"មន្ត្រីរាជការតាមក្រសួងស្ថាប័នរដ្ឋនឹងត្រូវអស់ក្របខណ្ឌ បើមិនគាំទ្រគណបក្សកាន់អំណាច"
2023.06.13
គណបក្សប្រជាជនកម្ពុជាបានបង្កើតក្រុមការងារប្រចាំនៅគ្រប់ក្រសួងស្ថាប័ន ដើម្បីគាបសង្កត់លើមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឱ្យគាំទ្រគណបក្សរបស់ខ្លួន និងសម្រាប់កម្ចាត់មន្ត្រីរាជការណាដែលគាំទ្រគណបក្សប្រឆាំង។ អ្នកវិភាគលើកឡើងថា ការប្រើប្រាស់មន្ត្រីរាជការនិងកងកម្លាំងជាឧបករណ៍ដាច់ថ្លៃសម្រាប់បក្សកាន់អំណាច គឺមានប្រើតែនៅក្នុងរបបផ្ដាច់ការប៉ុណ្ណោះ។
មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងគ្រូបង្រៀន នៅតែរងការបង្ខិតបង្ខំឱ្យចុះចូលក្លាយជាសមាជិកគណបក្សប្រជាជនកម្ពុជា និងស្ថិតក្រោមការគាបសង្កត់ឱ្យបង្ហាញវត្តមានគ្រប់កម្មវិធីជួបជុំរបស់គណបក្ស ជាពិសេសកម្មវិធីដែលគេរៀបចំឡើងសម្រាប់ការជួបជុំជាមួយលោក ហ៊ុន សែន និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដើម្បីបញ្ជាក់ថា ឪកូនត្រកូល«ហ៊ុន»នេះមានពលរដ្ឋស្រលាញ់គាំទ្រច្រើន។
មន្ត្រីធ្លាប់បម្រើការនៅសាលាខេត្តកណ្ដាលលោក ផុន សុភា ប្រាប់អាស៊ីសេរី នៅថ្ងៃទី១២ មិថុនាថា វាជារឿងទូទៅសម្រាប់មន្ត្រីរាជការ ដែលរងសម្ពាធឱ្យចុះចូល និងចូលរួមធ្វើសកម្មភាពគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយប្រសិនបើមន្ត្រីណាបដិសេធ នឹងត្រូវបានថ្នាក់ដឹកនាំរើសអើង និងចោទប្រកាន់ថា ជាក្រុមអ្នកប្រឆាំង ដែលនឹងមិនទទួលបានការយកចិត្តទុកដាក់ដំឡើងតំណែងតួនាទីឡើយ ផ្ទុយទៅវិញនឹងត្រូវដកបញ្ឈរជើងចោលតែម្ដង។ លើសពីនេះ មន្ត្រីរាជការណាដែលហ៊ានបញ្ចេញសកម្មភាពចំហ គាំទ្រគណបក្សក្រៅរដ្ឋាភិបាល នឹងត្រូវបានគេប្រើលេសបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង។
លោក ផុន សុភា៖ «មន្ត្រីរាជការណា ដែលមានលក្ខណៈឯករាជ្យ ឬហ៊ាននិយាយការពិតអីហ្នឹង គេនឹងដកបញ្ឈរជើង ហើយប្រសិនបើចេញមុខប្រឆាំងដូចខ្ញុំតែម្ដង ឬហ៊ានធ្វើសកម្មភាពនយោបាយតែម្ដង គេនឹងរកលេសបញ្ឈប់ក្របខ័ណ្ឌ ឬធ្វើទុក្ខបុកម្នេញផ្សេងៗ តែប្រសិនបើរកឃើញយើងមិនមានកំហុសទេ គេបញ្ឈប់ទាំងកម្រោលតែម្ដង ហើយយើងមិនអាចតវ៉ាបានទេ
លោក ផុន សុភា បន្តថា លោកតែងឭការត្អូញត្អែរពីក្រុមមន្ត្រីធ្វើការជាមួយគ្នា ដោយសារពួកគេត្រូវបង្ខំឱ្យចុះទៅធ្វើការងារ នៅតាមមូលដ្ឋានបម្រើបក្ស នៅថ្ងៃសៅរ៍ និងអាទិត្យ ដែលមន្ត្រីរាជការត្រូវឈប់នៅជាមួយប្រពន្ធកូន។ លោកបន្ថែមថា មន្ត្រីភាគច្រើននៅតាមក្រសួងស្ថាប័ន ក៏ត្រូវបានថ្នាក់លើបង្ខំឱ្យបំពេញការងារក្នុងម៉ោងរដ្ឋបាល លម្អៀងទៅបក្សកាន់អំណាច ដែលខុសពីច្បាប់ដែលតម្រូវឱ្យបំពេញការងារដោយឯករាជ្យ។ លើសពីនេះ ពួកគេក៏មានកាតព្វកិច្ចបង់លុយចូលបក្សជាប្រចាំខែ ក្នុងនាមជាសមាជិកភាពរបស់គណបក្ស។
