ពលរដ្ឋ​ចាត់ទុក​ការ​គំរាម​បង្ក្រាប​ការ​តវ៉ា​របស់​ពលរដ្ឋ​ប្រឆាំង​គ.ជ.ប ជា​ការ​រំលោភ​សិទ្ធិ​​ពួកគាត់

0:00 / 0:00

ប្រជាពលរដ្ឋ​មួយចំនួន​ខកចិត្ត​ចំពោះ​រដ្ឋាភិបាល​ឯក​បក្ស​ដែល​រារាំង និង​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​តវ៉ា​ស្វែងរក​យុត្តិធម៌​ដោយ​សន្តិវិធី​ជាមួយ​គណបក្ស​ភ្លើងទៀន​។ ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន អំពាវនាវ​សាជាថ្មី​ឱ្យ​ពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​កុំ​ជឿ​តាម​ការ​អំពាវនាវ​របស់​បក្ស​ភ្លើងទៀន​ដែល​ប្រកាស​ប្រមូល ផ្តុំ​តស៊ូ​មតិ​រឿង គ​.​ជ​.​ប បដិសេធ​មិន​ចុះបញ្ជី​គណបក្ស​នេះ​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ខាងមុខនេះ។

ប្រជាពលរដ្ឋ​មួយចំនួន​ប្រតិកម្ម​នឹង​រដ្ឋាភិបាល​ឯក​បក្ស​រារាំង​ពួកគេ​ចូលរួម​តវ៉ា​ស្វែងរក​យុត្តិធម៌​ជូន​បក្ស​ភ្លើងទៀន​។ ពួកគេ​យល់ថា ការ​ចូល​តវ៉ា​ជាមួយ​បក្ស​​ភ្លើងទៀន ដើម្បី​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​ជា​រឿង​ត្រឹមត្រូវ និង​ស្របតាម​ច្បាប់​ដោយ​មិនមែន​ជា​អំពើ​ញុះញង់ ឬ​បង្ក​អសន្តិសុខ​សង្គម​ឡើយ។

ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប​កញ្ញា ផល្លី រស្មី ថ្លែង​ថា កម្ពុជា​ប្រកាន់​នូវ​លទ្ធិប្រជាធិបតេយ្យ ហើយ​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ឬ​ទស្សន​ពេញចិត្ត ឬ​មិន​ពេញចិត្ត​រឿង​អ្វីមួយ ចំណែក​អាជ្ញាធរ​ត្រូវ​លើកទឹកចិត្ត និង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​តវ៉ា​ប្រព្រឹត្តទៅ​រលូន។ កញ្ញា​បន្ត​ថា បើ​មនុស្ស​ជួប​រឿង​អយុត្តិធម៌​ជា​ជំរើស​ចុងក្រោយ គឺ​ការ​ចេញ​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពិនិត្យ​ដោះស្រាយ ឬ​ផ្លាស់​ជំហរ​ពិចារណា​ឡើងវិញ។ កញ្ញា​យល់​ថា ការណ៍​ដែល​រដ្ឋាភិបាល​ហាមប្រាម​ពលរដ្ឋ​ក្នុង​ការ​ចេញ​សម្ដែង​មតិ​ស្វែងរក​យុត្តិធម៌​ទាក់ទង​ករណី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មិន​អនុញ្ញាត​ឱ្យ​បក្ស​ភ្លើងទៀន​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត គឺជា​ការ​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ។

កញ្ញា ផល្លី រស្មី៖ «បើ​យើង​ពិតជា​ល្អ​សូមកុំ​មានការ​ភ័យខ្លាច​ក្នុង​ការ​ឱ្យ​គណបក្ស​ផ្សេងៗ​ដើម្បី​ចូលរួម​ប្រកួត ដោយសារ​យើង​រស់នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺ​ពលរដ្ឋ​មាន​សិទ្ធិ​សព្វបែបយ៉ាង​ក្នុង​ការ​ចែករំលែក​ជាមួយ​ប្រទេសជាតិ​របស់​យើង ប្រទេសជាតិ​អត់​អាច​រីកចម្រើន​ទៅ​បាន​ដោយសារ​មេដឹកនាំ​តែ​ម្នាក់​នោះ​ទេ ការដឹកនាំ​រីក​ចម្រើន​ទៅ​បាន​ដោយសារ​ប្រជាពលរដ្ឋ​។ បើ​រដ្ឋាភិបាល​នៅតែ​ប្រកាន់​ផ្នត់គំនិត​មួយ​ថា​លុះត្រាតែ​ខ្លួនឯង ទើប​ដឹកនាំ​ប្រទេស​បាន​ល្អ រីកចម្រើន អ៊ីចឹង​ប្រទេស​យើង​អត់​មាន​អ្វី​ដែល​ថ្មី​ដែរ គឺ​យើង​នៅ​ដដែល​ហ្នឹង»។

ស្រដៀង​គ្នា​នេះ​ដែរ​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កណ្តាល​លោក ស្រ៊ុន រដ្ឋា ថ្លែង​ថា ការណ៍​ដែល គ.ជ.ប យក​បញ្ហា​លិខិតស្នាម​ដែល​អាជ្ញាធរ​អាច​បញ្ជាក់​ភាព​ត្រឹមត្រូវ​ប្រៀប​ដូច​សំបុត្រកំណើត​បាត់​ដើម្បី​រារាំង​គណបក្ស​ភ្លើងទៀន​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ​។ លោក​ថា តាមច្បាប់​ពលរដ្ឋ​មាន​សិទ្ធិ​សម្ដែង​មតិ តវ៉ា​ពេញលេញ​ដោយ​គ្មាន​ការរារាំង ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​សិទ្ធិ​ពលរដ្ឋ​រង​ការ​រឹតត្បិត​ខ្លាំង​។ យ៉ាងណា លោក​ស្នើ​ដល់​រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សំណើ​របស់​ពលរដ្ឋ ហើយ​កុំ​បែងចែក​ខ្មែរ​ដែល​នាំ​ឱ្យ​បែកបាក់​ជាតិ​តទៅទៀត។

