ប្រពន្ធសកម្មជនគណបក្សប្រឆាំង អះអាងថា ប្តីរបស់លោកស្រី គឺលោក យឹម សារ៉េត កំពុងមានជំងឺភ្នែកធ្ងន់ធ្ងរនៅក្នុងពន្ធនាគារត្រពាំងផ្លុងដែលត្រូវការព្យាបាលឱ្យទាន់ពេលវេលានៅមន្ទីរពេទ្យជំនាញខាងក្រៅពន្ធនាគារ។ មន្ត្រីសិទ្ធិមនុស្សជំរុញដល់អាជ្ញាធរពន្ធនាគារបញ្ជូនសកម្មជននយោបាយរូបនេះទៅពិនិត្យនិងព្យាបាលដើម្បីកុំអាការៈជំងឺភ្នែកកាន់តែធ្ងន់ និងកុំឱ្យគ្រួសារជនជាប់ឃុំឈប់ព្រួយបារម្ភតទៅទៀត។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ពន្ធនាគារអះអាងថា អាជ្ញាធរនឹងពិនិត្យមើលករណីជំងឺរបស់លោក យឹម សារ៉េត ដោយមិនទុកគាត់ចោលនោះទេ។
គ្រួសារសកម្មជនបក្សប្រឆាំងព្រួយបារម្ភអំពីសុខភាពជាពិសេសការវិវឌ្ឍន៍នៃជំងឺភ្នែករបស់លោក យឹម សារ៉េត ដែលអាចឈានដល់ពិការភ្នែក បើសិនអាជ្ញាធរពន្ធគារនៅតែមិនព្រមបញ្ជូនរូបលោកទៅពិនិត្យនិងព្យាបាលជំងឺភ្នែកនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារឱ្យបានឆាប់ទេនោះ។
ប្រពន្ធសកម្មជនគណបក្សប្រឆាំងនៅខេត្តស្វាយរៀង លោក យឹម សារ៉េត គឺលោកស្រី អ៊ុក ចន្ធី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែកម្ភៈ ថាជំងឺភ្នែកប្តីរបស់លោកស្រីបានធ្វើទុក្ខរយៈពេលមួយឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរពន្ធនាគារតែងតែ បដិសេធមិនផ្តល់សេវាព្យាបាលជំងឺដោយគ្រូពេទ្យជំនាញនៅខាងក្រៅពន្ធនាគារនោះទេ។ ប្រពន្ធសកម្មជនបក្សប្រឆាំងរូបនេះ ឱ្យដឹងថាបច្ចុប្បន្នប្តីលោកស្រីងងឹតភ្នែកខាងស្តាំ ហើយភ្នែកខាងឆ្វេងវិញស្រវាំងគួបផ្សំនឹងរោគសញ្ញាផ្សា និងក្រហាយជាប្រចាំ។ លោកស្រីថា ស្ថានភាពនេះនឹងធ្វើឱ្យភ្នែកប្តីរបស់លោកស្រីឈានទៅរកសភាពគ្រោះថ្នាក់ ឬខូចភ្នែកទាំងសងខាងគួរឱ្យព្រួយបារម្ភ ខណៈគាត់មានជំងឺប្រចាំកាយ ដូចជាជំងឺលើសឈាម និងជំងឺសន្លាក់ដៃជើងជាដើម។ លោកស្រីស្នើយ៉ាងទទូចដល់អាជ្ញាធរពន្ធនាគារអនុញ្ញាតឱ្យប្តីរបស់លោកស្រីទៅពិនិត្យព្យាបាលភ្នែកនៅមន្ទីរពេទ្យមន្ទីរពេទ្យឯកទេសដើម្បីកុំឱ្យស្ថានភាពជំងឺកាន់តែធ្ងន់ជាងនេះ។
លោក យឹម សារ៉េត៖ «មិនថានៅពន្ធនាគារត្រពាំងផ្លុងទេ តាំងពីនៅពន្ធនាគារព្រៃសម្ល៉េះ ខ្ញុំតែងតែទទូចសុំឱ្យមន្ត្រីពន្ធនាគារយកគាត់មកព្យាបាលនៅពេទ្យខាងក្រៅ ដើម្បីឱ្យគាត់បានមើលឃើញឡើងវិញ ប៉ុន្តែរហូតមកដល់ពេលនេះ ការទទូចស្នើសុំរបស់ខ្ញុំ និងគ្រួសារផ្សេងទៀតអ៊ីចឹង គឺមន្ត្រីខាងពន្ធនាគារ និងតុលាការមិនព្រមអនុញ្ញាតឱ្យពួកគាត់បានចេញព្យាបាលទេ»។
អ្នកស្រី អ៊ុក ចន្ធី រៀបរាប់ទាំងសោកសៅថាលោកស្រីចង់ជួបសួរសុខទុក្ខ និងលើកទឹកចិត្តប្តីនៅក្នុងពន្ធនាគារដែរ តែអ្នកស្រីពុំមានលទ្ធភាពនោះទេ ដោយសារជីវភាពគ្រួសារទីទាល់ក្រ ហើយពេលនេះលោកស្រីត្រូវដើរខ្ចីបុលលុយអ្នកស្គាល់សម្រាប់ត្រៀមបង់ថ្លៃវះកាត់ដុំសាច់ដៃស្បូនជាបន្ទាន់។ លោកស្រីស្នើសុំដល់រដ្ឋាភិបាល និងតុលាការទម្លាក់ចោលការចោទប្រកាន់ ហើយដោះលែងប្តីនិងសកម្មជននយោបាយទាំងអស់ ឱ្យមានសេរីភាពបានវិលត្រឡប់មកជួបជុំគ្រួសារឡើងវិញ ពីព្រោះប្តីលោកស្រី និងសកម្មជនទាំងនោះគ្មានកំហុសដូចការចោទប្រកាន់របស់តុលាការកន្លងមកឡើយ។
