ពលរដ្ឋ និង​អ្នកវិភាគ​រិះគន់​​​​លោក​ ហ៊ុន សែន​ ថា​បង្រៀន​កូន​ខ្មែរ​ឱ្យ​ដឹង​គុណ​​​វៀតណាម

ដោយ ទីន ហ្សាការីយ៉ា
2022.06.21
ពលរដ្ឋ និង​អ្នកវិភាគ​រិះគន់​​​​លោក​ ហ៊ុន សែន​ ថា​បង្រៀន​កូន​ខ្មែរ​ឱ្យ​ដឹង​គុណ​​​វៀតណាម ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញប្រារព្ធខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសម្ពោធសមិទ្ធផលនានា.
រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន

ប្រជាពលរដ្ឋ និង​អ្នក​វិភាគ​មួយ​ចំនួន​រិះគន់​លើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ថា បង្រៀន​កូន​ខ្មែរ​ឱ្យ​ដឹង​គុណ​វៀតណាម ខណៈ​វៀតណាម​តែង​តែ​ព្យាយាម​ពង្រីក​ឥទ្ធិពល​លើ​កម្ពុជា។ ពួក​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​ដែល​លោក ហ៊ុន សែន កំពុង​ដឹក​នាំ​រាល់​ថ្ងៃ​ គ្រាន់​តែ​ជា​រូប​ភាព​មួយ​ដែល​គ្រប់​គ្រង​ដោយ​វៀតណាម​ដែល​បាន​លើក​បន្តុប​ឱ្យ​លោក​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​តប​ថា ​នេះ​ជា​ការ​ដឹង​គុណ​ចំពោះ​ប្រទេស​វៀតណាម​ដែល​ធ្លាប់​ជួយ​កម្ពុជា​ឱ្យ​មាន​ជីវិត​រស់​ឡើង​វិញ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​បង្ហាញ​ការ​សោកស្ដាយ​និង​រិះ​គន់​ទៅ​លើ​លោក ហ៊ុន សែន ថា មិន​គួរ​បង្រៀន​កូន​ខ្មែរ​ឱ្យ​ដឹង​គុណ​ចំពោះ​វៀតណាម​ ពី​ការ​រំដោះ​កម្ពុជា​ពី​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​នោះ​ទេ។ ពលរដ្ឋ​ទាំង​នោះ​ថា ការ​ជួយ​របស់​វៀតណាម​នៅ​ពេល​នោះ​គ្រាន់​តែ​ជា​លេស​ដើម្បី​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ដើម្បី​លេប​ត្របាក់​យក​ប្រទេស​ទាំង​មូល​តែ​ប៉ុណ្ណោះ។

យុវជន​នៅ​ខេត្ត​បាត់ដំបង​លោក ហុល សៅ លើក​ឡើង​ថា​រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​តែ​ប្រាប់​និង​បង្រៀន​កូន​ខ្មែរ​ជំនាន់​ក្រោយ​ៗឱ្យ​ដឹង​គុណ​ចំពោះ​វៀតណាម​ ទោះ​បី​កម្ពុជា​តែងតែ​ជា​អ្នក​ខាតបង់​នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​វៀតណាម​ក្ដី។ លោក​បន្ត​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​បែប​នេះ​គ្រាន់​តែ​ដើម្បី​តប​ស្នង​នឹង​ការ​ដែល​វៀតណាម​លើក​បន្តុប​មេ​ដឹក​នាំ​រដ្ឋាភិបាល​ឯកបក្ស​ឱ្យ​បាន​ឡើង​កាន់​តំណែង​តែ​ប៉ុណ្ណោះ ៖«ការ​ចាប់​មិត្តភាព​ជា​មួយ​ខ្មែរ​ហ្នឹង ភាគ​ច្រើន​ខ្មែរ​ខាត​បង់ ខាត់​ចំពោះ​ទឹកដី​ ខាត​ទាំង​សេដ្ឋកិច្ច ខាត​ទាំង​អ្វីៗ​សព្វ​បែប​យ៉ាង។ មេ​ដឹក​នាំ​ខ្មែរ​យើង​បាន​អំណាច​តួនាទី​ដោយ​ការ​លើក​បន្តុប​រហូត​ដល់​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​សព្វ​ថ្ងៃនេះ ​គឺ​គាត់​តោង​ជើង​វៀតណាម​យ៉ាង​ខ្លាំង​ក្លា​មែន​ទែន»

