លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យដឹងថា ប្រទេសកម្ពុជា នឹងមានរៀបចំការប្រកួតកីឡាជាតិបន្តទៀតក្នុងពីរឆ្នាំម្តង គឺនៅឆ្នាំ២០១៨ ឆ្នាំ២០២០ និងឆ្នាំ២០២២។ លោកថា ការប្រកួតនេះ គឺដើម្បីឲ្យកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម (Sea Game) នៅឆ្នាំ២០២៣។
ការពង្រឹងសមត្ថភាពកីឡា និងជំរុញឲ្យមានការប្រកួតគ្រប់ក្រសួងស្ថាប័ន ត្រូវបានប្រមុខរដ្ឋាភិបាលអះអាងថានឹងធ្វើឲ្យកីឡាកម្ពុជា ឈានទៅរកការប្រកួតប្រជែងមួយក្នុងឋានៈជារដ្ឋអធិបតេយ្យ និងជាប្រជាជាតិមួយដែលស្មើភាព និងស្មើសិទ្ធិជាមួយប្រទេសនានាលើឆាកអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យមានការប្រកួតកីឡាពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ ដើម្បីឲ្យវិស័យនេះមានការរីកចម្រើន។ លោកថែមទាំងប្រាប់ទៅស្ថាប័នរដ្ឋ និងឯកជន ជួយការគាំទ្ររាល់សកម្មភាពរបស់កីឡា៖ «»។
តែទោះយ៉ាងណាក្តី លោកមិនបានបង្ហាញគោលនយោបាយណាមួយ ដើម្បីលើកស្ទួយដល់ជីវភាពរបស់កីឡាករទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដូច្នេះនៅក្នុងកម្មវិធីបិទការប្រកួតកីឡាជាតិលើកទី១ នាពហុកីឡដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ដោយមានអ្នកចូលរួមច្រើនម៉ឺននាក់។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បង្ហាញរបាយការណ៍ថា ការប្រកួតមានចំនួន ១៥ប្រភេទ ១៨៩វិញ្ញាសា មានកីឡាចូលរួមជិត ៣.០០០នាក់ មកពី ២៥ខេត្ត-រាជធានី។ កីឡាករកីឡាការិនីទាំងអស់ បានដណ្ដើមមេដាយទាំងបីប្រភេទសរុបចំនួន ១.២៤៥គ្រឿង។
ក្នុងចំណោមកីឡាករមកពី ២៥រាជធានី-ខេត្តដែលចូលរួមការប្រកួតនោះ មានតែខេត្តត្បូងឃ្មុំ ទេមិនទទួលបានមេដាយអ្វីទាំងអស់។ ប្រការនេះ ធ្វើឲ្យលោក ហ៊ុន សែន សម្ដែងការភ្ញាក់ផ្អើលចំពោះអាជ្ញាធរខេត្តនេះ ដែលមានពលរដ្ឋជិត ១លាននាក់ ប៉ុន្តែកីឡារកមេដាយក្នុងការប្រកួតមិនបាន៖ «»។
លោក ហ៊ុន សែន ប្រាប់ទៅអាជ្ញាធរខេត្តនានា ឲ្យប្រឹងប្រែងហ្វឹកហាត់ដល់កីឡាករ ដើម្បីពង្រឹងសមត្ថភាព។ ការប្រកួតកីឡាជាតិលើកទី១ របស់កម្ពុជា ក្នុងរបបដឹកនាំរដ្ឋាភិបាលដោយលោក ហ៊ុន សែន មានរយៈពេល ១២ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។