បក្ស​ភ្លើងទៀន​ទាមទារ​ឱ្យ​អាជ្ញាធរ​ទទួល​ស្គាល់​សំណើ​ផ្លាស់ប្ដូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​ថ្មី

កិច្ចប្រជុំ​របស់​មន្ត្រី​គណបក្សភ្លើងទៀន ខេត្ត​តាកែវ កាលពីថ្ងៃទី១៦ តុលា ២០២២។
កិច្ចប្រជុំ​របស់​មន្ត្រី​គណបក្សភ្លើងទៀន ខេត្ត​តាកែវ កាលពីថ្ងៃទី១៦ តុលា ២០២២។ (រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀនស្រុក​អង្គរបូរី)

0:00 / 0:00

អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​មិន​ព្រម​ចុះហត្ថលេខា បង្ក​ភាព​ស្មុគស្មាញ​លើ​សំណើ​ផ្លាស់ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​របស់​គណបក្ស​ភ្លើងទៀន​។ មន្ត្រី​គណបក្ស​ភ្លើងទៀន និង​សង្គម​ស៊ីវិល​ចាត់ទុក​រឿង​នេះ​ថា ជា​ការ​រើសអើង​ផ្នែក​នយោបាយ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន និង​ការបោះឆ្នោត​អ​សកល​នៅ​ពេល​ខាងមុខ។

គណបក្ស​ភ្លើងទៀន​លើក​ឡើង​ថា ការផ្លាស់ប្ដូរ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​ថ្មី​ជំនួស​ក្រុម​ប្រឹក្សា​ឃុំ​ចាស់ ដោយសារតែ​សមាជិក​ក្រុមប្រឹក្សា​ចាស់​ទទួលមរណភាព លាលែង​ពី​តួនាទី អសកម្ម​ការងារ​បម្រើ​ម្ចាស់​ឆ្នោត និង​ការ​ចាក​ចេញ​ពី​គណបក្ស​នេះ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ យ៉ាងណាក្តី​អាជ្ញាធរ​មូលដ្ឋាន​ក្រោម​ការ​គ្រប់​គ្រង់​របស់​គណបក្សកាន់អំណាច​បាន​បង្ក​ការ​លំបាក ដោយ​មិន​ព្រម​ចុះហត្ថលេខា ឬ​ទទួលយក​ឯកសារ​ប្ដូរ​សមាសភាព​ក្រុម​ប្រឹក្សាឃុំ​ថ្មី​របស់​គណបក្ស​ភ្លើងទៀន​នោះ​ទេ។ គណបក្ស​ភ្លើងទៀន​បញ្ជាក់​ថា បញ្ហា​នេះ​ធ្វើ​ឱ្យ​ប្រឹក្សា​មកពី​បក្ស​ភ្លើងទៀន​ខកខាន​ចូល​បំពេញ​តួនាទី​ការងារ​បម្រើ​ពលរដ្ឋ ជាពិសេស​ពួកគេ​ព្រួយបារម្ភ​ពី​ការ​បាត់​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ​នៅ​ឆ្នាំ​២០២៤ ខាងមុខ។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​តាកែវ​លោក ម៉ៅ សុផល ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៦ ខែ​តុលា ថា ឃុំ​ចំនួន​៦​ដែល​គណបក្ស​ភ្លើងទៀន​ខេត្តតាកែវ បាន​ដាក់​ឯកសារ​តាម​នីតិវិធី​ទៅ​អាជ្ញាធរ​ដើម្បី​ចុះហត្ថលេខា​ផ្លាស់ប្ដូរ​ជំទប់​ទី​២ រួមមាន​ឃុំ​កុមារ​រាជា ឃុំ​ពពេល ឃុំ​អង្គ​ប្រាសាទ ឃុំ​ស្មោង ឃុំ​ព្រៃ​ស្លឹក និង​ឃុំ​រំ​ចង់​។ លោក​ឱ្យ​ដឹង​ថា នៅក្នុង​នោះ​មាន​រដ្ឋបាល​ចំនួន​ឃុំ​ចំនួន​៥​បាន​ទទួលយក​ឯកសារ ប៉ុន្តែ​រយៈពេល​ជាង​១​ខែ​មកនេះ​មេឃុំ​ទាំងនោះ​មិនទាន់​ឆ្លើយតប​ឡើយ ចំណែក​មេឃុំ​រំ​ចង់​វិញ​បាន​បដិសេធ​មិន​ទទួលយក​លិខិត​របស់​លោក​ចំនួន​៥​លើក​មក​ហើយ។ លោក​ស្នើ​ដល់​ក្រសួង​មហាផ្ទៃ និង​អភិបាល​ខេត្តតាកែវ​ជួយ​ជំរុញ​ទៅ​រដ្ឋបាល​ឃុំ ឬ​មេឃុំ​ឱ្យ​ជួយ​ពន្លឿន​នីតិវិធី​នៃ​ការ​ផ្លាស់ប្ដូរ​នៃ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ថ្មី​របស់​គណបក្ស​ភ្លើងទៀន​ឱ្យ​បាន​ឆាប់។

