មន្ត្រីបក្សភ្លើងទៀនដែលក្រសួងអប់រំលុបឈ្មោះចេញពីក្របខណ្ឌគ្រូបង្រៀននៅខេត្តបន្ទាយមានជ័យខកចិត្ត និងចាត់ទុកទង្វើនេះជាប់ពាក់ព័ន្ធរឿងនយោបាយ និងអយុត្តិធម៌បំផុតសម្រាប់មន្ត្រីរាជការដែលមាននិន្នាការមិនស្របនឹងគណបក្សកាន់អំណាច។ មន្ត្រីសង្គមស៊ីវិលអំពាវនាវដល់អាជ្ញាធរពិចារណាលើរឿងនេះឡើងវិញ ហើយក្រសួងពាក់ព័ន្ធគួរតែចុះស្រាវជ្រាវបញ្ហានេះជាបន្ទាន់ ដើម្បីស្វែងរកការពិត ប្រកបដោយអព្យាក្រឹតដើម្បីផ្ដល់យុត្តិធម៌ដល់គ្រូបង្រៀនបានបំពេញការងារឡើងវិញ។
មន្រ្តីគណបក្សភ្លើងទៀនស្នើដល់ក្រសួងអប់រំ យុវជននិងកីឡាពិចារណាក្នុងការផ្តល់ក្របខណ្ឌគ្រូបង្រៀនដល់លោកវិញ ពីព្រោះលោកមិនបានប្រព្រឹត្តផ្ទុយពីវិជ្ជាជីវៈមន្ត្រីរាជការដូចការចោទប្រកាន់នោះឡើយ។
ប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យលោក ស៊ិន វត្ថា ប្រាប់វិទ្យុអាស៊ីសេរីថា ការលុបឈ្មោះលោកចេញពីក្របខណ្ឌមន្ត្រីរាជការ គឺទាក់ទងរឿងនយោបាយ ដោយសារលោកបដិសេធសំណើរបស់ប្រធានមន្ទីរអប់រំខេត្តឈ្មោះ ឈូ ប៉ុនរឿង និងនាយកវិទ្យាល័យសិរីសោភ័ណ្ឌ ឈ្មោះ ទួន សុខា ដែលបានហៅលោកទៅលួងលោមឱ្យចុះចូលជាមួយបក្សប្រជាជនកម្ពុជាដើម្បីជាថ្នូរទទួលបានងារជាឯកឧត្តម កាលពីថ្ងៃទី១៥ ខែឧសភា។ លោកឱ្យដឹងថា ក្រោយជំនួបនោះតែបីសប្តាហ៍ក្រសួងអប់រំ យុវជននិងកីឡាបានប្រកាសលុបឈ្មោះលោកចេញពីក្របខណ្ឌគ្រូបង្រៀន ខណៈលោកមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ។
លោក ស៊ិន វត្ថា៖ «ខ្ញុំគិតថាអំពើធ្វើបែបនេះវាអយុត្តិធម៌ចំពោះលោកគ្រូអ្នកគ្រូដទៃទៀត។ ខ្ញុំចង់បង្ហាញសេចក្តីល្អមួយដែលបង្ហាញការតស៊ូបែបប្រជាធិបតេយ្យពិតប្រាកដចំពោះប្រទេសរបស់យើង ហើយការលុបបំបាត់(ក្របខណ្ឌគ្រូបង្រៀន)ឆៅៗនេះគឺមិនមែនជា(ការអនុវត្តតាម)ប្រព័ន្ធមួយដែលត្រឹមត្រូវទេតែពាក់ព័ន្ធនឹងរឿងនយោបាយដោយមិនមែនលក្ខណៈក្រមសីលធម៌វិជ្ជាជីវៈទេ»។
លោក ស៊ិន វត្ថា អះអាងថា ទោះបីលោកជាសមាជិកគណបក្សភ្លើងទៀនក៏ពិតមែន តែលោកជាគ្រូបង្រៀនបំពេញតួនាទីស្របតាមច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងបញ្ជាផ្ទៃក្នុងរបស់សាលាបានយ៉ាងត្រឹមត្រូវ ដោយលោកមិនបានធ្វើសកម្មភាពណានយោបាយមួយអំឡុងពេលលោកបម្រើការងារនោះទេ ហើយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យសិរីសោភ័ណ្ឌអាចធ្វើជាសាក្សីក្នុងរឿងនេះបាន។ ទោះយ៉ាងណាលោកឱ្យដឹងថា បច្ចុប្បន្នលោកកំពុងស្នើដល់ស្ថាប័នពាក់ព័ន្ធឱ្យពិនិត្យលើកករណីក្រសួងអប់រំបណ្ដេញលោកចេញពីក្របខណ្ឌមន្ត្រីរាជការដោយមិនមានមូលហេតុត្រឹមត្រូវ ហើយលោកក៏គ្រោងរៀបចំដាក់ពាក្យប្ដឹងប្រឆាំងទៅនឹងការសម្រេចរបស់ក្រសួងអប់រំទៅតុលាការនាពេលឆាប់ៗខាងមុខនេះ ដើម្បីទាមទារយកក្របខណ្ឌដើមរបស់លោកមកវិញ។
លោក ស៊ិន វត្ថា៖ «ខ្ញុំហួសចិត្តចំពោះលោក ហង់ ជួនណារ៉ុន ជាអ្នកចេះដឹងម្នាក់ធ្វើបែបនេះ ហើយខ្ញុំសោកស្តាយ ខ្ញុំចង់ឱ្យគាត់ពិចារណាឡើងវិញ ដើម្បីផ្តល់ក្របខណ្ឌដោយកុំឱ្យបងប្អូនយើងឈឺចាប់ និងកុំឱ្យបាត់សិទ្ធិសេរីភាពចំពោះបញ្ញវន្ត ឬគ្រូបង្រៀនដ៏ល្អម្នាក់»។
