មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនថា វប្បធម៌ជជែកគ្នារវាងបក្សកាន់អំណាច និងបក្សភ្លើងទៀនចាប់ផ្ដើមកើតមានហើយ
2022.10.27

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លើកឡើងថា សារឆ្លើយឆ្លងគ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សភ្លើងទៀន ជាការបង្ហាញថា វប្បធម៌ជជែកនៃបក្សកាន់អំណាច និងគណបក្សភ្លើងទៀន ចាប់ផ្ដើមកើតមានហើយ។ ការលើកឡើងដូច្នេះ ខណៈគណបក្សភ្លើងទៀន ប្រកាសថ្កោលទោសជនណា ដែលប្រមាថព្រះមហាក្សត្រ និងអះអាងថា ខ្លួនគ្មានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ហើយត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសស្វាគមន៍។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន រំពឹងថា សារឆ្លើយឆ្លងគ្នារវាងមេដឹកនាំគណបក្សកាន់អំណាច ជាមួយគណបក្សមេដឹកនាំគណបក្សភ្លើងទៀន ពេលនេះ បង្ហាញថា អ្នកនយោបាយអាចនិយាយគ្នាត្រង់ទៅត្រង់មក ដើម្បីឈានឆ្ពោះដោះស្រាយបញ្ហាជាតិ។
អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា យល់ថា បើពេលខ្មែរចេះនិយាយគ្នា ទោះបញ្ហាអ្វីក៏អាចដោះស្រាយបានដែរ។ លោកបន្តថា ការដែលលោក ហ៊ុន សែន ព្រមទទួលស្គាល់ការបំភ្លឺគណបក្សភ្លើងទៀន ពេលនេះ ជាសញ្ញាល្អ ចំពោះស្ថានការណ៍នយោបាយ ដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោត ឆ្នាំ២០២៣ ខាងមុខ។
លោក ថាច់ សេដ្ឋា លើកឡើងដូច្នេះ ក្រោយពេលគណបក្សភ្លើងទៀន បញ្ជាក់ជំហររបស់ខ្លួនជាសាធារណៈ ថា គណបក្សនេះ គោរពព្រះរាជតួនាទីនៃអង្គព្រះមហាក្សត្រ ។ ទន្ទឹមគ្នានេះដែរ គណបក្សភ្លើងទៀន ថ្កោលទោសបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពានព្រះមហាក្សត្រ និងរបបរាជានិយម។ សេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី២៧ ខែតុលា អះអាងទៀតថា គណបក្សនេះគ្មានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ទេ ដោយដំណើរការការងារ និងការធ្វើសេចក្តីសម្រេចចិត្តនានា ជាការទទួលខុសត្រូវក្នុងអធិបតេយ្យពេញលេញនៃគណបក្សភ្លើងទៀន និងមិនស្ថិតនៅក្រោមការបង្គាប់បញ្ជាពីបុគ្គល ឬគណបក្សនយោបាយណាមួយឡើយ។
គណបក្សនេះលើកឡើងទៀតថា គណបក្សភ្លើងទៀន គោរព និងអនុវត្តន៍តាមរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់នានា ព្រមទាំងលក្ខន្តិកៈគណបក្សដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។
សេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ធ្វើឡើងពេលនេះ ជាការឆ្លើយតបទៅនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ ទី២៦ ខែតុលា ដែលទាមទារទៅគណបក្សនេះគួរចេញមុខបញ្ជាក់ពីករណីលោក សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ។
សាររបស់គណបក្សភ្លើងទៀននេះ ទំនងធ្វើឱ្យលោក ហ៊ុន សែន ពេញចិត្តដោយលោកបានស្វាគមន៍។ លោក ហ៊ុន សែន លើកឡើង តាមទំព័រហ្វេសប៊ុកថ្ងៃទី២៧ ខែតុលា ដោយកោតសរសើរ និងអគុណ ចំពោះថ្នាក់ដឹកនាំ គណបក្សភ្លើងទៀន ដែលបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសអ្នកទាំងឡាយណា ដែលប្រមាថព្រះមហាក្សត្រតាមការស្នើសុំរបស់លោក។
