[អានអត្ថបទជាភាសា អង់គ្លេស៖ Explained: Why is Cambodia threatening arrests over a 3-nation economic zone?]
មន្ត្រីកំពូលៗរបស់រដ្ឋាភិបាលកម្ពុជាបានគំរាមចាប់ខ្លួនក្រុមអ្នករិះគន់ និងដាក់ពង្រាយកម្លាំងប៉ូលិសដ៏ច្រើននៅទូទាំងប្រទេសក្នុងសប្តាហ៍នេះ ដើម្បីទប់ស្កាត់ការតវ៉ាប្រឆាំងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ឬ CLV។
កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងបីត្រូវបានផ្ដួចផ្ដើមដំបូងឡើយកាលពីឆ្នាំ១៩៩៩ និងបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០០៤។
ប៉ុន្តែ កាលពីខែមុន ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលជាអតីតមេដឹកនាំដ៏យូរលង់របស់ប្រទេសនេះ បានបញ្ជាឱ្យចាប់ខ្លួនសកម្មជន៣នាក់ ដែលបានរិះគន់កិច្ចព្រមព្រៀងនេះ។ លោកបញ្ជាយ៉ាងដូច្នេះ នៅក្នុងវីដេអូរយៈពេល១១នាទី ផ្សាយនៅលើហ្វេសប៊ុក (Facebook) ដែលបង្កឱ្យមានការចាត់វិធានការភ្លាមៗពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល។
កាលពីចុងសប្តាហ៍មុន ពលករខ្មែរនៅក្រៅប្រទេសរួមមាននៅប្រទេសកូរ៉េខាងត្បូង (South Korea) ជប៉ុន (Japan) កាណាដា(Canada) និងអូស្ត្រាលី (Australia) បាននាំគ្នាធ្វើបាតុកម្មដោយសម្ដែងការព្រួយបារម្ភថា កិច្ចសហប្រតិបត្តិការ CLV អាចបណ្តាលឱ្យកម្ពុជាបាត់បង់ទឹកដី និងធនធានធម្មជាតិទៅប្រទេសវៀតណាម។
ហេតុការណ៍នេះបានបណ្តាលឱ្យរដ្ឋាភិបាលកម្ពុជាខឹងសម្បា។ កាលពីថ្ងៃចន្ទ លោក ហ៊ុន សែន បានព្រមានសាជាថ្មីពីការចាប់ខ្លួនមនុស្សបន្ថែមទៀត ហើយនៅថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បាននិយាយថា អ្នកដែលចូលរួមតវ៉ាប្រឆាំងនឹងកិច្ចសហប្រតិបត្តិការ CLV អាចប្រឈមនឹងការចោទប្រកាន់ពីបទក្បត់ជាតិ ដែលអាចជាប់ពន្ធនាគារពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ។
សកម្មជនបាននាំគ្នាបង្កើតក្រុមមួយនៅលើបណ្ដាញសង្គមតេឡេក្រាម (Telegram) ដើម្បីសម្របសម្រួលផែនការធ្វើបាតុកម្មនៅថ្ងៃទី១៨ ខែសីហា នៅរាជធានីភ្នំពេញ។ ជាការឆ្លើយតប ក្រសួងមហាផ្ទៃបានដាក់ពង្រាយកម្លាំងប៉ូលិស កងរាជអាវុធហត្ថ ទាហាន អង្គរក្ស និងកងកម្លាំងពិសេស នៅតាមរាជធានី-ខេត្ត ក្រុងនានា និងបានរៀបចំប៉ុស្តិ៍ត្រួតពិនិត្យនៅតាមផ្លូវជាតិសំខាន់ៗ។
ដូច្នេះ តើវីដេអូរយៈពេល១១នាទី ដែលបានបង្ហោះលើបណ្ដាញសង្គមកាលពីខែកក្កដា បានប្រែក្លាយទៅជាស្ថានភាពសន្តិសុខដ៏តឹងតែងក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ដោយរបៀបណា?
តើកិច្ចសហប្រតិបត្តិការ CLV គឺជាអ្វី ?
