គ្រូបង្រៀន​ម្នាក់​នៅ​ស្វាយរៀង​និង​ជា​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពាក្យ​ឈប់​ពី​ក្របខ័ណ្ឌ​ក្រោយ​រង​សម្ពាធ

ដោយ ថន ថារ៉ូ
2019.06.29
ឯម សុខសុវណ្ណ ៦២២ លោក ឯម សុខសុវណ្ណ សកកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​ជា​គ្រូ​បង្រៀន នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​បាវិត នៅ​ខេត្ត​ស្វាយរៀង។
Photo provided

គ្រូ​បង្រៀន​កម្រិត​មធ្យម​សិក្សា​ម្នាក់ ដែល​បង្រៀន​នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​បាវិត នៅ​ខេត្ត​ស្វាយរៀង និង​ជា​សកម្មជន​គណបក្ស​ជំទាស់ បាន​ដាក់​ពាក្យ​ស្នើ​សុំ​លាឈប់​ពី​ក្របខ័ណ្ឌ​គ្រូបង្រៀន។ គ្រូបង្រៀន​ដែល​ដាក់ពាក្យ​លាឈប់​នោះ ឈ្មោះ ឯម សុខសុវណ្ណ អះអាង​ថា សម្ពាធ​ការងារ ការបែងចែក​តួនាទី​មិន​តម្លាភាព និង​បក្សពួកនិយម គឺជា​ហេតុផល​សំខាន់​ដែល​ពួកគេ​មិន​អាច​ស៊ូទ្រាំ​តទៅ​ទៀត​បាន។

មន្ត្រីរាជការ​ក្របខ័ណ្ឌ​គ្រូបង្រៀន​ម្នាក់​ដែល​បង្រៀន នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​បាវិត ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក ឯម សុខសុវណ្ណ ប្រាប់​អាស៊ីសេរី ទាំង​អារម្មណ៍​ក្ដុកក្ដួល លាយឡំ​ទឹកភ្នែក​ថា មាន​ហេតុផល​ជាច្រើន នាំ​ឱ្យ​លោក​មិន​អាច​ស៊ូទ្រាំ​ការងារ ជា​គ្រូបង្រៀន​បាន រួមមាន ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ បក្សពួកនិយម និង​ការបែងចែក​ភារកិច្ច​ការងារ​ពុំ​មាន​គណនេយ្យភាព និង​តម្លាភាព​ជាដើម។

លោក​បញ្ជាក់​ថា ប្រសិនបើ​គ្រូបង្រៀន​រូប​ណា មាន​ទស្សន​ចង់​កែ​លម្អ​ប្រព័ន្ធ​អប់រំ ដើម្បី​ញ៉ាំង​ឱ្យ​សិស្ស​ឆាប់​យល់ បែរជា​រង​ការចោទប្រកាន់​ពី​ថ្នាក់លើ​ថា ជា​ក្រុម​បក្ស​ប្រឆាំង​ទៅវិញ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គ្រូបង្រៀន​ភាគច្រើន លែង​ហ៊ាន​បញ្ចេញមតិ៖ «ទី​១ ខ្ញុំ​ឆ្អែតឆ្អន់ ហើយ​ធុញ​ទ្រាន់​អាច​ឈឺ​ងាប់​ទៀត ហើយ​ម្យ៉ាងទៀត​គឺ​ការចែក​តួនាទី​ភារកិច្ច​ការងារ​ហ្នឹង អត់​មាន​តម្លាភាព អត់​មាន​គណនេយ្យភាព វា​ជា​រឿង​មួយ​ខ្ញុំ​មិន​អាច​នៅ​បន្ត​ទៀត​បានទេ ព្រោះ​កាលណា​នៅ​បន្ត​ទៀត វា​អាច​ធ្វើ​ឱ្យ​យើង​សុញ។ ចំណេះដឹង​របស់​យើង វា​មិន​ឆ្លើយតប​ទៅ​ការបែងចែក​របស់​គេ»

លោក ឯក សុខសុវណ្ណ បន្ថែម​ថា លោក​បាន​សរសេរ​លិខិត​ស្នើសុំ​លាឈប់​ពី​ក្របខ័ណ្ឌ​គ្រូបង្រៀន ដាក់​ជូន​រដ្ឋបាល​ខេត្ត​ស្វាយរៀង​រួចហើយ កាលពី​ថ្ងៃទី២៦ មិថុនា តែ​មក​ទល់​ពេល​នេះ មិនទាន់​ទទួល​ដំណឹង​នៅឡើយ​ទេ​។ លោក​បន្ថែម​ថា ក្នុងនាម​ជា​គ្រូ​បង្រៀន​ចង់​ផ្ទេរ​ចំណេះដឹង និង​ញ៉ាំង​ឱ្យ​កូនសិស្ស​ឆាប់​យល់ ពី​តម្លៃ​លទ្ធិប្រជាធិបតេយ្យ និង​អ្វី​ដែល​ខុស ហើយ​អ្វី​ដែល​ត្រូវ​ក្នុង​សង្គម​បច្ចុប្បន្ន ក៏ប៉ុន្តែ​ផ្ទុយទៅវិញ វប្បធម៌​ចែករំលែក​ចំណេះដឹង​បែបនេះ កាន់តែ​រួម​តូច និង​រឹតត្បិត​ពី​ថ្នាក់លើ។