លោក ម៉ៅ សុផល៖ «សូម​ក្រសួងមហាផ្ទៃ​ជំរុញ​ដល់​ឃុំ​ទាំង​៦​ធ្វើតាម​នីតិវិធី​ច្បាប់​ដើម្បី​ឱ្យ​រួសរាន់​ឱ្យ​ទាន់​ពេលវេលា ដើម្បី​ឱ្យ​ក្រុមប្រឹក្សា​ថ្មី​ជំនួស​ក្រុមប្រឹក្សា​ចាស់​ដែល​ត្រូវ​ស្លាប់ លាលែង និង​បាត់បង់​ពី​សមាជិក​គណបក្ស​ភ្លើងទៀន នេះ​ជា​កត្តា​សំខាន់​បំផុត​មានតែ​ក្រសួង​មហាផ្ទៃ​ដែល​ជួយ​ជំរុញ»។

ទន្ទឹម​នឹង​នេះ លោក ម៉ៅ សុផល ឱ្យ​ដឹង​ថា ការ​ណី​ទាំងនេះ​កាលពី​ថ្ងៃទី​១៩ ខែ​កញ្ញា លោក​បាន​ផ្ញើ​លិខិត​ទៅ​អភិបាល​ខេត្តតាកែវ និង​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋបាល​សាលាខេត្ត​ដើម្បី​ស្នើសុំ​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​មេឃុំ​ឱ្យ​ចុះហត្ថលេខា​ប្ដូរ​សមាសភាព​ជំទប់​ទី​២ របស់​បក្ស​ភ្លើងទៀន​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​អាជ្ញាធរ​ថ្នាក់លើ​មិន​ព្រម​ដោះស្រាយ​ជូន​លោក​ឡើយ។

ឆ្លើយតប​នឹង​បញ្ហា​នេះ​នាយក​រដ្ឋបាល​សាលាខេត្ត​តាកែវ លោក មាស អ៊ុយ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​រឿង​នេះ​ពុំ​មែន​លោក​មិន​ដោះស្រាយ​បញ្ហា​នោះ​ទេ ដោយសារ​លោក​មិនទាន់​ទទួល​ដំណឹង​ទាក់ទង​ការ​ផ្លាស់ប្ដូរ​ក្រុម​ប្រឹក្សា​ឃុំ​ពី​មន្ត្រី​បក្ស​ភ្លើងទៀន​នៅ​ឡើយ ក្រោយ​ពេល​លោក​បាន​ណែនាំ​អំពី​នីតិវិធី​កន្លង​មក។ លោក​ជំរុញ​ឱ្យ​មន្ត្រី​គណបក្ស​នេះ​រាយការណ៍​មក​រដ្ឋបាល​សាលាខេត្ត​ជាជាង​ស្វែងរក​ដំណោះស្រាយ​ដោយ​ផ្សព្វផ្សាយ​តាមរយៈ​សារព័ត៌មាន។

