សកម្មជនគណបក្សប្រឆាំងនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានបញ្ចប់ពិធីហូប នំបញ្ចុកជុំគ្នាយ៉ាងតក់ក្រហល់ បន្ទាប់ពីប៉ូលិសស្រុកនេះជាច្រើននាក់បានទៅអុកឡុករំខានដល់ផ្ទះពួកគាត់ កាលពីព្រឹកថ្ងៃទី២៣ ឧសភា។
មន្ត្រីសង្គមស៊ីវិល ចាត់ទុកវិធានការរបស់អាជ្ញាធរលើបញ្ហានេះថា ជាការភ័យខ្លាចហួសហេតុ។
មន្ត្រីគណបក្សសង្គ្រោះជាតិស្រុកស្វាយចេកលោក យ៉ាត ភិរម្យ ប្រាប់អាស៊ីសេរីថា មានមន្ត្រីប៉ូលិសក្រុងប៉ោយប៉ែតប្រមាណ ៣០នាក់ បានទៅអុកឡុករំខានដល់ផ្ទះពួកគាត់ធ្វើពិធីហូបនំបញ្ចុកជុំគ្នានៅ ផ្ទះរបស់ពលរដ្ឋក្នុងភូមិប្រិយ ឃុំទ្រាល ស្រុកស្វាយចេក ធ្វើអ្នកចូលរួមមានការភ័យខ្លាច ហើយបាននាំគ្នាឈប់ហូបនំបញ្ចុកភ្លាមៗ។ លោកថា ការធ្វើនេះដោយសារសមត្ថកិច្ចឃើញសមាជិកប្រឹក្សាឃុំស្វាយចេកជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ប្រមាណ១០នាក់ ក្នុងចំណោមអ្នកចូលរួមប្រហែល១០០នាក់នៅក្នុងកម្មវិធីនោះ៖ «ចុះមកអុកឡុកពួកយើងកំពុងតែហូបហ្នឹង។ បងប្អូនយើងខ្លះហូបមិនទាន់ឆ្អែតផងក៏ភ័យរត់ទៅផ្ទះព្រោងព្រាត។ ខ្ញុំសូមប្រកាសថា ខ្ញុំអត់អាចទទួលយកបានទេ ពីព្រោះការគំរាមកំហែងបែបនេះ វាហួសហេតុពេក។ ខ្ញុំហ្នឹងជាឧក្រិដ្ឋជនឬជាភេរវកម្មអ្វីដែលចុះទៅរហរហេវអ៊ីចឹង។ ប្រជាពលរដ្ឋយើងគ្រាន់តែជួបជុំគ្នាធ្វើបុណ្យធ្វើទានដល់គាត់ធ្វើរូបភាពសាហាវយង់ឃ្នងអ៊ីចឹងពួកខ្ញុំអត់ទទួលយកបានទេ»។
លោកបន្តថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់បានធ្វើបុណ្យសង្ឃទានឧទ្ទិសកុសលដល់ជីដូនជីតា ដែលបានចែកឋានទៅហើយ ដោយមានដាក់នំបញ្ចុកហូបជុំគ្នា គឺមិនទាន់នឹងបានប៉ុន្មានផងក៏ស្រាប់តែប៉ូលិសមកដល់ក៏នាំគ្នាឈប់តែម្ដង។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹម ឃឿន ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២៣ ឧសភា ថា សមត្ថកិច្ចមិនមានគោលការណ៍ណាមួយ បញ្ជាអាជ្ញាធរមូលដ្ឋាន ទៅរារាំង ហាមឃាត់ មិនឱ្យពលរដ្ឋធ្វើពិធីជួបប្រជុំទទួលទាននំបញ្ចុកក្នុងភូមិ ឬតាមផ្ទះនោះទេ។ លោកបញ្ជាក់ថា ក្រុមសមត្ថកិច្ចគ្រាន់តែទៅឃ្លាំមើល ដើម្បីរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅតាមមូលដ្ឋានប៉ុណ្ណោះ៖ «ប៉ូលិសគេធ្វើការ ២៤ម៉ោងលើ២៤ម៉ោង។ កងកម្លាំងរបស់ខ្ញុំនេះមានចែកវេនប្រចាំការ ប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋតាមភូមិឃុំ ហើយការដើរល្បាតដើរអីនេះ។ អានេះធ្វើឡើងជាអចិន្ត្រៃយ៍មិនមែនទាល់តែគេហូបនំបញ្ចុកបានធ្វើទេ។ ប៉ុន្តែនេះគ្រាន់តែខ្មុំចង់និយាយថា នេះគោដំប៉ៅខ្នងក៏មិនដឹងបានចេះតែផ្អើល»។
សមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២១ ឧសភា បាននាំគ្នាទៅសាកសួរសកម្មជនគណបក្សសង្គ្រោះជាតិក្រុងនេះ ប្រមាណ១០០នាក់ ជុំវិញពីការហូបនំបញ្ចុកជុំគ្នាដូចនេះដែរ ប៉ុន្តែពួកគាត់នៅតែបន្តដំណើរការកម្មវិធីនេះរហូតដល់ចប់។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា ការហូបនំបញ្ចុកជួបជុំគ្នាមិនមានអ្វីខុសច្បាប់នោះទេ ផ្ទុយទៅវិញអ្នកដែលទៅតាមឃ្លាំមើលប្រជាពលរដ្ឋទៅទៅវិញទេដែលខុសច្បាប់ ព្រោះរដ្ឋធម្មនុញ្ញ បានកំណត់ឱ្យប្រជាពលរដ្ឋមានសិទ្ធិជួបជុំគ្នាសម្ដែងមតិ និងចូលរួមកិច្ចការនយោបាយបានដោយសេរី៖ «អាហ្នឹងច្បាប់គេលើកតម្កើងតែម្ដងពីព្រោះការជួបប្រជុំ ការនិយាយគ្នា ការពិភាក្សាគ្នា គឺធ្វើឱភាពរីកចម្រើនទាំងសេដ្ឋកិច្ចគ្រួសារ ទាំងប្រទេសជាតិអ៊ីចឹងទាំងអស់ហ្នឹង គឺមនុស្សត្រូវការបញ្ចេញមតិទាក់ទងការរកស៊ីទាក់ទងរឿងនយោបាយនិយាយអំពីនយោបាយ និយាយអំពីភាពដឹកនាំ និយាយអំពីការជ្រើសរើសអ្នកដឹកនាំធ្វើម៉េចឱប្រទេសហ្នឹងកាន់តែប្រសើរឡើង»។
ចំណែក អ្នកវិភាគនយោបាយនិងសង្គមលោក គឹម សុខ បញ្ជាក់ថា អ្វីដែលរបបក្រុងភ្នំពេញបារម្ភបំផុតគឺខ្លាចចរន្តការងើបឡើងបះបោរប្រឆាំងនឹងលោក ហ៊ុន សែន ដើម្បីអនុវត្តសិទ្ធិរបស់ពួកគេឱ្យរបបនេះគិតពិចារណាវិលត្រឡប់ទៅរកគន្លងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ លោកបញ្ជាក់ទៀតថា ចរន្តនេះកាន់តែរីកធំនោះ គឺច្បាស់ណាស់របបក្រុងភ្នំពេញនឹងជួបឧបសគ្គក៏កាន់តែធំ ហើយពិបាកនឹងទប់ស្កាត់៖ «ក្នុងដំណាក់កាលបច្ចុប្បន្នគេត្រូវទប់ស្កាត់ជាមុន គឺខ្ទប់នូវរាល់សកម្មភាពទាំងអស់ បើទោះបីជាតិចតួចប៉ុនណាក៏ដោយ ដែលគេសង្ស័យថា នឹងអាចទៅជាកម្លាំងធំនៅថ្ងៃក្រោយក្នុងបំណងរបស់គេពិតប្រាកដមួយគឺទប់ស្កាត់ការងើបឡើងនូវចរន្តនៃការចង់ផ្លាស់ប្ដូរទាំងអស់ហ្នឹងដើម្បីគេសន្សំពេលក្នុងការរៀបចំផ្ទៃក្នុងរបស់គេឱរួចជាស្រេច»។
សកម្មជនគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋានក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចខេត្តនេះតាមដានយ៉ាងតឹងតែង ហើយបានប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពួកគាត់។ ពួកគាត់បន្តថា បើទោះបីជាមានសមត្ថកិច្ចតាមដាននិងមានការអុកឡុកយ៉ាងនេះក្ដី ក៏ពួកគាត់មិនខ្លាចដែរ ហើយពួកគាត់នឹងធ្វើពិធីហូបនំបញ្ចុកជុំគ្នាជាបន្តបន្ទាប់ទៀតក្នុងពេលឆាប់ៗនេះ។
ទាក់ទងនឹងបញ្ហានំបញ្ចុកនេះដែរ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹម ឃឿន ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៣ ឧសភាថា សមត្ថកិច្ចមិនមានគោលការណ៍ណាមួយ បញ្ជាអាជ្ញាធរមូលដ្ឋាន ទៅរារាំង ហាមឃាត់ មិនឲ្យពលរដ្ឋធ្វើពិធីជួបប្រជុំទទួលទាននំបញ្ចុកក្នុងភូមិ ឬតាមផ្ទះនោះទេ។ លោកបញ្ជាក់ថា ក្រុមសមត្ថកិច្ចគ្រាន់តែទៅឃ្លាំមើល ដើម្បីរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅតាមមូលដ្ឋានប៉ុណ្ណោះ៖ « ប៉ូលិសគេធ្វើការ២៤ម៉ោងលើ២៤ម៉ោង។កងកម្លាំងរបស់ខ្ញុំនេះមានចែកវេនប្រចាំការ ប្រចាំបញ្ជា ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋតាមភូមិឃុំហើយការដើរល្បាតដើរអីនេះ។អានេះធ្វើឡើងជាអចិន្ត្រៃយ៍មិនមែនទាល់តែគេហូបនំបញ្ចុកបានធ្វើទេ។ ប៉ុន្តែនេះគ្រាន់តែខ្មុំចង់និយាយថា នេះគោដំបៅខ្នងក៏មិនដឹងបានចេះតែផ្អើល »៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។