ទៅ​ប្រទេស​ចិន​នេះ អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា​អះអាង​ថា លោក ហ៊ុន សែន ទៅ​ប្រទេស​ចិន​ពុំ​មាន​អ្វី​ក្រៅពី​ទៅ​បន្ត​ខ្ចីបុល​ពី​ចិន និង​បង្កើន​ទំនាក់ទំនង​ល្អ​ដើម្បី​ពង្រឹង​អំណាច​ខ្លួន​ឡើយ។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ទៅ​ប្រទេស​ចិន​នា​ពេល​ខាងមុខនេះ​អាច​មាន​ផែនការ​ពីរ​យ៉ាង នោះ​គឺ​ការ​ស្នើសុំ​ជំនួយ​តាមរយៈ​កម្ចី​បន្ថែម និង​ស្នើ​ឱ្យ​ចិន​ជួយ​គាំទ្រ​កិច្ច​ការទូត ដើម្បី​ផ្ទេរអំណាច​ឱ្យ​លោក ហ៊ុន ម៉ាណែត។ លោក​អះអាង​ទៀត​ថា ស្រប​ពេល​កម្ពុជា​បង្កើន​ទំនាក់ទំនង​ជាមួយ​ចិន​កាន់តែ​ស្អិតល្មួត លោក ហ៊ុន សែន ក៏​មិនអាច​ប្រលែង​មិត្ត​ម៉ឺន​ឆ្នាំ​គឺ​វៀតណាម​ដែល​មាន​ទំនាក់ទំនង​ស៊ីជម្រៅ​នោះ​ដែរ។

លោក គឹម សុខ ពន្យល់​ថា វៀតណាម​ទំនង​មិន​សប្បាយ​ចិត្ត​ស្រប​ពេល​ចិន​ពង្រីក​ឥទ្ធិពល និង​ចង់​បាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា ប៉ុន្តែ​លោក​ថា វៀតណាម​ក៏​មាន​មហិច្ឆតា​មក​លើ​កម្ពុជា​ផង​ដែរ។

លោក គឹម សុខ៖ «បំណង​របស់​វៀតណាម​មក​លើ​កម្ពុជា​វិញ​កាន់តែ​អាក្រក់​ជាង​ចិន​ទៅទៀត គឺ​វៀតណាម​ចង់​ត្រួតត្រា​កម្ពុជា ដើម្បី​អនុវត្ត​មហិច្ឆតា​លេប​យក​កម្ពុជា​។ អំណាច​ក្រុម​គ្រួសារ ហ៊ុន នៅ​មិនទាន់​មាន​ស្ថិរភាព​នោះ​ទេ ពីព្រោះ​វា​ហាក់ដូចជា​កំពុងតែ​ដើរ​នៅក្នុង​យុទ្ធសាស្ត្រ​មួយ​នៅ​ចន្លោះ​មាត់​ក្រពើ​វៀតណាម និង​នាគ​ចិន។ ងាក​ទៅណា​ក៏​អាច​ប៉ះ​ភ្លើង​រលាក ឬ​ត្រូវ​ភាគី​ណាមួយ​ស៊ី​ឱ្យ​ខ្ទេច​ដែរ ប្រសិនបើ​បោះ​ជំហាន​ខុស»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​អត្ថាធិប្បាយ​ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ​បាន​ទេ។

ចំណែក អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឱ្យ​ដឹង​ថា គម្រោង​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​ចិន​គឺជា​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​។ បន្ថែម​ពី​នេះ លោក សុខ ឥសាន ថា​មជ្ឈដ្ឋាន​មួយចំនួន​លើក​ឡើង​ថា លោក ហ៊ុន សែន ទៅ​ពឹងពាក់​ចិន​ឱ្យ​ជួយ​គាំទ្រ​ផែនការ​ផ្ទេរអំណាច​ឱ្យ​លោក ហ៊ុន ម៉ាណែត គឺ​ពួកគេ​មិន​យល់​ច្បាប់​កម្ពុជា។

លោក ផៃ ស៊ីផាន៖ «អ្នក​ដែល​ថា ចេះតែ​ថា អត់​ដឹង​អំពី​គោលការណ៍​លាក់ការណ៍​ផ្ទៃក្នុង​របស់​គណបក្ស​នីមួយៗ ហើយ​អត់​យល់​ពី​ច្បាប់​កម្ពុជា​ទៅទៀត។ គណបក្ស​នីមួយៗ​សុទ្ធ​តែ​មាន​សិទ្ធ​ក្នុង​ការ​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​ខ្លួន ដូច្នេះហើយ​អ្នក​ថា​ហ្នឹង​អត់​យល់​គេ​ផង ដូច្នេះ​ការ​និយាយ​ថា ស​ម្ដេច​អញ្ជើញ​ទៅ​ចិន ដើម្បី​ចេះ​ដើម្បី​ចុះ​អាហ្នឹង​គ្រាន់​ជា​ការ​ប៉ាន់ស្មាន​ទេ»។

