ប្រមុខការពារជាតិរបបក្រុងភ្នំពេញ ទទួលស្គាល់ថា វប្បធម៌លាបពណ៌គ្នា គឺជាមូលហេតុសំខាន់ដែលនាំឱ្យកើតមានសង្គ្រាមនៅកម្ពុជា ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ថា ក្រុមណាមួយជាអ្នកផ្ដើមលាបពណ៌ឲ្យគ្នានោះទេ។ ទោះយ៉ាងនេះក្តី កន្លងមក ថ្នាក់ដឹកនាំ និងអាជ្ញាធររបបក្រុងភ្នំពេញ បានចោទដោយត្រង់ៗ ថា អង្គការក្រៅរដ្ឋាភិបាលមួយចំនួនជាក្រុមប្រឆាំងរដ្ឋាភិបាល និងគាំទ្រគណបក្ស សង្គ្រោះជាតិ ហើយចោទគណបក្សនេះថា មានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបង្កើតផែនការបដិវត្តន៍ពណ៌ជាដើម។ អ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ ជំរុញឱ្យរបបលោក ហ៊ុន សែន បញ្ឈប់ការលាបពណ៌លើគណបក្សប្រឆាំងតទៅទៀត និងព្យាយាមរកដំណោះស្រាយវិបត្តិនយោបាយ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងក្នុងហ្វេសប៊ុកនៅថ្ងៃទី២៤ មេសាថា ការលាបពណ៌គ្នា គឺជាមូលហេតុចម្បងដែលធ្វើឱ្យប្រជាជាតិខ្មែរស្អប់គ្នា និងយកគ្នាជាសត្រូវ រហូតឈានដល់ការធ្វើសង្គ្រាមហែកហួរគ្នាទៅវិញទៅមក។ លោកបន្តថា ប្រជាពលរដ្ឋគួរតែស្វែងយល់អំពីរូបភាព និងផលវិបាកនៃការលាបពណ៌គ្នានេះ ហើយលោកក៏ស្នើឱ្យមានការរួមគ្នាទប់ស្កាត់បញ្ហានេះផងដែរ។
នេះជាសារដ៏កម្រមួយរបស់មន្ត្រីថ្នាក់កំពូលនៃរបបក្រុងភ្នំពេញ ខណៈរបបនេះបានរងការរិះគន់ជាហូរហែអំពីការបង្កើតពាក្យ “បដិវត្តន៍ពណ៌” និងយកពាក្យនេះទៅប្រើជាដើមទុន ក្នុងការរំលាយគណបក្សសង្គ្រោះជាតិ និងបំបិទសំឡេងរិះគន់ ដើម្បីក្រសោបយកអំណាចតែម្នាក់ឯង។
អតីតចៅសង្កាត់ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនៅសង្កាត់នគរធំ ក្រុងសៀមរាប លោក សៀក ចំណាប់ ថ្លែងសាទរ ចំពោះការលើកឡើងរបស់លោក ទៀ បាញ់ នេះ ព្រោះលោកមើលឃើញថា វប្បធម៌លាបពណ៌គ្នា បានធ្វើឱ្យពលរដ្ឋខ្មែរជាច្រើនរងគ្រោះ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។ លោកថា ក្នុងសម័យខ្មែរក្រហម ពលរដ្ឋខ្មែររាប់លាននាក់ត្រូវបាត់បង់ជីវិត គឺដោយសារតែការលាបពណ៌ ឬចោទប្រកាន់ថា ជាខ្មាំង ឬជាខ្ញុំបម្រើបរទេស។ ចំណែកនៅពេលនេះវិញ លោកថា ពលរដ្ឋខ្មែរ ដែលមិនគាំទ្ររបៀបដឹកនាំរបស់រដ្ឋាភិបាល ត្រូវបានចោទថា ជាក្រុមអ្នកប្រឆាំង ឬជាអ្នកចង់ធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាល។
លោកថា ពលរដ្ឋ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាច្រើននាក់ បានរងការគំរាមកំហែង ចាប់ដាក់ពន្ធនាគារ និងរស់នៅនិរទេសខ្លួនទៅក្រៅប្រទេស ព្រោះតែការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ។ ដូច្នេះលោកស្នើឱ្យថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ បញ្ឈប់ការលាបពណ៌លើគណបក្សសង្គ្រោះជាតិ និងងាកមកដោះស្រាយបញ្ហាជាតិរួមគ្នាវិញ៖ «ចំពោះបដិវត្តន៍ពណ៌ ឬក៏ជាខ្មាំងហ្នឹង គឺជាការលាបពណ៌ អ៊ីចឹងហើយប្រសិនបើលោក ទៀ បាញ់ គាត់មានបំណង មានចេតនាចង់ឱ្យឈប់រើសអើង ឬក៏បញ្ចប់វប្បធម៌លាបពណ៌ ខ្ញុំយល់ថា គួរតែបញ្ឈប់ពីបក្សកាន់អំណាចមុន។ ខ្ញុំមើលឃើញថា វប្បធម៌ហ្នឹងគឺវាកាន់តែធ្ងន់ធ្ងរទៅៗ ដូច្នេះហើយដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព ខ្ញុំយល់ថា រដ្ឋាភិបាលគួរតែប្រកាសជាគំរូដើម្បីបញ្ចប់វប្បធម៌លាបពណ៌នេះ»។
