សកម្មជនគណបក្សភ្លើងទៀននៅខេត្តមួយចំនួននៅតែបន្តធ្វើសកម្មភាពនយោបាយ នៅតាមមូលដ្ឋានដដែល បើទោះបីជាគ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញមិនឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតក៏ដោយ។ អ្នកជំនាញខាងការបោះឆ្នោត លើកឡើងថា ការដែលសកម្មជនគណបក្សភ្លើងទៀនចូលរួមធ្វើសកម្មភាពនយោបាយជារឿងល្អ ដែលធ្វើឱ្យគណបក្សនេះកាន់តែមានប្រជាប្រិយ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតផ្សេងទៀត។
សកម្មជនគណបក្សភ្លើងទៀននៅខេត្តមួយចំនួនលើកឡើងថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននៅតែគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់ពួកគេឱ្យធ្វើសកម្មភាពនយោបាយបន្តទៅទៀត ដើម្បីការពារផលប្រយោជន៍របស់ពលរដ្ឋ។
ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តប៉ៃលិន លោក ខឹម មុន្នីកុសល ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ឧសភាថា ចាប់តាំងពីពីគណៈកម្មការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប មិនឱ្យគណបក្សខ្លួនចូលរួមប្រកួតប្រជែងការបោះឆ្នោតមក គឺសកម្មជនរបស់គណបក្សនេះនៅតែបន្តចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រជុំពង្រឹងសកម្មជនបក្សជាប្រចាំដដែល។ លោកបន្តថា ពួកលោកក៏បានលើកស្លាកគណបក្សបានប្រមាណ ៤កន្លែងទៀតនៅក្នុងខេត្តប៉ៃលិន ដោយមិនខ្វល់ពីគ.ជ.បមិនឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខឡើយ។
លោក ខឹម មុន្នីកុសល៖ «មកដល់ថ្ងៃនេះគណបក្សភ្លើងទៀន គឺនៅតែមានប្រៀបខ្លាំងនៅថ្នាក់មូលដ្ឋាន ហើយនឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាហូរហែ ហើយប្រជាពលរដ្ឋគឺមានក្ដីសង្ឃឹមណាស់។ យើងចុះទៅតាមមូលដ្ឋានអ៊ីចឹងគាត់សុំឱ្យយើង បន្តសកម្មភាពកុំចុះចាញ់កុំបាក់ទឹកចិត្តចំពោះស្ថានការណ៍ គាត់នឹងគាំទ្រយើងជានិច្ច ហើយបើគាត់អត់មានគណបក្សភ្លើងទៀនទេ ពួកគាត់អស់សង្ឃឹមណាស់»។
ស្រដៀងគ្នានេះដែរ ប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តបាត់ដំបង លោក ភូ សុវណ្ណថា ថ្លែងថា សកម្មជនរបស់គណបក្សលោកនៅខេត្តបាត់ដំបងមិនតក់ស្លុតនឹងគ.ជ.បមិនឱ្យចូលរួមប្រកួតការបោះឆ្នោតនោះទេ។ ជាងនេះទៅទៀតលោកថា សកម្មជនរបស់គណបក្សលោកភាគច្រើននៅមានស្មារតីរឹងមាំបន្តសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំងទៅមុខទៀត ដោយមិនរាថយឡើយ។
លោក ភូ សុវណ្ណថា៖ «ទោះបីដំណាក់កាលចុងក្រោយកៀកនឹងការបោះឆ្នោតខាងមុខនេះ មានព័ត៌មានមិនល្អទាំងការបដិសេធបញ្ជីឈ្មោះមិនឱ្យចូលបោះឆ្នោតរបស់គជប ទាំងមានការចាកចេញរបស់សកម្មជនគណបក្សភ្លើងទៀននៅខេត្តបាត់ដំបងខ្លះ។ តែសម្រាប់ផ្ទៃក្នុងរបស់គណបក្សនៅតែមានការរឹងមាំហើយ ខ្ញុំបានជួបរចនាសម្ពន្ធថ្នាក់មូលដ្ឋាន គាត់មានតែជូនព័ត៌មានថា សូមឱ្យថ្នាក់លើរឹងមាំវិញ»។
ការលើករបស់សកម្មជនគណបក្សភ្លើងទៀននេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបដិសេធបណ្ដឹងទាស់របស់គណបក្សភ្លើងទៀតប្រឆាំងនឹងការសម្រេចរបស់គ.ជ.ប ដែលមិនចុះឈ្មោះឱ្យគណបក្សនេះចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដាខាងមុខ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា ការដែលសកម្មជនគណបក្សភ្លើងទៀនធ្វើសកម្មជននយោបាយ និងបន្តខាំស្មៅជាមួយគណបក្សមួយនេះជាសិទ្ធិរបស់ពួកគាត់ ហើយលោកថា បញ្ហានេះបានឆ្លុះបញ្ចាំងថា លំហនយោបាយនៅកម្ពុជាមានលក្ខណៈទូលំទូលាយ។
លោក សុខ ឥសាន៖ «អាហ្នឹងឥឡូវក្រុមប្រឹក្សាធម្មនុញ្ញបានបិទផ្លូវតវ៉ាហើយ គឺបានសេចក្ដីថាភ្លើងទៀនបានរលត់ហើយ។ ដូច្នេះបើគាត់សុខចិត្តដើរតាមភ្លើងទៀនរលត់ហ្នឹងរហូតដល់ក្ស័យអាហ្នឹងក៏ជារឿងគាត់ វាជាសិទ្ធិរបស់គាត់អាហ្នឹងគ្មានអ្នកណាហាមឃាត់បានទេបាទ»។
ទោះជាយ៉ាងណាអ្នកជំនាញខាងការងារបោះឆ្នោតមើលឃើញថា ការលើកឡើងរបស់មន្ត្រីគណបក្សប្រជាជននេះមិនឆ្លុះបញ្ចាំងការពិតឡើយ។
នាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍ថា លំហនយោបាយនៅកម្ពុជាតូចចង្អៀត ពីព្រោះគ.ជ.បមិនឱ្យគណបក្សភ្លើងទៀតចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិនៅពេលខាងមុខ។ លោកបន្តថា ការដែលសកម្មជនគណបក្សប្រឆាំងបន្តធ្វើសកម្មភាពនយោបាយជារឿងល្អ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងការបោះឆ្នោតផ្សេងៗទៀតនៅពេលខាងមុខ។
លោក សំ គន្ធាមី៖ «ទោះបីជាគ.ជ.បមិនចុះបញ្ជីឱ្យចូលរួមបោះឆ្នោតក៏ដោយ ប៉ុន្តែការងារសកម្មភាពការងារនយោបាយ របស់គណបក្សនយោបាយគេនៅធ្វើបានធម្មតា។ ដូច្នេះលើកទឹកចិត្តឱ្យគាត់ធ្វើសកម្មភាពរបស់ធម្មតាទៅដើម្បីពង្រឹង ដល់សកម្មជនរបស់គាត់អីហ្នឹង ចុះជួបប្រជាពលរដ្ឋជួបអីហ្នឹង។ សកម្មភាពត្រូវចំណេញដល់គណបក្សហើយសម្រាប់ថ្ងៃខាងមុខទៀត នៅពេលណាគាត់បានចូលរួមប្រកួតប្រជែងក្រុមប្រឹក្សាឃុំសង្កាត់លើកក្រោយអីចឹងបាទ!»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនាឆ្នាំ២០២២កន្លងទៅគណបក្សភ្លើងទៀនទទួលបានអាសនៈជិត២ពាន់ ២០០អាសនៈ (២.១៩៨)ក្រុមប្រឹក្សាឃុំសង្កាត់ តំណាងឱ្យសំឡេងឆ្នោតសរុបជាង ២២ភាគរយ (២២,២៥%) នៅទូទាំងប្រទេស។
មន្ត្រីគណបក្សភ្លើងទៀនថ្លែងថា បើទោះបីជាគណបក្សនេះមិនអាចចូលរួមការបោះឆ្នោតជាតិនៅពេលខាងមុខបានក៏ដោយ ក៏គណបក្សនេះរំពឹងថា គណបក្សខ្លួននឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកខណ្ឌ ខេត្តរាជធានី និងការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភានៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។