ទោះបីជា​យ៉ាងណា អ្នកឃ្លាំមើល​លើកឡើង​ថា ប្រសិន​គ្មាន​ប្រទេស​អន្តរជាតិ​គាំទ្រ​លើ​ផែនការ​ផ្ទេរ​អំណាច លោក ហ៊ុន សែន ក៏​ទំនងជា​អាច​នឹង​ពិបាក​ក្នុង​ការ​សម្រេច​ផែនការ​ផ្ទេរអំណាច​ឱ្យ​កូនប្រុស​ច្បង​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត នា​ថ្ងៃ​អនាគត។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក គៀន ពន្លក ថ្លែង​ថា ការ​លើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ថា ចិន​និង​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ និង​សម្រេច​បាន​នូវ​ផលប្រយោជន៍​ដល់​ប្រជាជន​នោះ​មិន​ឆ្លុះបញ្ចាំង​ពី​ការ​ពិត​ទាំងស្រុង​នោះ​ទេ ខណៈ​ក្រុមហ៊ុន​ចិន​ខ្លះ​មក​វិនិយោគ​នៅ​កម្ពុជា​បាន​ជញ្ជក់​ធនធាន​ធម្មជាតិ​កម្ពុជា​ជា​បន្តបន្ទាប់​។ ក្រៅ​ពី​នេះ លោក​ព្រួយបារម្ភ​ថា បើ​កម្ពុជា​បន្ត​ទៅ​ខ្ចីបុល​ពី​ប្រទេស​ចិន និង​ប្រើ​លុយ​កម្ចី​បរទេស​នោះ​យក​មក​អភិវឌ្ឍ​ជាតិ​គ្មាន​តម្លាភាព និង​គណនេយ្យភាព នោះ​កម្ពុជា​ក៏​អាច​ជាប់អន្ទាក់​បំណុល​ចិន​វ័ណ្ឌក​ដកខ្លួន​មិន​រួច​នោះ​ដែរ។

លោក គៀន ពន្លក៖ «នៅពេល​ណាមួយ​ដែល​ប្រទេស​កម្ពុជា មិន​មាន​លទ្ធភាព​ក្នុង​ការ​សង​ទៅកាន់​ប្រទេស​ចិន​ទេ កម្ពុជា​អាច​ដូចជា​ប្រទេស​ស្រីលង្កា(Sri Lanka)ជាប់អន្ទាក់​បំណុល​ចិន​កាន់តែ​ច្រើន​ទៅៗ​ហើយ​ស្រីលង្កា​មិន​មាន​លទ្ធភាព​សង​ប្រទេស​ចិន នៅ​ពេល​នោះ​ស្រីលង្កា​កាត់​កំពង់ផែ​ឱ្យ​ប្រទេស​ចិន​គ្រប់គ្រង​។ អ៊ីចឹង​ប្រសិន​បើ កម្ចី​របស់​ចិន​នេះ ជា​កម្ចី​មួយ​ដែរ​ជា​មិត្ត​មួយ​ដែល​មិន​មាន​ភាព​ស្មោះត្រង់ ហើយ​ជាពិសេស គឺ​រដ្ឋាភិបាល​ចេះតែ​ខ្ចី​ច្រើន​ទៅៗ នៅ​ថ្ងៃ​ណាមួយ​ប្រទេស​កម្ពុជា​គឺ​នឹង​រង​គ្រោះ​ដោយសារ​ប្រទេស​ចិន»។

កាល​ពី​ខែ​មករា កន្លង​ទៅ​លោក ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា គម្រោង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​របស់​លោក​គឺ​ដើម្បី​ស្នើ​ប្រាក់កម្ចី​បន្ថែម​ពី​មិត្ត​ដែកថែប​របស់​លោក​សម្រាប់​យក​មក​កសាង​ផ្លូវ និង​ស្ពាន​នៅ​កម្ពុជា។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញ​ថា គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​ពីរ​ឆ្នាំ​២០២២ កម្ពុជា​ជំពាក់​បំណុល​បរទេស​ជិត​១​ម៉ឺន​លាន​ដុល្លារ (៩.៧៤០,៥៨​លាន​ដុល្លារ​)​។ ក្នុង​នោះ​បំណុល​រដ្ឋ​ស្ទើរតែ​ពាក់កណ្តាល គឺ​កម្ពុជា​ជំពាក់ «​មិត្ត​ដែកថែប​»​ចិន ដែល​ចំនួន​ប្រមាណ​៤​ពាន់​លាន​ដុល្លារ​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។