មន្ត្រីសង្គមស៊ីវិលនិងមន្ត្រីបក្សភ្លើងទៀនរិះគន់មន្រ្តីរាជការមួយចំនួនថា ចុះឃោសនារកសំឡេងឆ្នោតឱ្យគណបក្សកាន់អំណាចក្នុងម៉ោងការងារថា ជាទង្វើខុសច្បាប់។ មន្រ្តីអ្នកនាំពាក្យបក្សកាន់អំណាចតបថា ការចុះឃោសនារកសំឡេងឆ្នោតនេះមិនខុសច្បាប់នោះទេ ព្រោះមន្រ្តីរាជការក៏ជាពលរដ្ឋ ហើយអាចសុំព្យួរការងារដើម្បីចុះធ្វើឃោសនាឱ្យគណបក្សនយោបាយផ្សេងៗបាននៅពេលជិតការបោះឆ្នោត។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជាច្រើនថ្ងៃកន្លងមកនេះមានគណបក្សនយោបាយនានាបានចូលរួមឃោសនាយ៉ាងសកម្មដើម្បីផ្ញើសារទៅកាន់អ្នកគាំទ្ររបស់ខ្លួនឱ្យត្រៀមបោះឆ្នោតឃុំ-សង្កាត់ពេលខាងមុខ។ មន្ត្រីសង្គមស៊ីវិល និង មន្ត្រីគណបក្សភ្លើងទៀនមើលឃើញថាមានមន្រ្តីរាជការមួយចំនួនបានលួចយកម៉ោងការងាររដ្ឋចុះឃោសនាឱ្យគណបក្សកាន់អំណាចថាជារឿងខុសច្បាប់។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ ខែឧសភា ថា មន្រ្តីរាជការនៅម៉ោងធ្វើការចុះឃោសនារកសំឡេងឆ្នោតឱ្យគណបក្សនយោបាយជាទង្វើខុសច្បាប់ហើយគណៈកម្មការជាតិរៀបចំការបោះឆ្នោតត្រូវតែពិនិត្យឡើងវិញ។លោកបន្តថាមន្រ្តីរាជការអាចចូលរួមសកម្មភាពបក្សនយោបាយបានចំពោះតែក្រៅម៉ោងការងារប៉ុណ្ណោះ៖ «ជារូមកាលណាយើងលួចម៉ោង ពេលវេលាធ្វើការផ្លូវ ទៅធ្វើការបក្សអាហ្នឹងខុសហើយ គឺខុសច្បាប់ការងារ ខុសក្រមសីលធម៌ ខាតបង់ប្រយោជន៍ជាតិច្រើនណាស់ ព្រោះឥឡូវនឹងតាមការសិក្សា តាមរបាយការណ៍ផ្សេងៗ គឺពលរដ្ឋនៅការព្រួយបារម្ភច្រើន ពីកម្សោយភាពសេវាសាធារណៈការផ្ដល់សេវាជូនពលរដ្ឋនៅមិនទាន់មានប្រសិទ្ធភាព មានភាពមិនប្រក្រតី ការព្រឹត្តអំពើពុករលួយ ការស៊ីសំណួកសូកប៉ាន់ច្រើនពលរដ្ឋ មិនពេញចិត្តការផ្ដល់សេវាគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិច្រើន » ។
លោកបន្តថា សកម្មភាពនៃការចូលរួមឃោសនារកសំឡេងឆ្នោតឱ្យបក្សកាន់អំណាចរបស់មន្រ្តីរាជការ គឺតែងតែកើតមានជាហូរហែនៅពេលដល់រដូវកាលបោះឆ្នោតម្ដងៗ។ លោកបន្ថែមថាការលួចម៉ោងការងារបែបនេះធ្វើឱ្យខាតបង់ថវិកាជាតិកាន់តែច្រើនព្រោះជាពេលវេលាដែលត្រូវបម្រើសេវាសាធារណៈជូនពលរដ្ឋ។លោកអះអាងថាការធ្វើបែបនេះជារឿងមិនត្រឹមត្រូវឡើយខណៈដែលប្រាក់ខែរបស់មន្រ្តីរាជការទាំងនោះកើតចេញពីការបង់ពន្ធរបស់ពលរដ្ឋ។
