ស្ថាបនិកគណបក្សបេះដូងជាតិគ្រោងដាក់ឯកសារបន្ថែមទៅក្រសួងមហាផ្ទៃនៅសប្ដាហ៍ក្រោយ ដើម្បីអាចចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ។ មន្ត្រីបក្សកាន់អំណាចស្វាគមន៍ អតីតមន្ត្រីបក្សប្រឆាំង ដែលចង់ធ្វើនយោបាយឡើងវិញ និងចង់បើកបក្សថ្មី ប៉ុន្តែលើកឡើងថា ការទទួលសិទ្ធិ ឬមិនទទួលបានសិទ្ធិ គឺអាស្រ័យលើទង្វើរបស់បុគ្គលនីមួយៗ។
អ្នកវិភាគថា ការបើកបក្សថ្មីនៃអតីតមន្ត្រីបក្សប្រឆាំងជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ ជាសញ្ញាចែកចានចែកឆ្នាំងនៃគណបក្សនេះ។ ការលើកឡើងបែបនេះ ខណៈគណបក្សនយោបាយយ៉ាងហោច ៦បក្ស ត្រូវបានអតីតមន្ត្រីបក្សប្រឆាំងស្នើសុំបង្កើត។
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ឱ្យអាស៊ីសេសេរីដឹងថ្ងៃទី២៨ ខែកក្កដា ការទាមទាររបស់ក្រសួងមហាផ្ទៃឱ្យគណបក្សលោកបន្ថែមឯកសារ លក្ខន្តិកៈ និងគោលនយោបាយជាដើមនោះ គឺគណបក្សបេះដូងជាតិ នឹងដាក់ជូនក្រសួងមហាផ្ទៃតាមកាលកំណត់។ លោកឱ្យដឹងថា ឯកសារលើកមុនដែលមានបញ្ហានោះ បណ្ដាលមកពីបញ្ហាបច្ចេកទេសបន្តិចបន្តួច ហើយពេលនេះគណបក្សលោកបានដោះស្រាយរួចរាល់ហើយ៖ «រៀបចំកែសម្រួលតាមសំណូមពររបស់ក្រសួងឡើងវិញ អ្វីដែលខ្វះខាតខ្ញុំនឹងបំពេញបែបបទ ខាងខ្ញុំកំពុងធ្វើប្រហែលជិតរួចរាល់គ្រាន់តែមិនទាន់យកដាក់តែប៉ុណ្ណឹងទេ»។
ក្រសួងមហាផ្ទៃ បានចេញលិខិតមួយច្បាប់ស្នើទៅស្ថាបនិកគណបក្សបេះដូងជាតិ ត្រូវបង្ហាញអត្តសញ្ញាណ ឬប្រវត្តិស្ថាបនិកគណបក្សចំនួន ៣នាក់ឱ្យបានច្បាស់លាស់ ឯកសារសេចក្ដីសម្រេចបង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន គោលនយោបាយ និងកម្មវិធីនយោបាយ មកក្រសួងមហាផ្ទៃត្រឹមរយៈ ១៥ថ្ងៃជាកំហិត គិតចាប់ពីថ្ងៃទី២៣ ខែកក្កដា តទៅ។
រយៈពេលជិត ៤ឆ្នាំ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ យ៉ាងហោចណាស់មន្ត្រីគណបក្សនេះជាង ២០នាក់ ក្នុងចំណោមមន្ត្រី ១១៨នាក់ ដែលត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយ បានចេញសុំសិទ្ធិធ្វើនយោបាយ និងបក្សថ្មីយ៉ាងតិច ៦បក្ស។ គណបក្សទាំងនោះ ដូចជា គណបក្ស កំណែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និង លោក អ៊ូ ច័ន្ទ រ័ត្ន គណបក្ស ខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា គណបក្សខ្មែរអភិរក្ស របស់លោក រៀល ខេមរិន្ទ គណបក្ស ឆន្ទៈខ្មែរ របស់លោក គង់ មូនីកា កូនប្រុសរបស់លោក គង់ គាំ គណបក្ស បេះដូងជាតិ របស់លោក សៀម ភ្លុក និងគណបក្ស កម្ពុជានិយម របស់លោក យ៉ែម បុញ្ញឬទ្ធិ។ ក្រៅពីនេះ ក៏មានព័ត៌មានថា អតីតមន្រ្តីបក្សប្រឆាំងម្នាក់ទៀតគឺ លោក ស៊ុន ឆ័យ និងកូនស្រីបង្កើតរបស់លោក កឹម សុខា គ្រោងបក្សប្រឆាំងថ្មីម្នាក់មួយថែមទៀត។
