អនុប្រធានបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា នៅតែអះអាងថា លោកមិនបានចេញសែកអត់លុយ ឬសែកស្អុយឱ្យដើមបណ្ដឹងឡើយ។ លោកស្នើដល់តុលាការផ្តល់យុត្តិធម៌ និងដោះលែងឱ្យលោកមានសេរីភាព ដើម្បីវិលត្រឡប់ទៅធ្វើនយោបាយឡើងវិញ។ ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលយល់ថា ស្ថានការណ៍នយោបាយបច្ចុប្បន្ន ប្រសិនបើសំណុំរឿងរបស់លោក ថាច់ សេដ្ឋា ជាប់ពាក់ព័ន្ធរឿងនយោបាយ នោះមេដឹកនាំបក្សភ្លើងទៀនរូបនេះមិនអាចទទួលបានសេរីភាពនោះទេ។
មេធាវីរំពឹងថា សាលាឧទ្ធរណ៍ភ្នំពេញនឹងផ្តល់យុត្តិធម៌ដល់លោក ថាច់ សេដ្ឋា ដោយបដិសេធដីកាឃុំខ្លួនរបស់សាលាដំបូង ហើយដោះលែងលោកឱ្យមានសេរីភាពឡើងវិញនៅថ្ងៃសវនាការនៅថ្ងៃទី២១ ខែកុម្ភៈ ពីព្រោះសំណុំរឿងនេះ គឺជាបទមជ្ឈឹមហើយលោក ថាច់ សេដ្ឋា ក៏មិនបានគេចវេសក្នុងការបំពេញកាតព្វកិច្ចទៀតផង។
មេធាវីការពារក្ដីលោក ថាច់ សេដ្ឋា ម្នាក់គឺលោកមេធាវី កែត ឃី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២០ ខែកុម្ភៈថាក្រុមមេធាវីបានចូលជួបសួរសុខទុក្ខនិងពិភាក្សាផ្នែកច្បាប់ជាមួយកូនក្តីនៅពន្ធនាគារព្រៃសនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ។ លោកឱ្យដឹងថា ស្ថានភាពជំងឺបេះដូងរបស់លោក ថាច់ សេដ្ឋា កំពុងធ្វើទុក្ខដោយសារបរិយាកាសក្នុងបន្ទប់ឃុំឃាំងតូចចង្អៀតប៉ុន្តែកូនក្តីរបស់លោកនៅតែមានឆន្ទៈមោះមុតនិងស្មារតីរឹងមាំដដែល។ លោកបញ្ជាក់ថា កូនក្តីរបស់លោកអះអាងថាគាត់គ្មានចេតនាណាមួយចេញសែកស្អុយដូចការចោទប្រកាន់កន្លងទៅនោះទេពីព្រោះសែកដែលចេញឱ្យក្រុមហ៊ុនគ្រាន់តែចុះហត្ថលេខាតែមិនបានចុះកាលបរិច្ឆេទថ្ងៃខែឆ្នាំនៃការបើកប្រាក់និងចំនួនទឹកប្រាក់ដែលត្រូវផ្ដល់ឱ្យនោះឡើយ៖
«រឿងទីមួយជាបទមជ្ឈឹមហើយគាត់មិនទៅណាក្រៅប្រទេសគេចវេសពីកាតព្វកិច្ចទេអ៊ីចឹងគួរឱ្យគាត់បាននៅក្រៅឃុំដើម្បីចូលរួមជីវភាពនយោបាយបាទ»។
អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួនលោក ថាច់ សេដ្ឋា កាលពីថ្ងៃទី១៦ ខែមករា។ ការចាប់ឃុំខ្លួនអនុប្រធានគណបក្សប្រឆាំងរូបនេះធ្វើឡើងក្នុងរយៈពេលមិនដល់ជាង៦ខែផងនៅមុនពេលការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា និងនៅមួយសប្តាហ៍មុនការចាប់ខ្លួនលោក ថាច់ សេដ្ឋា នេះ លោក ហ៊ុន សែន បានទម្លាយថា លោក ថាច់ សេដ្ឋា បានជួបជាមួយកូនប្រុសច្បងរបស់លោកគឺលោក ហ៊ុន ម៉ាណែត។ តុលាការចោទប្រកាន់ថា មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនរូបនេះពីបទ«មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ឬចេញសែកស្អុយចំនួន៥សន្លឹកកាលពីអំឡុងឆ្នាំ២០១៩។ភាគីដើមបណ្ដឹង គឺក្រុមហ៊ុនឯកជនមួយ ឈ្មោះ ក្រុមហ៊ុន រិន ឆាយ ផ.ន.ស.ប។