រដ្ឋមន្រ្តីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន កាលពីថ្ងៃទី៨ ខែមិថុនា បានប្រកាសលុបឈ្មោះមន្ត្រីគណបក្សភ្លើងទៀនលោក ស៊ិន វត្ថា ដែលបម្រើការងារជាគ្រូបង្រៀននៅវិទ្យាល័យសិរីសោភ័ណក្នុងខេត្តបន្ទាយមានជ័យ ក្រោមហេតុផលថា គ្រូបង្រៀនរូបនេះ មានកំហុសឆ្គងវិជ្ជាជីវៈជាមន្ត្រីរាជការ។ ប៉ុន្តែលិខិតរបស់លោក ហង់ ជួនណារ៉ុន មិនបានបញ្ជាក់ហេតុផលជាក់លាក់ជុំវិញកំហុសឆ្គងវិជ្ជាជីវៈដែលឈានដល់ការលុបឈ្មោះលោក ស៊ិន វត្ថា ចេញពីក្របខណ្ឌនេះទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តបន្ទាយមានជ័យលោក អុំ រាត្រី និងប្រធានមន្ទីរអប់រំខេត្តលោក ឈូ ប៉ុនរឿង ដើម្បីបកស្រាយរឿងនេះបានទេនៅថ្ងៃទី១១ ខែមិថុនា។ ចំណែកអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា មិនបញ្ជាក់ពីមូលហេតុក្នុងរឿងនេះទេ ដោយលោកគ្រាន់តែសរសេរយោងប្រកាសរបស់ក្រសួងអប់រំចុះថ្ងៃទី០៨ ខែមិថុនាដែលបានលុបឈ្មោះលោក ស៊ិន វត្ថា ហើយផ្ញើតាមបណ្ដាញសង្គមតេឡេក្រាម។
ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងបង្កើនការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពលើក្រុមថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សភ្លើងទៀនតាមទម្រង់នៃការគំរាមកំហែង ការចាប់ចងដាក់ពន្ធនាគារ ជាពិសេសការលុបឈ្មោះចេញពីក្របខណ្ឌមន្រ្តីរាជការចំពោះមន្រ្តីរាជការដែលគាំទ្របក្សប្រឆាំងជាដើម។ ផ្ទុយទៅវិញរដ្ឋាភិបាលឯកបក្សបែរជាផ្តល់ក្របខណ្ឌរដ្ឋឱ្យសមាជិកបក្សប្រឆាំងរូបណាដែលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
គិតចាប់ពីឆ្នាំ២០២០ ក្រៅពីលោក ស៊ិន វត្ថា គឺមានមន្ត្រីគណបក្សភ្លើងទៀនយ៉ាងហោចណាស់៥នាក់ ត្រូវបានរដ្ឋាភិបាលឯកបក្សលុបឈ្មោះចេញពីក្របខ័ណ្ឌរដ្ឋ។ ក្នុងនោះរួមមាន លោក អ៊ី មុយលី មន្ត្រីការិយាល័យផ្នែកច្បាប់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា លោក ផុន សុភា មន្ត្រីបម្រើការងារនៅការិយាល័យកសាងសមត្ថភាព នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សនៃសាលាខេត្តកណ្ដាល លោក កែវ សុមុនី មន្ត្រីបម្រើការនៅនាយកដ្ឋានសុខភាពផ្លូវចិត្តនិងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាល លោក អេង ស្រូយ គ្រូបង្រៀននៅអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍគ្រូនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា និងលោក ខឹម មុនីកុសល មន្ត្រីសុខាភិបាលជាន់ខ្ពស់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន។ ក្រៅពីនេះលោក រ៉ុង ឈុន និងអតីតសកម្មជនបក្សសង្គ្រោះជាតិជាង១០នាក់ក៏ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន លុបឈ្មោះបុគ្គលិកអប់រំ និងគ្រូបង្រៀនចេញពីក្របខណ្ឌរដ្ឋដែរកាលពីឆ្នាំ២០១៨ ជាងនេះទៅទៀតអ្នកខ្លះមិនត្រឹមអស់ក្របខណ្ឌនោះទេ ពួកគេថែមទាំងអាជ្ញាធរចាប់ដាក់គុកជាបន្តបន្ទាប់ថែមទៀតផង។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង យល់ថា បើសិនលោក ស៊ិន វត្ថា មានកំហុសឆ្គងវិជ្ជាជីវៈមែននោះថ្នាក់លើគួរតែកោះហៅសួរណែនាំរកមូលហេតុពិតប្រាកដ ឬស៊ើបអង្កេតដោយតម្លាភាពនិងផ្អែកតាមច្បាប់ ដើម្បីបញ្ចៀសការរិះគន់ពីមតិមហាជនថាការ លុបឈ្មោះសមាជិកជនបក្សប្រឆាំងចេញពីក្របខណ្ឌរដ្ឋកន្លងមកនេះជាប់ពាក់ព័ន្ធរឿងរើសអើងនយោបាយ។
លោក យង់ គិមអេង៖ «បើសិនជាបញ្ហានេះត្រូវបានធ្វើឡើងតែចំពោះគណបក្សណាមួយនោះ អាហ្នឹងឈានដល់រឿងដែលគេលើកឡើងអំពីការរើសអើងខាងនយោបាយ។ កាលណាមានការរើសអើងខាងនយោបាយហ្នឹង វានឹងធ្វើឱ្យអសកម្មក្នុងដំណើរការប្រជាធិបតេយ្យ ហើយវាក៏ធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិនយោបាយរបស់ពលរដ្ឋដែរ វាជារឿងដែលសំខាន់»។
លោក ស៊ិន វត្ថា រៀនចប់ថ្នាក់បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុនៅវិទ្យាស្ថានជាតិអប់រំ។ លោកបានចូលបម្រើការងារជាគ្រូបង្រៀនអស់រយៈពេល១៦ឆ្នាំ គឺគិតចាប់ពីឆ្នាំ២០០៧។ ក្រៅពីការងារមន្ត្រីរាជការលោកតែងតែចូលរួមសកម្មភាពនយោបាយជាមួយគណបក្សសង្គ្រោះជាតិនៅមុនពេលតុលាការកំពូលរំលាយគណបក្សនេះកាលពីឆ្នាំ២០១៧។ បច្ចុប្បន្នលោក ស៊ិន វត្ថា ជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សភ្លើងទៀននៅខេត្តបន្ទាយមានជ័យ និងឈរឈ្មោះតំណាងរាស្រ្តលេខរៀងទី៣ក្នុងបញ្ជីដែល គ.ជ.ប មិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតនៅពេលខាងមុខនេះ។
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមពិនិត្យឃើញថា លោក ហ៊ុន សែន កំពុងប្រើប្រាស់អំណាចដើម្បីប្រព្រឹត្តអំពើពុករលួយនយោបាយយ៉ាងសកម្ម។ រូបភាពនៃការប្រព្រឹត្តអំពើពុករលួយនយោបាយនោះ គឺលោក ហ៊ុន សែន កំពុងប្រើវិធីបញ្ចុះបញ្ចូលផង លួងលោមផង និងគំរាមកំហែងផងឲ្យក្រុមអ្នកដែលរិះគន់លោកដូចជាអ្នករិះគន់តាមបណ្ដាញសង្គម អ្នកសារព័ត៌មាន គ្រូបង្រៀន សកម្មជនបក្សប្រឆាំង និងសកម្មជនសង្គមជាដើមឲ្យប្តូរជំហរមកបម្រើផលប្រយោជន៍ នយោបាយដល់ក្រុមគ្រួសាររបស់លោក។ ផលប្រយោជន៍ដែលលោក ហ៊ុន សែន ផ្តល់ឲ្យអ្នករិះគន់ទាំងនោះ គឺការតែងតាំងតួនាទីនៅក្នុងស្ថាប័នរដ្ឋដោយមិនចាំបាច់ប្រឡង ហើយទទួលបានប្រាក់ខែដ៏ច្រើនពីកញ្ចប់ថវិកាជាតិដែលប្រជាពលរដ្ឋគ្រប់រូបខំបង់ពន្ធ។ ជាទូទៅ ថ្វីដ្បិតពួកគេ ទទួលបានតួនាទីរដ្ឋហើយស៊ីប្រាក់ខែរដ្ឋក៏ដោយ ក៏ការងារស្នូលរបស់ពួកគេ គឺធ្វើការងារបម្រើផលប្រយោជន៍នយោបាយឲ្យលោក ហ៊ុន សែន ទៅតាមជំនាញរបស់ខ្លួន។
សង្គមស៊ីវិលចាត់ល្បិចកលនយោបាយដែលយកស្ថាប័នរដ្ឋដើម្បីទាញប្រយោជន៍ការពារអំណាចបែបនេះថាជាទង្វើផ្ទុយពីច្បាប់ដែលធ្វើឱ្យការប្រកួតប្រជែងគ្មានតម្លាភាព និងគ្មានក្រមសីលធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។