ទាក់ទងជំហរគណបក្សភ្លើងទៀន ចំពោះអង្គព្រះមហាក្សត្រពេលនេះដែរ អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា នេះជាការសម្រេចចិត្តត្រឹមត្រូវ។ អ្នកវិភាគរូបនេះលើកឡើងទៀតថា គណបក្សភ្លើងទៀន នៅតែអាចទទួលបានផលចំណេញដដែលទេ ទោះគណបក្សនេះ ប្រកាសពីការគ្មានទំនាក់ទំនងជាមួយលោក សម រង្ស៊ី។
ទោះយ៉ាងណាក្ដី ទន្ទឹមនឹងមេដឹកនាំ គណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន បង្ហាញសារល្អដាក់គ្នាបែបនេះ មន្ត្រីមូលដ្ឋានរបស់គណបក្សកាន់អំណាច កំពុងដើរគំរាមកំហែង សមាជិកប្រឹក្សាឃុំសង្កាត់ គណបក្សភ្លើងទៀន ឱ្យចុះចូលជាមួយគណបក្សកាន់អំណាច និងចេញសារថ្កោលទោសលោក សម រង្ស៊ី។ សកម្មភាពរបស់មន្ត្រីបក្សកាន់អំណាច បែបនេះ ក្រោយពេលលោក ហ៊ុន សែន បានប្រកាសឱ្យក្រុមប្រឹក្សាគណបក្សភ្លើងទៀន ចេញមុខថ្កោលទោសលោក សម រង្ស៊ី រឿងប្រមាថព្រះមហាក្សត្រ ដោយលោកសន្យាថា ទោះពួកគេប្រឈមនឹងគណបក្សភ្លើងទៀន បណ្ដេញចេញក៏មិនបាត់បង់តួនាទីនៅឃុំសង្កាត់ដែរ។
ទន្ទឹមគ្នានេះដែរ ក៏មានសំឡេងបែកធ្លាយ នៃក្រុមអាជ្ញាធរមូលដ្ឋាននៃគណបក្សកាន់អំណាច ចុះដើរគោះទ្វារតាមផ្ទះនៃសមាជិកប្រឹក្សាគណបក្សភ្លើងទៀន ជំរុញឱ្យពួកគេធ្វើលិខិតថ្កោលទោសលោក សម រង្ស៊ី។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឱ្យដឹងថា ក្រុមប្រឹក្សាគណបក្សភ្លើងទៀនស្ទើរទូទាំងប្រទេសរងការព្រមានឱ្យចេញលិខិតថ្កោលទោសលោក សម រង្ស៊ី។ លោកឱ្យដឹងទៀតថា ព័ត៌មានដំបូង ដែលលោកទទួលបានពីមន្ត្រីគណបក្សភ្លើងទៀន នៅតាមមូលដ្ឋាន អ្នកដែលគំរាម នេះ មានទាំងអាជ្ញាធរភូមិឃុំ រហូតដល់អភិបាលស្រុក ដែលអ្នកទាំងនោះជាមន្ត្រីបក្សកាន់អំណាច។ លោកឱ្យដឹងទៀតថា ពេលនេះគណបក្សភ្លើងទៀន កំពុងប្រមូលភស្តុតាងនៃការគំរាមនេះដាក់ប្ដឹងទៅក្រសួងមហាផ្ទៃ។
ទាក់ទងរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេនៅថ្ងៃទី២៧ ខែតុលា។
រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ប្រាប់ថា គណបក្សប្រជាជនកម្ពុជា មិនជាប់ពាក់ព័ន្ធ ឬណែនាំសមាជិករបស់ខ្លួនឱ្យបង្ខំអ្នកណាម្នាក់ឱ្យថ្កោលទោសលោក សម រង្ស៊ី ឡើយ។ លោកយល់ថា បើក្រុមប្រឹក្សាឃុំ សង្កាត់គណបក្សភ្លើងទៀនរូបណារងការគំរាមកំហែងបង្ខំឱ្យពួកគេសរសេរលិខិតថ្កោលទោស លោក សម រង្ស៊ី ពួកគេគួរប្រមូលភស្តុតាងប្ដឹងទៅសមត្ថកិច្ចពាក់ព
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ថា បើករណីនេះបង្កឡើងដោយអាជ្ញាធរមូលដ្ឋាន គឺមិនត្រឹមត្រូវតាមច្បាប់ទេ។ លោកយល់ថា សំណុំរឿងលោក សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ គឺមានការឆ្លើយឆ្លង រវាងលោក ហ៊ុន សែន និងគណបក្សភ្លើងទៀន គឺល្មមគ្រប់គ្រាន់ហើយ មិនចាំអាជ្ញាធរមូលដ្ឋានដើរបង្ខំអ្នកណាទៀតឡើយ។
ប៉ុន្មានថ្ងៃនេះ រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងធ្វើយុទ្ធនាការថ្កោលទោសលោក សម រង្ស៊ី ថា បានប្រមាថព្រះមហាក្សត្រ។ ទោះលោក សម រង្ស៊ី ត្រូវបានតុលាការនៃរបបលោក ហ៊ុន សែន កាត់ទោសដាក់ពន្ធនាគារមួយជីវិតហើយក្ដី ប៉ុន្តែ ពួកគេនៅតែប្រកាសបន្តផ្ដន្ទាទោស និងថ្កោលទោសលោក សម រង្ស៊ី បន្ថែមទៀត។ លោក ហ៊ុន សែន ថែមទាំងបានព្រមានរំលាយគណបក្សភ្លើងទៀន បើរកឃើញថា គណបក្សនេះធ្វើសកម្មភាពដើរតាមបន្ទាត់តាមបន្ទាត់នយោបាយរបស់លោក សម រង្ស៊ី ដែលលោកប្រកាន់ថា ជាការផ្ដួលរំលំរបបរាជនិយម និងបំផ្លាញការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។