ទន្ទឹមនឹងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ (Pham Minh Chinh) នៅកម្ពុជានាយករដ្ឋមន្ត្រីចិនលោក លី ខឺឈាង (Li Keqiang) និងភរិយាបានធ្វើដំណើរមកដល់កម្ពុជាហើយកាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ម្សិលម៉ិញ។ នេះគឺជាដំណើរទស្សនៈកិច្ចផ្លូវការរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែវិច្ឆិកា របស់លោកដោយផ្ទាល់មកកាន់កម្ពុជាចាប់តាំងពីមានការផ្ទុះវិបត្តិជំងឺកូវីដ១៩តាំងពីដើមឆ្នាំ២០២០មក។
ក្រសួងការបរទេសកម្ពុជាឱ្យដឹងថា លោក លី ខឺឈាង នឹងជួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិងពិភាក្សាលើបញ្ហាតំបន់និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួម។លោកក៏នឹងចូលរួមចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួននិងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុដែលជាកម្ចីរបស់ចិនតម្លៃ២ពាន់លានដុល្លារក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។ លោក លី ខឺឈាង ក៏នឹងទៅធ្វើទស្សនកិច្ចនៅខេត្តសៀមរាបដើម្បីចូលរួមពិធីប្រគល់គម្រោងស្ថាបនាឡើងវិញនៃប្រាសាទតាកែវផងដែរ។ ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីចិននាពេលនេះក៏ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៥កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៥និងកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១៧ដែលនឹងប្រព្រឹត្តទៅនៅក្រុងភ្នំពេញចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។
នៅមួយថ្ងៃមុនពេលមកដល់កម្ពុជា លោក លី ខឺឈាងបានអំពាវនាវឱ្យពង្រឹងទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជាកាន់តែរឹងម៉ាំបន្ថែមទៀតនិងឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងចិនជាមួយក្រុមប្រទេសអាស៊ីបូព៌ា។
ដំណើរទស្សនកិច្ចជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រីចិនមកកម្ពុជានាពេលនេះត្រូវក្រុមអ្នកជំនាញកិច្ចការអន្តរជាតិវាយតម្លៃថាជាការព្យាយាមពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជានិងតំបន់អាស៊ានទាំងមូលស្របពេលដែលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ហើយតំបន់នេះកំពុងប្រឈមបញ្ហាប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងៗរវាងចិននិងសហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden) ក៏គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកប្រចាំឆ្នាំនិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។គេនៅមិនទាន់ដឹងនៅឡើយទេថាតើអាចនឹងជំនួបទ្វេភាគីឬជាលក្ខណៈឯកជនរវាងមេដឹកនាំកំពូលចិននិងអាមេរិកនេះនៅកម្ពុជាឬយ៉ាងណានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។