តុលាការចោទប្រកាន់សកម្មជនគណបក្សប្រឆាំងម្នាក់ទៀតនៅក្នុងខេត្តកំពង់ឆ្នាំង ពីបទរួមគំនិតក្បត់ ស្របពេលតុលាការហៅសកម្មជនផ្សេងទៀត មកសាកសួរពាក់ព័ន្ធនឹងសំណុំរឿង កែនមនុស្សមកចាំទទួលលោក សម រង្ស៊ី ។ មេធាវីការពារក្តីចាត់ទុកថា សំណុំរឿងនេះមានលក្ខណៈនយោបាយច្រើនជាងនីតិវិធីច្បាប់។
តុលាការខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៧ តុលា បានចោទប្រកាន់សកម្មជនគណបក្សប្រឆាំងម្នាក់ទៀតពីបទរួមគំនិតក្បត់ ទាក់ទិននឹងការបំផុសប្រជាពលរដ្ឋដោយចេតនាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីឱ្យចូលរួមអបដំណើរលោក សម រង្ស៊ី ដែលគ្រោងនឹងវិលមកកាន់មាតុប្រទេសវិញ នៅថ្ងៃទី៩ វិច្ឆិកាខាង មុខនេះ។
អនុប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តកំពង់ឆ្នាំង ខាងគណបក្សប្រឆាំងលោក ដួង ចន្ទ្រា ដែលមានឈ្មោះក្នុងដីកាចោទប្រកាន់របស់តុលាការបានប្រាប់អាស៊ីសេរីពីកន្លែងលាក់ខ្លួនមកថា លោកបានឃើញដីកាចោទប្រកាន់នេះហើយ ។ លោកចាត់ទុកការចោទប្រកាន់ពីតុលាការរបបក្រុងភ្នំពេញនេះមិនបានធ្វើឱ្យលោកបាក់ស្មារតីក្នុងការចូលរួមគាំទ្រលោក សម រង្ស៊ី ទេ។ លោកមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងត្រៀមខ្លួនរួចជាស្រេចដើម្បីអមដំណើរលោក សម រង្ស៊ី វិលចូលមកកាន់មាតុប្រទេសវិញ៖ «សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ សូមកុំតក់ស្លុតការចេញដីការបស់តុលាការបែបនេះ ពីព្រោះតុលាការនេះគ្រាន់តែជាតុលាការរបស់អាយ៉ងតែប៉ុណ្ណោះ។ ដូច្នេះមានតែការផ្លាស់ប្ដូរមួយគត់ ដែលធ្វើឱ្យបងប្អូនយើងលែងព្រួយបារម្ភតទៅមុខទៀត តកូនតចៅ និងសូមអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ ប៉ូលិសទាហាន ទាំងអស់ រួមទាំងប្រជាការពារភូមិមេត្តាចូលរួមគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោកប្រធាន សម រង្ស៊ី នៅថ្ងៃទី៩ ទាំងអស់គ្នា និងចូលរួមការពារផលប្រយោជន៍ប្រជាពលរដ្ឋជាធំ»។
គិតត្រឹមថ្ងៃទី១៧ តុលា នេះមានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៤៧នាក់ ហើយត្រូវរបបក្រុងភ្នំពេញចាប់ដាក់ពន្ធនាគារ ក្នុងខណៈដែលសកម្មជនចំនួន ១៨៤នាក់ផ្សេងទៀត ត្រូវតុលាការចោទប្រកាន់ដូចៗគ្នាពីបទ«រួមគំនិតក្បត់»ទាក់ទិនទៅនឹងការប្រមូលកម្លាំងមហាជនមកចាំទទួលលោក សម រង្ស៊ី។
ក្រៅពីនោះមានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៤នាក់ប៉ុណ្ណោះបានចូលសារភាពក្រោយពីមានការបង្ខិតបង្ខំពីរបបក្រុងភ្នំពេញ។ សកម្មជនដែលបានចូលសារភាពទាំងនោះមកពីខេត្តកំពង់ធំ ភ្នំពេញ និងខេត្តបន្ទាយមានជ័យ។