កិច្ចសហប្រតិបត្តិការ CLV រវាងបីប្រទេសមានគោលដៅជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងខេត្តជាប់ព្រំដែនចំនួន៥ក្នុងប្រទេសវៀតណាម ជាមួយខេត្តជាប់ព្រំដែនចំនួន៤ក្នុងប្រទេសឡាវ និងខេត្តភាគឦសានចំនួន៤របស់កម្ពុជា គឺខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង។
កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យមានលំហូរដោយសេរីនៃប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តទាំងនេះចូលទៅក្នុងប្រទេសពីរផ្សេងទៀតដើម្បីធ្វើពាណិជ្ជកម្ម និងការវិនិយោគ។
ដោយសារវិធីសាស្ត្រដ៏ធូររលុងរបស់រដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាអន្តោប្រវេសន៍ និងកេរ្តិ៍ឈ្មោះប្រព្រឹត្តអំពើពុករលួយ ប្រជាពលរដ្ឋកម្ពុជាមួយចំនួនព្រួយបារម្ភថា ដីសម្បទានកសិកម្មរាប់ទសវត្សរ៍ដែលរដ្ឋាភិបាលកម្ពុជាផ្តល់ឱ្យអ្នកវិនិយោគវៀតណាម ឬឡាវ នឹងធ្វើឱ្យបាត់បង់ការគ្រប់គ្រងដីខ្មែរយ៉ាងច្រើន។

មេដឹកនាំគណបក្សប្រឆាំងដែលនិរទេសខ្លួន អ្នកស្រី មូរ សុខហួរ បានសរសេរនៅលើបណ្ដាញសង្គម X ដែលពីមុនគេស្គាល់ថាជាបណ្ដាញសង្គម Twitter កាលពីថ្ងៃអង្គារ ថា កិច្ចសហប្រតិបត្តិការ CLV «គឺដើម្បីបិទបាំងឧក្រិដ្ឋកម្មកាប់ឈើខុសច្បាប់ ការបណ្តេញចេញពីដីធ្លីដោយបង្ខំ និងការកេងប្រវ័ញ្ចលើធនធានធម្មជាតិខ្មែរ ដើម្បីបម្រើឱ្យផលប្រយោជន៍របស់បរទេស»។
អ្នកស្រី មូរ សុខហួរ ដែលជាប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ សរសេរបន្តថា «លំហូរអន្តោប្រវេសន៍វៀតណាមខុសច្បាប់ទៅក្នុងខេត្តទាំង៤របស់កម្ពុជាដែលពាក់ព័ន្ធដោយកិច្ចព្រមព្រៀងCLV នេះ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពដែលវៀតណាមមានឥទ្ធិពលមកលើសេដ្ឋកិច្ចក្នុងតំបន់ មានន័យថាខេត្តរបស់កម្ពុជាទាំងនោះនឹងក្លាយទៅជាអាណាចក្រដែលគ្រប់គ្រងដោយប្រទេសវៀតណាមយ៉ាងមានប្រសិទ្ធភាព»។
លោក ហ៊ុន សែន កូនប្រុសរបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីកំពូលៗដទៃទៀតនៃរដ្ឋាភិបាលកម្ពុជា បានថ្លែងជាសាធារណៈថា កម្ពុជានឹងមិនបាត់បង់ទឹកដីទៅឲ្យប្រទេសវៀតណាម ក្រោមកិច្ចសហប្រតិបត្តិការ CLV ឡើយ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាថា មនុស្សយ៉ាងហោចណាស់១០នាក់ត្រូវបានចាប់ខ្លួនក្នុងសប្តាហ៍នេះ បន្ទាប់ពីពួកគេបានបញ្ចេញមតិរិះគន់កិច្ចសហប្រតិបត្តិការ CLV នេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសុក្រថា៖ «ថ្មីៗនេះ មានជនមួយចំនួនតូច ដែលកំពុងជ្រុលខ្លួនប៉ុនប៉ងបំផ្លាញជាតិឯង បានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់»។ លោកសរសេរបន្តថា៖ «ខ្ញុំសូមផ្ញើសារដាស់តឿនទៅកាន់ជនរួមជាតិមួយចំនួនតូច… សូមមានការភ្ញាក់រលឹក និងដកខ្លួនចេញជាបន្ទាន់ពីក្រុមអគតិមួយក្តាប់តូចដែលកំពុងអុចអាលបងប្អូនពីក្រៅប្រទេស...»។
ហេតុអ្វីបានជាកិច្ចសហប្រតិបត្តិការ CLV នាំឱ្យមានការតវ៉ានៅពេលនេះ ?