ថ្នាក់ដឹកនាំ និងអាជ្ញាធររបបលោក ហ៊ុន សែន បានចោទដោយត្រង់ៗ ថា គណបក្សសង្គ្រោះជាតិ មានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរយៈការបង្កើតផែនការបដិវត្តន៍ពណ៌ នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ កន្លងទៅ។ ពាក្យ “បដិវត្តន៍ពណ៌” នេះ ត្រូវបានមន្ត្រីគ្រាក់ៗ របបក្រុងភ្នំពេញទន្ទេញចាំមាត់គ្រប់ៗ គ្នា ហើយនៅចុងអាណត្តិទី៥ របបក្រុងភ្នំពេញបានប្រើពាក្យនេះជាមូលដ្ឋានក្នុងការរំលាយគណបក្សសង្គ្រោះជាតិ។ ទោះបីជាក្រោយការបោះឆ្នោតអាណត្តិទី៦ របបក្រុងភ្នំពេញបានប្រមូលយកអាសនៈសភាមកក្ដោបក្ដាប់តែម្នាក់ឯងរួចហើយក៏ដោយ ក៏មន្ត្រីគ្រាក់ៗ នៃរបបនេះនៅតែប្រើពាក្យនេះដើម្បីវាយប្រហារគណបក្សប្រឆាំងដដែល។ លើសពីនេះទៅទៀត ក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក៏ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចោទប្រកាន់ថា ជាក្រុមគាំទ្របក្សប្រឆាំង និងរួមគំនិតក្នុងចលនាបដិវត្តន៍ពណ៌នេះផងដែរ ដោយគ្រាន់តែពួកគេចូលរួមឃ្លាំមើលដំណើរការបោះឆ្នោត ឬបំពេញការងារតាមបេសកកម្មរបស់ខ្លួនក៏ដោយ។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា អង្គការសង្គមស៊ីវិលមួយចំនួនដែលរងការលាបពណ៌ មានការលំបាកយ៉ាងខ្លាំងពេលចុះធ្វើសកម្មភាពតាមមូលដ្ឋាន ដោយសារកង្វះកិច្ចសហការពីអាជ្ញាធរ ហើយពេលខ្លះក៏ត្រូវរងការឃ្លាំមើល និងរឹតត្បិតសកម្មភាពថែមទៀត។ លោកថា វប្បធម៌បែបអវិជ្ជមានគួរតែដល់ពេលត្រូវបញ្ឈប់ហើយ ព្រោះវាមិនអាចធ្វើឱ្យប្រទេសជាតិរីកចម្រើនទៅមុខឡើយ ផ្ទុយទៅវិញ មានតែធ្វើឱ្យស្រុកទេសជួបនឹងភាពអាប់ឱនប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត វប្បធម៌លាបពណ៌គ្នានេះ ក៏កំពុងធ្វើឱ្យប្រជាធិបតេយ្យនៅកម្ពុជា មានដំណើរការធាក់ថយក្រោយផងដែរ៖ «ការលាបពណ៌គ្នានេះ ធ្វើឱ្យអត់មានសន្តិភាព អត់មានការរួបរួមគ្នា ដល់ពេលអ៊ីចឹងវាកើតទៅជាវិបត្តិមួយដែលធ្វើឱ្យប្រទេសកម្ពុជាយើង ដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យហ្នឹង វាធាក់ថយក្រោយ ឬក៏គោរពសិទ្ធិមនុស្សហ្នឹងមានស្ថានភាពមិនល្អ។ ហើយមួយទៀត ការលាបពណ៌ហ្នឹងវាធ្វើឱ្យការអភិវឌ្ឍប្រទេសយើងមានការយឺតយ៉ាវ»។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងមន្ត្រីអង្គការសង្គមស៊ីវិល ជំរុញឱ្យថ្នាក់ដឹកនាំកំពូលៗ នៃរបបលោក ហ៊ុន សែន ប្រកាន់ខ្ជាប់ និងអនុវត្តតាមគោលគំនិតរបស់លោក ទៀ បាញ់ នេះ ឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាបាននូវការឯកភាពជាតិពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។