ពលរដ្ឋរស់នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ចោទអាជ្ញាធរមូលដ្ឋានស្រុកនេះថា ដើរគំរាមកំហែងពលរដ្ឋតាមផ្ទះ បង្ខំឲ្យបោះឆ្នោតជូនគណបក្សប្រជាកម្ពុជា ដើម្បីជាថ្នូរធ្វើប័ណ្ណក្រីក្រឱ្យពួកគាត់។ ចំណែកអាជ្ញាធរឃុំបានបដិសេធនឹងការចោទប្រកាន់នេះ។
ពលរដ្ឋរស់នៅភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ឱ្យដឹងថា អាជ្ញាធរឃុំអន្លង់ភេមួយចំនួន កំពុងដើរគំរាមកំហែងតាមផ្ទះប្រាប់ឱ្យពួកគាត់បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ទើបអាជ្ញាធរចែកប័ណ្ណក្រីក្រជូនពលរដ្ឋ។ អ្នកភូមិអះអាងថា អាជ្ញាធរបានធ្វើបែបនេះ ជិត ២សប្តាហ៍មកហើយ ធ្វើឱ្យពលរដ្ឋមិនសប្បាយចិត្តនិងមានការភ័យខ្លាច។
ពលរដ្ឋរស់នៅភូមិអន្លង់ភេ លោក អុក បុរី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៩ មីនាថា សមាជិកក្រុមប្រឹក្សាឃុំអន្លង់ភេ លោក អៀវ ព្រីង បានដើរគំរាមពលរដ្ឋពេញភូមិ ឱ្យចូលជាសកម្មជនគណបក្សកាន់អំណាចដោយបង្ខំឱ្យបោះឆ្នោតឱ្យគណបក្សកាន់អំណាចជាថ្នូរបានប័ណ្ណក្រីក្រ ដើម្បីសម្រាលជីវភាពប្រចាំខែ។
លោកថា ពលរដ្ឋភាគច្រើនមិនពេញចិត្តចំពោះទង្វើបែបនេះទេ ព្រោះជាការទិញទឹកចិត្តពួកគាត់ដោយខុសច្បាប់។ លោកបញ្ជាក់ថា ពលរដ្ឋក្រីក្រខ្លះ សម្រេចចិត្តធ្វើការបង្ខិតបង្ខំរបស់អាជ្ញាធរ ដោយសារតែពួកគេខ្លាចមានបញ្ហាដល់ក្រុមគ្រួសារក្រោយពេលបោះឆ្នោតរួច៖ «ពិបាកថា ដែលយើងថា ទៅថា ចេះចុះ ? បង្ខំយើងឱ្យចូលគណបក្សប្រជាជន គេដើរគំរាមមួយភូមិ ក្នុងភូមិអន្លង់ភេ»។
កាលពីចុងខែកុម្ភៈកន្លងទៅ សមាជិកក្រុមប្រឹក្សាឃុំអន្លង់ភេ លោក អៀវ ព្រីង បានចួបប្រជុំជាមួយក្រុមពលរដ្ឋជាច្រើននាក់ ដើម្បីឃោសនាឱ្យពលរដ្ឋបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។ អ្នកភូមិថា លោក អៀវ ព្រីង បានសន្យាប្រាប់ពលរដ្ឋថា បើពលរដ្ឋណាបោះឆ្នោតឱ្យគណបក្សកាន់អំណាច នឹងទទួលបានប័ណ្ណក្រីក្រ ដោយទទួលថវិកាជាចាំប្រចាំខែ ពីរដ្ឋាភិបាល។
ឆ្លើយតបរឿងនេះ សមាជិកក្រុមប្រឹក្សាឃុំអន្លង់ភេ លោក អៀវ ព្រីង ច្រានចោលការលើកឡើងនេះ ដោយលើកហេតុផលថា ជារឿងមិនពិត៖ «អូហ ! មិនមែនទេ នរណាអ្នកនិយាយ ? ខ្ញុំមិនបាននិយាយអ្វីទេ ? គេចេះតែថា ចេះតែចោទ»។
ចំណែកអភិបាលស្រុកថាឡាបរិវ៉ាត់ លោក ជា សារឿន មានប្រសាសន៍ថា លោកពុំទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ តែយ៉ាងណាលោកនឹងចាត់ឱ្យមន្ត្រីស្រុក ចុះស្រាវជ្រាវរឿងនេះ។ លោកថា ជាគោលការណ៍អាជ្ញាធរស្រុក មិនដែលណែនាំឱ្យអាជ្ញាធរឃុំធ្វើដូច្នេះទេ៖ «រឿងប័ណ្ណក្រីក្រ និងគណបក្សនយោបាយផ្សេងគ្នា។ រឿងប័ណ្ណក្រីក្រ សុទ្ធជាគោលនយោបាយ គណបក្សប្រជាជនតើ។ ពីដើមមក ដែលគេផ្តល់ប័ណ្ណក្រីក្រ គេមិនដែលធ្វើអ៊ីចឹងទេ អ្នកអត់គេដោះស្រាយហើយ គេសង្គ្រោះគេជួយ»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ប៊ី វ៉ាន់នី ចាត់ទុកទង្វើរបស់សមាជិកក្រុមប្រឹក្សាឃុំរូបនេះ ជាការរំលោភសិទ្ធិពលរដ្ឋ ផ្ទុយពីច្បាប់ និងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។ លោកជំរុញឱ្យអាជ្ញាធរខេត្តស្ទឹងត្រែង គួរចាត់វិធានការចំពោះអាជ្ញាធរមូលដ្ឋានមួយចំនួន ដែលប្រើតួនាទី និងអំណាច បំពានសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ក្នុងការបោះឆ្នោត៖ «ទៅគំរាមកំហែងពលរដ្ឋឱ្យគាំទ្រគណបក្សណាមួយ របស់គាត់វាជាការគំរាមកំហែង ឬមួយការរំលោភសិទ្ធិនយោបាយរបស់គាត់។ ធ្វើបែបហ្នឹងវាមិនបានឆ្លុះបញ្ចាំង ការបម្រើពលរដ្ឋស្របតាមគោលការណ៍ច្បាប់ទេ វាជាការរំលោភសិទ្ធិលើពលរដ្ឋ»។
កាលពីថ្ងៃទី៦ ខែមីនា គ.ជ.ប និងក្រសួងមហាផ្ទៃបានចេញ សេចក្ដីណែនាំរួមមួយផ្សព្វផ្សាយឱ្យអាជ្ញាធរមូលដ្ឋានរួមមាន មេឃុំ ចៅសង្កាត់ ជំទប់ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀន និងមេភូមិ នៅក្នុងតំណែងថា មិនឱ្យយកតួនាទី ឬប្រើឥទ្ធិពលនៃតួនាទី ធនធានថវិកា និងពេលវេលាការងារទៅប្រើប្រាស់បម្រើការងារគណបក្សនយោបាយ។ លើសពីនេះក៏មិនអាចប្រើប្រាស់ពេលវេលាការងារទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដែរ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។