សកម្មជនបីនាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែកក្កដា បានធ្វើសិក្ខាសាលាស្ដីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ របស់ប្រទេសកម្ពុជា ដែលបានបិទបញ្ចប់ជាផ្លូវការនូវសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍។ សិក្ខាសាលានេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីអប់រំប្រជាពលរដ្ឋកម្ពុជាឱ្យយល់ដឹងពីការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យបែបសភានិយមនៅក្នុងប្រទេសនេះ។
ក្នុងវីដេអូបង្ហោះនៅលើហ្វេសប៊ុករយៈពេល ១១ នាទី សកម្មជនទាំង៣ រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ បាននិយាយអំពីកង្វល់ទូទៅដែលប្រជាពលរដ្ឋកម្ពុជាមានចំពោះកិច្ចសហប្រតិបត្តិការ CLV។
ជាការឆ្លើយតប លោក ហ៊ុន សែន បានប្រកាសដោយខឹងសម្បានៅក្នុងសុន្ទរកថាមួយផ្សាយផ្ទាល់តាមទូរទស្សន៍ថា លោកបានបញ្ជាឱ្យចាប់ខ្លួនសកម្មជនទាំងនេះ។ លោកបានព្រមានប្រឆាំងនឹងការធ្វើអត្ថាធិប្បាយណាមួយអំពីការបាត់បង់បូរណភាពទឹកដីកម្ពុជាទៅឱ្យវៀតណាម ដែលជាបញ្ហានយោបាយដ៏រសើប និងបានឈានដល់ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាច្រើនឆ្នាំមកនេះ។

បន្ថែមពីលើនេះ លោក ហ៊ុន ម៉ាណែត បាននិយាយកាលពីថ្ងៃទី០២ ខែសីហា ថា ប្រជាពលរដ្ឋកម្ពុជាគួរតែប្រុងប្រយ័ត្នក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល ដោយលោកលើកឡើងពីបាតុកម្មកាលពីពេលថ្មីៗនេះនៅក្នុងរដ្ឋធានីនៃប្រទេសបង់ក្លាដេស្ហ (Bangladesh)ដែលបណ្តាលឱ្យមេដឹកនាំនៃប្រទេសនេះត្រូវបង្ខំចិត្តចុះចេញពីតំណែង និងភៀសខ្លួនទៅក្រៅប្រទេស។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «យើងមិនចង់ឃើញស្ថានការណ៍បែបនេះកើតមានឡើងនៅកម្ពុជាទេ ជាពិសេសនៅទីក្រុងភ្នំពេញ»។
ការចាប់ខ្លួនសកម្មជនទាំងបីនាក់នេះ បានធ្វើឱ្យយុវជនខ្មែរមួយចំនួនដែលឃ្លាំមើលបញ្ហានេះខឹងសម្បា ខណៈរដ្ឋាភិបាលបានបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងគណបក្សនយោបាយប្រឆាំងជាច្រើនចាប់តាំងពីឆ្នាំ២០១៧ មក។
តើផែនការសាងសង់ព្រែកជីកថ្មីមួយអាចជាចំណែកមួយក្នុងរឿងរ៉ាវនេះដែរឬទេ ?
កត្តាមួយទៀតគឺការប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ តម្លៃ ១,៧ពាន់លានដុល្លារ នៅថ្ងៃទី០៥ ខែសីហា ដែលព្រែកជីកនេះនឹងតភ្ជាប់រាជធានីភ្នំពេញរបស់ប្រទេសកម្ពុជា ទៅនឹងឈូងសមុទ្រថៃ។
រដ្ឋាភិបាលកម្ពុជាមើលឃើញថាគម្រោងនេះជាឱកាសមួយដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមួយដែលលែងសូវពឹងផ្អែកលើប្រទេសវៀតណាម ដោយសារការដឹកជញ្ជូនទំនិញតាមផ្លូវទឹកអាចនឹងមិនចាំបាច់ឆ្លងកាត់តំបន់ដីសណ្ដទន្លេមេគង្គនៃវៀតណាមតទៅទៀត។ វៀតណាមបានស្នើសុំព័ត៌មានបន្ថែមពីភាគីកម្ពុជាជុំវិញផលប៉ះពាល់បរិស្ថាននៃព្រែកជីកប្រវែង ១៨០ គីឡូម៉ែត្រនេះ ម្ដងហើយម្ដងទៀត។
អ្នកអត្ថាធិប្បាយនយោបាយ លោក សេង សារី បានប្រាប់វិទ្យុអាស៊ីសេរីថា៖ «ខណៈរដ្ឋាភិបាលកំពុងព្យាយាមលើកកម្ពស់ការផ្សព្វផ្សាយពីព្រែកជីកហ្វូណនតេជោ បញ្ហា CLV បានបង្អាក់ការចាប់អារម្មណ៍ និងការគាំទ្រពីប្រជាពលរដ្ឋចំពោះព្រែកជីកនេះ»។
ប៉ុន្តែជាទូទៅ លោក ហ៊ុន សែន ជាមេដឹកនាំដែលពូកែខាងកេងចំណេញពីលើស្ថានការណ៍នានា ហើយនៅពេលដែលលោកឃើញមនុស្សក្រោកឡើងតវ៉ាប្រឆាំងនឹងកិច្ចសហប្រតិបត្តិការ CLV លោក ហ៊ុន សែន ប្រើវាជាលេសដើម្បីចាត់វិធានការលើសកម្មជនបក្សប្រឆាំង ក្រុមអ្នករិះគន់សង្គម និងអង្គការមិនមែនរដ្ឋាភិបាលដែលនៅសេសសល់។
តើកត្តាប្រវត្តិសាស្ត្រដើរតួនាទីក្នុងរឿងនេះដែរឬទេ ?
