គណបក្សប្រឆាំងសម្រេចរៀបចំសមាជវិសាមញ្ញឡើងវិញ ក្រោយពីសមាជវិសាមញ្ញលើកទី១ ក្រសួងមហាផ្ទៃ មិនទទួលស្គាល់។ ក្រសួងមហាផ្ទៃ បានចាត់ទុកសមាជវិសាមញ្ញជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំបក្សប្រឆាំងកាលពីដើមខែមីនា ថាអនុវត្តផ្ទុយពីលក្ខន្តិកៈរបស់ខ្លួន ហើយតម្រូវឲ្យបក្សនេះរៀបចំឡើងវិញ។
អ្នកឃ្លាំមើលនយោបាយយល់ឃើញថា ការរកលេសរបស់ស្ថាប័នជំនាញរបស់រដ្ឋាភិបាលនេះ មិនមានអ្វីក្រៅពីចេតនាចង់ធ្វើឲ្យគណបក្សប្រឆាំងដើរដល់ផ្លូវទាល់ច្រកនោះឡើយ។
សមាជវិសាមញ្ញលើកទី២ ដែលតម្រូវឲ្យបក្សប្រឆាំងរៀបចំសាជាថ្មីឡើងវិញនៅពេលនេះ មុនយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ដែលសល់ពេលប្រមាណ ២សប្ដាហ៍ទៀត ដោយសារក្រសួងមហាផ្ទៃ ជំទាស់ថា សមាជលើកទី១ គឺបក្សប្រឆាំងជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំបក្សរំលោភលើលក្ខន្តិកៈរបស់ខ្លួន។
អង្គសមាជដែលមានអ្នកចូលរួមមកពី ២៥រាជធានី-ខេត្តរបស់បក្សប្រឆាំង សម្រេចដោយឯកច្ឆន្ទលើសំណើសុំធ្វើវិសោធនកម្មត្រង់ប្រការ ៤៧ថ្មី ដែលក្រសួងមហាផ្ទៃ ជំទាស់។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា វិសោធនកម្មដែលធ្វើឡើងនៅពេលនេះ គឺមិនមែនត្រឹមតែប្រការ ៤៧ថ្មីទេ ពោលគឺការកែតម្រូវនេះ គឺកែត្រង់លេខរៀងថែមទៀតផង ព្រោះលក្ខន្តិកៈដែលជាច្បាប់កំពូលរបស់បក្សនេះមានតែ ៩ជំពូកទេ។ ប៉ុន្តែដោយកំហុសបច្ចេកទេស លក្ខន្តិកៈនេះត្រូវសរសេររហូតដល់ ១០ជំពូកទៅវិញ។ លោកបន្តថា « យើងលុបចោលរយៈពេល ៣០ថ្ងៃចេញ។ យើងដាក់ថាក្នុងករណីអត់មានអនុប្រធានគណបក្ស គណៈកម្មការនាយកគណបក្ស នឹងជ្រើសរើសអនុប្រធានយ៉ាងតិច ១រូប ដើម្បីជួយការងារប្រធានគណបក្សរហូតដល់ចប់អាណត្តិ »។
លោក កឹម សុខា ប្រធានគណបក្សប្រឆាំង បញ្ជាក់ជំហរថា សន្លឹកឆ្នោតនៅក្នុងអាណត្តិនេះ ត្រូវតែការពារឲ្យបាន អំពីលទ្ធផលចុងក្រោយដែលពលរដ្ឋខំផ្ដល់សេចក្ដីទុកចិត្តឲ្យតាមរយៈការបោះឆ្នោតមួយដែលសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។
ថ្លែងទៅកាន់អ្នកគាំទ្រ និងសមាជិកបក្សកាលពីព្រឹកថ្ងៃទី២៥ មេសា លោក កឹម សុខា ហាក់ដូចដឹងមុនថា បក្សប្រឆាំងមួយនេះអាចនឹងទទួលបានការគាំទ្រ និងឈានទៅគ្រប់គ្រងឃុំ-សង្កាត់ក្នុងពេលខាងមុខជំនួសបក្សកាន់អំណាច។ លោកបន្តថា « គណបក្សសង្គ្រោះជាតិ មានភារកិច្ចមួយត្រូវទទួលខុសត្រូវដ៏ធ្ងន់ធ្ងរ គឺការពារសន្លឹកឆ្នោតជូនប្រជាពលរដ្ឋ។ ការការពារសន្លឹកឆ្នោតជូនប្រជាពលរដ្ឋនេះហើយ ជាភារកិច្ចសំខាន់បំផុត »។