ប្រពន្ធលោក ថាច់ សេដ្ឋា ធ្លាប់អះអាងថាគ្រួសារលោកស្រីមិនដែលទទួលដីកាកោះរបស់តុលាការនោះទេហើយប្តីលោកស្រីក៏មិនដែលមានបំណងគេចវេសក្នុងការដោះស្រាយរឿងក្តីនេះដែរ។
ចំណែកមេធាវីរបស់លោក ថាច់ សេដ្ឋា វិញក៏ធ្លាប់លើឡើងថាសំណុំរឿងនេះអាចបញ្ចប់ក្រៅប្រព័ន្ធតុលាការបានប្រសិនបើភាគីដើមបណ្ដឹងយល់ព្រមដកពាក្យប្ដឹងពីលោក ថាច់ សេដ្ឋា វិញ។ ប៉ុន្តែមេធាវីដើមបណ្ដឹង បដិសេធចរចាជាមួយមេធាវីការពារក្ដីលោក ថាច់ សេដ្ឋា ដោយពួកគេរក្សាជំហរដោះស្រាយបញ្ហានេះតាមផ្លូវតុលាការ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា លោកសម្គាល់ថា លោក ថាច់ សេដ្ឋា គឺជាមេដឹកនាំរបស់គណបក្សប្រឆាំងដែលលេចធ្លោនិងជាដៃគូប្រកួតប្រជែងជាមួយបក្សកាន់អំណាចដែលនាំឱ្យមហាជនសង្ស័យថា ករណីនេះជាការរិតត្បិតផ្នែកនយោបាយមុនការបោះឆ្នោត។ លោកមើលឃើញថា ការឃុំខ្លួនលោក ថាច់ សេដ្ឋា នៅក្នុងពន្ធនាគារមិនអាចជាដំណោះស្រាយរឿងបំណុលបាននោះទេ។ យ៉ាងណាក្តី លោកថាបច្ចុប្បន្នស្ថានភាពនយោបាយនៅកម្ពុជាកំពុងតានតឹងបែបនេះបើសិនករណីសំណុំរឿងរបស់លោក ថាច់ សេដ្ឋា ទាក់ទងរឿងនយោបាយវិញមេបក្សភ្លើងទៀនរូបនេះពិបាកទទួលបានសេរីភាពឡើងវិញ៖
«បរិយាកាសនយោបាយមុនការបោះឆ្នោតខាងមុខមិនទាន់មានភាពល្អប្រសើរនៅឡើយទេពីព្រោះរឿងនេះមិនមែនតែលោក ថាច់ សេដ្ឋា តែមួយទេនៅក្នុងឃុំតែមានអ្នកនយោបាយ សកម្មជននយោបាយផ្សេងៗទៀតកំពុងជាប់ឃុំហ្នឹងក៏ច្រើនដែរ រួមទាំងសកម្មជនសង្គមនានាទៀត អ៊ីចឹងវាជារឿងមួយដែលគួរគិតគូរក្នុងការពិចារណាដោះលែងឱ្យមានសេរីភាព ដើម្បីបើកនូវលំហរបរិយាកាសនយោបាយមួយដែលមានការសាទរពីសហគមន៍ជាតិនិងអន្តរជាតិបាទ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក អ៊ី រិន្ទ ដើម្បីបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី២០ ខែកុម្ភៈ។
បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជាបានប្ដឹងថ្នាក់ដឹកនាំគណបក្សភ្លើងទៀនទៅតុលាការ ដូចជា លោក សុន ឆ័យ លោក គង់ គាំ និងរឹបអូសទ្រព្យសម្បត្តិរបស់ពួកគាត់ហើយករណីចុងក្រោយនេះ តុលាការ បានចាប់ឃុំខ្លួន លោក ថាច់ សេដ្ឋា ទៀត។ ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមប្រើអំពើហិង្សាព្រមានប្តឹងគណបក្សភ្លើងទៀនទៅតុលាការនិងកុំឱ្យជនបរទេសលូកដៃថែមទៀត។
ទោះយ៉ាងណា គណបក្សភ្លើងទៀននិងអ្នកឃ្លាំមើលចាត់ទុកថា ការចាប់និងឃុំខ្លួនលោក ថាច់ សេដ្ឋា គឺជារឿងនយោបាយនិងជារូបភាពគំរាមកំហែងដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន។ អ្នកឃ្លាំមើលយល់ថា ជារឿយៗរដ្ឋាភិបាលលោក ហ៊ុន សែន តែងប្រើតុលាការជាឧបករណ៍ដើម្បីចាប់អ្នករិះគន់ដាក់ពន្ធនាគារហើយតែងតែប្រឌិតបទចោទប្រកាន់មិនសមរម្យផ្សេងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។