សង្គម​ស៊ីវិល និង​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ថា ការ​ឈប់​វប្បធម៌​លាប​ពណ៌​គ្នា ត្រូវ​ផ្ដើម​ចេញ​ពី​ថ្នាក់​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ជា​មុន

ដោយ សេក បណ្ឌិត
2019-04-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ។
រូប៖ ហ្វេសប៊ុក General TEA Banh

ប្រមុខ​ការពារ​ជាតិ​របប​ក្រុង​ភ្នំពេញ ទទួល​ស្គាល់​ថា វប្បធម៌​លាប​ពណ៌​គ្នា គឺ​ជា​មូល​ហេតុ​សំខាន់​ដែល​នាំ​ឱ្យ​កើត​មាន​សង្គ្រាម​នៅ​កម្ពុជា ក៏​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា ក្រុម​ណា​មួយ​ជា​អ្នក​ផ្ដើម​លាប​ពណ៌​ឲ្យ​គ្នា​នោះ​ទេ។ ទោះ​យ៉ាង​នេះ​ក្តី កន្លង​មក ថ្នាក់​ដឹកនាំ និង​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បាន​ចោទ​ដោយ​ត្រង់ៗ ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ជា​ក្រុម​ប្រឆាំង​រដ្ឋាភិបាល និង​គាំទ្រ​គណបក្ស​ សង្គ្រោះ​ជាតិ ហើយ​ចោទ​គណបក្ស​នេះ​ថា មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់ តាម​រយៈ​ការ​បង្កើត​ផែន​ការ​បដិវត្តន៍​ពណ៌​ជា​ដើម។ អ្នក​គាំទ្រ​​គណបក្ស​ សង្គ្រោះ​ជាតិ​ ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ការ​លាប​ពណ៌​លើ​គណបក្ស​ប្រឆាំង​តទៅទៀត និង​ព្យាយាម​រក​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ។

ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ថ្លែង​ក្នុង​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី២៤ មេសា​ថា ការ​លាប​ពណ៌​គ្នា​ គឺ​ជា​មូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ប្រជាជាតិ​ខ្មែរ​ស្អប់​គ្នា និង​យក​គ្នា​ជា​សត្រូវ រហូត​ឈាន​ដល់​ការ​ធ្វើ​សង្គ្រាម​ហែក​ហួរ​គ្នា​ទៅវិញ​ទៅមក។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​គួរ​តែ​ស្វែង​យល់​អំពី​រូបភាព និង​ផល​វិបាក​នៃ​ការ​លាប​ពណ៌​គ្នា​នេះ ហើយ​លោក​ក៏​ស្នើ​ឱ្យ​មាន​ការ​រួម​គ្នា​ទប់​ស្កាត់​បញ្ហា​នេះ​ផង​ដែរ។

នេះ​ជា​សារ​ដ៏​កម្រ​មួយ​របស់​មន្ត្រី​ថ្នាក់​កំពូល​នៃ​របប​ក្រុង​ភ្នំពេញ​ ខណៈ​របប​នេះ​បាន​រង​ការ​រិះគន់​ជា​ហូរហែ​អំពី​ការ​បង្កើត​ពាក្យ​ “បដិវត្តន៍​ពណ៌” និង​យក​ពាក្យ​នេះ​ទៅ​ប្រើ​ជា​ដើម​ទុន ​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បំបិទ​សំឡេង​រិះគន់​ ដើម្បី​ក្រសោប​យក​អំណាច​តែម្នាក់​ឯង។

អតីត​ចៅ​សង្កាត់​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​នគរ​ធំ ក្រុង​សៀមរាប លោក សៀក ចំណាប់ ថ្លែង​សាទរ ចំពោះ​ការ​លើក​ឡើង​របស់​លោក ទៀ បាញ់ នេះ ព្រោះ​លោក​មើល​ឃើញ​ថា វប្បធម៌​លាប​ពណ៌​គ្នា​ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​រងគ្រោះ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។ លោក​ថា ក្នុង​សម័យ​ខ្មែរ​ក្រហម ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ត្រូវ​បាត់​បង់​ជីវិត គឺ​ដោយ​សារ​តែ​ការ​លាប​ពណ៌ ឬ​ចោទ​ប្រកាន់​ថា ជា​ខ្មាំង ឬ​ជា​ខ្ញុំ​បម្រើ​បរទេស។ ចំណែក​នៅ​ពេល​នេះ​វិញ លោក​ថា ពលរដ្ឋ​ខ្មែរ ដែល​មិន​គាំទ្រ​របៀប​ដឹក​នាំ​របស់​រដ្ឋាភិបាល ត្រូវ​បាន​ចោទ​ថា ជា​ក្រុម​អ្នក​ប្រឆាំង ឬ​ជា​អ្នក​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​​ផ្ដួល​រំលំ​រដ្ឋាភិបាល។