អតីតមន្ត្រីបក្សប្រឆាំង និងជាអតីតមេធាវីលោក កឹម សុខា គឺលោកមេធាវី ផាន់ ច័ន្ទសាក់ ប្រាប់សារព័ត៌មានក្នុងស្រុកថា កញ្ញា កឹម មនោវិទ្យា នឹងសរសេរលិខិតសុំទោសលោក ហ៊ុន សែន ដើម្បីជាអាចចូលស្រុក មុននឹងសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងបក្សថ្មី។ ចំណែកលោក ស៊ុន ឆ័យ គ្រោងបើកបក្សថ្មីនៅឆ្នាំ២០២២ ខាងមុខ។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺរឿងនេះបន្ថែមពីលោក ផាន់ ច័ន្ទសាក់ ប៉ុន្តែទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល។ ចំណែកកញ្ញា កឹម មនោវិទ្យា និងលោក ស៊ុន ឆ័យ ក៏អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺបានដែរ។
ទាក់ទងបញ្ហានេះ មន្ត្រីគណបក្សសង្គ្រោះជាតិនៅខេត្តសៀមរាប ប្រាប់អាស៊ីសេរីសុំមិនបញ្ចេញឈ្មោះថា លោកមេធាវី ផាន់ ច័ន្ទសាក់ អន់ចិត្តនឹងលោក កឹម សុខា ព្រោះលោក កឹម សុខា មិនបានឆ្លើយតបនឹងសំណើលោក ផាន់ ច័ន្ទសាក់ ដែលចង់ធ្វើជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តសៀមរាប ទើបមេធាវីរូបនេះ ដើរនិយាយពាក្យមិនពិត និងបង្ខូចឈ្មោះលោក កឹម សុខា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា លោកមិនទាន់ដឹងពីការលើកឡើង ដែលកូនស្រីលោក កឹម សុខា គ្រោងធ្វើលិខិតសុំទោសលោក ហ៊ុន សែន នៅឡើយទេ។ ទោះយ៉ាងណាលោកថា បើកញ្ញា កឹម មនោវិទ្យា ចង់ធ្វើនយោបាយមែននោះ អាចដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយ ហើយការសម្រេចយ៉ាងណា គឺជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្នុងការពិនិត្យ និងវាយតម្លៃ។ ទោះយ៉ាងណាលោកថា រដ្ឋាភិបាលគ្មានយន្តការផ្ដល់សិទ្ធិធ្វើនយោបាយ តាមរយៈការធ្វើលិខិតសុំទោសលោក ហ៊ុន សែន ឡើយ៖ «ស៊ីសងលើការត្រួតពិនិត្យទៅមើលករណីនីមួយៗ របស់បុគ្គលម្នាក់ៗ ឥឡូវឱ្យគាត់ ( កញ្ញា កឹម មនោវិទ្យា ) សាកដាក់សិនទៅ។ ខ្ញុំក៏មិនដឹងថា គាត់ជាប់ពាក់ព័ន្ធផ្លូវតុលាការ ឬអត់ដែរ»។
ជុំវិញបញ្ហានេះ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ លោកសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា កត់សម្គាល់ថា កន្លងមកលោក កឹម សុខា មិនដែលថ្លែងសារណាមួយជំរុញឱ្យមន្ត្រីរបស់លោកចេញទៅបង្កើតបក្សថ្មីឡើយ ផ្ទុយទៅវិញ មេធាវីលោក កឹម សុខា បានស្នើទៅអតីតមន្ត្រីបក្សនេះ ដែលចង់បើកបក្សថ្មី កុំយកឈ្មោះលោក កឹម សុខា ទៅជាប់ពាក់ព័ន្ធ៖ «ការឮពាក្យចចាមអារ៉ាមខ្ញុំគិតថា ដូចមិនសូវពិតប្រាកដទេ ព្រោះលោក កឹម សុខា គាត់នៅក្នុងគុក ហើយកញ្ញា កឹម មនោវិទ្យា កូនគាត់ទៅប្រជែងអីជាមួយឪ»។
រីឯករណីអតីតមន្ត្រីបក្សប្រឆាំងដែលបើកបក្សថ្មី លោក ឯម សុវណ្ណារ៉ា យល់ថា អ្នកទាំងនោះពិបាកនឹងទទួលបានការគាំទ្រពីពលរដ្ឋណាស់ បើគ្មានការគាំទ្រពី លោក សម រង្ស៊ី និងលោក កឹម សុខា។ លោកថា សញ្ញានៃការចែកចានចែកឆ្នាំងរបស់អតីតមន្ត្រីបក្សពេលនេះ កំពុងដើរតាមគន្លងរបស់គណបក្សហ៊្វុនស៊ិនប៉ិច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។