មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល រៀប​ចំ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្រៅ​ប្រទេស

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត បាន​ឱ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត គឺ​គ្រប់​ទៅ​តាម​ការ​ប៉ាន់​ស្មាន​ហើយ។ ដោយ​ឡែក មន្ត្រី​អង្គការ​សង្គម​ស៊ីវិលបន្តអំពាវនាវឱ្យរដ្ឋាភិបាល​រៀប​ចំ​​ការ​​ចុះ​​ឈ្មោះ​​បោះ​ឆ្នោត​​នៅ​​ក្រៅ​ប្រទេសផង។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​មាន​ជាង ៤១ម៉ឺននាក់ (៤១៩,១០១នាក់) ហើយ គិត​មក​ត្រឹម​ថ្ងៃ​ទី១៩ វិច្ឆិកា ម្សិល​មិញ ហើយ​អ្នក​ដែល គ.ជ.ប ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​មាន​ជាង ១សែន៨ម៉ឺននាក់ (១៨១,១៧០នាក់)។ គ.ជ.ប ឱ្យ​ដឹង​ទៀត​ថា អ្នក​ដែល​បាន​កែ​តម្រូវ​ទិន្នន័យ​មាន​ជិត ៤ម៉ឺននាក់ (៣៩,២៧១នាក់) និង​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូល​ក្នុង​ឃុំ សង្កាត់​ថ្មី មាន​ជាង​១សែន១ម៉ឺននាក់ (១១៦, ១១២នាក់)។

អ្នក​សម្របសម្រួល ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ហៅ​កាត់​ថា ខុមហ្វ្រេល Comfrel លោក កន សាវាង្ស យល់​ឃើញ​ថា តួលេខ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​នេះ ឆ្លុះ​បញ្ចាំង​ថា​ប្រជាពលរដ្ឋ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​ខ្លាំង ព្រោះ​ជា​រៀង​រាល់​ថ្ងៃ​មាន​ប្រជាពលរដ្ឋ​រហូត​ទៅ​ដល់​ជាង១ម៉ឺននាក់ (១០,០០០នាក់) បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ លោក​បន្ថែម​ថា ចំពោះ​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​បោះឆ្នោត​ស្រាប់ គួរ​តែ​ទៅ​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ឡើង​វិញ ព្រោះ​កន្លង​មក​ក៏​ធ្លាប់​មាន​ករណី​បាត់​ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ឬ​ព័ត៌មាន​បញ្ជី​ឈ្មោះ​មិន​ត្រឹម​ត្រូវ​ផង​ដែរ ហើយ​ការ​ពិនិត្យ​ឈ្មោះ​ក៏​អាច​ធ្វើ​បាន​តាម​រយៈ​គេហទំព័រ ឬ​កម្មវិធី​របស់ គ.ជ.ប បាន​ដែរ។ ជាមួយ​គ្នា​នេះ លោក កន សាវាង្ស នៅ​តែ​បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ជួយ​សម្រួល​ឱ្យ​មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស ដើម្បី​សម្រួល​ដល់​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដែល​មាន​ចំនួន​រាប់​លាន​នាក់ អាច​ចុះ​ឈ្មោះ និង​បោះ​ឆ្នោត​បាន៖