ប្រជាពលរដ្ឋកម្ពុជាភាគច្រើនចាត់ទុកវៀតណាមថាជា «សត្រូវប្រវត្តិសាស្ត្រ» ហើយជារឿយៗតែងនិយាយអំពីការបាត់បង់ទឹកដីដែលគេស្គាល់ថាជាទឹកដីកម្ពុជាក្រោម ដែលជាតំបន់មួយនៅដីសណ្ដទន្លេមេគង្គក្រោម រួមមានវៀតណាមភាគខាងត្បូងនាពេលបច្ចុប្បន្ន។
លើសពីនេះ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច មានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយនឹងគណបក្សកុម្មុយនិស្តវៀតណាម។ លោក ហ៊ុន សែន ដំបូងឡើយបានក្លាយជារដ្ឋមន្ត្រីការបរទេសភ្លាមៗបន្ទាប់ពីឈ្លានពានដឹកនាំដោយកងទ័ពវៀតណាមដែលបានផ្ដួលរំលំរបប ប៉ុល ពត និងខ្មែរក្រហមចេញពីអំណាចនៅឆ្នាំ១៩៧៩។ លោកបានចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីកាលពីឆ្នាំមុន ដើម្បីត្រួសត្រាយផ្លូវតែងតាំងកូនប្រុសច្បងរបស់លោកគឺលោក ហ៊ុន ម៉ាណែត ឱ្យឡើងកាន់តំណែងនេះបន្តពីលោក។
បើតាមលោក សេង សារី ថ្មីៗនេះ រដ្ឋាភិបាលមិនបានពន្យល់ពលរដ្ឋខ្មែរឱ្យបានដិតដល់អំពីកិច្ចសហប្រតិបត្តិការ CLV នេះទេ។
លោកមានប្រសាសន៍ថា៖ «វាហាក់ដូចជាធ្វើឲ្យបញ្ហានេះក្លាយទៅជាអាថ៌កំបាំងដ៏ខ្មៅងងឹតមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ការចាប់ខ្លួនក្រុមអ្នករិះគន់កាលពីពេលថ្មីៗនេះ រឹតតែធ្វើឱ្យមានការសង្ស័យ និងបង្កើនក្តីព្រួយបារម្ភកាន់តែខ្លាំងប៉ុណ្ណោះ»។
អ្នកស្រី មូរ សុខហួរ បានសរសេរនៅលើទំព័របណ្ដាញសង្គម X ថា ការប៉ុនប៉ងណាមួយរបស់លោក ហ៊ុន សែន ក្នុងការបំបិទមាត់មិនឱ្យមានការជជែកវែកញែកលើកិច្ចសហប្រតិបត្តិការ CLV «ឆ្លុះបញ្ចាំងឱ្យឃើញពីភាពផ្ដាច់ការដ៏គួរឱ្យខ្ពើមរអើមរបស់គាត់»ខណៈការបញ្ជាជាសាធារណៈរបស់លោក ហ៊ុន សែន ឱ្យស្ថាប័នតុលាការចាប់ខ្លួនក្រុមអ្នករិះគន់កាលពីពេលថ្មីៗនេះ «ឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ថាប្រព័ន្ធតុលាការនៅកម្ពុជាមិនឯករាជ្យ ហើយគ្រាន់តែជាអាវុធមួយដែលរដ្ឋាភិបាលប្រើប្រាស់ដើម្បីគ្រប់គ្រង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ឆាយ គឹមខឿន និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃសុក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។