រីឯ គ្រូបង្រៀន​ខ្លះ ត្រូវ​បាន​ថ្នាក់លើ​បង្គាប់​ឱ្យ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន ទាំង​ខ្លួន​មិន​ពេញចិត្ត​ជាដើម​៖ «ក្មេងៗ​ស្រករ​ក្រោយ​ដែល​ជា​គ្រូបង្រៀន​ស្នូល​របស់​ប្រទេសជាតិ គាត់​មក​ដល់​មាន​​អារម្មណ៍​មួយ កាល​គាត់​មិនទាន់​ចូល​ជា​មន្ត្រីរាជការ គាត់​មាន​អំនួត​តែម្ដង​យុវជន វា​អញ​ធ្វើ​ឱ្យ​ជាតិ​អញ ខ្លាំងក្លា​រីកចម្រើន តែ​ដល់ពេល​ចូល​មក​ដល់ អា​ប្រព័ន្ធ​គ្រប់គ្រង​នៅក្នុង​សាលារៀន និង​ការ​គិត​របស់​គាត់ វា​អត់​ស៊ីចង្វាក់​គ្នា​។ អត់​ស៊ីចង្វាក់​គ្នា​យ៉ាងម៉េច ភាគច្រើន​យុវជន គាត់​ចង់​ផ្លាស់ប្ដូរ​ឱ្យ​លឿន តែ​អ្វី​សំខាន់​គាត់​ចង់បាន តែ​បែរជា​មិនបាន​ទៅវិញ​។ គាត់​គិត​ថា គាត់​ថា នឹង​មាន​សេរីភាព​ហើយ ពេល​ដែល​គាត់​ចូល​មន្ត្រីរាជការ តែ​កុំភ្លេច​ថា សេរីភាព​នៅ​លើ​តែ​ក្រដាស​ទេ»

លោក ឯម សុវណ្ណ ជា​គ្រូបង្រៀន​ឯកទេស គណិតវិទ្យា ចូល​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​ក្របខ័ណ្ឌ​គ្រូ​ជាង ៨​ឆ្នាំ​មក​ហើយ ហើយ​លោក​ធ្លាប់​ជា​សិស្ស​ពូកែ ឯកទេស​គណិតវិទ្យា នៅ​វិទ្យាល័យ​រមាសហែក​ផង​ដែរ កាល​ពី​ឆ្នាំ២០០៨។ បច្ចុប្បន្ន​លោក​កំពុង​សិក្សា ថ្នាក់​បណ្ឌិត នៅ​សកល​វិទ្យាល័យ​ខេមរៈ ក្នុង​រាជធានី​ភ្នំពេញ។

គ្រូបង្រៀន​ម្នាក់​ទៀត ដែល​ជា​មិត្ត​រូប​អាជីព​ជាមួយ លោក ឯម សុខសុវណ្ណ គឺ​លោក ជេត សោភា សម្ដែង​ការ​សោកស្ដាយ នៅ​ពេល​ដែល​ទទួល​ដំណឹង​នេះ​។ លោក​ថា ឯកទេស​គណិតវិទ្យា គឺជា​មុខ​វិទ្យា​សំខាន់ និង​ចាំបាច់​មួយ សម្រាប់​ប្រឡង​បាក់​ឌុប។ លោក​បន្ថែម​ថា លោក ឯម សុខសុវណ្ណ ជា​ធនធាន​មនុស្ស​ដ៏​សំខាន់ និង​ជា​បុគ្គល​មាន​ឆន្ទៈ​ស្នេហា​ជាតិ ហើយ​លោក​ជឿ​ថា ការ​លា​ឈប់​នេះ ជា​ការ​ស្ម័គ្រចិត្ត​របស់​សាមីខ្លួន ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​៖ «វា​ជា​ការ​រួមចំណែក​មួយ​ដែល​សោកស្ដាយ​ដែរ ក៏ប៉ុន្តែ​ជម្រើស លាឈប់​ពី​ការងារ​អាហ្នឹង​វា​មាន​លក្ខខណ្ឌ​របស់​គាត់​ហើយ ប្រហែលជា​អាច​គាត់​សម្រេចចិត្ត​អី​មួយ ឬមួយ​ផលវិបាក​អី​មួយ​សម្រាប់​គាត់ ឬ​អាច​មាន​អ្វី​ផ្សេងៗ»