«ទាំង​ស្ថាប័ន គ.ជ.ប ទាំង​រដ្ឋាភិបាល ត្រូវតែ​មាន​វិធានការ​សម្រុះ​សម្រួល ឱ្យ​បាន​ល្អ​ប្រសើរ​មួយ​ផ្ដោត​ទៅ​លើ​នីតិវិធី ឬ​ក៏​មធ្យោបាយ​ដែល​ធ្វើ​ម៉េច​ផ្ដល់​លទ្ធភាព​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ហ្នឹង លោក​មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន។ ទី២ គឺ​ថា ​ទន្ទឹម​នឹង​ការ​ផ្ដល់​លទ្ធភាព​ការ​ចុះ​ឈ្មោះ​នៅ​ក្រៅ​ប្រទេស​ហ្នឹង ក៏​គួរ​តែ​ពិនិត្យ​មើល​នូវ​ការ​អប់រំ ការ​ពន្យល់ ទៅ​ដល់​ប្រជាពលរដ្ឋ​នូវ​សារៈ​សំខាន់​ក្នុង​ការ​ចុះ​ឈ្មោះ​ផង​ដែរ»។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គ.ជ.ប មិន​អាច​រៀប​ចំ​ឱ្យ​មាន​ការ​ចុះ​ឈ្មោះ​នៅ​បរទេស​បាន​ឡើយ ព្រោះ​មិន​ទាន់​មាន​ច្បាប់​អនុញ្ញាត​នៅ​ឡើយ​ទេ។ ទាក់​ទង​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២២​នេះ​វិញ លោក ហង្ស ពុទ្ធា ប្រាប់​ឱ្យ​ដឹង​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា មាន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ជាង​៤១​ម៉ឺន​នាក់ ដែល​ចំនួន​នេះ គឺ​គ្រប់​ទៅ​តាម​ការ​ប៉ាន់​ស្មាន​របស់ គ.ជ.ប ១០០ភាគ​រយ។ លោក​បន្ត​ថា ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដោយ​មិន​មាន​បញ្ហា​អ្វី​គួរ​កត់​សម្គាល់​នោះ​ទេ។ ទោះ​បី​ជា​យ៉ាង​ណា លោក ហង្ស ពុទ្ធា បាន​ឱ្យ​ដឹង​ថា កុំព្យូទ័រ​មួយ​ចំនួន​ដែល​បម្រើ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ខូច​ដោយ​សារ​ចាស់​ពេក ហើយ​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​កន្លែង​ខ្លះ​រអាក់រអួល​ដោយ​សារ​តែ​បញ្ហា​អ៊ីនធើណិត៖

«អ្វី​ដែល គ.ជ.ប អាច​ធ្វើ​បាន​ហ្នឹង គឺ​អនុវត្ត​ទៅ​តាម​ច្បាប់ អនុញ្ញាត​ឱ្យ គ.ជ.ប ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស នៅ​តាម​ឃុំ​សង្កាត់​ដែល​សាមី​ខ្លួន​កំពុង​រស់​នៅ ឬ​ក៏​សាមី​ខ្លួន​មាន​ទីសំណាក់​នៅ​ក្នុង​ឃុំ សង្កាត់​នោះ។ គ.ជ.ប បាន​ប្រកាស​រួច​ហើយ​តាម​ស្ថាន​ទូត​នៅ​ប្រទេស​នានា ហើយ​ក៏​រៀប​ចំ​ពេល​វេលា​រហូត​ដល់​៥០​ថ្ងៃ ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៃ​ឆ្នាំ​២០២២​នេះ​ អញ្ចឹង​ពេល​វេលា​នេះ​គឺ​គ្រប់​គ្រាន់។ ពេល​វេលា​នេះ​គឺ​អាស្រ័យ​លើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ហើយ​នឹង​ការ​លៃលក​ពេល​វេលា ក្នុង​ការ​ធ្វើ​ដំណើរ​មក​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​តាម​ឃុំ សង្កាត់​រៀងៗ​ខ្លួន»។

ជុំ​វិញ​រឿង​នេះ​ដែរ ពលករ​ខ្មែរ​ម្នាក់​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស លោក​ស្រី ចែ ណែត ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ស្រី​មិន​អាច​ធ្វើ​ដំណើរ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ឡើយ ដោយ​សារ​លោក​ស្រី​បាន​មក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​មិន​មាន​លិខិត​ឆ្លង។ លោក​ស្រី​ថា​កន្លង​មក​ទាំង​លោក​ស្រី និង​គ្រួសារ​តែង​តែ​ទៅ​បោះឆ្នោត​ជា​រៀង​រាល់​ឆ្នាំ ​ប៉ុន្តែ​ឆ្នាំ​ក្រោយ លោក​ស្រី​នឹង​មិន​អាច​ទៅ​ចូល​រួម​បោះឆ្នោត​បាន​ឡើយ ដោយ​សារ​ជីវភាព​គ្រួសារ​ជួប​ការ​លំបាក មិន​សូវ​រក​ចំណូល​បាន​ច្រើន​ដូច​មុន។

