សាលា​ឧទ្ធរណ៍​ត្បូង​ឃ្មុំ​ប្រកាស​សាលដីកា​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​បក្ស​ភ្លើង​ទៀន​ខេត្តកំពង់ចាម លោក គង់ ថារ៉េត ទៅ​ថ្ងៃ​ទី២៤ ខែកក្កដា

0:00 / 0:00

សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​នឹង​ប្រកាស​សាលដីកា​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​បក្ស​ភ្លើង​ទៀន​ខេត្តកំពង់ចាម​លោក គង់ ថារ៉េត នៅ​ថ្ងៃ​ទី២៤ ខែកក្កដា ប៉ុន្តែ​មន្ត្រី​បក្ស​ជំទាស់​ម្នាក់​ទៀត គឺ​លោក ឆេង សារិន ត្រូវ​បាន​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ។ សាច់ញាតិ​នៅតែ​ច្រានចោល​ការ​ចោទ​ប្រកាន់ និង​ស្នើ​ឱ្យ​តុលាការ​ជាន់​ខ្ពស់​ពិចារណា​ដោះ​លែង​សមាជិក​គ្រួសារ​របស់​ពួកគាត់ ឱ្យ​មាន​សេរីភាព​ជួបជុំ​គ្រួសារ​ឡើងវិញ។

សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​នៅ​រសៀល​ថ្ងៃ​ទី២២ ខែកក្កដា បាន​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ខេត្តកំពង់ចាម​លោក គង់ ថារ៉េត ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ថា​លោក​ក្លែង​ស្នាម​មេដៃ​លើ​ឯកសារ​រៀបចំ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​បោះឆ្នោត​ក្រុម​ប្រឹក្សា​ក្រុងកំពង់ចាម សម្រាប់​អាណត្តិ​ទី៤ ឆ្នាំ២០២៤ កន្លង​ទៅ។

លោក គង់ ថារ៉េត ស្លៀកពាក់​ខោអាវ​អ្នក​ជាប់​ឃុំ​ពណ៌​ទឹកក្រូច ដែល​មាន​សុខភាព​ទ្រុឌទ្រោម​ខ្លាំង​ត្រូវ​បាន​សមត្ថកិច្ច និង​គ្រួសារ​គ្រា​ចេញ​ពី​ឡាន​ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ បាន​ព្យាយាម​បកស្រាយ​នៅ​មុខ​តុលាការ​ថា លោក​មិន​បាន​ក្លែងបន្លំ​ឯកសារ ដូច​ការ​ចោទ​ប្រកាន់​ឡើយ ហើយ​លោក​ស្នើ​សុំ​តុលាការ​អនុញ្ញាត​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ ដើម្បី​ព្យាបាល​ជំងឺ​ពី​គ្រូពេទ្យ និង​ការ​មើលថែ​ពី​គ្រួសារ​ជា​ចាំបាច់។ ក្រោយ​សួរ​ដេញដោល​ជាង ២ម៉ោង​មក ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សម្រេច​លើក​ពេល​ប្រកាស​សាលដីកា ទៅ​ថ្ងៃ​ទី២៤ ខែកក្កដា។

Kong_Thareth_FB_052222_1.jpg
លោក គង់ ថារ៉េត ក្នុង​អំឡុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត នៅ​​ក្រុងកំពង់ចាម កាល​ពី​ថ្ងៃ​ទី២២ ខែឧសភា ឆ្នាំ២០២២។ រូប​ពី​ហ្វេសប៊ុក​លោក គង់ ថារ៉េត

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​បក្សជំទាស់​លោក អែម ចន្ថា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​ថា អង្គហេតុ​ដែល​តុលាការ​យក​មក​ចោទ​ប្រកាន់​លើ​លោក គង់ ថារ៉េត មាន​វិមតិសង្ស័យ ដែល​នេះ​ជា​ប្រយោជន៍​សម្រាប់​កូនក្ដី​របស់​លោក។ លោក អែម ចន្ថា បញ្ជាក់​ថា បើ​តាម​ច្បាប់ គោលការណ៍​សេរីភាព និង​ស្ថានភាព​កូនក្ដី​របស់​លោក​កំពុង​មាន​ជំងឺ​ជាច្រើន ដូចជា ជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល​ធ្ងន់ធ្ងរ ដែល​បញ្ជាក់​ពី​គ្រូពេទ្យ​នោះ លោក​សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​ពិចារណា​ក្នុង​ការ​ដោះលែង​កូន​ក្ដី​របស់​លោក​ឱ្យ​មាន​សេរីភាព នៅ​ថ្ងៃ​ប្រកាស​សាលដីកា​ខាង​មុខ។

លោក អែម ចន្ថា៖ «បទល្មើស​និង​អង្គហេតុ​នេះ បើ​មើល​ទៅ​លើ​ព្យសនកម្មមិន​មាន​អ្វី​ត្រូវ​ឃុំ​ខ្លួន​ទេ​កូន​ក្ដី​ខ្ញុំ​ទេ ការ​ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​គ្រប់គ្រាន់​ហើយ​បាទ។ មេធាវី​តែងតែ​សង្ឃឹម​ថា កូន​ក្ដី​ទទួល​បាន​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ តែ​លទ្ធផល​ជាក់ស្ដែង​យើង​រង់ចាំ​មើល​ការប្រកាស​សាលដីកា»។