ស្របពេលតុលាការចេញដីកាចោទប្រកាន់មកលើសកម្មជនគណបក្សប្រឆាំងខេត្តកំពង់ឆ្នាំង។ នៅក្នុងទីក្រុងភ្នំពេញឯណោះ វិញ តុលាការបានកោះហៅសកម្មជន ដែលកំពុងជាប់ពន្ធនាគារមកសាកសួរជាបន្តបន្ទាប់លើសំណុំរឿងដូចគ្នានេះ។
មេធាវីការពារក្ដីគណបក្សប្រឆាំង លោក សំ សុគង់ បញ្ចាក់ថា តុលាការក្រុងភ្នំពេញបាននាំយកលោក ទុំ ប៊ុនថន មកសាកសួរកាលពីថ្ងៃទី១៧ តុលាក្រោយពីលោកបានជួបជាមួយលោក សម រង្ស៊ី នៅក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែសីហា។ លោកបញ្ជាក់ថា នៅថ្ងៃទី១៨ តុលា នេះតុលាការនឹងសាកសួរ កញ្ញា យូ ចាន់ធានី ក្នុងករណីចោទប្រកាន់ដូចគ្នានេះដែរ។
លោក សំ សុគង់ បញ្ជាក់ថា ការចោទប្រកាន់របស់តុលាការកន្លងមកទៅលើកូនក្តីរបស់លោក គឺជាការរំលោភទៅលើសិទ្ធិ សេរីភាពក្នុងការចូលរួមគណបក្សនយោបាយរបស់ប្រជាពលរដ្ឋ៖ «រឿងហ្នឹងវាជាសិទ្ធិ និងសេរីភាពរបស់ប្រជាជនគ្រប់រូប ហើយសិទ្ធិនេះត្រូវបានបញ្ញត្តិនៅក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាស្ដីពីសិទ្ធិរបស់ពលរដ្ឋ និងសិទ្ធិនយោបាយដែលពលរដ្ឋគ្រប់រូបហ្នឹងមានសិទ្ធិក្នុងការចូលរួមក្នុងជីវភាពនយោបាយ មានសិទ្ធិក្នុងការជួបប្រជុំ និងមានសិទ្ធិក្នុងការបញ្ចេញមតិ។ អ៊ីចឹងការដែលពួកគាត់បានទៅចូលជួបលោកប្រធាន សម រង្ស៊ី ដែលអតីតប្រធានរបស់ពួកគេហ្នឹងគឺជាការប្រើប្រាស់សិទ្ធិក្នុងការជួបប្រជុំមិនមែនជារឿងខុសច្បាប់នោះទេ»។
អតីតអ្នកអានព័ត៌មានទូរទស្សន៍សង្គ្រោះជាតិតាមហ្វេសប៊ុក កញ្ញា យូ ចាន់ធានី និងលោក ទុំ ប៊ុនថន ត្រូវរបបក្រុងភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែកញ្ញា កន្លងទៅនេះ ជាមួយនឹងសកម្មជនផ្សេងៗ ទៀត។ តុលាការបានចោទប្រកាន់ពួកគេពីបទទៅទទួលយកផែនការពីលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី ដើម្បីផ្ដួលរំលំរបបក្រុងភ្នំពេញ រួចហើយបានបញ្ជូនខ្លួនទៅឃុំឃាំងនៅពន្ធនាគារព្រៃស ពន្ធនាគារខេត្តកណ្ដាល និងខេត្តបន្ទាយមានជ័យ។
លោកស្រី យូ ចាន់ សុគន្ធ បងស្រី កញ្ញា យូ ចាន់ធានី បានទទូចឱ្យតុលាការដោះលែងប្អូនស្រីឱ្យមានសេរីភាពវិញ៖ «ចានាងខ្ញុំបងស្រីកញ្ញា យូ ចាន់ធានី។ នាងខ្ញុំស្នើសុំឱ្យតុលាការជួយដោះលែងប្អូនស្រីនាងខ្ញុំ កញ្ញា យូ ចាន់ធានី មកវិញផង សុំអាណិតគ្រួសារនាងខ្ញុំផង។ ឪពុកម្តាយចាស់ជរាអស់ហើយ មានជំងឺប្រចាំកាយទៀត ហើយត្រូវព្រួយបារម្ភពីកូនដែលនៅក្នុងពន្ធនាគារ។ អ៊ីចឹងនាងខ្ញុំជាបងស្រី នាងខ្ញុំសុំឱ្យតុលាការដោះលែងប្អូនស្រីនាងខ្ញុំមកវិញមក»។
