សង្គមស៊ីវិល ជំរុញឲ្យអភិបាលរងខេត្តព្រះសីហនុថ្មី ខិតខំដោះស្រាយទំនាស់ដីធ្លីដោយយុត្តិធម៌ និងតម្លាភាព
2019.03.15
សង្គមស៊ីវិល ស្នើសុំអភិបាលរងខេត្តព្រះសីហនុថ្មីទាំងពីររូបដែលទើប ត្រូវបានអនុក្រឹត្យ តែងតាំងជំនួសអភិបាលរងខេត្តចាស់ពីររូប ដែលដកហូតដំណែងពាក់ព័ន្ធនឹងវិវាទដីធ្លីនោះ ខិតខំដោះស្រាយបញ្ហាដោយប្រុង ប្រយ័ត្ន មានយុត្តិធម៌ និងតម្លាភាពត្រឹមត្រូវ។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី លើកឡើងថា នៅពេលខេត្តព្រះសីហនុ មានការអភិវឌ្ឍន៍ខ្លាំងនោះ គឺមានបញ្ហាជាច្រើនបានកើតឡើងដែរ ដូចជា បញ្ហាទំនាស់ដីធ្លី បញ្ហាចាក់ដី លុបឆ្នេរ បញ្ហាខ្វះទឹកប្រើប្រាស់ និងបញ្ហាគ្រប់គ្រងសំរាមជាដើម។ អ្នកស្រីសង្ឃឹមថា អភិបាលរងខេត្តព្រះសីហនុថ្មីនេះ នឹងមានសមត្ថភាពដោះស្រាយបញ្ហា ដែលកំពុងកើតឡើងដោយប្រសិទ្ធភាព និងប្រកបដោយ យុត្តិធម៌៖ «ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនៅពេលលោកជ្រើសរើសមនុស្សមក ដើម្បីប្រគល់ជូននូវតួនាទីដ៏សំខាន់នេះ នៅពេលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍខ្លាំងហើយទន្ទឹមនេះ ក៏មានបញ្ហាច្រើនដែរ ដូច្នេះលោកមកទទួលដំណែងនេះ លោកនឹងយកចិត្តទុកដាក់ធ្វើការងារ ដើម្បីបម្រើប្រជាពលរដ្ឋ ហើយនឹងរួមគ្នា ដើម្បីដោះស្រាយបញ្ហាទាំងឡាយដែលកើតមាន»។
ការស្នើសុំនេះ បន្ទាប់ពីរបបក្រុងភ្នំពេញ បានចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលរងខេត្តឧត្តរមានជ័យ លោក លៀម សុដា និងតែងតាំងមន្ត្រីក្របខ័ណ្ឌគ្រប់គ្រងរដ្ឋបាលក្រសួងពាណិជ្ជកម្ម លោក ម៉ាង ស៊ីណេត ឲ្យកាន់មុខតំណែងជាអភិបាលរងខេត្តព្រះសីហនុ ជំនួសលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ ដែលត្រូវបានដកតំណែងដោយសារពាក់ព័ន្ធវិវាទដីធ្លី។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា ពិធី តែងតាំងផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា៖ «នែ..ធ្វើឡើងនៅថ្ងៃទី១៨ ។ សុំទោសខ្ញុំជាប់ប្រជុំ»។
កាលពីថ្ងៃទី១ ខែមីនា លោក ហ៊ុន សែន បានសម្រេចដកហូតដំណែង លោក ស៊្រុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ ពីតួនាទីអភិបាលរងខេត្តព្រះសីហនុ បន្ទាប់ពីប្រើប្រាស់កងកម្លាំងចម្រុះបង្ក្រាបដ៏ហិង្សាលើអ្នកតវ៉ាដីធ្លី នៅស្រុកព្រៃនប់ បណ្ដាលឲ្យពលរដ្ឋម្នាក់ត្រូវគ្រាប់កាំភ្លើងរបួសធ្ងន់ និងមួយចំនួនទៀតរបួសស្រាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។