មន្រ្តីសន្តិសុខគណបក្សភ្លើងទៀនម្នាក់ត្រូវបានជនមិនស្គាល់មុខជាច្រើននាក់ យកដែករលាស់ព្រួតវាយបណ្ដាលឱ្យរងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី១៣ ឧសភា។ ជនរងគ្រោះចាត់ទុកទង្វើនេះថា ជាការគំរាមកំហែងផ្នែកនយោបាយ និងអំពាវនាវដល់អាជ្ញាធរស្វែងរកជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ជនរងគ្រោះលោក ឃុន ស៊ីថា ទាមទារឱ្យសមត្ថកិច្ចចាប់ជនដៃដល់យកមកទទួលខុសត្រូវក្នុងរឿងនេះ ព្រោះលោកអះអាងថា កន្លងមកលោកពុំដែលមានប្រវត្តិបង្កជម្លោះជាមួយនរណាឡើយ។ ប៉ុន្តែលោកថា បើពិនិត្យមើលទៅលើសកម្មភាព និងភិនភាគជនប្រព្រឹត្តនោះ គឺជាផែនការរៀបចំទុកជាមុន ដើម្បីបង្កហិង្សាបំបាក់ស្មារតីសកម្មជនបក្សភ្លើងទៀននៅមុនការបោះឆ្នោតជាតិខែកក្កដាខាងមុខនេះ។
មន្រ្តីសន្តិសុខគណបក្សភ្លើងទៀនលោក ឃុន ស៊ីថា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ខែឧសភា ថា ជនមិនស្គាល់មុខមានគ្នា ៦នាក់ពាក់ម៉ាស់ ជិះម៉ូតូ៣គ្រឿងបានព្រួតគ្នាវាយលោកកំពុងបើកម៉ូតូនៅលើផ្លូវវេងស្រេង ត្រង់ចំណុចផ្សារអ៊ីខាង ខាងលិចលូ៥សង្កាត់ស្ទឹងមានជ័យ កាលពីវេលាម៉ោង៤ល្ងាច កាលពីថ្ងៃទី១៣ ខែឧសភា។ លោកបន្ថែមថា ជនដៃដល់ទាំងនោះបានហូតដែករលាស់វាយដំក្បាលនិងដៃរបស់លោកបណ្តាលឱ្យរងរបួសដៃខាងឆ្វេង។ លោកឱ្យដឹងថា អំពើហិង្សានេះកើតឡើង បន្ទាប់ពីលោកត្រឡប់ពីឃ្លាំមើលថ្នាក់ដឹកនាំគណបក្សដាក់ឯកសារបន្ថែមទៅគ.ជ.ប។
លោក ឃុន ស៊ីថា៖ «ស្មារតីរបស់ខ្ញុំនៅតែរឹងមាំដដែល ប៉ុន្តែខ្ញុំឈឺចាប់ដែលខ្មែរគ្នាឯងហេតុអ្វីមកធ្វើបាបខ្មែរគ្នាឯងស្លូតត្រង់ អ្នកស្នេហាជាតិពិតប្រាកដ ហេតុអ្វីអ្នកដែលបំផ្លាញសង្គមមិនទៅធ្វើបាប ខ្ញុំអត់តក់ស្លុតទេ អនាគតប្រទេសរបស់ខ្ញុំ ហើយខ្ញុំអត់ចុះចាញ់ទេ ខ្ញុំនៅតែបន្តសកម្មភាពរហូតដល់បក្សទទួលបានជោគជ័យ»។

លោក ឃុន ស៊ីថា បន្តថាអ្វីដែលលោកហួសចិត្តគឺមុនពេលជនល្មើសជិះម៉ូតូគេចខ្លួនបាត់នោះ ពួកគេបានបង្ហាញកាយវិការឌឺដង ព្រមទាំងប៉ក់ដៃឱ្យលោកជិះម៉ូតូតាមចាប់ថែមទៀតផង។ លោកឱ្យដឹងថា បច្ចុប្បន្នស្ថានភាពរបួសរបស់លោកឡើងជាំហើម និងឈឺចុកចាប់ដែលត្រូវការគ្រូពេទ្យពិនិត្យព្យាបាលឱ្យបានត្រឹមត្រូវ ខណៈជីវភាពគ្រួសាររបស់លោកខ្វះខាតស្រាប់។ លោកប្រាប់ថា លោកនឹងដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលមូលដ្ឋានឆាប់ៗនេះ។