ចំណែក​ព្រះ​សង្ឃ​មួយ​អង្គ​គង់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​គឺ​ព្រះ​តេជគុណ ទួន សុគុណ មាន​ថេរ​ដីកា​ថា មិន​មែន​ជា​រឿង​ចំឡែក​នោះ​ទេ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បង្រៀន​កូន​ខ្មែរ​ឱ្យ​ដឹង​គុណ​វៀតណាម​ ត្បិត​ថា​វៀតណាម​បាន​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ប្រទេស​សព្វ​ថ្ងៃ​តាំង​ពី​កម្ពុជា​ត្រូវ​បាន​រំដោះ​ពី​របប​ខ្មែរ​ក្រហម។ ព្រះ​អង្គ​បន្ត​ថា​ វៀតណាម​ជួយ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​ គឺ​គ្រាន់​តែ​ចង់​ត្រួស​ត្រាយ​ផ្លូវ​ដើម្បី​ដាក់​អាណា​និគម​សម័យ​ថ្មី​មក​លើ​កម្ពុជា​តែ​ប៉ុណ្ណោះ ៖«ព្រោះ​ថា​រដ្ឋាភិបាល​រាល់​ថ្ងៃ​ហ្នឹង​គឺ​ត្រូវ​បាន​ជ្រោមជ្រែង​លើក​បន្តុប​បណ្ដាក់​ដោយ​ប្រទេស​វៀតណាម ដូច្នេះ​ចង់​ឬ​មិន​ចង់​ស្ថិត​នៅ​ក្នុង​ការ​ជ្រោមជ្រែង ​រដ្ឋាភិបាល​ត្រូវ​តែ​សរសើរ​និង​តប​ស្នង​ចំពោះ​ប្រទេស​វៀតណាម»

ទន្ទឹម​គ្នា​នេះ​ដែរ អតីត​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន រិះ​គន់​ថា​ទំនាក់​ទំនង​វៀតណាម​ជា​មួយ​កម្ពុជា​មិន​មែន​ជា​ទំនាក់​ទំនង​មិត្ត​ភាព​នោះ​ទេ ​ដោយ​ហេតុ​ថា​វៀតណាម​តែង​ទទួល​បាន​ផល​ចំណេញ​ពី​កម្ពុជា ជា​ពិសេស​ក្នុង​បញ្ហា​ព្រំដែន។ លោក​បញ្ជាក់​ថា ​ទំនាក់​ទំនង​វៀតណាម​ជា​មួយ​កម្ពុជា​ជា​ទំនាក់​ទំនង​រវាង​កូន​ចៅនិងចៅហ្វាយនាយ ដែល​គ្មាន​តម្លៃ​អ្វី​ឱ្យ​កម្ពុជា​ត្រូវ​ដឹង​គុណ​នោះ​ឡើយ។

លោក​បន្ត​ថា​ អំឡុង​ពេល​ដែល​លោក ហ៊ុន​ សែន ទៅ​ប្រទេស​វៀតណាម​កាល​ពី​ឆ្នាំ១៩៧៦ ជា​ការ​រត់​ចោល​ស្រុក ប៉ុន្តែ​វៀតណាម​បាន​ឆ្លៀត​យក​ឱកាស​នោះ​ឱ្យ​លោក ហ៊ុន សែន វិល​មក​វិញ​ដោយ​យក​លេស​ថា​មក​រំដោះ​កម្ពុជា​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍ ៖«ការ​ចរចារ​ព្រំដែន​វៀតណាម​មាន​ប្រៀប​ជាង​កម្ពុជា វៀតណាម​ទាមទារ​ចង់​បាន​កន្លែង​ណា​គឺ​ឱ្យ​កន្លែង​ហ្នឹង​ វៀតណាម​ទាមទារ​ឱ្យ​ប្រើ​សន្ធិ​សញ្ញា​ឆ្នាំ១៩៨៥ សម័យ​យួន​គ្រប់​គ្រង​ក៏​ប្រើ​អាហ្នឹង​ទៅ។ លោក ហ៊ុន សែន មិន​មែន​ជា​មេ​ដឹក​នាំ​ដែល​មាន​គម្រូ​ល្អ​សម្រាប់​យុវជន​នោះ​ទេ​ ព្រោះ​គាត់​តែងតែ​បង្រៀន​ឱ្យ​កូន​ខ្មែរ​ដឹង​គុណ​យួន​មិន​ចេះ​ចប់​អ៊​ចឹង​ ព្រោះ​បើ​កាល​ណា​យើង​យក​គាត់​ជា​មេ​ដឹក​នាំ​ដែល​មាន​គំរូ​ល្អ​វា​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​យើង​កាន់​តែ​បាត់​បង់​ទឹក​ដី​បន្ថែម​ទៀត​ទៅ​ឱ្យ​ប្រទេស​វៀតណាម»

