អ្នក​គាំទ្រ​បក្ស​ភ្លើង​ទៀន​​ទូទាំង​ប្រទេស​ព្រមាន​ធ្វើ​បាតុកម្ម​អហិង្សា​​បើ​បក្ស​នេះ​មិន​បាន​ចូលរួម បោះឆ្នោត

គណបក្ស​ភ្លើង​ទៀន​ នឹង​ដាក់​ឯក​សារ​ពាក់ព័ន្ធ​បំពេញ​បន្ថែម​ ទៅ​ . . ប​ នៅ​ថ្ងៃ​សៅរ៍ ទី​១៣​ ឧសភា​នេះ​ ក្នុង​ដំណើរការ​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​របស់​គណបក្ស​ ដែល​កំពុង​មាន​ភាព​ស្មុគស្មាញ​និង​ចម្រូងចម្រាស។

ការ​ដាក់​ឯក​សារ​ពាក់ព័ន្ធ​បំពេញ​បន្ថែម​នេះ​ គណបក្ស​ភ្លើង​ទៀន​ នៅ​មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​នៅ​ឡើយ រហូត​មក​ដល់​ពេល​នេះ​ ថា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ នឹង​មាន​សិទ្ធិ​ចូល​រួម​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

គណបក្ស​ភ្លើង​ទៀន​ព្រមាន​ថា ​នឹង​ប្រមូល​ផ្តុំ​ថ្នាក់​ដឹកនាំ​ សមាជិក​ សមាជិកា​ សកម្មជន​ និង​អ្នក​គាំទ្រ​គណបក្ស​នៅ​ទូទាំង​ប្រទេស​ ធ្វើ​បាតុកម្ម​តស៊ូ​មតិ​ដោយ​សន្តិវិធី​ នៅ​ក្រោយ​ថ្ងៃ​ទី​១៣ ឧសភា​ ក្នុង​ករណី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប)បដិសេធ​មិន​ព្រម​ចុះ​បញ្ជី​គណបក្ស​ភ្លើងទៀន​ឲ្យ​មាន​សិទ្ធិ​ចូល​រួម​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នៅ​ខែ​កក្កដា​ខាង​មុខ។

អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ លោក គីមសួរ ភីរិទ្ធ បញ្ជាក់​យ៉ាង​ខ្លី​បន្ថែម​លើ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ថា ​មក​ដល់​ពេល​នេះ​​គណបក្ស​មិន​ទាន់​បាន​ជជែក​ពិភាក្សា​លម្អិត​អំពី​រឿង​នេះ ​និង​មិន​ទាន់​កំណត់​ទីតាំង ព្រម​ទាំង​ពេល​វេលា​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ភ្លើង​ទៀន​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ក៏​បាន​បញ្ជាក់​ដែរ​​ថា​ គណបក្ស​នឹង​ដាក់​បំពេញ​បន្ថែម​នូវ​ឯកសារ​ពាក់ព័ន្ធ​ ក្នុង​ដំណើរការ​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​របស់​គណបក្ស​ភ្លើងទៀន​ នៅ​ទីស្ដីការ​គ. ជ. ប នៅ​ថ្ងៃ​ទី​១៣ ឧសភា វេលា​ម៉ោង​៣​រសៀល​។

ការ​សម្រេច​នេះ ​ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ថ្នាក់​ដឹក​នាំ​គណបក្ស​ភ្លើងទៀន​៦​នាក់ ​ដែល​ដឹក​នាំ​ដោយ​លោក​ ទាវ វណ្ណុល ប្រធាន​គណបក្ស​ បាន​ទៅ​ជួប​ពិភាក្សា​ជា​លើក​ទី២ ជាមួយ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅ​ថ្ងៃ​ទី​១២ ឧសភា ដើម្បី​រក​ដំណោះ​ស្រាយ​ជុំវិញ​បញ្ហា​រាំង​ស្ទះ នៃ​ការ​ស្នើ​សុំ​ចុះ​បញ្ជី​ចូលរួម​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ របស់​គណបក្ស​ប្រឆាំង​នៅ​ស្ថាប័ន​គ.ជ.ប។