លោក ឃុន ស៊ីថា៖ «អំពើព្រៃផ្សៃណាស់ គេដើរអុកឡុកមិនឱ្យយើងធ្វើសកម្មភាពបានអ៊ីចឹង ខ្ញុំសោកស្តាយណាស់ គាត់ទៅប្រើមនុស្សអ៊ីចឹងៗធ្វើបាបមនុស្សទាន់ខ្សោយ។ ខ្ញុំមិនដែលទៅប៉ះពាក្យសម្តីជាមួយបងប្អូនប្រជាពលរដ្ឋណាទេ ពីព្រោះរាល់ថ្ងៃនេះគោលដៅនិងទឹកចិត្តរបស់ខ្ញុំ គឺប្រទេសជាតិ គណបក្សភ្លើងទៀន។ ដំបូងខ្ញុំត្រូវឱ្យអាជ្ញាធរដែនដីវែកមុខអនាមិកដើរវាយសកម្មជនគណបក្សភ្លើងទៀន»។
លោក ឃុន ស៊ីថា វ័យ៤៧ឆ្នាំ គឺជាអ្នកគាំទ្រស្មោះស្មគ្រនឹងគណបក្សប្រឆាំងចាប់តាំងពីឆ្នាំ២០០៣មក។ បច្ចុប្បន្នលោកជាមន្រ្តីសន្តិសុខគណបក្សភ្លើងទៀនដោយតាមការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំគណបក្សនេះនៅពេលចុះទៅមូលដ្ឋាន និងចូលរួមកម្មវិធីផ្សេងៗ។ក្រៅពីនេះលោកតែងចូលរួមសកម្មភាពទាមទារយុត្តិធម៌ក្នុងសង្គមជាហូរហែ។ លោក ឃុន ស៊ីថា បញ្ជាក់ថា ក្រោយពេលលោកជួបហេតុការណ៍បែបនេះ លោក និងក្រុមគ្រួសារនឹងបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ប៉ុន្តែលោកនឹងមិនបោះបង់ការចូលរួមសកម្មភាពជាមួយគណបក្សភ្លើងទៀននោះទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន ដើម្បីឆ្លើយតបរឿងនេះបានទេនៅថ្ងៃទី១៤ ខែឧសភា។
ទោះយ៉ាងណាកន្លងទៅជនរងគ្រោះតែងតែលើកឡើងថា សំណុំរឿងដែលប្ដឹងផ្ដល់ដោយសកម្មជនបក្សប្រឆាំង ឬសកម្មជនសិទ្ធិមនុស្សរហូតមកទល់ពេលនេះ គ្មានករណីណាមួយត្រូវបានអាជ្ញាធរបំបែក ឬបង្ហាញលទ្ធផលស៊ើបអង្កេតគួរឲ្យទុកចិត្តបាននោះទេ។ លើសពីនេះ អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន តែងបណ្ដោយឲ្យសំណុំរឿងទាំងនោះអូសបន្លាយពេលវេលារាប់ខែរាប់ឆ្នាំដោយគ្មានលទ្ធផលអ្វីទាំងអស់។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក ស៊ឹង សែនករុណា កត់ស្គាល់ថា ករណីហិង្សាវាយដំលើសកម្មជនបក្សប្រឆាំងបានកើតឡើងក្នុងទម្រង់ដដែលៗគួរឱ្យព្រួយបារម្ភ។ លោកមើលឃើញថា