លោក ផុន សុភា ដែលមានតួនាទីលេខាបក្សភ្លើងទៀនខេត្តកណ្ដាល ត្រូវបានអភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ លុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលស្ងាត់ៗ កាលពីខែមេសាកន្លងទៅ ដោយសារលោកធ្វើសកម្មភាពបើកចំហគាំទ្រគណបក្សប្រឆាំង។
លោក ផុន សុភា ក៏មិនខុសពីមន្ត្រីនិងសកម្មជនគណបក្សភ្លើងទៀនជាច្រើនរូបទៀត ដែលត្រូវបានថ្នាក់ដឹកនាំអង្គភាពរបស់ខ្លួន លុបឈ្មោះចេញពីក្របខ័ណ្ឌទាំងដែលពួកគេមិនបានប្រព្រឹត្តខុស ជាពិសេសការលុបក្របខ័ណ្ឌទាំងនោះធ្វើឡើងខុសពីច្បាប់ទម្លាប់ទៅទៀត។ នីតិវិធីគ្រប់គ្រងមន្ត្រីរាជការបញ្ជាក់ថា មុនការលុបឈ្មោះមន្ត្រីចេញពីក្របខ័ណ្ឌ ត្រូវឆ្លងកាត់ការហៅទៅសួរនាំដើម្បីព្រមានផ្ទាល់មាត់ជាមុន ហើយប្រសិនបើមិនកែប្រែ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងចុងក្រោយ ត្រូវបង្កើតគណៈកម្មការវិន័យដើម្បីសួរដេញដោល។
លោក ស៊ិន វត្ថា គ្រូបង្រៀននៅវិទ្យាល័យសិរីសោភ័ណ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក៏ត្រូវបានរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការឈប់ឱ្យបង្រៀនដែរ កាលពីថ្ងៃទី៨ មិថុនា ដោយសារជាមន្ត្រីគណបក្សភ្លើងទៀន។ ការលុបឈ្មោះចេញពីក្របខ័ណ្ឌនេះ ដោយសារលោក ស៊ិន វត្ថា មានតួនាទីជាប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តបន្ទាយមានជ័យ បានបដិសេធការអូសទាញឱ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលគេសន្យាផ្ដល់តួនាទីខ្ពស់ជាងារឯកឧត្ដម។
លោក ស៊ិន វត្ថា អះអាងថា លោកមិនដែលយកពេលវេលាបង្រៀនក្នុងម៉ោងរដ្ឋបាលមន្ត្រីរាជការ ទៅធ្វើសកម្មភាពបម្រើឱ្យគណបក្សប្រឆាំងឡើយ។ លោកបន្តថា ក្នុងនាមជាពលរដ្ឋខ្មែរ លោកមានសិទ្ធិសេរីភាព សម្រាប់ជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត ជារឿងត្រឹមត្រូវនៅក្នុងសង្គមប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងជាសិទ្ធិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។
លោក ស៊ិន វត្ថា៖ «លោកនាយកសាលាវិទ្យាល័យសិរីសោភ័ណ និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានបង្ខំចិត្តសុំជួបខ្ញុំបាទ ជាលក្ខណៈឯកជន ឱ្យខ្ញុំបោះបង់ការដឹកនាំគណបក្សភ្លើងទៀន ខេត្តបន្ទាយមានជ័យ ហើយបែរជាមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានឋានៈជាឯកឧត្ដម។ ប៉ុន្តែរូបខ្ញុំបានបដិសេធមិនយល់ស្រប ដោយគ្រាន់តែសុំធ្វើជាគ្រូបង្រៀនធម្មតាម្នាក់»។