ប្រពន្ធ​ចៅសង្កាត់​រង​ទី២ នៅ​សង្កាត់​វាលវង់ ខេត្តកំពង់ចាម របស់​គណបក្ស​ភ្លើង​ទៀន លោក គង់ ថារ៉េត គឺ​លោកស្រី មុំ សុខឃាង ប្រាប់​ថា លោកស្រី​ឈឺចាប់​ពេល​ឃើញ​ប្ដី​ជា​មនុស្ស​ស្អាតស្អំ តស៊ូ​លះបង់ ដើម្បី​ជាតិ​ត្រូវ​ជាប់គុក​ទាំង​អយុត្តិធម៌។ លោកស្រី​ឱ្យ​ដឹង​ថា​អ្វី​ដែល​លោកស្រី​ព្រួយបារម្ភ គឺ​ស្ថានភាព​សុខភាព​ប្ដី​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​នៅ​ក្នុង​ពន្ធនាគារ ពីព្រោះ​គាត់​មាន​វ័យ​កាន់តែ​ចាស់ និង​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន​មុខ ដូចជា ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​ជំងឺ​លើសឈាម​ដែល​ត្រូវ​ថែទាំ​ឱ្យ​បាន​ដិតដល់​ពី​កូនចៅ។ លោកស្រី​ស្នើ​ដល់​តុលាការ​ដោះលែង​ប្តី​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

លោកស្រី មុំ សុខឃាង៖ «ជំងឺ​គាត់​មិន​ដឹង​ទប់ទល់​នឹង​ស្ថានភាព​​នៅ​ក្នុង​ពន្ធនាគារ​បាន ឬ​មិន​បាន​ទេ ខ្ញុំ​ភ័យ​បារម្ភ សូម​ឱ្យ​តុលាការ​ដោះលែង​ប្ដី​របស់​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​មក​ឱ្យ​បាន​នៅ​ជិត​ពេទ្យ ហើយ​ដល់​ពេល​នៅ​ពន្ធនាគារ​នោះ ទម្រាំ​បាន​ចេញ​មក​ពេទ្យ​សន្លប់​ដូច​ថ្ងៃ​មុន​អ៊ីចឹង សូម​ឱ្យ​តុលាការ​ដោះលែង​ប្ដី​របស់​ខ្ញុំ​មក ពីព្រោះ​គាត់​អត់​មាន​កំហុស​អ្វី​ធ្ងន់ធ្ងរ​ទេ ដោះលែង​ឱ្យ​មក​ជួបជុំ​គ្រួសារ​របស់​ខ្ញុំ​វិញ​មក»។

ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​នៅ​ថ្ងៃ​ទី២២ ខែកក្កដា ក៏​បាន​ប្រកាស​សាលដីកា សម្រេច​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ របស់​ក្រុមប្រឹក្សា​មក​ពី​បក្ស​ប្រឆាំង​នៅ​ឃុំស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម លោក ឆេង សារិន ពាក់ព័ន្ធ​រឿង​លោក​ជីក​ដី​ទប់​ប្រឡាយ​យក​ទឹក សម្រាប់​ស្រោច​ដំណាំ​នៅ​ក្នុង​ចម្ការ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ លោក ទុំ សោភ័ណ ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២២ ខែកក្កដា។

មក​ដល់​ពេល​នេះ អាជ្ញាធរ​ខេត្តកំពង់ចាម​បាន​ចាប់ខ្លួន​សកម្មជន​របស់​គណបក្ស​ជំទាស់​ចំនួន ៥នាក់​ ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ រួមមាន​លោក​សាន សឿង លោក ស្រ៊ី មាន លោក យិន ភាន លោក គង់ ថារ៉េត និង​លោក ឆេង សារិន។ ករណី​ចោទប្រកាន់ និង​ចាប់​ខ្លួន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជា​អង្គ​បោះឆ្នោត និង​ជា​បេក្ខជន​មក​ពី​បក្ស​ប្រឆាំង​ទាំង​នោះ បាន​ធ្វើ​ឡើង​នៅ​​មុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី៤ កាល​ពី​ថ្ងៃ​ទី២៦ ខែឧសភា ដោយសារ​ពួកគេ​មិន​ព្រម​ចុះចូល ឬ​បោះឆ្នោត​ឱ្យ​បក្ស​កាន់​អំណាច​ជា​ថ្នូរ​ដោះលែង​ឱ្យ​មាន​សេរីភាព។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc) លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ​តានតឹង​នៅ​មុន​ការ​បោះ​ឆ្នោត ខណៈ​បញ្ហា​នេះ​សហគមន៍​អន្តរជាតិ​រិះគន់ និង​ចាត់​ទុក​ក្ដីក្ដាំ​នេះ​ថា ជា​រឿង​នយោបាយ។ លោក យិន ម៉េងលី ចង់​ឃើញ​អ្នក​កាន់​អំណាច​ដោះស្រាយ​បញ្ចប់​វិវាទ​នយោបាយ ហើយ​តុលាការ​ដោះលែង​សកម្មជន​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

លោក យិន ម៉េងលី៖«មាន​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន​ទាមទារ​ឱ្យ​បើក​លំហ​សេរីភាព លំហ​ផ្នែក​នយោបាយ​ឡើងវិញ វា​អាច​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល​ទៅ​ដល់​​ទី​ណា គេ​លើក​ឡើង​បញ្ហា​របស់​ប្រទេស​កម្ពុជា​ដែរ​បាទ»។

មក​ទល់​ពេល​នេះ ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន និង​មន្ត្រី​គណបក្សប្រឆាំង​បាន​កើន​ឡើង​ជាង ៤០នាក់​ហើយ។ គណបក្ស​ប្រឆាំង និង​មន្ត្រី​សិទ្ធិមនុស្ស​ទាមទារ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​ឈប់​យក​ប្រព័ន្ធ​តុលាការ​មក​គាបសង្កត់​លើ​សំឡេង​ប្រឆាំង ហើយ​ទាមទារ​ឱ្យ​ដោះលែង​ពួក​គេ​វិញ​ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។