លោក មាស អ៊ុយ៖ «តាំងពី​គាត់​(​មន្ត្រី​បក្ស​ភ្លើងទៀន​ខេត្តតាកែវ​)មក​ថ្ងៃមុន​មក គាត់​បាន​មក​សួរ​យោបល់​ថា ត្រូវធ្វើ​របៀប​មិចៗ ហើយ​ខ្ញុំ​បាន​ប្រាប់​គាត់​ត្រឡប់​ទៅវិញ​ថា ត្រូវធ្វើ​របៀប​ម៉េច​ហើយ ហើយ​ខ្ញុំ​អត់​ឃើញ​គាត់​មក​ទៀត។ ក្រុមប្រឹក្សាឃុំ​ទទួល ឬ​មិន​ទួល​យ៉ាង​មិច​ទេ ខ្ញុំ​អត់​ដឹង​ថា គាត់​ធ្វើ​(​ដាក់​ឯកសារ​)​ទៅ​ឃុំ​អីហ្នឹង​មាន​លក្ខណៈ​យ៉ាង​មិច​ទេ ឃុំ​មិន​បាន​ទទួល​(​ឯកសារ​)ឬ​គាត់​មិន​បាន​ធ្វើ​(​ឯកសារ​)​ឬ​នៅ វា​អត់​បាន​ព័ត៌មាន វា​អត់​ព័ត៌មាន»។

ទោះ​យ៉ាងណា​មន្ត្រី​សាលាខេត្ត​អះអាង​បែបនេះ​ក្តី តែ​ករណីនេះ​ជា​តួនាទី​របស់​អាជ្ញាធរ​ថ្នាក់លើ​ត្រូវ​សួរ​នាំទៅ​អាជ្ញាធរ​ថ្នាក់ក្រោម​បញ្ជាក់​ពី​មូលហេតុ និង​ជួយ​អន្តរាគមន៍​ឆ្លើយតប​ដោះស្រាយ​បញ្ហា​នេះ។

ស្រដៀង​គ្នា​នេះ​ដែរ ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ភ្លើងទៀន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​របស់​បក្ស​កាន់អំណាច​មិន​ព្រម​ចុះហត្ថលេខា​លើ​ឯកសារ និង​បង្ក​ឧបសគ្គ​ជាច្រើន​នៅក្នុង​ការ​ផ្លាស់ប្ដូរ​សមាស​សភាព​នេះ​ដែរ មាន​ដូចជា​ខេត្ត​បាត់ដំបង ខេត្ត​កណ្តាល និង​ខេត្ត​ឧត្តរមានជ័យ​ជាដើម។

អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​លោក គីមសួរ ភីរិទ្ធ ថ្លែង​ថា អាជ្ញាធរ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន​បាន​បំពាន​ច្បាប់ ដោយ​បាន​បង្ក​ភាពស្មុគស្មាញ​ក្នុង​ការ​ប្ដូរ​សមាសភាព​ឃុំ សង្កាត់​នៅ​រយៈពេល​ចុង​ក្រោយ​នេះ។

លោក គីមសួរ ភីរិទ្ធ៖ «យើង​នឹង​ទៅ​ទាក់ទង​ថ្នាក់​ខេត្ត​នៅ​កន្លែង​ធនធានមនុស្ស​របស់​គេ​ហ្នឹង ដើម្បី​ឱ្យ​គេ​ជំរុញ​មក​មេឃុំ​ឱ្យ​បាន​យល់ តែ​គាត់​យល់​ដែរ​គាត់​ធ្វើ​ជា​យល់ ហើយ​អាច​គ្មាន​បទបញ្ជា​អ៊ីចឹង​ទៅ ហើយ​យើង​នឹង​ទៅ​ទាក់ទង បើ​ខេត្ត​មិន​ជួយ​ជំរុញ​ទេ យើង​នឹង​សរសេរ​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជួយ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​នេះ​ឱ្យ​ស្រប​តាមច្បាប់​ដែល​មាន​ចែង ជាពិសេស​នៅមុន​ការ​ចុះ​ឈ្មោះ​អង្គ​បោះឆ្នោត​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ដើម្បី​ជៀសវាង​បញ្ហា និង​មាន​បណ្តឹង​តវ៉ា​ទៅ​ថ្ងៃមុខ​ទៀត»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភក៌ ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​០៦ ខែតុលា។

