មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​រើស​និន្នាការ​នយោបាយ​លើ​មន្ត្រីរាជការ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ដកហូត​ក្របខណ្ឌ​មន្ត្រីរាជការ​ដែល​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​គណបក្ស​កាន់អំណាច​តទៅ​ទៀត ព្រោះ​ទង្វើ​នោះ​ពុំ​ត្រឹមត្រូវ​តាមច្បាប់ និង​រំលោភសិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ធ្ងន់ធ្ងរ​។ ការ​អំពាវនាវ​នេះ​ធ្វើឡើង​បន្ទាប់ពី​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​បណ្ដេញ​មន្ត្រីរាជការ​មួយចំនួន​ចេញពី​ក្របខណ្ឌ​ដោយសារតែ​ពួកគាត់​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ​ពី​រដ្ឋាភិបាល​ឯកបក្ស។

ការ​បណ្តេញ​មន្ត្រីរាជការ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ជា​ការ​រើសអើង​ផ្នែក​នយោបាយ និង​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ីវិល។ ពួកគាត់​ព្រមាន​ពី​ការ​បែកបាក់​ឯកភាពជាតិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​សង្គម​កម្ពុជា ដោយសារ​នយោបាយ​តាម​កម្ចាត់​ក្រុម​អ្នកប្រឆាំង ឬ​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែង​ថា មន្ត្រីរាជការ​ភាគច្រើន​គ្មាន​បក្សពួក​ចាំ​ជួយ​ជ្រោមជ្រែង​នោះ​ទេ គឺ​ពួកគាត់​ទំរាំ​អាច​ចូល​បម្រើ​ការងារ​នៅ​តាម​ក្រសួង ស្ថាប័នរដ្ឋ​មក​ដល់​ពេល​នេះ បាន​ឆ្លងកាត់​ការអប់រំ​ពី​សាលា ការ​តស៊ូ​ពុះពារ​រៀនសូត្រ​ផ្ទាល់ខ្លួន និង​ការ​ចំណាយ​ធនធាន​គ្រួសារ​រាប់​ឆ្នាំ ទាំង​លំបាកលំបិន ដើម្បី​យកចំណេះ​ដឹង​ចូលរួម​ចំណែក​កសាង​សេដ្ឋកិច្ច និង​អភិវឌ្ឍ​ជាតិ​។ ផ្ទុយទៅវិញ​អ្នកស្រី​សង្កេត​ឃើញ​ថា ការណ៍​ដែល​រដ្ឋាភិបាល​យក​រឿង​និន្នាការ​នយោបាយ​មក​ដកហូត​ក្របខណ្ឌ​របស់​មន្ត្រី​រាជការ​គាំទ្រ​គណបក្សប្រឆាំង​ដោយ​ពុំបាន​ប្រព្រឹត្ត​កំហុស​វិជ្ជាជីវៈ​នោះ គឺជា​ទង្វើ​រំលោភច្បាប់ និង​រំលោភ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ធ្ងន់ធ្ងរ។ អ្នកស្រី​បញ្ជាក់​ថា ការ​អនុវត្ត​ច្បាប់​ពុំ​ស្មើភាព​ដូច្នេះ នឹង​ជះឥទ្ធិពល​មិនល្អ​ទៅដល់​វិស័យ​អប់រំ ដំណើរការ​អភិវឌ្ឍ​ជាតិ​ទាំងមូល ហើយ​យុវជន​ជំនន់​ក្រោយ​លែង​ប្រឹងប្រែង​រៀនសូត្រ ចំណែក​មន្ត្រីរាជការ​លែង​ប្រឹង​ធ្វើ​ការងារ ដោយសារតែ​ពួកគេ​យល់​ថា ការ​គាំទ្រ ឬ​ការ​សរសើរ​លើកជើង​បក្ស​កាន់អំណាច គឺ​ទទួល​បាន​តួនាទី​ដោយ​មិន​បាច់​ប្រើ​សមត្ថភាព។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «ច្បាប់​ចែង​ហើយ ប៉ុន្តែ​មនុស្ស​អ្នក​មាន​អំណាច​ធ្វើ​អ្វី​ក៏​ត្រូវ​ដែរ ដូច​ពាក្យចាស់​ពោល​ថា សរសេរ​នឹង​ដៃ​លុប​នឹង​ជើង សព្វថ្ងៃ​ហ្នឹង អ៊ីចឹង​រដ្ឋាភិបាល​ដើម្បី​ឱ្យ​មាន​សិទ្ធិ​សេរីភាព​គួរតែ​លុប​ការ​គំរាមកំហែង​តាម​រូបភាព​នៃ​ការ​លុប​ក្របខណ្ឌ​ហ្នឹង​ទៅ ទើប​អាច​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​បាន»។