អនុប្រធានបក្សភ្លើងទៀនលោក ស៊ុន ឆ័យ ប្រាប់វិទ្យុអាសេរីថា សកម្មភាពមន្រ្តីរាជការចុះឃោសនារកសំឡេងឆ្នោតឱ្យបក្សកាន់អំណាចក្នុងម៉ោងការងារនេះបានកើតឡើងនៅគ្រប់ខេត្តរាជធានីប៉ុន្តែពុំមានអាជ្ញាធរណាចាត់វិធានការនោះទេ៖ «ដូច្នេះខ្ញុំគិតថា វាចាំបាច់ត្រូវតែមានវិធានការ ដើម្បីមន្រ្តីទាំងនោះនៅធ្វើការពេលម៉ោងធ្វើការ ។ តាមច្បាប់មន្រ្តីមានសិទ្ធិចូលរួមគណបក្សនយោបាយនៅក្រៅម៉ោងធ្វើការ ប៉ុន្តែពេលម៉ោងធ្វើការមិនអាចធ្វើការបម្រើបក្សក្នុងការឃោសនាទេ ព្រោះចុះសេវាទាំងឡាយដែលអ្នកទាំងនោះត្រូវផ្ដល់ឱ្យពលរដ្ឋ ពេលម៉ោងធ្វើការនឹង ថាតើឱ្យពលរដ្ឋទៅពឹងមន្រ្តីណាមកធ្វើការផ្ដល់សេវាឱ្យគាត់ ។ អ៊ីចឹង វាជារឿងខុសច្បាប់ធ្ងន់ធ្ងរដែលត្រូវឱ្យមានវិធានការទប់ស្កាត់ទង្វើទាំងនេះ » ។
លោកបន្តថា បើសិនជាសកម្មភាពចុះឃោសនារកសំឡេងឆ្នោតនេះកើតលើមន្រីរាជការដែលគាំទ្របក្សក្រៅរដ្ឋាភិបាល គឺប្រាកដណាស់ គ.ជ.ប. និងគណបក្សកាន់អំណាចនឹងចាត់វិធានការមិនខានប៉ុន្តែសម្រាប់បក្សប្រជាជនបែរជារឿងត្រឹមត្រូវដែលអនុវត្តច្បាប់លំអៀងទៅរកបក្សកាន់អំណាច។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលនិងគណបក្សភ្លើងទៀននេះធ្វើឡើងក្រោយពីពួកគេសង្កេតឃើញថា អំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនេះ មានមន្ត្រីរាជការជាច្រើននាក់នៅគ្រប់ខេត្តរាជធានី ចុះជួបប្រជាពលរដ្ឋតាមផ្ទះរកសំឡេងឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។
ទាក់ទងនឹងបបញ្ហានេះ អ្នកនាំពាក្យបក្សប្រជាជនកម្ពុជាលោក សុខ ឥសានប្រាប់វិទ្យុអាស៊ីសេរី ថា មន្រ្តីរាជការដែលចុះឃោសនារកសំឡេងឆ្នោតនោះមិនមានអ្វីដែលខុសច្បាប់នោះទេព្រោះពួកគេក៏ជាពលរដ្ឋដែរ។ លោកបញ្ជាក់ថា ដូច្នេះពួកគេអាចព្យួរការងារដើម្បីទៅជួយរកសំឡេងឆ្នោតឱ្យបក្សកាន់អំណាចបាន៖ «មន្រ្តីរាជការក៏ជាពលរដ្ឋដែរ គាត់មានសិទ្ធិនយោបាយដូចគេដូចឯងអ៊ីចឹង។ ទី២ច្បាប់ហាមឃាត់គាត់មិនឱ្យស្លៀកពាក់ជាអង្គភាព ជាប្រដាប់អាវុធ ឬមួយសម្ភារៈរដ្ឋមកប្រើប្រាស់ ។ ក៏ប៉ុន្តែនៅក្នុងរយៈពេលយុទ្ធនាការបោះឆ្នោត គេសុំព្យួរការងារ ។ អ៊ីចឹងគេទៅជាពលរដ្ឋធម្មតាហើយ គេសុំព្យួរការងារមានច្បាប់ទម្លាប់ត្រឹមត្រូវ» ។
ច្បាប់ស្ដីពីការបោះឆ្នោតមាត្រា៧៣ចែងថាមន្រ្តីរាជការទាំងអស់អាចចូលរួមកិច្ចការងារបក្សនយោបាយឬចុះឃោសនាគណបក្សនយោបាយបានចំពោះតែក្រៅម៉ោងធ្វើការប៉ុណ្ណោះចំណែកកំឡុងពេលម៉ោងធ្វើការមិនបានអនុញ្ញាតនោះទេ។ ប្រជាពលរដ្ឋសង្កេតឃើញថាមានមន្រ្តីរាជការមួយចំនួនបានយកឡានដែលមានផ្លាកលេខរដ្ឋទៅប្រើប្រាស់សម្រាប់ឃោសនាឱ្យបក្សកាន់អំណាចជាហូរហែរទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។