នៅសល់តែ២៣ ថ្ងៃទៀតតែប៉ុណ្ណោះដល់ថ្ងៃកំណត់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលចូលមាតុប្រទេសវិញតាមការកំណត់។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរបានបង្កើនការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់។ មានសកម្មជនគណបក្សមួយចំនួនចាប់ខ្លួនយកទៅឃុំក្នុងពន្ធនាគារហើយ ទើបបង្ហាញដីកាបង្គាប់ឱ្យចាប់ខ្លួនជាសាធារណៈតាមក្រោយ។
អនុប្រធានអង្គការ លីកាដូ ទទួលបន្ទុកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស លោក អំ សំអាត បញ្ជាក់ថា ការចាប់ខ្លួនទៅលើសកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់នេះដោយសារតែមានការតានតឹងផ្នែកនយោបាយ ជាពិសេស សង្គ្រាមពាក្យសំដីរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។
លោកចាត់ទុកការចាប់ និងការឃុំខ្លួនគណបក្សប្រឆាំងនេះ គឺជារឿងមួយដើម្បីបំបាក់ ឬក៏គំរាមកំហែងទៅលើសកម្មជនគណបក្សប្រឆាំង៖ «អ៊ីចឹងខ្ញុំគិតថា លទ្ធផល ឬក៏មធ្យោបាយឬយន្តការទាំងអស់នេះ វាមិនជាការល្អទេ សម្រាប់ប្រទេសកម្ពុជាយើងហើយ យើងឃើញថា បើសិនជាអ្នកដឹកនាំនយោបាយទាំងអស់ នៅតែបន្តយន្តការឬក៏នយោបាយរបៀបនេះ ដើម្បីតទល់គ្នានោះប្រជាពលរដ្ឋស្លូតត្រង់ហ្នឹង នឹងអាចរងគ្រោះជាបន្តបន្ទាប់។ អ៊ីចឹងមធ្យោបាយដែលល្អគួរតែអ្នកនយោបាយទាំងអស់ហ្នឹងវិលរកការចរចាណាមួយ ដើម្បីបញ្ចប់នៅវិបត្តិនយោបាយនេះ ហើយគិតពីឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ជាធំ»។
អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងកន្លងមក មិនមែនជារឿងនយោបាយទេ គឺជាការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជាដោយសារតែអ្នកទាំងនោះមានបំណងផ្ដួលរំលំរដ្ឋាភិបាល៖ «មូលហេតុទាំងសម្ដេចក្រឡាហោម ទាំងសម្ដេចពិជ័យ និងក្រសួងយុត្តិធម៌បានជម្រាបជូនជាសាធារណៈជាច្រើនដងរួចមកហើយថាការត្រៀមលក្ខណៈ ឬក៏កៀរគរ បំផុសបំផុលមនុស្សមកចូលរួមអំពើក្បត់របស់លោក សម រង្ស៊ី គឺជាការទទួលខុសត្រូវចំពោះមុខច្បាប់ ហើយច្បាប់បានចែងច្បាស់ជនណា ដែលបានចូលរួមនឹងត្រូវឃាត់ខ្លួន»។
ទោះបីជាការចាប់ខ្លួនពីរបបក្រុងភ្នំពេញជាបន្តបន្ទាប់ក្តី ក៏ផែនការវិលត្រឡប់ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គ្មានការផ្លាស់ប្ដូរទេ។ កាលពីថ្ងៃ១៥ ខែតុលាកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានទៅដល់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ានហើយ ដើម្បីត្រៀមរៀបចំទទួលលោក សម រង្ស៊ី វិលចូលមាតុប្រទេសវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។