ការ​អំពាវនាវ​នេះ​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ធ្វើឡើង​បន្ទាប់ពី​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​បណ្ដេញ​មន្ត្រីរាជការ​មួយចំនួន​ចេញ​ពី​ក្របខណ្ឌ ដោយសារតែ​ពួកគាត់​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ។

មក​ដល់​ពេល​នេះ​យ៉ាង​ហោច​ណាស់ មាន​មន្ត្រី​គណបក្ស​ភ្លើងទៀន​ចំនួន​៥​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​ឯក​បក្ស​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ។ ក្នុង​នោះ​រួមមាន​លោក ស៊ិន វត្ថា គ្រូបង្រៀន​នៅ​វិទ្យាល័យ​សិរីសោភ័ណ​ក្នុង​ខេត្ត​បន្ទាយមានជ័យ លោក អ៊ី មុយលី មន្ត្រី​ការិយាល័យ​ផ្នែក​ច្បាប់​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា លោក ផុន សុភា មន្ត្រី​បម្រើ​ការងារ​នៅ​ការិយាល័យ​កសាង​សមត្ថភាព នៃ​ទីចាត់ការ​គ្រប់គ្រង​ធនធាន​មនុស្ស​នៃ​សាលាខេត្ត​កណ្ដាល លោក កែវ សុមុនី មន្ត្រី​បម្រើការ​នៅ​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត​និង​ការបំពាន​គ្រឿងញៀន​នៃ​ក្រសួង​សុខាភិបាល លោក អេង ស្រូយ គ្រូបង្រៀន​នៅ​អង្គភាព​ក្រុមប្រឹក្សា​អភិវឌ្ឍ​គ្រូ​នគរបាល​ជាតិ​នៃ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា និង​លោក ខឹម មុនីកុសល មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​។ ក្រៅ​ពី​នេះ​លោក រ៉ុង ឈុន និង​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ជាង ១០​នាក់​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន លុបឈ្មោះ​បុគ្គលិក​អប់រំ និង​គ្រូបង្រៀន​ចេញ​ពី​ក្របខណ្ឌ​រដ្ឋ​ដែរ កាល​ពី​ឆ្នាំ​២០១៨។ ជាង​នេះ​ទៅ​ទៀត​អ្នកខ្លះ​មិន​ត្រឹម​អស់​ក្របខណ្ឌ​នោះ​ទេ ពួកគេ​ថែមទាំង​អាជ្ញាធរ​ចាប់​ដាក់គុក​ជា​បន្តបន្ទាប់​ថែម​ទៀត​ផង​។ ផ្ទុយទៅវិញ​រដ្ឋាភិបាល​ឯក​បក្ស​បាន​ផ្តល់​ក្របខណ្ឌ​រដ្ឋ​ឱ្យ​សមាជិក​បក្ស​ប្រឆាំង​រូប​ណា​ដែល​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅវិញ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៧ ខែ​មិថុនា។