លោក ស្រ៊ុន រដ្ឋា៖ «ពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់ គាត់​យល់ថា​អំពើ​ណាមួយ​ដែល​មិន​ត្រឹមត្រូវ គឺ​គាត់​អាច​បញ្ចេញមតិ តស៊ូ​មតិ ដោយ​សន្តិវិធី​។ ខ្ញុំ​ស្នើសុំ​គិតគូរ​ប្រជាពលរដ្ឋ​រួម​ទៅ​ដោយ​កុំ​ប្រកាន់​និន្នាការ​នយោបាយ ដើម្បី​ចូលរួម​ទាំងអស់គ្នា ស្មើភាព​គ្នា»។

ប្រតិកម្ម​របស់​ពលរដ្ឋ​ដូច្នេះ​ធ្វើឡើង​បន្ទាប់ពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១៩ ខែ​ឧសភា ដោយ​អំពាវនាវ​ដល់​ពលរដ្ឋ​រក្សា​ភាព​នឹងនរ ស្ងប់ស្ងាត់ ថែរក្សា​នូវ​សុខ​សន្តិភាព និង​កុំ​ចូលរួម​តាម​ការ​ញុះញង់​របស់​គណបក្ស​ភ្លើងទៀន​ដែល​ប្រកាស​ប្រមូល​ផ្តុំ​ថ្នាក់​ដឹកនាំ សកម្មជន និង​អ្នកគាំទ្រ​ទូទាំង​ប្រទេស ដើម្បី​តស៊ូ​មតិ​លើ​ករណី​គ.ជ.ប មិន​ចុះបញ្ជី​គណបក្ស និង​បញ្ជី​បេក្ខជន​របស់​បក្ស​ភ្លើងទៀន​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ ឆ្នាំ​២០២៣។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ថា ការណ៍​ដែល​គ​.​ជ​.​ប មិន​ចុះ​បញ្ជី​គណបក្ស​ភ្លើងទៀន​សម្រាប់​ចូលរួម​ការបោះឆ្នោត​នា​ពេល​ខាងមុខនេះ គឺ​មកពី​ទង្វើ​ល្ងង់ខ្លៅ និង​ជា​ការ​គ្មាន​ការ​ទទួលខុសត្រូវ​របស់​មេ​ដឹកនាំ​របស់​គណបក្ស​នេះ និង​ជា​ផែនការ​បង្កប់​នូវ​ចេតនា​ទុច្ចរិត​បង្កើត​ឧបសគ្គ​រារាំង​ដល់​ការ​បោះឆ្នោត។

ទោះបី​រដ្ឋាភិបាល​ឯក​បក្ស​ចោទប្រកាន់​គណបក្ស​ភ្លើងទៀន​បែបនេះ​ក្តី ប៉ុន្តែ​បណ្ដា​ស្ថានទូត​ប្រទេស​មហាអំណាច ដូចជា​ស្ថានទូត​សហរដ្ឋអាមេរិក បារាំង និង​សហភាព​អឺរ៉ុប រួម​ទាំង​អង្គការ​អន្តរជាតិ​មួយចំនួន​ទៀត បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ ដោយ​ចាត់ទុក​ករណីនេះ ថា​ជា​ការ​រឹតត្បិត​ការប្រកួតប្រជែង​ផ្នែក​នយោបាយ និង​ចាត់ទុក​សកម្មភាព​បែប​នេះ គឺជា​ការ​ដកហូត​សិទ្ធិ​ពលរដ្ឋ​កម្ពុជា​បន្ថែម​ទៀត ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ពួកគេ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មើល​ឃើញ​ថា ការ​លើកឡើង​របស់​ពល​រដ្ឋ​ពេលនេះ គឺជា​យល់​ឃើញ​ត្រឹមត្រូវ ពីព្រោះ​សង្គម​ប្រជាធិបតេយ្យ ការ​ទាមទារ តវ៉ា​ដោយ​សន្តិវិធី​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ​។ ផ្ទុយទៅវិញ​លោក​យល់​ថា វិធានការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ទៅ​វិញ​ទេ ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់។

លោក ស៊ឹង សែនករុណា៖ «យើង​ចង់​ឃើញ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​ប្រជាពលរដ្ឋ​ជា​សសរស្ដម្ភ​នៃ​សង្គម​ប្រជាធិបតេយ្យ ដោយ​ជំរុញ​ធ្វើ​យ៉ាង​មិច​ឱ្យ​មាន​ការចូលរួម ការ​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ ទើប​ប្រជាធិបតេយ្យ​ហ្នឹង​មានការ​រីកចម្រើន​ដូច​អរិយ​ប្រទេស​ដែល​ធ្លាប់​ឆ្លងកាត់​កន្លងមក​ហ្នឹង តែបើ​ការ​រឹតត្បិត ការ​គំរាមកំហែង​លើ​សិទ្ធិ​សេរីភាព​ទៅវិញ​ទេ ដែល​ធ្វើ​ឱ្យ​សង្គម​អន់ថយ ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យខ្លាច»។

ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ពន្យល់​ថា ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​សម្ដែង​មតិ ផ្អែកលើ​មូលដ្ឋាន​ច្បាប់​កំពូល និង​ច្បាប់​អន្តរជាតិ​ជាច្រើន រួមមាន​រដ្ឋធម្មនុញ្ញ សេចក្តី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស ព្រមទាំង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​២​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេសជាតិ ហើយ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។