ប្រតិកម្ម​របស់​ប្រជា​ពលរដ្ឋ ព្រះសង្ឃ និង មន្ត្រី​បក្ស​ប្រឆាំង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន លើក​ឡើង​ពី​ការ​ដឹង​គុណ​យ៉ាង​មុត​មាំ​របស់​លោក​ទៅ​លើ​ប្រទេស​វៀតណាម ។ លោក ហ៊ុន សែន​ថា បាយ​មួយ​ពេល​ដែល​វៀតណាម​ឱ្យ​លោក​បរិភោគ​នៅ​ពេល​នោះ​មាន​តម្លៃ​ជាង​អង្ករ​ដែល​កម្ពុជា​នៅ​សល់​រាប់​លាន​តោន​ទៅ​ទៀត។

លោក​ថ្លែង​ដូច្នេះ​ ក្នុង​ឱយកាសប្រារព្ធខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និង​សម្ពោធ​សមិទ្ធផល​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​កោះ​ថ្ម X16ស្ថិត​នៅ​ភូមិ​កោះ​ថ្ម ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ កាល​ពី​ព្រឹក​ថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ២០២២ ៖ «ខ្ញុំ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ជា​មួយ​នឹង​ការ​រំលឹក​ពី​ប្រវត្តិ​សាស្ត្រ​ដែល​បាន​ចង​ភ្ជាប់​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ​ (វៀតណាម) មុន​ពេល​ពិធី​ចាប់​ផ្ដើម​ខ្ញុំ​បាន​ឆ្លង​ទៅ​ជួប​ប្រជាជន​វៀតណាម​ ខ្ញុំ​អរគុណ​ពួក​គាត់​ដែល​បាន​ជួយ​យក​អាសា​ជីវិត​ខ្ញុំ​កាល​ពី​ពេល​នោះ។ បាយ​ដែល​ខ្ញុំ​បាន​ទទួល​ទាន​នៅ​ពេល​នោះ​មាន​តម្លៃ​ច្រើន​ជាង​អង្ករ​រាប់​រយ​រាប់​ពាន់​រាប់​លាន​តោន​នៅ​ពេល​នេះ​។ ជោគជ័យ​នៃ​ការ​កាត់​ទោស​ខ្មែរ​ក្រហម​គឺ​ជា​ផ្ដល់​យុត្តិធម៌​នៃ​កម្លាំង​តស៊ូ​របស់​កម្ពុជា​ដោយ​មាន​ការ​គាំទ្រ​ពី​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម»

ទាក់​ទិន​នឹង​បញ្ហា​នេះ ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់​វិទ្យុអាស៊ីសេរី ​ថា កម្ពុជា​ប្រារព្ធ​ទិវា​ការ​ចង​ចាំ គឺ​ជា​ការ​ដឹង​គុណ​របស់​កម្ពុជា​ចំពោះ​វៀតណាម​ និង​ជា​ការ​គួរ​សម​នៅ​ក្នុង​ទំនាក់​ទំនង​ប្រទេស​ជិត​ខាង។ លោក​បន្ត​ថា​ អ្នក​វិភាគ​និង​អ្នក​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​គួរ​ស្វែង​យល់​ពី​ការ​ធ្វើ​សហ​ប្រតិបត្តិការ​និង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មុន​នឹង​ធ្វើ​ការ​រិះគន់​ ៖«វា​គ្រាន់​តែ​ជា​ការ​ដឹង​គុណ​និង​ជា​ការ​គួរ​សម។ បើ​គេ​ឱ្យ​បាយ​យើង​មិន​ដឹង​គុណ​គេ​ទេ​?ប្រទេស​យើង​ឈរ​នៅ​លើ​គោល​ជំហរ​អ្នក​ជិត​ខាង​ល្អ​និង​សន្តិភាព​។ សុំ​ឱ្យ​អ្នក​វិភាគ​ហ្នឹង​ឱ្យ​ស្វែង​យល់​ពី​ពាក្យ​ថា​ទំនាក់​ទំនង​អន្តរជាតិ​រវាង​អ្នក​ជិត​ខាង​ល្អ​និង​សន្តិភាព​សហប្រតិបត្តិការ​ កាល​ណា​គាត់​ស្វែង​យល់​ពាក្យ​ពីរ​ម៉ាត់​ហ្នឹង​គាត់​យល់​ហើយ​ពី​ការ​ប្រើ​ពាក្យ​គន្លឹះ​របស់​ថ្នាក់​ដឹកនាំ»

ទោះ​យ៉ាង​ណា អ្នក​វិភាគ​និង​ប្រជាពលរដ្ឋ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​កម្ពុជា​នៅ​ក្នុង​ទំនាក់ទំនង​ជា​មួយ​វៀតណាម ព្រោះ​ថា​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ កម្ពុជា​ប្រៀប​ដូច​ជា​ចៀម​ដែល​វៀតណាម​តែង​រង់​ចាំ​លេប​ត្របាក់​គ្រប់​ពេល​វេលា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។