ទោះ​យ៉ាងណា​មន្ត្រី​គណបក្សប្រឆាំង​ឱ្យ​ដឹង​ថា មន្ត្រីរាជការ​ទូទៅ​តែងតែ​រង​សម្ពាធ​ឱ្យ​ចុះចូល និង​ចូលរួម​ធ្វើ​សកម្មភាព​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ប្រសិនបើ​មន្ត្រី​រូប​ណា​បដិសេធ​នឹង​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​រើសអើង និង​ចោទ​ប្រកាន់​ថា ជា​ក្រុមប្រឆាំង ដែល​នឹង​មិន​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ដំឡើង​តំណែង​តួនាទី​ឡើយ ផ្ទុយទៅវិញ​នឹង​ត្រូវ​ដក​បញ្ឈរជើង​ចោល​។ លើស​ពី​នេះ មន្ត្រី​រាជការ​ណា​ដែល​ហ៊ាន​បញ្ចេញ​សកម្មភាព​ចំហ គាំទ្រ​គណបក្ស​ក្រៅ​រដ្ឋាភិបាល នឹង​ត្រូវ​បាន​គេ​ប្រើ​លេស​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​តែម្ដង។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ​លោក ស៊ិន វត្ថា ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​ភ្លើងទៀន​ខេត្ត​បន្ទាយមានជ័យ លើកឡើង​ថា ការ​លុបឈ្មោះ​លោក​ចេញពី​ក្របខណ្ឌ​ដោយសារ​លោក​មិន​ចុះចូល​នឹង​បក្ស​កាន់អំណាច ធ្វើឡើង​បំពាន​ច្បាប់ និង​អយុត្តិធម៌​សម្រាប់​មន្ត្រីរាជការ​បំពេញ​ការងារ​វិជ្ជាជីវៈ​ជួយ​ដល់​សង្គម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នោះ​។ លោក​ឱ្យ​ដឹង​ថា លោក​នឹង​ប្ដឹង​ទំនាស់​រឿង​នេះ​ទៅ​តុលាការ​ឆាប់ៗ​នេះ ដើម្បី​ទាមទារ​យក​ក្របខណ្ឌ​ដើម​របស់​លោក​មកវិញ ក្រោយ​ពេល​មន្ទីរអប់រំ​ខេត្ត​មិន​ឆ្លើយតប​នឹង​បណ្តឹង​របស់​លោក​មក​ដល់​ពេល​នេះ។

លោក ស៊ិន វត្ថា៖ «និយាយ​ទៅ​រឿង​គ្រូ គឺ​វា​គ្មាន​កំហុស​អ្វី​នោះ​ទេ តែ​និយាយ​ពី​រឿង​នយោបាយ​ពិតប្រាកដ​ណាស់​គឺ​មាន​រើសអើង ខ្ញុំ​ចង់​បែង​ចែង​ឱ្យ​ដាច់​ព្រោះ​ឥឡូវនេះ​គ្រូ​ដែល​ធ្វើ​នយោបាយ​នៅ​ក្នុង​គណបក្ស​ជាច្រើន​នៅ​ទីនេះ ហើយ​គាត់​ចេញមុខ​ចេញ​មាត់ ប៉ុន្តែ​សម្រាប់​ខ្ញុំ​នៅតែ​មាន​ជំហរ​ទាមទារ​ក្របខណ្ឌ​មក​វិញ ដើម្បី​បង្ហាញ​ថា រដ្ឋាភិបាល ឬ​អាជ្ញាធរ​ក្តី រួម​ទាំង​ប្រព័ន្ធ​តុលាការ​បែង​ចែងថា​អំពើ​ល្អ​យ៉ាង​ម៉េច ហើយ​អំពើ​យុត្តិធម៌​យ៉ាង​ម៉េច»។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា តាមច្បាប់​គឺ​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ពួកគេ​ពេញចិត្ត​ដោយ​គ្មាន​ការរើសអើង​។ យ៉ាងណា​លោក​មើល​ឃើញ​ថា ការដក​ក្របខណ្ឌ​របស់​មន្ត្រី​រាជការ​មួយចំនួន​ដែល​គាំទ្រ​គណបក្សប្រឆាំង​កន្លងមក ហាក់​រើសអើង​នយោបាយ​ច្រើនជាង​ការប្រព្រឹត្ត​កំហុស​ឆ្គង​វិជ្ជាជីវៈ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​កត់សម្គាល់​ថា អតីត​សកម្មជន​បក្ស​ប្រឆាំង​ដទៃទៀត​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បណ្តេញ​ចេញពី​មន្ត្រីរាជការ​ស៊ីវិល​ដែរ​នោះ ពួកគាត់​មិន​ត្រឹម​ទទួល​បាន​សេរីភាព​នោះ​ទេ តែ​ពួកគាត់​ក៏​ទទួល​បាន​ក្របខណ្ឌ​ដើម​ឡើងវិញ និង​ថែមទាំង​ដំឡើង​តួនាទី​កាន់តែ​ធំ បន្ទាប់ពី​អ្នក​ទាំងនោះ​ប្រកាស​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក នី សុខា៖ «ចំពោះ​ការ​ដក​ក្របខណ្ឌ​ត្រូវ​ធ្វើ​ឡើង​ដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ បើសិន​អ្នក​ហ្នឹង​ប្រព្រឹត្ត​កំហុសឆ្គង​ដូចជា​ខាង​ព្រហ្មទណ្ឌ​អី គឺថា​វា​មិនជា​បញ្ហា​ទេ ប៉ុន្តែ​បើសិនជា​ការ​ដក​ក្របខណ្ឌ​មិន​ត្រឹមត្រូវ​ដោយ​គេ​មើលឃើញ​អំពី​ការ​ដក​ហ្នឹង​វា​ពាក់ព័ន្ធ​ហេតុផល​នយោបាយ អាហ្នឹង​ខ្ញុំ​យល់ថា​គួរតែ​កុំ​ធ្វើ ឬ​អនុវត្ត​បែប​ហ្នឹង​អី ដើម្បី​បញ្ចៀស​កុំ​ឱ្យ​គេ​មើលឃើញ​អំពី​រូបភាព​នៃ​ការ​រើសអើង​បាទ»។