ទាក់ទិនរឿងនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) យល់ឃើញថា នេះជារបៀបរបស់អ្នកនយោបាយ ប៉ុន្តែ គ.ជ.ប មានវិធានការគ្រប់គ្រាន់អស់ហើយក្នុងការការពារ និងធានាពីលទ្ធផលចុងក្រោយនៃសន្លឹកឆ្នោត។
នៅក្នុងកម្មវិធីនយោបាយសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ នេះ គណបក្សប្រឆាំងបានរៀបចំសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមានកម្លាំងស្មើនឹងគណបក្សប្រជាជនកម្ពុជា ដែរ។ លោក កឹម សុខា មានសុទិដ្ឋិនិយមថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលរៀបចំរួចហើយទាំង ១.៦៤៦ឃុំ-សង្កាត់នៅទូទាំងប្រទេស គឺជាការបង្ហាញសាច់ដុំរួចជាស្រេច ថានឹងដណ្ដើមកៅអីឃុំ-សង្កាត់បានសម្រាប់អាណត្តិនេះ។
ជាញឹកញាប់ លោក ហ៊ុន សែន តែងគំរាមពីការកើតសង្គ្រាម ប្រសិនបើការឈ្នះឆ្នោតលើកនេះមិនមែនជាបក្សកាន់អំណាចនោះ។
នៅក្នុងពិធីសមាជវិសាមញ្ញកាលពីព្រឹកថ្ងៃទី២៥ មេសា លោក កឹម សុខា ក៏បានថ្លែងការពារដែរថា មេដឹកនាំបក្សប្រឆាំង មិនធ្លាប់មានប្រវត្តិជាមេដឹកនាំបាញ់បោះទេ។ ហេតុនេះ គឺរឹតតែមិនអាចបង្កឲ្យទៅជាមានសង្គ្រាមថែមទៀតផង នៅពេលគណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោតក្នុងដំណាក់កាលដ៏តានតឹងខាងមុខនេះមែន។ លោកបន្តថា « គោលដៅរបស់យើង គឺឆ្ពោះទៅរកការបោះឆ្នោត ដើម្បីមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន។ យើងអត់មានធ្វើដំណើរទៅធ្វើសង្គ្រាមទេ។ យើងធ្វើដំណើរអត់ទៅវាយទៅដំ និងទៅឈ្លោះប្រកែកជាមួយអ្នកណាទេ »។
ក្រៅពីនេះ លោក កឹម សុខា ត្អូញត្អែរថា សព្វថ្ងៃគណបក្សសង្គ្រោះជាតិ រងសម្ពាធគ្រប់បែបយ៉ាង ដែលមិនអាចធ្វើអ្វីកើតសូម្បីប្រើប្រាស់ក្នុងការបញ្ចេញមតិ។
ប្រតិកម្មនឹងការរិះគន់នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចំអកថា តាមពិត លោក កឹម សុខា កំពុងតែភ្លេចខ្លួនក្នុងពេលដែលលោកកំពុងមានសេរីភាពពេញទី ហើយបែរជារិះគន់ថា បក្សប្រឆាំងត្រូវហ៊ុមព័ទ្ធសេរីភាពទៅវិញ។ លោកបន្តថា « ខ្ញុំសូមមិននិយាយទេ ប៉ុន្តែខ្ញុំយល់ថា ឯកឧត្ដម កឹម សុខា ថាគេនិយាយបាន តែគណបក្សសង្គ្រោះជាតិ និយាយមិនបាន អាហ្នឹងវាផ្ទុយពីការពិតហើយ ពីព្រោះឯកឧត្ដមកំពុងតែនិយាយបាន ហើយបែរជាថានិយាយមិនបាន។ គាត់និយាយថាមិនបាននៅពេលដែលគាត់កំពុងតែនិយាយបាន »។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គេនឹងបញ្ជូនលទ្ធផលសមាជវិសាមញ្ញ ពោលគឺការធ្វើវិសោធនកម្មលក្ខន្តិកៈលើកទី២ នឹងត្រូវបញ្ជូនទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ មេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។