ជនដៃដល់ដែលធ្វើសកម្មភាពកន្លងមកហាក់មិនញញើតប្រព្រឹត្តអំពើល្មើសផ្លូវច្បាប់អ្វីឡើយ។ លោកអំពាវនាវដល់អាជ្ញាធរត្រូវចាត់វិធានការករណីនេះដោយស៊ើបអង្កេតរកជនដៃដល់ មកផ្តន្ទាទោសតាមច្បាប់ដើម្បីទប់ស្កាត់អំពើនិទណ្ឌភាព និងបញ្ចៀសការរិះគន់ពីជនរងគ្រោះ និងមហាជនថា ទាក់ទិនការរើសអើងនិន្នាការនយោបាយ។
លោក ស៊ឹង សែនករុណា៖ «បើយើងពិនិត្យមើលអំពីច្បាប់ដែលមានចែង ជនប្រព្រឹត្តក៏មាន អង្គហេតុកើតឡើងជាបន្តបន្ទាប់ បែរជាអត់មានចំណាត់ការ អ៊ីចឹងជាបញ្ហាធ្វើឱ្យសង្គមយើងអាចមានអនាធិបតេយ្យលើការប្រើប្រាស់នូវអំពើហិង្សាលើសកម្មជនបក្សប្រឆាំងដែលពួកគេជាប្រជាពលរដ្ឋត្រូវបានច្បាប់ការពារពីការបៀតបៀនពីការវាយដំលើរូបរាងកាយទាំងរដ្ឋធម្មនុញ្ញក៏បានការពារ»។
គិតមកដល់ពេលនេះ មានសកម្មជនសង្គម និងគណបក្សនយោបាយប្រមាណ ៥០នាក់ហើយ ដែលត្រូវជនមិនស្គាល់មុខបង្កហិង្សាបណ្តាលឲ្យរបួសធ្ងន់ធ្ងរ ហើយជនរងគ្រោះខ្លះបានស្លាប់ និងធ្លាក់ខ្លួនពិការអស់មួយជីវិត។ ករណីទាំងនោះច្រើនមានលក្ខណៈប្រហាក់ប្រហែលគ្នា គឺជនដៃដល់ជិះម៉ូតូពាក់មួកសុវត្ថិភាពព្រួតវាយ ឬលួចវាយជនរងគ្រោះពីក្រោយខ្នង ឬដេញធាក់ម៉ូតូផ្តួល ឬគប់ដុំថ្មចូលក្នុងផ្ទះ ហើយភាគច្រើនបំផុតអាជ្ញាធរមិនបានចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសនោះទេ។ ជនរងគ្រោះខ្លះមិនត្រឹមតែមិនទទួលបានយុត្តិធម៌នោះទេ តែថែមទាំងត្រូវបានជនល្មើសលួចវាយប្រហារផ្ទួនៗគ្នាពីរលើក ហើយអ្នកខ្លះទៀត ថែមទាំងត្រូវបានអាជ្ញាធររបស់លោក ហ៊ុន សែន ចាប់ឃុំខ្លួនដាក់ក្នុងពន្ធនាគារទៀតផង។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កាលពីខែមេសាបានលើកឡើងថា ករណីលួចវាយប្រហារលើសមាជិកគណបក្សប្រឆាំងកើតឡើងជាបន្តបន្ទាប់ ក្រោយពេលលោក ហ៊ុន សែន កាលពីខែមករាគំរាមដេញវាយមន្ត្រីគណបក្សភ្លើងទៀនដល់ទីស្នាក់ការ ឬទៅវាយដល់ផ្ទះរបស់ពួកគេ។ អង្គការនេះជំរុញឱ្យអាជ្ញាធរកម្ពុជាត្រូវស៊ើបអង្កេតនិងកាត់ទោសឱ្យបានត្រឹមត្រូវលើអ្នកទទួលខុសត្រូវចំពោះអំពើលួចវាយប្រហារបង្កគ្រោះថ្នាក់ដល់ក្រុមសមាជិកគណបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។