លោក​ថា ពលរដ្ឋ និង​​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់​ បាន​រង​ការ​គំរាម​កំហែង ចាប់​ដាក់​ពន្ធនាគារ និង​រស់​នៅ​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ព្រោះតែ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​នេះ។ ដូច្នេះ​លោក​ស្នើ​ឱ្យ​ថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ បញ្ឈប់​ការ​​លាប​ពណ៌​លើ​​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ងាក​មក​ដោះ​ស្រាយ​បញ្ហា​ជាតិ​រួម​គ្នា​វិញ៖ «ចំពោះ​បដិវត្តន៍​ពណ៌ ឬក៏​ជា​ខ្មាំង​ហ្នឹង គឺជា​ការ​លាប​ពណ៌ អ៊ីចឹង​ហើយ​ប្រសិន​បើ​លោក​ ទៀ បាញ់ គាត់​​មាន​បំណង​ មាន​ចេតនា​ចង់​ឱ្យ​ឈប់​រើស​អើង ឬក៏​បញ្ចប់​វប្បធម៌​លាប​ពណ៌ ខ្ញុំ​យល់​ថា គួរ​តែ​បញ្ឈប់​ពី​បក្ស​កាន់​អំណាច​មុន។ ខ្ញុំ​មើល​ឃើញ​ថា វប្បធម៌​ហ្នឹង​គឺ​វា​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ ដូច្នេះ​ហើយ​ដើម្បី​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​សុខ​សន្តិភាព​ ខ្ញុំ​យល់​ថា រដ្ឋាភិបាល​គួរ​តែ​ប្រកាស​ជា​គំរូ​ដើម្បី​បញ្ចប់​វប្បធម៌​លាប​ពណ៌​នេះ»

ថ្នាក់​ដឹកនាំ និង​អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចោទ​ដោយ​ត្រង់ៗ ថា គណបក្ស​សង្គ្រោះ​ជាតិ​ មាន​បំណង​​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់ តាម​រយៈ​ការ​បង្កើត​ផែន​ការ​បដិវត្តន៍​ពណ៌ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៣ កន្លងទៅ។ ពាក្យ​ “បដិវត្តន៍​ពណ៌” នេះ​ ត្រូវ​បាន​មន្ត្រី​គ្រាក់ៗ របប​ក្រុង​ភ្នំពេញ​ទន្ទេញ​ចាំ​មាត់​គ្រប់ៗ គ្នា ហើយ​នៅ​ចុង​អាណត្តិទី៥ របប​ក្រុង​ភ្នំពេញ​បាន​ប្រើ​ពាក្យ​នេះ​ជា​មូលដ្ឋាន​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ទោះបី​ជា​ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៦ របប​ក្រុង​ភ្នំពេញ​បាន​ប្រមូល​យក​អាសនៈ​សភា​មក​ក្ដោប​ក្ដាប់​តែម្នាក់​ឯង​រួច​ហើយ​ក៏​ដោយ ក៏​មន្ត្រី​គ្រាក់ៗ ​នៃ​របប​នេះ​នៅ​តែ​ប្រើ​ពាក្យ​នេះ​ដើម្បី​វាយ​ប្រហារ​គណបក្ស​ប្រឆាំង​ដដែល។ លើស​​ពី​នេះ​ទៅទៀត ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ក៏​ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចោទ​ប្រកាន់​ថា ជា​ក្រុម​គាំទ្រ​បក្ស​ប្រឆាំង និង​រួម​គំនិត​ក្នុង​ចលនា​បដិវត្តន៍​ពណ៌​នេះ​ផង​ដែរ ដោយ​គ្រាន់​តែ​ពួក​គេ​ចូលរួម​ឃ្លាំមើល​ដំណើរ​ការ​បោះឆ្នោត ឬ​បំពេញ​ការងារ​តាម​បេសកកម្ម​របស់​ខ្លួន​ក៏​ដោយ។

ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​​ដែល​រង​ការ​លាប​ពណ៌​ មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ពេល​ចុះ​ធ្វើ​សកម្មភាព​តាម​មូលដ្ឋាន ដោយសារ​កង្វះ​កិច្ច​សហការ​ពី​អាជ្ញាធរ​ ហើយ​ពេល​ខ្លះ​ក៏​​ត្រូវ​រង​ការ​ឃ្លាំ​មើល​ និង​រឹតត្បិត​សកម្មភាព​ថែម​ទៀត។ ​ លោក​ថា វប្បធម៌​បែប​អវិជ្ជមាន​គួរ​តែ​ដល់​ពេល​ត្រូវ​បញ្ឈប់​ហើយ ព្រោះ​វា​មិន​អាច​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​រីក​ចម្រើន​ទៅ​មុខ​ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​ធ្វើ​ឱ្យ​ស្រុក​ទេស​ជួប​នឹង​ភាព​អាប់ឱន​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត វប្បធម៌​លាប​ពណ៌​គ្នា​នេះ ក៏​កំពុង​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​ដំណើរ​ការ​ធាក់​ថយ​ក្រោយ​ផង​ដែរ៖ «ការ​លាប​ពណ៌​គ្នា​នេះ ធ្វើ​ឱ្យ​អត់​មាន​សន្តិភាព​ អត់​មាន​ការ​រួប​រួម​គ្នា ដល់​ពេល​អ៊ីចឹង​វា​កើត​ទៅ​ជា​វិបត្តិ​មួយ​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​យើង​ ដែល​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ហ្នឹង វា​ធាក់​ថយ​ក្រោយ​ ឬក៏​គោរព​សិទ្ធិមនុស្ស​ហ្នឹង​មាន​ស្ថានភាព​មិន​ល្អ។ ហើយ​មួយ​ទៀត ការ​លាប​ពណ៌​ហ្នឹង​វា​ធ្វើ​ឱ្យ​ការ​អភិវឌ្ឍ​ប្រទេស​យើង​មាន​ការ​យឺតយ៉ាវ»

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​​ថ្នាក់​ដឹកនាំ​កំពូលៗ នៃ​របប​លោក ហ៊ុន សែន ប្រកាន់​ខ្ជាប់ និង​អនុវត្ត​តាម​គោល​គំនិត​របស់​លោក ទៀ បាញ់ នេះ ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​រក្សា​បាន​នូវ​ការ​ឯកភាព​ជាតិ​ពិត​ប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល