ក្រុម​មេដឹកនាំ​បក្ស​ភ្លើងទៀន​ផ្ដាំ​មន្ត្រី​កុំ​ចាញ់​ការ​បំភិតបំភ័យ

ក្រុម​មេដឹកនាំ​គណបក្ស​ភ្លើងទៀន​អំពាវនាវ​ទៅ​មន្ត្រី និង​សកម្មជន​របស់​ខ្លួន មិន​ត្រូវ​ចាញ់​ការ​គំរាមកំហែង និង​ការ​បំភិតបំភ័យ​ឡើយ ហើយ​ត្រូវ​ផ្សព្វផ្សាយ​សារ​នយោបាយ​ណា​ដែល​មាន​ប្រយោជន៍ ចៀសវាង​ការ​ជេរប្រមាថ។ ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង ខណៈ​មន្ត្រី​គណបក្ស​នេះ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ស្របពេល​ការ​បោះឆ្នោត​ជាតិ​កាន់តែ​ខិត​ជិត​មក​ដល់។

ក្រុម​មេដឹកនាំ​គណបក្ស​ភ្លើងទៀន​ស្នើ​ឱ្យ​មន្ត្រី និង​សកម្មជន​របស់​ខ្លួន ត្រូវ​ចេះ​សាមគ្គី​គ្នា អត់ធ្មត់ និង​ស៊ូទ្រាំ មិន​ថា​ទទួលរង​សម្ពាធ​ពី​ខាងក្រៅ ឬ​សម្ពាធ​ផ្ទាល់ខ្លួន​លំបាក​យ៉ាង​ណា​ឡើយ ដើម្បី​បន្ត​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​គោលដៅ​ដែល​ខ្លួន​ចង់​បាន​នៅ​ពេល​ខាងមុខ គឺ​ជួយ​ឱ្យ​ជីវភាព​ពលរដ្ឋ​កាន់តែ​រីក​ចម្រើន និង​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​ដ៏​ត្រឹមត្រូវ។

អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ស្នើ​ឱ្យ​មន្ត្រី និង​សកម្មជន​ត្រូវ​ពង្រឹង​ស្មារតី​ឱ្យ​រឹងមាំ អំឡុង​ពេល​កំពុង​ប្រឈម​កាន់តែ​ខ្លាំង​ឡើង​ពី​ការ​បំភិតបំភ័យ​តាម​គ្រប់​រូបភាព នៅ​មុខ​រដូវ​កាល​បោះឆ្នោត​នេះ។ លោក សុធារ៉ាយុត្តិ បាន​ផ្ដាំផ្ញើ​ទៅ​មន្ត្រី​គណបក្ស​ភ្លើងទៀន​ថា មិន​ត្រូវ​ឱ្យ​ជំងឺ​សង្ស័យ​ចូល​វាយលុក​រចនាសម្ព័ន្ធ​របស់​គណបក្ស ដែល​នាំ​ឱ្យ​គណបក្ស​បែកបាក់​សាមគ្គី​គ្នា​ឡើយ។

លោក លី សុធារ៉ាយុត្តិ៖ «ការ​បំភ័យ​យើង គេ​បំភិត​យើង គេ​បន្លាច​យើង ជា​រឿង​របស់​គេ​។ ក៏ប៉ុន្តែ​អ្វី​ដែល​សំខាន់ យើង​កុំ​បំភ័យ​គ្នា​យើង យើង​កុំ​បន្លាច​គ្នា​យើង យើង​ត្រូវតែ​រឹងមាំ រឹងមាំ​រហូត​ដល់​សម្រេច​បាន​គោលដៅ​រួម​របស់​យើង គឺ​ការ​ផ្លាស់ប្ដូរ​ក្នុង​សង្គម​នេះ ប្រកប​ដោយ​វិជ្ជមាន​និង​អហិង្សា តាមរយៈ​ការបោះឆ្នោត​មួយ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌»។

ការ​លើកឡើង​របស់​អគ្គ​លេខាធិការ​គណបក្ស​ភ្លើងទៀន​នេះ បាន​ធ្វើ​ឡើង​នៅក្នុង​ពិធី​ប្រកាស​សុពលភាព​ក្រុម​ការងារ និង​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ មីនា។ ចំណែក​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ក៏​បាន​អំពាវនាវ​ទៅ​មន្ត្រី​និង​សកម្មជន​នៅ​ទូទាំង​ប្រទេស ជាពិសេស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជិត ២​ពាន់​នាក់​របស់​គណបក្ស ត្រូវ​ប្រុងប្រយ័ត្ន​កុំឱ្យ​មានការ​ប្រើប្រាស់​ពាក្យ​ជេរប្រមាថ និង​ដៀលត្មះ​ទៅ​គណបក្ស​ដទៃ​។ លោក​បន្ត​ថា ត្រូវ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឱ្យ​បាន​ប្រយោជន៍​ដើម្បី​បម្រើ​ពលរដ្ឋ កា​បង្រួបបង្រួម​ជាតិ និង​ត្រូវ​ផ្សព្វផ្សាយ​ពី​ភាព​មិន​ប្រក្រតី​និង​អំពើ​អយុត្តិធម៌​នៅក្នុង​សង្គម ដើម្បី​ឱ្យ​អ្នកដឹកនាំ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ជាដើម។

លោក សុន ឆ័យ៖ «ខ្ញុំ​សង្ឃឹមថា បងប្អូន​នឹង​មិន​និយាយ​ស្ដី ដៀលត្មះ ដៀមដាម ដែល​ជា​រឿង​ឥត​ប្រយោជន៍ គណបក្ស​ភ្លើងទៀន​យល់​ថា រឿង​ឥត​ប្រយោជន៍ យើង​អត់​យក​មក​ប្រើ​ទេ។ យើង​ប្រើ​គោលនយោបាយ​របស់​គណបក្ស​ភ្លើងទៀន ដែល​មាន​នៅក្នុង​សៀវភៅ​របស់​យើង​...។ មាន​ច្រើន​ណាស់​!បងប្អូន មាន​គ្រប់សព្វ​ទាំងអស់»។

ការ​លើក​ឡើង​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​នេះ បាន​ធ្វើ​ឡើង ខណៈ​មន្ត្រី​និង​សកម្មជន​គណបក្ស​នេះ​ជាច្រើន​នាក់ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ក្នុង​នោះ​រួម​មាន​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន ដែល​ត្រូវ​ចាប់​ឃុំ​ខ្លួន​តាំងពី​ពាក់​កណ្ដាល​ខែ​មករា និង​ការ​ចាប់​ខ្លួន​សកម្មជន​បី​រូប​ទៀត កាលពី​ថ្ងៃទី​២៤ មីនា នេះ រួមមាន​លោក តូច ថឹង ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ប្រចាំ​ខេត្ត​កំពង់ចាម លោក ខឿន វីរ៉ាត់ ប្រធាន​ចលនា​យុវជន​គណបក្ស​ថ្នាក់​ជាតិ និង​លោកស្រី នូ សិទ្ធារី អនុប្រធាន​ចលនា​ស្ត្រី​គណបក្ស​ថ្នាក់​ជាតិ។

លោក សុន ឆ័យ បន្ត​ទៀត​ថា គណបក្ស​ភ្លើងទៀន ចូលរួម​អនុវត្ត​និង​គាំទ្រ​ទាំងស្រុង​ចំពោះ​គោលនយោបាយ​ការពារ​សន្តិភាព​របស់​រដ្ឋាភិបាល ប៉ុន្តែ​ដើម្បី​ធានា​សុខ​សន្តិភាព​ឱ្យ​បាន​យូរ​អង្វែង​ជា​អចិន្ត្រៃយ៍ រដ្ឋាភិបាល​ត្រូវតែ​ធ្វើ​ឱ្យ​មាន​យុត្តិធម៌​សង្គម ការគោរព​សិទ្ធិមនុស្ស និង​ត្រូវ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​បាន​ត្រឹមត្រូវ។ លោក សុន ឆ័យ លើកឡើង​ថា ប្រសិនបើ​គ្មាន​យុត្តិធម៌​សង្គម ហើយ​សង្គម​មាន​ការ​ជិះជាន់​គ្នា ពុករលួយ ធ្វើ​បាប​ប្រជា​រាស្ដ្រ បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ នោះ​មិន​អាច​ធ្វើ​ឱ្យ​កម្ពុជា​មាន​សុខសាន្តត្រាណ​យូរ​អង្វែង​ឡើយ។

clp_032623-1.jpg
វេទិកាសាធារណៈ និងពិធីប្រកាសសុពលភាពក្រុមការងារ និងគណ:កម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ មីនា ២០២៣។ រូប៖ ​ហ្វេសប៊ុក​គណបក្ស​ភ្លើងទៀន

ទាក់ទង​នឹង​បញ្ហា​នេះ​មន្ត្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​លោក សុខ ឥសាន្ត ឆ្លើយតប​ថា ការ​លើកឡើង​របស់​ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​នេះ ជា​ការ​បង្កើត​ឱ្យ​មាន​បញ្ហា​ពី​មួយ​ទៅ​មួយ ក្នុង​ចេតនា​ដើម្បី​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​មើល​មក​បរិយាកាស​មុន​ការ​បោះឆ្នោត​ថា មិន​ល្អ។ លោក​អះអាង​ថា គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ អាច​ធ្វើ​សកម្មភាព​សព្វគ្រប់​បែប​យ៉ាង​ស្មើៗ​គ្នា ស្របតាម​គោលការណ៍​ច្បាប់​ស្ដីពី​ការរៀបចំ​បោះឆ្នោត។ លោក​បន្ត​ថា មិន​ត្រូវ​លើក​យក​រឿង​នយោបាយ មក​និយាយ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ទៅលើ​អ្នក​ប្រព្រឹត្ត​ខុសច្បាប់​ឡើយ។

លោក ថា​៖ «ទោះបី​យើង​កំពុង​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត ឬមួយ​ការបោះឆ្នោត​កំពុង​ប្រព្រឹត្តទៅ​យ៉ាងណាក៏ដោយ ការអនុវត្ត​ផ្លូវច្បាប់ អត់​មាន​ព្យួរ​ទេ ប្រទេស​ណា​ដូច​ប្រទេស​ណា​អ៊ីចឹង។ ផ្ទុយ​ទៅវិញ សមត្ថកិច្ច​ខិតខំ ដើម្បី​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណ​សង្គម មិន​ឱ្យ​កើត​មាន​ឡើង​ទេ»។

ទោះជា​យ៉ាងណា គណបក្ស​ភ្លើងទៀន សង្គម​ស៊ីវិល​ខាង​សិទ្ធិមនុស្ស និង​អ្នក​តាមដាន​នយោបាយ បាន​ចាត់ទុក​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចាប់ខ្លួន​មន្ត្រី​និង​សកម្មជន​ទាំងនោះ ថា​ជា​រឿង​នយោបាយ និង​ជា​ការ​គំរាមកំហែង​នៅ​មុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ខាងមុខ​នេះ។

អ្នកវិភាគ​នយោបាយ​បណ្ឌិត សេង សារី មើលឃើញ​ថា សកម្មជន​គណបក្ស​ភ្លើងទៀន​នៅ​តាម​មូលដ្ឋាន ដែល​សុទ្ធ​សឹង​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​មាន​ភាពរឹងមាំ​ជាង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​នៅ​ថ្នាក់លើ​ទៅទៀត។ លោក​បន្ត​ថា នៅ​ក្រោយ​ឆ្នាំ​២០១៧​មក ទោះ​ក្បាល​ម៉ាស៊ីន​នៅ​ថ្នាក់លើ​មាន​ភាព​រប៉ាត់រប៉ាយ ដោយ​មួយ​ក្រុម​រត់​ភៀសខ្លួន​ទៅ​នៅ​ក្រៅ​ប្រទេស និង​មួយ​ក្រុម​ទៀត​នៅក្នុង​ប្រទេស​មិន​អាច​ធ្វើ​សកម្មភាព​អ្វី​បាន​យ៉ាងណាក្ដី ក៏​សកម្មជន​នៅ​មូលដ្ឋាន​ភាគច្រើន មិន​ព្រម​ចាញ់​ការ​គំរាមកំហែង​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​ឡើយ ដោយ​ពួកគេ​សុខចិត្ត​ធ្វើ​ស្រែ ធ្វើ​ជា​ជាង​កាត់សក់ និង​អ្នក​រត់​ម៉ូតូឌុប​ជាដើម។

បណ្ឌិត សេង សារី៖ «ភស្តុតាង​ទាំង​នេះ​ហើយ ដែល​ខ្ញុំ​សន្និដ្ឋាន​ថា ចលនា​ប្រជាធិបតេយ្យ​បច្ចុប្បន្ន ឬក៏​ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ គឺ​កម្លាំង​រឹងមាំ​បំផុត គឺ​នៅ​មូលដ្ឋាន ហើយ​ជា​ព្រឹត្តិការណ៍ ឬក៏​ជា​ប្រវត្តិសាស្ត្រ នៅក្នុង​នយោបាយ​កម្ពុជា ដែល​បង្ហាញ​ថា មូលដ្ឋាន​មាន​ភាពរឹងមាំ​ជាង​ក្បាល​ម៉ាស៊ីន​ថ្នាក់​ដឹកនាំ​គណបក្ស»។

លោក​បណ្ឌិត សេង សារី យល់​ឃើញ​ថា ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​ទៅវិញ ដែល​គួរតែ​ពង្រឹង​ជំហរ​ខ្លួនឯង​ឱ្យ​បាន​រឹងមាំ និង​ព្យាយាម​កុំ​ប្រព្រឹត្ត​កំហុស​ផ្នែក​សីលធម៌ និង​នយោបាយ ដើម្បី​ទប់ទល់​នឹង​យុទ្ធសាស្ត្រ​បំបែកបំបាក់​របស់​គណបក្ស​កាន់អំណាច​ដែល​ប្រើប្រាស់​តាំង​ពី​ឆ្នាំ​១៩៩៣​មក។

ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន លើកឡើង​ថា ប្រសិនបើ​ខ្លួន​ឈ្នះ​ការ​បោះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​ខាងមុខ​នេះ នឹង​មិន​យក​អ្នក​នយោបាយ ឬ​គណបក្ស​នយោបាយ​ណាមួយ​ធ្វើ​ជា​សត្រូវ​ដើម្បី​គុំកួន​សងសឹក​ឡើយ រួម​ទាំង​គោលនយោបាយ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ឱ្យ​បាន​ត្រឹមត្រូវ ការពារ​វប្បធម៌​ឱ្យ​កាន់តែ​រឹងមាំ ការពារ​បរិស្ថាន ជួយ​ដល់​កសិករ ផ្ដល់​ឱកាស​ឱ្យ​យុវជន​ទទួល​បាន​ការ​អប់រំ​នៅ​ឧត្តម​សិក្សា​ស្មើៗ​គ្នា ជាពិសេស​នឹង​ធ្វើ​ឱ្យ​តុលាការ​បំពេញ​ការងារ​ដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ និង​ឈរ​លើ​គោលការណ៍​យុត្តិធម៌​សម្រាប់​បម្រើ​ឱ្យ​ពលរដ្ឋ​ទូទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។