នាយក​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​បាវិត លោក ប៉ុល សាវុធ បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ ដោយ​លោក​បាន​ផ្ដាច់​ទូរស័ព្ទ នៅ​ពេល​សួរនាំ​អំពី​រឿង​នេះ​។

អាស៊ីសេរី​បាន​ទាក់ទង​អភិបាលខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​ការ​លើកឡើង​របស់​គ្រូបង្រៀន​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នកទទួល​នៅ​ថ្ងៃទី២៩ មិថុនា។​

ចំណែក​អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សុវាចា ឱ្យ​ដឹង​ថា ក្រសួង​អប់រំ​នៅ​មិនទាន់​ទទួល​ព័ត៌មាន​ផ្លូវការ​ណាមួយ ជុំវិញ​ករណី​នេះ​នៅឡើយ​ទេ​។ តែ​យ៉ាងណា​លោក​ថា ជា​រួម​ក្រសួង​មាន​គោលនយោបាយ​លើកទឹកចិត្ត​គ្រូបង្រៀន ដោយ​ផ្តោត​លើ​កត្តា ២ គឺ លើកកម្ពស់​ពុទ្ធិ និង​ជីវភាព​គ្រូបង្រៀន​។ ចំពោះ​សំនួរ​ដែល​សួរ​ថា តើ​ក្រសួង​មាន​ដំណោះស្រាយ​បែប​ណា នៅ​គ្រា​ដែល​ទទួល​ព័ត៌មាន​នេះ លោក រស់ សុវាចា ឆ្លើយ​យ៉ាង​ខ្លី​ថា ក្រសួង​មាន​នីតិវិធី​រដ្ឋបាល ដែល​ទាក់​ទង់​ការងារ​គ្រូបង្រៀន​៖ «ក្រសួង​យុវជន និង​កីឡា គឺ​មាន​គោលការណ៍​ច្បាប់ ក្នុង​ការ​ប្រតិបត្តិការ​ងារ​រដ្ឋបាល​របស់​ខ្លួន ក្នុង​ន័យ​នេះ​ការងារ​គ្រូបង្រៀន ជា​បុគ្គល​អប់រំ​ទូទៅ​ដែរ គឺ​ប្រតិបត្តិ​ទាំងស្រុង ទៅតាម​ច្បាប់​អប់រំ ដែល​មាន​ជា​ធរមាន»

ទោះ​យ៉ាងណា ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា ឯករាជ លោកស្រី អ៊ុក ឆាយាវី វិភាគ​ថា ក្រសួង​នឹង​មិន​ខ្វល់ បើក​ការស៊ើបអង្កេត​ករណី​នេះ​ទេ ព្រោះ​ការ​លប់​ឈ្មោះ​គ្រូបង្រៀន​ណា ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​ជំទាស់ គឺជា​វិធីសាស្ត្រ​ដែល​ស្ថាប័ន​នេះ តែងតែ​អនុវត្ត​ជារឿយៗ​កន្លងមក​។ លោកស្រី​ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ជះឥទ្ធិពល​មិនល្អ ដល់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ដោយសារតែ​ក្រសួង​អប់រំ តែង​តែង​ដាក់​គំនាប​ដល់​គ្រូបង្រៀន​ណា ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​ប្រឆាំង​៖ «ប្រព័ន្ធ​អប់រំ​សព្វថ្ងៃ គេ​កំពុង​គ្រប់គ្រង​ធ្វើ​ម៉េច​ឱ្យ​គ្រូបង្រៀន​ខ្លាច ឱ្យ​គ្រូបង្រៀន​ឃ្លាន មិន​ហ៊ាន​តវ៉ា​អី​ទាំង​អស់គេ​ថា ឆ្វេងៗ ស្តាំៗ យុទ្ធសាស្ត្រ​របស់​ក្រសួង​អប់រំ ដើម្បី​តែ​អំណាច​ដើម្បី​ការងារ​របស់​ខ្លួន ក្នុង​រដ្ឋាភិបាល​ធ្វើ​ម៉េច​ឱ្យ​មាន​ដំណែង ឱ្យ​មានបុណ្យ​ស័ក្ដិ ធ្វើ​ម៉េច​បង្ក្រាប​អ្នកប្រឆាំង»

វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​មាន​គ្រូបង្រៀន ៥២ នាក់ និង​មាន​សិស្ស ជាង ១​ពាន់​នាក់​កំពុង​រៀន​ក្នុង​ឆ្នាំ​សិក្សា​២០១៨- ២០១៩ ។ វិទ្យាល័យ​នេះ ឋិត​នៅ​ភូមិ​បាវិតលើ សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជាប់​ទល់ដែន​ប្រទេស​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។