ទោះ​យ៉ាង​ណា​ក្តី​ លោក គីមសួរ ភីរិទ្ធ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ នៅ​យប់​ថ្ងៃ​ទី​១២​ ឧសភា ក្រោយ​មាន​ជំនួប​លើក​ទី២​នេះ​ថា​ លទ្ធផល​នៃ​ជំនួប​នោះ​គឺ​មិន​មាន​អ្វី​ថ្មី​ប្លែក​លើស​ពី​ជំនួប​ទី១​ឡើយ ​ហើយ​លោក​មាន​ក្តី​សង្ឃឹម​តិច​តួច​ណាស់ ដែល​គណបក្ស​លោក​អាច​ចុះ​បញ្ជី​បាន​សម្រេច​នោះ។

លោក គីមសួរ ភីរិទ្ធ៖«ភាគរយ​មិន​បាន​ច្រើន​ជាង ហើយ​យើង​នៅ​សល់​តែ​ច្រក​មួយ​ទៀត​ទេ គឺ​ក្រុមប្រឹក្សា​ធម្មនុញ្ញ អ៊ីចឹង​យើង​មិន​ដឹង​ថា​ត្រូវ​តតាំង​យ៉ាងម៉េច​ទេ ព្រោះ​កន្លង​មក​តតាំង​មិន​ដែល​ឈ្នះ​ផង...»។

គណបក្ស​ភ្លើងទៀន​ មុន​នឹង​សម្រេច​ប្រកាស​ពី​គម្រោង​ថា នឹង​ប្រមូល​ផ្តុំ​ថ្នាក់​ដឹកនាំ​ សមាជិព​ សមាជិកា​ សកម្មជន​ និង​អ្នក​គាំទ្រ​គណបក្ស​នៅ​ទូទាំង​ប្រទេស ​ធ្វើ​បាតុកម្ម តស៊ូ​មតិ​ដោយ​សន្តិវិធី​នេះ​ ពួកគេ​បាន​ព្យាយាម​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​គ្រប់​មធ្យោបាយ​ជា​បន្ត​បន្ទាប់។

ជាមួយ​គ្នា​នេះ​ក្រសួង​មហា​ផ្ទៃ កាល​ថ្ងៃ​ទី​៥ ឧសភា ក៏​ប្រកាស​ទទួល​ស្គាល់​ថា ​គណបក្ស​ភ្លើង​ទៀន​បាន​ចុះបញ្ជី​ស្រប​ច្បាប់​ ហើយ​គណបក្ស​នេះ ​អាច​ចុះ​បញ្ជី​ចូល​រួមការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៣ កក្កដា ខាង​មុខ​បាន ប៉ុន្តែ​ស្ថាប័ន​គ.ជ.ប​បញ្ជាក់​ថា សេចក្ដី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​នោះ ​មិន​អាច​ប្រើ​ប្រាស់​បាន​ឡើយ។

គ.ជ.ប​នៅ​តែ​ទាមទារ​ឱ្យ​គណបក្ស​ភ្លើងទៀន​ បំពេញ​តាម​លក្ខខណ្ឌ​របស់​ខ្លួន​ គឺ​ត្រូវ​ ដាក់​នូវ​សេចក្ដី​ចម្លង​លិខិត​បញ្ជាក់​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ឆ្នាំ​១៩៩៨​ ដោយ​មាន​បញ្ជាក់​នីត្យានុកូលកម្ម​ដោយ​រដ្ឋបាល​រាជធានី​ ខេត្ត​ ក្រុង ​ស្រុក ​និង​ខណ្ឌ​ ប៉ុន្តែ​គណបក្ស​ភ្លើង​ទៀន​ បាន​បាត់​ច្បាប់​ដើម​នៃ​សេចក្ដី​ប្រកាស​ទទួល​ស្គាល់​ពី​ក្រសួង​ផ្ទៃ​នោះ​ បន្ទាប់​ពី​មាន​ការ​វាយ​ឆ្មក់​ចូល​បិទ​ទីស្នាក់ការ​រួមគ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ភ្លើងទៀន​កាល​ពី​ឆ្នាំ​២០១៧។

នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី យល់​ឃើញ​ថា ស្ថាប័ន​គ.ជ.ប​គួរ​យោគយល់​ចំពោះ​ការ​សុំ​ចុះ​បញ្ជី​ចូល​រួម​ការ​បោះឆ្នោត​ ពី​គណបក្ស​ភ្លើងទៀន​ នៅ​ពេល​មាន​សេចក្ដី​ប្រកាស​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ​ទៅ​ហើយ​នោះ។

លោក សំ គន្ធាមី៖«ខ្ញុំ​គិត​ថា គ.ជ.ប គួរ​យល់យោគ​ហើយ អាហ្នឹង​ក្រសួង​មហាផ្ទៃ គាត់​បាន​ទទួល​ស្គាល់​ហើយ ចុះ​បញ្ជី​ផ្លូវការ​រួច​ហើយ។ ដូច្នេះ!ក្រសួង​មហាផ្ទៃ​បញ្ជាក់​បន្ថែម​ទៀត ក៏​បាន​ដែរ»។

ជុំវិញ​បញ្ហា​នេះ​ វិទ្យុ​អាស៊ីសេរី ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​គ.ជ.ប​ លោក ហង្ស ពុទ្ធា បាន​ទេ​នៅ​ថ្ងៃ​ទី​១២ ឧសភា។

ប៉ុន្តែ​មន្ត្រី​គ.ជ.ប ​រូប​នេះ​ធ្លាប់​ព្រមាន​ថា ​ប្រសិន​នៅ​ត្រឹម​ថ្ងៃ​ទី​១៤ ឧសភា​ គណបក្ស​ភ្លើងទៀន​មិន​អាច​បំពេញ​តាម​លក្ខខណ្ឌ​ខ្វះខាត​ នោះ​គ.ជ.ប​នឹង​បដិសេធ​ការ​ស្នើ​សុំ​ចុះ​បញ្ជី​របស់​គណបក្ស​នេះ។

គណបក្ស​ភ្លើងទៀន ​ ចាត់​ទុក​ការ​តម្រូវ​ឱ្យ​បំពេញ​តាម​បែប​បទ​រដ្ឋបាល​ក្នុង​លិខិត​ស្នាម​ថា ជា​រឿង​តូច​តាច​ប៉ុណ្ណោះ​ ប៉ុន្តែ​ គ.ជ.ប​ ហាក់​កំពុង​ព្យាយាម​ធ្វើ​រឿង​នេះ​ឱ្យ​ក្លាយ​ជា​បញ្ហា​ធំ​ ដើម្បី​រារាំង​ដល់​ការ​ចុះ​បញ្ជី​ចូលរួម​ការ​បោះឆ្នោត​របស់​គណបក្ស​ខ្លួន។

គណបក្ស​ភ្លើងទៀន​ជា​គណបក្ស​ដែល​ទទួល​សំឡេង​ឆ្នោត​ច្រើន​បំផុត​ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០២២។ គណបក្ស​នេះ ​ទទួល​បាន​សំឡេង​ឆ្នោត​២២% និង​បច្ចុប្បន្ន​ ក្លាយ​ជា​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​ថ្មី​មួយ​ ក្រោយ​ពី​គណបក្ស​សង្គ្រោះជាតិ ដែល​ធ្លាប់​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​៤៤% ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ២០១៣ ហើយ ត្រូវ​​លោក ហ៊ុន សែន រំលាយ កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។