ដោយ​ឡែក​យុវនារី​ម្នាក់​រស់​នៅ​ខេត្ត​បាត់ដំបង​ម្នាក់ វ័យ​២២​ឆ្នាំ គឺ​កញ្ញា ងន ឈុន្នី ថ្លែង​ថា កញ្ញា​មិន​ទាន់​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ​ទេ ។ យុវនារី​រូប​នេះ​បន្ថែម​ថា កញ្ញា​មិន​បាន​ចូលរួម​បោះឆ្នោត ឃុំ​សង្កាត់ កាល​ពី​ពេល​កន្លង​ទៅ​នោះ​ទេ ដោយ​សារ​នៅ​ពេល​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ភាព​ស្មុគស្មាញ។ ទោះ​បី​ជា​យ៉ាង​ណា កញ្ញា​បន្ត​ថា កញ្ញា​នឹង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ម្ដង​ទៀត​ ដើម្បី​បំពេញ​តួនាទី​ជា​ពលរដ្ឋ និង​រើស​អ្នក​ដឹក​នាំ​ប្រទេស​ដែល​កញ្ញា​ពេញ​ចិត្ត៖

«សម្រាប់​ខ្ញុំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​វា​សំខាន់ ព្រោះ​ការ​បោះឆ្នោត​ហ្នឹង​ជា​ការ​រើស​អ្នក​ដឹក​នាំ​របស់​យើង ដើម្បី​អាច​ថា​បម្រើ​ការងារ​ជំនួស​យើង មើល​ការ​ខុស​ត្រូវ ហើយ​បើ​សិន​ជា​យើង​មិន​បាន​ចូលរួម​ជ្រើស​រើស​ទេ នៅ​ពេល​ដែល​អ្នក​ដឹកនាំ​ហ្នឹង​យើង​អត់​ពេញ​ចិត្ត យើង​អត់​មាន​សិទ្ធិ​កែ​ប្រែ។ បើ​សិន​ជា​យើង​នៅ​តែ​មិន​ទៅ​ចុះ​ឈ្មោះ​ឬ​ក៏​មិន​ទៅ​បោះឆ្នោត​អី​ហ្នឹង វា​គឺ​ជា​យុវជន​អសកម្ម​មួយ ពួក​គាត់​មាន​សិទ្ធិ មាន​តួនាទី​ក្នុង​ការ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ហ្នឹង​ដែរ»។

កន្លង​មក អង្គការ​សង្គម​ស៊ីវិល និង​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​ដើម តែង​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា រៀប​ចំ​ឱ្យ​មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ដំណើរ​ការ​បោះឆ្នោត​នៅ​ប្រទេស​ដែល​ពួក​គេ​កំពុង​ធ្វើ​ការ។ ទោះ​បី​ជា​យ៉ាង​ណា រដ្ឋាភិបាល​មិន​បាន​រៀប​ចំ​ឱ្យ​មាន​យន្តការ​ដើម្បី​រៀប​ចំ​ការ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ហើយ​បាន​ផ្ញើ​ប្រាក់​មក​ក្នុង​ប្រទេស​រាប់​លាន​ដុល្លារ​អាមេរិក​ជា​រៀង​រាល់​ឆ្នាំ។ ការ​ចុះ​ឈ្មោះ​និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ។ បញ្ជី​បោះឆ្នោត​នៅ​ឆ្នាំ​២០២២​នេះ នឹង​ត្រូវ​បាន​ គ.ជ.ប ប្រើ​ប្រាស់​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣​ខាង​មុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។