ទាក់ទង​រឿងនេះ អ្នកសម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុមហ្វ្រែល​(COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា បើ​គណ​បក្ស​ភ្លើងទៀន​បាន​រៀបចំ​ឯកសារ​ស្នើសុំ​ប្តូរ​សមាស​សភាព​ក្រុមប្រឹក្សាឃុំ​សង្កាត់​បាន​ត្រឹមត្រូវ ហើយ​មេឃុំ​បែរជា​បង្អាក់​ដំណើរការ​ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់​ទេ​នោះ គឺជា​ការរើសអើង​ផ្នែក​នយោបាយ​។ ហេតុដូច្នេះ​លោក​ថា អាជ្ញាធរ​គ្មាន​ហេតុផល​ណាមួយ​ធ្វើ​ឲ្យ​យឺតយ៉ាវ​ក្នុង​ការ​ស្នើសុំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​ស្នើ​ឡើង​ដោយ​គណបក្ស​ភ្លើងទៀន​នោះ​ទេ។

លោក កន សាវាង្ស៖ «ជំនួស​ទៅ​ដោយ​បេក្ខភាព​ថ្មី បេក្ខភាព​របស់​គណបក្ស​ដែល​បាត់បង់​ហ្នឹង គឺ​មិន​អាច​ជំនួស​ដោយ​បេក្ខភាព​ណាមួយ​ផ្សេង​ដែល​ទទួល​បាន​ការ​ចាត់​តាំង ឬ​ចាត់ចែង ការយល់ព្រម ឬ​មិន​យល់ព្រម​ពី​មេឃុំ​ហ្នឹង​អត់​ទេ មេឃុំ​គ្រាន់តែ​ដឹកនាំ​ទេ​ដោយ​មិន​មាន​សិទ្ធិ​ណាមួយ​ក្នុង​ការ​សម្រេច​ទេ ពីព្រោះ​ក្រុម​ប្រឹក្សា​ឃុំ​សុទ្ធតែ​កើត​ចេញ​ពី​ការបោះឆ្នោត​ដូចគ្នា ប្រជាពលរដ្ឋ​ទេ​ជា​អ្នក​សម្រេច។ កន្លែង​ហ្នឹង​ខ្ញុំ​យល់​ថា គួរតែ​ស្ថាប័ន​មាន​សមត្ថកិច្ច ជាពិសេស​ក្រសួងមហាផ្ទៃ​ត្រូវ​ពិនិត្យមើល​លើ​តួនាទី​ហ្នឹង​ដើម្បី​កុំ​មានការ​លើក​ឡើង​ថា ការ​អនុវត្ត​មួយ​ដែល​ជា​ឧបសគ្គ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​ប្រទេស​របស់​យើង»។

ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់​មាត្រា​៣៧​ចែងថា ការផ្លាស់ប្ដូរ​សមាសភាព​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ក្នុង​រយៈពេល​យ៉ាង​យូរ​១៤​ថ្ងៃ​។ សេចក្ដីប្រកាស​ក្រសួងមហាផ្ទៃ​កំណត់​ឱ្យ​អភិបាល​ខេត្ត​រាជធានី​ត្រូវ​ពិនិត្យ​សមាសភាព​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​នានា​ក្នុង​រាជធានី​ខេត្ត​របស់​ខ្លួន។ ក្នុងករណី​សមាជិក​ក្រុមប្រឹក្សា​ណា​បាត់បង់​សមាជិកភាព អភិបាលខេត្ត​រាជធានី​ត្រូវ​ឱ្យ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​នោះ​លើក​សំណើសុំ​ប្ដូរ​ជាបន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។