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​សង្គម​ពិនិត្យ​ឃើញ​ថា លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​អំណាច​ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​នយោបាយ​យ៉ាងសកម្ម​។ រូបភាព​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​នយោបាយ​នោះ គឺ​លោក ហ៊ុន សែន កំពុង​ប្រើ​វិធី​បញ្ចុះបញ្ចូល​ផង លួងលោម​ផង និង​គំរាមកំហែង​ផង​ឲ្យ​ក្រុម​អ្នក​ដែល​រិះគន់​លោក​ដូចជា​អ្នក​រិះគន់​តាម​បណ្ដាញ​សង្គម អ្នកសារព័ត៌មាន គ្រូបង្រៀន សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​សង្គម​ជាដើម​ឲ្យ​ប្តូរ​ជំហរ​ពួកគេ​មក​បម្រើ​ផលប្រយោជន៍ នយោបាយ​ដល់​ក្រុម​គ្រួសារ​របស់​លោក។ ផលប្រយោជន៍​ដែល​លោក ហ៊ុន សែន ផ្តល់​ឲ្យ​ក្រុម​អ្នក​រិះគន់​ទាំងនោះ គឺ​ការតែងតាំង​តួនាទី​នៅក្នុង​ស្ថាប័នរដ្ឋ​ដោយ​មិន​ចាំបាច់​ប្រឡង ហើយ​ទទួល​បាន​ប្រាក់ខែ​ដ៏​ច្រើន​ពី​កញ្ចប់​ថវិកាជាតិ​ដែល​ប្រជាពលរដ្ឋ​គ្រប់រូប​ខំ​បង់​ពន្ធ។ ជាទូទៅ​ថ្វី​ដ្បិត​ពួកគេ​ទទួល​បាន​តួនាទី​រដ្ឋ​ហើយ ស៊ីប្រាក់ខែ​រដ្ឋ​ក៏ដោយ ក៏​ការងារ​ស្នូល​របស់​ពួកគេ គឺ​ធ្វើ​ការងារ​បម្រើ​ផល​ប្រយោជន៍​នយោបាយ​ឲ្យ​លោក ហ៊ុន សែន ទៅតាម​ជំនាញ​របស់​ខ្លួន។

អ្នកឃ្លាំមើល​សង្គម​យល់ថា​ល្បិចកល​នយោបាយ​ដែល​យក​ស្ថាប័នរដ្ឋ​ដើម្បី​ទាញ​ប្រយោជន៍​ការពារ​អំណាច​បែបនេះ​ថា ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់​ដែល​ធ្វើ​ឱ្យ​ការ​ប្រកួតប្រជែង​គ្មាន​តម្លាភាព និង​គ្មាន​ក្រមសីលធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។