ស្របពេលមានការលុបឈ្មោះមន្ត្រីរាជការ ដែលមានជំហរគាំទ្រគណបក្សប្រឆាំងជាបន្តបន្ទាប់ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំនៅតាមក្រសួងស្ថាប័ន បានប្រកាសធ្វើពិធីជួបជុំជាមួយមន្ត្រីរាជការនៅតាមក្រសួងស្ថាប័នរបស់ខ្លួន ដើម្បីពង្រឹងកម្លាំងគាំទ្របក្សកាន់អំណាច ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា ខាងមុខនេះ កាន់តែកៀកមកដល់។ ជាក់ស្ដែង គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី៨ មិថុនា បានចេញលិខិតឱ្យមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួង ត្រូវចូលរួមកម្មវិធីសំណេះសំណាលសមាជិកសមាជិកាគណបក្សប្រចាំក្រសួង ដែលធ្វើឡើងនៅកោះពេជ្រ នៅថ្ងៃទី១៥ មិថុនា និងដែលមានការអញ្ជើញជាអធិបតីពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយបន្ថែមពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានទេ នៅថ្ងៃទី១២ មិថុនា នេះ។ ប៉ុន្តែអ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងថា មានតែសង្គមផ្ដាច់ការប៉ុណ្ណោះ ដែលមន្ត្រីរាជការ ត្រូវបានគេប្រើប្រាស់ជាឧបករណ៍ផ្ដាច់មុខសម្រាប់គណបក្សកាន់អំណាច។
លោក គឹម សុខ៖ «មានតែប្រព័ន្ធកុម្មុយនិស្តប្លន់អំណាចផ្ដាច់ការទេ ដែលគំរាមមន្ត្រីរាជការឱ្យធ្វើជាប្រយោជន៍គ្រប់យ៉ាង ដល់គណបក្សកាន់អំណាច ពីព្រោះពួកកុម្មុយនិស្ត ចាត់ទុកមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាឧបករណ៍ដាច់ថ្លៃ របស់គណបក្សកាន់អំណាច ដែលត្រូវតែគាំទ្របក្ស ហើយនឹងបម្រើបក្សដាច់ខាត។ ពួកកុម្មុយនិស្ត មិនចាត់ទុកមន្ត្រីរាជការ ជាអ្នកបម្រើជាតិ បម្រើប្រជាពលរដ្ឋ ហើយមានសិទ្ធិសម្រេច ដូចនៅក្នុងសង្គមប្រជាធិបតេយ្យនោះទេ»។
ក្រៅពីការលុបឈ្មោះចេញពីក្របខ័ណ្ឌ ក៏មានមន្ត្រីក្របខ័ណ្ឌរាជការដែលគាំទ្រគណបក្សភ្លើងទៀនជាច្រើនរូបផ្សេងទៀត ត្រូវបានអាជ្ញាធររដ្ឋាភិបាល ចាប់ចងដាក់ពន្ធនាគារ ដោយសារពាក់ព័ន្ធរឿងនយោបាយ ហើយអ្នកខ្លះបានបង្ខំចិត្តប្រកាសសុំចុះចូលបក្សកាន់អំណាច ដើម្បីទទួលបានក្របខ័ណ្ឌមកវិញ។ រដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ចងក្រុមមន្ត្រីគណបក្សប្រឆាំងទាំងនោះ ដោយសារតែពួកគេ គ្រាន់តែប្រើប្រាស់សិទ្ធិសេរីភាពស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ ដើម្បីចូលរួមធ្វើនយោបាយ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ប៉ុន្តែបែរជាជាប់ពន្ធនាគារបែកបាក់ប្រពន្ធកូនរាប់ឆ្នាំ មានវាសនាខុសស្រឡះពីឧក្រិដ្ឋជនសម្លាប់មនុស្ស និងជួញដូរគ្រឿងញៀនមួយចំនួន ដែលជាមន្ត្រី និងជាអ្នកបម្រើឱ្យគណបក្សប្រជាជនកម្ពុជា ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងឱ្យមានសេរីភាពវិញមុនកាលកំណត់ ក្នុងនោះមានអតីតអភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ ឧកញ៉ា គិត ធាន និងឧកញ៉ា ថោង សារ៉ាត់ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។