អ្នកស្រី អ៊ុក ចន្ធី៖ «ជីវភាពគ្រួសារខ្ញុំខ្វះខាតខ្លាំង ហើយខ្ញុំត្រូវវះកាត់ទៀត ប៉ុន្មានខែមុនខ្ញុំបានវះកាត់ភ្នែកម្តងហើយ ខ្ញុំមិនដឹងត្រូវគិតយ៉ាងណាវិញទេ ខ្ញុំមិនដឹងចេញតាមចក្រណាទេ ហេតុអ្វីគ្រួសារខ្ញុំជួបតែរឿងអកុសលផ្ទួនៗបែបនេះ ប្តីជួបពន្ធនាគារហើយឈឺទៀត ប្រពន្ធត្រូវវះកាត់ទៀត»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សវនា ប្រាប់វិទ្យុអាស៊ីសេរីថាលោកមិនទាន់ដឹងអំពីស្ថានភាពជំងឺភ្នែករបស់លោក យឹម សារ៉េត នៅឡើយទេ ប៉ុន្តែលោកនឹងសាកសួរទៅមន្ត្រីពន្ធនាគារត្រពាំងផ្លុងជុំវិញរឿងនេះ ហើយលោកថា បើសិនចាំបាច់នឹងបញ្ជូនលោក យឹម សារ៉ាត ទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ។
លោក នុត សវនា៖ «បើគាត់មានអាការៈធ្ងន់ធ្ងរ គោលការណ៍យើងមិនទុកឱ្យគាត់គ្រោះថ្នាក់ទេ បើយើងដឹងមុនពិនិត្យទៅថា វាចាំបាច់ត្រូវយកគាត់ទៅព្យាបាលនៅខាងក្រៅ ហ្នឹងខាងពេទ្យគេវិនិច្ឆ័យតាមហ្នឹង»។
ទោះជាយ៉ាងណា ការបញ្ជូនអ្នកជាប់ឃុំទៅព្យាបាលនៅមន្ទីរពេទ្យក្រៅពន្ធនាគារនេះ សាធារណជន និងក្រុមអ្នកការពារសិទ្ធិមនុស្ស តែងរិះគន់អាជ្ញាធរចំពោះការអនុវត្តមិនស្មើភាពគ្នារវាងអ្នកជាប់ឃុំដោយសារមូលហេតុនយោបាយ និងឧក្រិដ្ឋជនដែលបានប្រព្រឹត្តបទល្មើសធំៗដែលមានលុយមានអំណាច។ ចំណុចមិនស្មើភាពគ្នានោះ គឺពួកឧក្រិដ្ឋជនខ្លះ ទោះជាត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពីបទឃាតកម្ម ឬជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំក៏ដោយ ក៏ពួកគេមិនបានជាប់ឃុំក្នុងពន្ធនាគារតាមអំណាចសាលក្រមរបស់តុលាការដែរ។
ជាឧទាហរណ៍ ឧកញ៉ា ថោង សារ៉ាត់ ដែលត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងរឿងក្តីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីឆ្នាំ ២០១៥ នោះ បានជាប់ឃុំក្នុងពន្ធនាគារមិនដល់មួយសប្តាហ៍ផង រួចក៏ត្រូវបានគេបញ្ជូនមកស្នាក់នៅបន្ទប់វីអាយភី (VIP) ក្នុងមន្ទីរពេទ្យខាងក្រៅពន្ធនាគារវិញ រហូតទាល់តែសាលាឧទ្ធរណ៍សម្រេចដោះលែងឱ្យនៅក្រៅឃុំនៅខែវិច្ឆិកា ឆ្នាំ២០១៩។ រីឯបងប្រុសបង្កើតរបស់លោក គិត ម៉េង គឺលោក គិត ធាង វិញ តុលាការក្រុងភ្នំពេញបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ ក្នុងករណីជួញដូរគ្រឿងញៀនជិត ៥០គីឡូក្រាម ប៉ុន្តែលោកជាប់ឃុំប្រមាណកន្លះខែ ក៏ត្រូវបានគេបញ្ជូនឱ្យទៅស្នាក់នៅក្នុងបន្ទប់វីអាយភី (VIP) នៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារដែរ រហូតទាល់តែសាលាឧទ្ធរណ៍កាត់តម្រឹមទោសត្រឹម ២ឆ្នាំ ហើយដោះលែងលោកនៅឆ្នាំ២០២១។ ឧកញ៉ាទាំងពីររូបអាចរស់នៅក្រៅពន្ធនាគារបានយូរតាមចិត្តចង់ ដោយសារតែហេតុផលសុខភាពនេះឯង។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ជនជាប់ឃុំមានសិទ្ធិទទួលបានសេវាថែទាំ និងព្យាបាលជំងឺ ទោះបីពួកគេមកពីនិន្នាការណាក៏ដោយ។ លោកបញ្ជាក់ថា សរីរាង្គកាយរបស់មនុស្សទាំងអស់សុទ្ធតែសំខាន់ ជាពិសេសភ្នែកបើសិនមនុស្សមើលមិនឃើញ វានឹងធ្វើឱ្យប៉ះពាល់ផ្លូវចិត្តជាដើម។ លោកយល់ថាអាជ្ញាធរពន្ធនាគារ ត្រូវជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងគ្រោះថ្នាក់ដល់ជនជាប់ឃុំ និងការរិះគន់នានាពីមហាជន។
លោក អំ សំអាត៖ «បើសិនគាត់មានបញ្ហាភ្នែកមែន ហើយត្រូវការបញ្ជូនដើម្បីឱ្យគ្រូពេទ្យជំនាញពិនិត្យនិងព្យាបាល អាហ្នឹងខាងពន្ធនាគារត្រូវតែបញ្ជូនទៅ ពីព្រោះមិនអាចទុកឱ្យគាត់ពិការ ឬអាចមានជំងឺភ្នែកកាន់តែធ្ងន់ធ្ងរទេ គឺត្រូវមានការពិនិត្យនិងព្យាបាលឱ្យទាន់ពេលវេលា ពីព្រោះជំងឺភ្នែកមានការឆ្លង»។
លោក អំ សំអាត ក៏អំពាវនាវដល់អ្នកនយោបាយទាំងអស់ល្មមដល់ពេលចូលតុចរចាដោះស្រាយវិបត្តិនយោបាយ ដើម្បីបើកលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។
អតីតជំទប់ទី១ជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិ នៅក្នុងឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង លោក យឹម សារ៉េត ត្រូវអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន កាលពីខែមីនា ឆ្នាំ២០២០ នៅពេលដែលលោកកំពុងធ្វើការជាកម្មករសំណង់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគារចំនួន ៥ឆ្នាំ ពីបទរួមគំនិតក្បត់ ដោយសារលោកបានគាំទ្រការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩។ ប៉ុន្តែតុលាការឱ្យអនុវត្តទោស ៣ឆ្នាំ ៨ខែ ហើយទោសនៅសល់ព្យួរ។ លោក យឹម សារ៉េត នឹងមានសេរីភាពក្នុងរយៈពេល៩ខែខាងមុខនេះ។ បច្ចុប្បន្នលោក យឹម សារ៉េត កំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម បន្ទាប់ពីអាជ្ញាធរផ្ទេរលោក រួមទាំងសកម្មជន១៣នាក់ទៀតពីពន្ធនាគារព្រៃស នៅទីក្រុងភ្នំពេញ កាលពីខែសីហា ឆ្នាំ២០២២។
បច្ចុប្បន្នមានសកម្មជននយោបាយ សកម្មជន អ្នកសារព័ត៌មាន មេសហជីព ប្រមាណ៦០នាក់កំពុងជាប់នៅពន្ធនាគារ ហើយភាគច្រើនពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់និង រួមគំនិតក្បត់។ ប៉ុន្តែកន្លងមកអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងប្រទេសសេរីមួយចំនួនបានចាត់ទុកការចាប់ខ្លួននេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងស្នើឱ្យតុលាការដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខ័ណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។